ដើមកំណើត ៣៤:១-៣១
៣៤ ឯឌីណាជាកូនយ៉ាកុប ដែលកើតពីលេអា+ នាងមានទម្លាប់ទៅលេងជាមួយនឹងពួកកូនស្រីរបស់អ្នកស្រុកនោះ។+
២ ក្នុងស្រុកនោះ ហេម័រជាជនជាតិហេវី+ គាត់ជាមេដឹកនាំម្នាក់ ហើយគាត់មានកូនប្រុសម្នាក់ឈ្មោះស៊ីគឹម។ ថ្ងៃមួយ ស៊ីគឹមបានឃើញឌីណា ហើយគាត់បានចាប់នាងយកទៅរំលោភ។
៣ ស៊ីគឹមបានជាប់ចិត្តស្រឡាញ់ឌីណា*ជាខ្លាំង ហើយគាត់បាននិយាយលួងលោមនាង។
៤ ក្រោយមក គាត់បាននិយាយទៅកាន់ហេម័រ+ជាឪពុកគាត់ថា៖ «សូមលោកឪពុកទៅដណ្ដឹងនាងឲ្យកូនផង»។
៥ ពេលយ៉ាកុបបានទទួលដំណឹងថាឌីណាបានត្រូវគេរំលោភ កូនប្រុសៗរបស់គាត់នៅឃ្វាលហ្វូងសត្វនៅឡើយ។ ដូច្នេះ គាត់មិនបាននិយាយអ្វីឡើយ ចាំរហូតដល់ពួកគេត្រឡប់មកវិញ។
៦ ក្រោយមក ហេម័រជាឪពុកស៊ីគឹមបានទៅនិយាយជាមួយនឹងយ៉ាកុប។
៧ ពេលកូនប្រុសៗរបស់យ៉ាកុបបានឮអំពីរឿងនោះ ពួកគេក៏ប្រញាប់ត្រឡប់មកវិញ។ ពួកគេបានខឹងយ៉ាងខ្លាំង ព្រោះស៊ីគឹមបានប្រព្រឹត្តមិនគួរគប្បី+ ហើយធ្វើឲ្យអ៊ីស្រាអែលរងសេចក្ដីអាម៉ាស់ ដោយសារតែគាត់បានរំលោភឌីណា។+
៨ ហេម័របាននិយាយទៅកាន់យ៉ាកុបនិងកូនប្រុសៗគាត់ថា៖ «ស៊ីគឹមកូនខ្ញុំស្រឡាញ់កូនស្រីអ្នកខ្លាំងណាស់។ សូមលើកនាងឲ្យធ្វើជាប្រពន្ធគាត់ទៅ។
៩ សូមឲ្យយើងចងសម្ព័ន្ធភាពនឹងគ្នាដោយចំណងអាពាហ៍ពិពាហ៍។ សូមអ្នកឲ្យកូនស្រីៗរបស់អ្នករៀបការជាមួយនឹងកូនប្រុសៗរបស់យើង ហើយយើងនឹងឲ្យកូនស្រីៗរបស់យើងរៀបការជាមួយនឹងកូនប្រុសៗរបស់អ្នកវិញ។+
១០ អ្នកអាចរស់នៅកន្លែងណាក៏បានក្នុងចំណោមយើងក្នុងស្រុកនេះ ហើយអ្នកអាចធ្វើជំនួញជាមួយនឹងយើងដែរ»។
១១ បន្ទាប់មក ស៊ីគឹមបាននិយាយទៅកាន់យ៉ាកុបនិងបងៗឌីណាថា៖ «សូមបង្ហាញសេចក្ដីមេត្តាដល់ខ្ញុំផង ទោះជាអ្នកតម្រូវអ្វីក៏ដោយ ខ្ញុំព្រមប្រគល់ឲ្យទាំងអស់។
១២ អ្នកអាចបង្គាប់ថ្លៃបណ្ដាការនិងជំនូនច្រើនប៉ុនណាក៏បាន+ ខ្ញុំសុខចិត្តធ្វើតាម ឲ្យតែអ្នកព្រមលើកនាងឲ្យខ្ញុំ»។
១៣ ដោយសារស៊ីគឹមបានរំលោភឌីណា នោះកូនប្រុសៗរបស់យ៉ាកុបបានឆ្លើយតបនឹងពួកគេដោយឧបាយកលថា៖
១៤ «យើងមិនអាចលើកប្អូនស្រីឲ្យរៀបការនឹងបុរសដែលមិនកាត់ចុងស្បែកទេ+ ព្រោះនេះនាំឲ្យយើងមានសេចក្ដីអាម៉ាស់ណាស់។
១៥ យើងយល់ព្រមប្រគល់នាងឲ្យអ្នក លុះត្រាតែអ្នកទាំងពីរនិងពួកប្រុសៗក្នុងក្រុង កាត់ចុងស្បែកដូចយើងដែរ។+
១៦ ដូច្នេះ យើងនឹងឲ្យកូនស្រីៗរបស់យើងរៀបការជាមួយនឹងកូនប្រុសៗរបស់អ្នក ហើយយើងនឹងយកកូនស្រីៗរបស់អ្នកមកធ្វើជាប្រពន្ធ។ យើងនឹងរស់នៅជាមួយនឹងអ្នក ហើយយើងនឹងរួមគ្នាជាប្រជាជាតិតែមួយ។
១៧ ប៉ុន្តែ បើអ្នកមិនព្រមធ្វើតាមសំណើយើងទេ យើងនឹងយកប្អូនស្រីយើងទៅវិញ ហើយចាកចេញពីទីនេះ»។
