ដំណើរចាកចេញ ២៣:១-៣៣
២៣ «អ្នករាល់គ្នាមិនត្រូវផ្សព្វផ្សាយរឿងមិនពិត+ ហើយមិនត្រូវចូលដៃជាមួយនឹងមនុស្សអាក្រក់ ដោយធ្វើជាសាក្សីក្នុងបំណងធ្វើបាបអ្នកឯទៀតនោះឡើយ។+
២ អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តអាក្រក់តាមមនុស្សភាគច្រើននោះទេ។ ពេលធ្វើជាសាក្សី អ្នករាល់គ្នាក៏មិនត្រូវនិយាយមិនពិតតាមពួកមានគ្នាច្រើនដែរ ព្រោះបើធ្វើដូច្នោះ អ្នកបង្វែរយុត្តិធម៌ហើយ។
៣ ពេលកាត់ក្ដីឲ្យពួកអ្នកក្រ អ្នករាល់គ្នាមិនត្រូវលម្អៀងឡើយ។+
៤ «បើអ្នករាល់គ្នាឃើញគោឬលារបស់សត្រូវវង្វេងផ្លូវ អ្នកត្រូវនាំវាយកទៅឲ្យម្ចាស់វិញ។+
៥ បើអ្នករាល់គ្នាឃើញសត្វលារបស់បុគ្គលដែលស្អប់អ្នករាល់គ្នា ទន់ជង្គង់ដួលដោយសារមានបន្ទុកធ្ងន់ អ្នកមិនត្រូវធ្វើព្រងើយ រួចដើរចេញទៅឡើយ។ អ្នករាល់គ្នាត្រូវជួយអ្នកនោះដោះបន្ទុកពីលើខ្នងលារបស់គាត់។+
៦ «ពេលសម្រេចក្ដីឲ្យពួកអ្នកក្រីក្រ អ្នករាល់គ្នាមិនត្រូវសម្រេចក្ដីដោយអយុត្តិធម៌ឡើយ។+
៧ «ពេលមានការចោទប្រកាន់មិនពិត កុំចូលដៃជាមួយនឹងគេឡើយ។ កុំសម្លាប់ជនគ្មានទោសនិងជនសុចរិតឲ្យសោះ ព្រោះខ្ញុំនឹងមិនចាត់ទុកមនុស្សទុច្ចរិតថាជាមនុស្សសុចរិតឡើយ។+
៨ «អ្នករាល់គ្នាមិនត្រូវទទួលសំណូកឡើយ ព្រោះសំណូកអាចបំបិទភ្នែកចៅក្រម ហើយធ្វើឲ្យមនុស្សសុចរិតក្រឡាស់ពាក្យសម្ដីខ្លួន។+
៩ «អ្នករាល់គ្នាមិនត្រូវគាបសង្កត់ជនបរទេសឡើយ ព្រោះអ្នករាល់គ្នាយល់អារម្មណ៍នោះហើយ ដោយសារអ្នកក៏ធ្លាប់ជាជនបរទេសនៅស្រុកអេហ្ស៊ីបដែរ។+
១០ «ក្នុងអំឡុង៦ឆ្នាំ អ្នករាល់គ្នាអាចសាបព្រោះ ហើយប្រមូលផលពីស្រែចម្ការបាន។+
១១ ប៉ុន្តែ នៅឆ្នាំទី៧ អ្នករាល់គ្នាមិនត្រូវសាបព្រោះទេ តែត្រូវទុកឲ្យស្រែចម្ការដុះឯង។ យ៉ាងនេះ ពួកអ្នកក្រីក្រអាចបរិភោគផលពីនោះ ហើយអ្វីដែលនៅសល់ សត្វព្រៃអាចស៊ីបាន។ អ្នករាល់គ្នាក៏ត្រូវធ្វើដូច្នេះចំពោះចម្ការទំពាំងបាយជូរនិងចម្ការអូលីវរបស់អ្នកដែរ។
១២ «អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេល៦ថ្ងៃបាន តែនៅថ្ងៃទី៧ អ្នករាល់គ្នាត្រូវផ្អាកពីការងារ ដើម្បីឲ្យសត្វគោសត្វលាបានសម្រាក ថែមទាំងឲ្យពួកខ្ញុំបម្រើនិងជនបរទេសអាចមានកម្លាំងឡើងវិញ។+
១៣ «អ្នករាល់គ្នាត្រូវធ្វើតាមបង្គាប់ទាំងអស់របស់ខ្ញុំឲ្យបានហ្មត់ចត់+ ហើយអ្នករាល់គ្នាមិនត្រូវហៅរកព្រះឯទៀតឡើយ។ ឯឈ្មោះរបស់ព្រះទាំងនោះ ក៏មិនត្រូវចេញពីមាត់អ្នកដែរ។+
