សំបុត្រទី១ជូនចំពោះធីម៉ូថេ ៥:១-២៥
៥ កុំរិះគន់បុរសវ័យចាស់ខ្លាំងពេក។+ ផ្ទុយទៅវិញ ចូរនិយាយជាមួយនឹងគាត់ ដូចនិយាយជាមួយនឹងឪពុក ហើយនិយាយជាមួយនឹងបុរសវ័យក្មេង ដូចនិយាយជាមួយនឹងបងប្អូនប្រុស
២ និយាយជាមួយនឹងស្ត្រីវ័យចាស់ ដូចនិយាយជាមួយនឹងម្ដាយ និយាយជាមួយនឹងស្ត្រីវ័យក្មេង ដូចនិយាយជាមួយនឹងបងប្អូនស្រី ដោយសេចក្ដីបរិសុទ្ធគ្រប់ជំពូក។
៣ ចូរយកចិត្តទុកដាក់ចំពោះ*ស្ត្រីមេម៉ាយដែលពិតជាខ្វះខាត។*+
៤ ប៉ុន្តែ ប្រសិនបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ចូរឲ្យកូនចៅទាំងនោះរៀនបង្ហាញភក្ដីភាពចំពោះព្រះក្នុងក្រុមគ្រួសាររបស់ខ្លួនជាមុនសិន+ ហើយបន្តសងគុណឪពុកម្ដាយនិងជីដូនជីតា+ ព្រោះព្រះពេញចិត្តនឹងការនោះ។+
៥ ឯស្ត្រីមេម៉ាយដែលពិតជាខ្វះខាតនិងគ្មានទីពឹង នាងបានសង្ឃឹមលើព្រះ+ ហើយអធិដ្ឋាននិងអង្វរសុំឥតឈប់ទាំងយប់ទាំងថ្ងៃ។+
៦ ប៉ុន្តែ ស្ត្រីមេម៉ាយដែលខំស្វែងរកការសប្បាយ* គឺប្រៀបដូចជាស្លាប់ ទោះជានាងនៅរស់ក៏ដោយ។
៧ ចូរបន្តឲ្យពួកនាងធ្វើតាមបង្គាប់*ទាំងនេះ ដើម្បីឲ្យពួកនាងគ្មានកន្លែងបន្ទោស។
៨ ប្រាកដណាស់ ប្រសិនបើមានអ្នកណាមិនទំនុកបម្រុងពួកអ្នកនៅក្នុងបន្ទុកខ្លួន ជាពិសេសសមាជិកក្រុមគ្រួសាររបស់ខ្លួន អ្នកនោះបានលះបង់ជំនឿហើយ ក៏អាក្រក់ជាងអ្នកដែលមិនជឿទៅទៀត។+
៩ ស្ត្រីមេម៉ាយដែលត្រូវរាប់បញ្ចូលក្នុងបញ្ជី ត្រូវមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ធ្លាប់មានប្ដីតែមួយ
១០ មានសាក្សីបញ្ជាក់ថានាងបានធ្វើការល្អដូចជា+ បានចិញ្ចឹមអប់រំកូន+ បានទទួលអ្នកឯទៀតដោយរាក់ទាក់+ បានលាងជើងពួកអ្នកបរិសុទ្ធ+ បានជួយអ្នកដែលរងទុក្ខវេទនា+ និងបានព្យាយាមធ្វើការល្អគ្រប់យ៉ាង។
១១ ក៏ប៉ុន្តែ មិនត្រូវរាប់បញ្ចូលស្ត្រីមេម៉ាយវ័យក្មេងក្នុងបញ្ជីឡើយ ព្រោះពេលដែលចំណង់ផ្លូវភេទរបស់ពួកនាងរារាំងពួកនាងក្នុងការបម្រើគ្រិស្ត នោះពួកនាងចង់រៀបការ។
១២ ម្ល៉ោះហើយ ពួកនាងនឹងទទួលការផ្ដន្ទាទោស ដោយសារពួកនាងមិនគោរពតាមពាក្យដែលពួកនាងបានសន្យាពីមុនស្ដីអំពីជំនឿ។
១៣ នៅដំណាលគ្នានោះ ពួកនាងក្លាយជាមនុស្សទម្លាប់ទំនេរដៃ ហើយដើរពីផ្ទះមួយទៅផ្ទះមួយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកនាងក៏និយាយដើមគេ ជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ+ ហើយនិយាយអំពីអ្វីដែលពួកនាងមិនគួរនិយាយ។
១៤ ដូច្នេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយវ័យក្មេងរៀបការ+ មានកូន+ និងចាត់ចែងកិច្ចការផ្ទះ ដើម្បីកុំឲ្យអ្នកប្រឆាំងមានហេតុរិះគន់។