១៨ ហេម័រ+និងស៊ីគឹមពេញចិត្តនឹងសំណើរបស់ពួកគេ។+
១៩ ស៊ីគឹមបានធ្វើតាមសំណើនោះដោយមិនបង្អែបង្អង់+ ព្រោះគាត់ស្រឡាញ់ឌីណាខ្លាំងណាស់។ ស៊ីគឹមជាមនុស្សដែលគេគោរពរាប់អានបំផុតក្នុងក្រុមគ្រួសារឪពុកគាត់។
២០ ហេម័រនិងស៊ីគឹមបានទៅខ្លោងទ្វារក្រុង ហើយប្រាប់ពួកបុរសនៅទីនោះ+ថា៖
២១ «ពួកអ្នកទាំងនោះចង់ចងសម្ព័ន្ធភាពនឹងយើង។ ដូច្នេះ ចូរឲ្យយើងអនុញ្ញាតឲ្យពួកគេរស់នៅ ហើយធ្វើជំនួញក្នុងស្រុកយើងចុះ ព្រោះស្រុកយើងធំទូលាយ។ យើងអាចយកកូនស្រីរបស់ពួកគេធ្វើជាប្រពន្ធ ហើយយើងក៏អាចលើកកូនស្រីរបស់យើងឲ្យពួកគេវិញដែរ។+
២២ ពួកគេសុខចិត្តរស់នៅជាមួយយើង ហើយរួបរួមនឹងយើងជាប្រជាជាតិតែមួយ បើពួកប្រុសៗទាំងអស់របស់យើងព្រមកាត់ចុងស្បែកដូចពួកគេដែរ។+
២៣ បើយើងយល់ព្រម ទ្រព្យសម្បត្តិនិងហ្វូងសត្វទាំងអស់របស់ពួកគេនឹងក្លាយទៅជារបស់យើង។ ដូច្នេះ សូមឲ្យយើងធ្វើតាមសំណើរបស់ពួកគេចុះ»។
២៤ ក្រោយពីឮដូច្នោះ ពួកបុរសដែលនៅខ្លោងទ្វារក្រុងបានព្រមតាមហេម័រនិងស៊ីគឹម។ ម្ល៉ោះហើយ ពួកប្រុសៗទាំងអស់នៅក្នុងក្រុងបាននាំគ្នាកាត់ចុងស្បែក។
២៥ ប៉ុន្តែ នៅថ្ងៃទី៣ កាលដែលពួកបុរសទាំងអស់នៅក្នុងក្រុងកំពុងនៅឈឺ ហើយមិនបានត្រៀមខ្លួន នោះកូនប្រុសពីរនាក់របស់យ៉ាកុបឈ្មោះស៊ីម្មាននិងលេវី+ដែលត្រូវជាបងប្រុសរបស់ឌីណា បានកាន់ដាវចូលទៅសម្លាប់ពួកគេទាំងអស់ទៅ។+
២៦ ក្រោយពីសម្លាប់ហេម័រនិងស៊ីគឹម ពួកគេបានចូលទៅផ្ទះស៊ីគឹម រួចនាំឌីណាចាកចេញពីទីនោះ។
២៧ ឯកូនប្រុសៗឯទៀតរបស់យ៉ាកុប ពួកគេបានចូលក្នុងក្រុងដែរ។ ពួកគេបានឃើញសាកសពពួកបុរសទាំងនោះ ហើយក៏ប្រមូលយករបស់របរទាំងអស់ក្នុងក្រុងនោះ ព្រោះប្អូនស្រីពួកគេបានត្រូវបន្ទាបបន្ថោក។+
២៨ ពួកគេបានចាប់យកហ្វូងចៀម ហ្វូងពពែ ហ្វូងគោ ហ្វូងលា ព្រមទាំងអ្វីទាំងអស់នៅក្នុងក្រុងនិងនៅឯវាល។
២៩ បន្ថែមទៅទៀត ពួកគេបានចាប់ប្រពន្ធនិងកូនតូចៗរបស់អ្នកក្រុងនោះ ហើយប្រមូលយកទ្រព្យសម្បត្តិ និងរបស់របរទាំងអស់ដែលមាននៅក្នុងផ្ទះ។
៣០ ពេលយ៉ាកុបឮដំណឹងនេះ គាត់បាននិយាយទៅកាន់ស៊ីម្មាននិងលេវីថា៖+ «កូនទាំងពីរបាននាំឲ្យមានរឿងធំដល់ពុកហើយ ព្រោះជនជាតិកាណាននិងជនជាតិពេរិស៊ីតច្បាស់ជាស្អប់ខ្ពើមពុកមិនខាន។ ពួកគេនឹងពួតដៃគ្នាមកវាយប្រហារពុក។ ពុកនិងក្រុមគ្រួសារនឹងត្រូវវិនាសជាមិនខាន ព្រោះពុកមានគ្នាតែបន្តិចប៉ុណ្ណោះ»។
៣១ ប៉ុន្តែ ពួកគេបានឆ្លើយថា៖ «តើគួរឲ្យគេប្រព្រឹត្តមកលើប្អូនស្រីពួកខ្ញុំដូចជាស្រីពេស្យាឬ?»។
កំណត់សម្គាល់
^ ន័យត្រង់«កូនស្រីយ៉ាកុប»