១៤ «ក្នុងមួយឆ្នាំ អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យជូនខ្ញុំបីដង។+
១៥ ពិធីបុណ្យទី១ គឺបុណ្យនំប៉័ងឥតដំបែ។+ នៅពេលនោះ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែ៧ថ្ងៃ ដូចខ្ញុំបានបង្គាប់និងកំណត់ទុកពីមុន គឺក្នុងខែអាប៊ីប*+ ជាវេលាដែលអ្នករាល់គ្នាបានចេញពីស្រុកអេហ្ស៊ីប។ អ្នករាល់គ្នាមិនត្រូវមកឯខ្ញុំដោយដៃទទេឡើយ។+
១៦ ពិធីបុណ្យទី២ គឺបុណ្យអាទិត្យទី៧* ជាពេលដែលអ្នកប្រមូលផលដំបូងពីស្រែចម្ការ។+ ពិធីបុណ្យទី៣ គឺបុណ្យប្រមូលផល*ដែលធ្វើឡើងនៅចុងឆ្នាំ ជាពេលដែលអ្នកប្រមូលផលចុងក្រោយពីស្រែចម្ការ។+
១៧ មួយឆ្នាំបីដង ពួកបុរសទាំងអស់ត្រូវទៅបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ាជាម្ចាស់ដ៏ពិត។+
១៨ «អ្នករាល់គ្នាមិនត្រូវជូនខ្ញុំនូវអ្វីដែលមានដំបែជាមួយនឹងឈាមនៃគ្រឿងបូជាទេ។ រីឯខ្លាញ់នៃគ្រឿងបូជាដែលអ្នករាល់គ្នាជូនដល់ខ្ញុំនៅថ្ងៃបុណ្យ នោះមិនត្រូវទុកដល់ព្រឹកស្អែកឡើយ។
១៩ «អ្នករាល់គ្នាត្រូវយកភោគផលដំបូងដ៏ល្អបំផុតពីស្រែចម្ការ មកជូនព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅឯដំណាក់លោក។+
«អ្នករាល់គ្នាមិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។+
២០ «ខ្ញុំនឹងចាត់ទេវតាមួយរូបឲ្យទៅមុនអ្នករាល់គ្នា+ ដើម្បីការពារអ្នករាល់គ្នានៅតាមផ្លូវ ហើយនាំអ្នករាល់គ្នាទៅដល់កន្លែងដែលខ្ញុំបានរៀបចំទុក។+
២១ អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់ស្ដាប់បង្គាប់គាត់ឲ្យបានដិតដល់។ កុំបះបោរប្រឆាំងនឹងគាត់ឡើយ ព្រោះគាត់នឹងមិនអនុគ្រោះឲ្យអ្នករាល់គ្នាទេ+ ដោយសារគាត់ជាតំណាងនាមខ្ញុំ។
២២ បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់បង្គាប់គាត់ ព្រមទាំងធ្វើតាមពាក្យសម្ដីទាំងអស់របស់ខ្ញុំ នោះខ្ញុំនឹងតតាំងនឹងសត្រូវរបស់អ្នករាល់គ្នា ហើយប្រឆាំងនឹងអស់អ្នកដែលប្រឆាំងអ្នករាល់គ្នា។
២៣ ព្រោះទេវតារបស់ខ្ញុំនឹងទៅមុនអ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាទៅឯជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេវី និងជនជាតិយេប៊ូស។ ពេលនោះ ខ្ញុំនឹងបំផ្លាញពួកគេឲ្យសាបសូន្យទៅ។+