១៥ តាមពិត មានស្ត្រីមេម៉ាយខ្លះបានបែរទៅតាមសាថាន*រួចហើយ។
១៦ ប្រសិនបើស្ត្រីណាម្នាក់ដែលជាអ្នកជឿ មានសាច់ញាតិដែលជាស្ត្រីមេម៉ាយ ចូរឲ្យនាងជួយស្ត្រីមេម៉ាយទាំងនោះ ហើយកុំដាក់បន្ទុកលើក្រុមជំនុំ។ យ៉ាងនោះ ក្រុមជំនុំអាចជួយស្ត្រីមេម៉ាយដែលពិតជាខ្វះខាត។*+
១៧ ពួកអ្នកចាស់ទុំគួរទទួលការគោរពយ៉ាងជ្រាលជ្រៅ+ ចំពោះការនាំមុខយ៉ាងល្អប្រសើររបស់ពួកគាត់+ ជាពិសេសពួកគាត់ធ្វើការនឿយហត់ក្នុងការនិយាយនិងការបង្រៀនអំពីបណ្ដាំរបស់ព្រះ។+
១៨ ព្រោះបទគម្ពីរចែងថា៖ «អ្នកមិនត្រូវឃ្លុំមាត់គោឈ្មោល ពេលដែលវាបញ្ជាន់ស្រូវឡើយ»+ ហើយ«កម្មករសមនឹងទទួលថ្លៃឈ្នួល»។+
១៩ បើមានអ្នកណាចោទប្រកាន់បុរសចាស់ទុំ* កុំទទួលពាក្យចោទប្រកាន់នោះឲ្យសោះ លុះត្រាតែមានការបញ្ជាក់ពីសាក្សីពីរឬបីនាក់សិន។+
២០ ចូរប្រដៅតម្រង់+ពួកអ្នកដែលធ្វើខុសជាទម្លាប់+ នៅមុខអស់អ្នកដែលនៅទីនោះ ដើម្បីទុកជាការព្រមានដល់អ្នកឯទៀត។*
២១ នៅចំពោះមុខព្រះនិងគ្រិស្តយេស៊ូ ព្រមទាំងបណ្ដាទេវតាដែលលោកបានជ្រើសរើស ខ្ញុំសុំបង្គាប់អ្នកជាផ្លូវការឲ្យធ្វើតាមបង្គាប់ទាំងនេះ ដោយគ្មានចិត្តប្រកាន់ឬចិត្តលម្អៀងទាល់តែសោះ។+
២២ កុំឆាប់ដាក់ដៃលើបុរសណាម្នាក់ឡើយ*+ ហើយកុំរួមចំណែកក្នុងអំពើខុសឆ្គង*របស់អ្នកឯទៀត។ ចូររក្សាខ្លួនឲ្យបរិសុទ្ធជានិច្ច។
២៣ កុំពិសាតែទឹកប៉ុណ្ណោះ* តែចូរពិសាស្រាបន្តិចបន្តួចផងដើម្បីជួយក្រពះរបស់អ្នក និងជួយជំងឺដែលអ្នកមានជាញឹកញយ។
២៤ ការខុសឆ្គងរបស់មនុស្សខ្លះត្រូវសឲ្យឃើញជាសាធារណៈ ហើយនាំឲ្យពួកគេទទួលការផ្ដន្ទាទោសភ្លាមៗ តែការខុសឆ្គងរបស់មនុស្សឯទៀត នឹងត្រូវសឲ្យឃើញនៅពេលក្រោយ។+
២៥ ដូចគ្នាដែរ ការល្អខ្លះត្រូវសឲ្យឃើញជាសាធារណៈ+ ឯការល្អខ្លះទៀតដែលមិនបានត្រូវសឲ្យឃើញ នោះមិនអាចត្រូវលាក់រហូតបានឡើយ។+
កំណត់សម្គាល់
^ ន័យត្រង់«ឲ្យកិត្តិយសដល់»
^ សំដៅលើស្ត្រីមេម៉ាយដែលគ្មានអ្នកទំនុកបម្រុង
^ ប្រហែលជាសំដៅលើស្ត្រីដែលខំបំពេញចំណង់ខាងផ្លូវភេទរបស់ខ្លួន
^ ឬ«បញ្ញត្តិ»
^ ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
^ សំដៅលើស្ត្រីមេម៉ាយដែលគ្មានអ្នកទំនុកបម្រុង
^ ឬ«អ្នកចាស់ទុំ»
^ ន័យត្រង់«ដើម្បីឲ្យអ្នកឯទៀតខ្លាច»
^ សំដៅលើការឆាប់តែងតាំងបុរសណាម្នាក់
^ សំដៅលើអ្វីក៏ដោយដែលមិនសមស្របតាមបុគ្គលិកលក្ខណៈ ខ្នាតតម្រា ការប្រព្រឹត្ត ឬបំណងប្រាថ្នារបស់ព្រះ ហើយអ្វីក៏ដោយដែលធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងជាមួយនឹងព្រះ
^ ឬ«កុំពិសាទឹកទៀត»