២៤ អ្នករាល់គ្នាមិនត្រូវក្រាបគោរពបណ្ដាព្រះរបស់ពួកគេឡើយ ហើយក៏កុំចុះចាញ់ការទាក់ទាញឲ្យទៅបម្រើព្រះទាំងនោះដែរ។ បន្ថែមទៅទៀត អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តតាមពួកគេឡើយ។+ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំបាក់បំបែករូបព្រះរបស់ពួកគេ ថែមទាំងបំផ្លិចបំផ្លាញបង្គោលថ្មពិសិដ្ឋរបស់ពួកគេផងដែរ។+
២៥ អ្នករាល់គ្នាត្រូវបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក+ ហើយលោកនឹងឲ្យពរជាអាហារនិងទឹកដល់អ្នករាល់គ្នា+ ព្រមទាំងមិនឲ្យជំងឺមកបៀតបៀនអ្នករាល់គ្នាឡើយ។+
២៦ ឯពួកស្ត្រីដែលនៅក្នុងស្រុកអ្នករាល់គ្នា ពួកគេនឹងមិនរលូតកូនឬទៅជាស្រីអារឡើយ។+ ខ្ញុំនឹងឲ្យអ្នករាល់គ្នាមានអាយុវែង។
២៧ «មុនអ្នករាល់គ្នាទៅដល់ ជនជាតិនានានឹងឮអំពីខ្ញុំ ហើយញ័ររន្ធត់។+ ខ្ញុំនឹងធ្វើឲ្យពួកគេមានភាពចលាចល ហើយខ្ញុំនឹងធ្វើឲ្យពួកសត្រូវរត់គេចពីអ្នករាល់គ្នា។+
២៨ កាលដែលអ្នករាល់គ្នាមិនទាន់ទៅដល់ ខ្ញុំនឹងធ្វើឲ្យសត្រូវរបស់អ្នកស្រយុតចិត្ត+ ហើយខ្ញុំនឹងបណ្ដេញជនជាតិហេវី ជនជាតិកាណាន និងជនជាតិហេតចេញពីមុខអ្នករាល់គ្នា។+
២៩ ប៉ុន្តែ ខ្ញុំនឹងមិនបណ្ដេញពួកគេចេញឲ្យអស់ក្នុងមួយឆ្នាំទេ ដើម្បីកុំឲ្យទឹកដីនោះទៅជាស្ងាត់ជ្រងំ បណ្ដាលឲ្យមានសត្វព្រៃកាន់តែច្រើន មកធ្វើទុក្ខដល់អ្នករាល់គ្នា។+
៣០ ខ្ញុំនឹងបណ្ដេញពួកគេចេញបន្តិចម្ដងៗ រហូតដល់អ្នករាល់គ្នាបង្កើតកូនជាច្រើនឡើង ល្មមនឹងកាន់កាប់ទឹកដីនោះបាន។+
៣១ «ខ្ញុំនឹងកំណត់ព្រំប្រទល់ទឹកដីរបស់អ្នករាល់គ្នា ចាប់ពីសមុទ្រក្រហមទៅដល់សមុទ្រមេឌីទែរ៉ានេ* ហើយចាប់ពីតំបន់ស្ងាត់ជ្រងំទៅដល់ទន្លេអឺប្រាត។+ ព្រោះខ្ញុំនឹងប្រគល់អ្នកស្រុកទាំងនោះក្នុងកណ្ដាប់ដៃអ្នករាល់គ្នា រួចអ្នករាល់គ្នានឹងបណ្ដេញពួកគេចេញពីទឹកដីទាំងនោះទៅ។+
៣២ អ្នករាល់គ្នាមិនត្រូវធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកគេ ឬបណ្ដាព្រះរបស់ពួកគេឡើយ។+
៣៣ អ្នករាល់គ្នាមិនត្រូវឲ្យពួកគេរស់នៅក្នុងស្រុកជាមួយនឹងអ្នករាល់គ្នាឡើយ ដើម្បីកុំឲ្យពួកគេនាំអ្នករាល់គ្នាប្រព្រឹត្តអំពើខុសឆ្គងប្រឆាំងនឹងខ្ញុំ។ បើអ្នករាល់គ្នាគោរពបម្រើព្រះរបស់ពួកគេ នោះអ្នករាល់គ្នាមុខជាជាប់អន្ទាក់ពួកគេហើយ»។+
កំណត់សម្គាល់
^ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
^ ក៏ត្រូវហៅថាបុណ្យថ្ងៃទី៥០ដែរ
^ ឬ«បុណ្យខ្ទម»
^ ឬ«សមុទ្រភីលីស្ទីន»