សៀវភៅម៉ាកុស ៦:១-៥៦
-
លោកយេស៊ូត្រូវមនុស្សមិនទទួលស្គាល់នៅស្រុកកំណើតរបស់ខ្លួន (១-៦)
-
សាវ័កទាំង១២នាក់បានទទួលការណែនាំសម្រាប់កិច្ចបម្រើផ្សាយ (៧-១៣)
-
យ៉ូហានដែលជាអ្នកជ្រមុជទឹកស្លាប់ (១៤-២៩)
-
លោកយេស៊ូផ្ដល់អាហារឲ្យមនុស្ស៥.០០០នាក់ (៣០-៤៤)
-
លោកយេស៊ូដើរលើទឹក (៤៥-៥២)
-
ការធ្វើឲ្យជាសះស្បើយនៅតំបន់កេណិសារ៉ែត (៥៣-៥៦)
៦ លោកបានចេញពីទីនោះ ចូលទៅស្រុកកំណើតរបស់លោកវិញ+ ហើយពួកអ្នកកាន់តាមក៏បានទៅជាមួយនឹងលោកដែរ។
២ លុះដល់ថ្ងៃឈប់សម្រាក លោកចាប់ផ្ដើមបង្រៀននៅសាលាប្រជុំ ហើយមនុស្សភាគច្រើនដែលស្ដាប់លោក បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងនិយាយថា៖ «តើបុរសនេះចេះអ្វីៗទាំងនេះមកពីណា?+ ហេតុអ្វីបុរសនេះបានទទួលប្រាជ្ញាបែបនេះ? ហើយម្ដេចបានជាគាត់អាចធ្វើការដែលប្រកបដោយឫទ្ធានុភាពទាំងនេះបាន?+
៣ តើបុរសនេះមិនមែនជាជាងឈើ+ ដែលជាកូនរបស់ម៉ារៀ+ និងជាបងប្រុសរបស់យ៉ាកុប+ យ៉ូសែប យូដាស និងស៊ីម៉ូន+ទេឬ? ប្អូនស្រីៗរបស់គាត់ក៏នៅទីនេះជាមួយនឹងយើងដែរ មែនទេ?»។ ដូច្នេះ ពួកគេមិនព្រមជឿលើលោកឡើយ។
៤ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «នៅគ្រប់កន្លែង គេតែងគោរពអ្នកប្រកាសទំនាយ លើកលែងតែនៅស្រុកកំណើត នៅក្នុងញាតិសន្ដាន និងនៅក្នុងផ្ទះរបស់ខ្លួន»។+
៥ ដូច្នេះ លោកមិនបានធ្វើការដែលប្រកបដោយឫទ្ធានុភាពនៅទីនោះទេ ក្រៅពីដាក់ដៃលើមនុស្សឈឺពីរបីនាក់ឲ្យបានជាសះស្បើយ។
៦ លោកបាននឹកឆ្ងល់ ដោយឃើញថាពួកគេគ្មានជំនឿ។ រួចមក លោកបានចេញទៅបង្រៀនតាមភូមិទាំងប៉ុន្មាននៅជុំវិញនោះ។+
៧ ក្រោយមក លោកហៅសាវ័កទាំង១២នាក់មក ហើយចាប់ផ្ដើមចាត់ពួកគាត់ឲ្យទៅជាគូៗ+ ថែមទាំងផ្ដល់ឲ្យពួកគាត់មានអំណាចលើពួកវិញ្ញាណអសោចទៀតផង។+
៨ ម្យ៉ាងទៀត លោកហាមពួកគាត់មិនឲ្យយកអាហារ* ថង់យាម ឬយកប្រាក់*ដាក់ថង់សៀតចង្កេះទៅជាមួយឡើយ ក្រៅពីយកដំបងមួយប៉ុណ្ណោះ+
៩ ហើយមិនត្រូវយកសម្លៀកបំពាក់មួយបន្លាស់ទៀតទៅជាមួយទេ* ក៏មិនចាំបាច់យកស្បែកជើងសង្រែកមួយគូទៀតដែរ។
១០ លោកមានប្រសាសន៍បន្ថែមថា៖ «ពេលណាអ្នកចូលក្នុងផ្ទះណាមួយ ចូរនៅទីនោះរហូតដល់អ្នកចេញពីក្រុងនោះ។+
១១ ប៉ុន្តែ នៅកន្លែងណាដែលមនុស្សមិនព្រមទទួលស្វាគមន៍ឬស្ដាប់អ្នករាល់គ្នាទេ ចូរចេញពីកន្លែងនោះ ហើយរលាស់ដីពីជើងរបស់អ្នករាល់គ្នា ដើម្បីឲ្យពួកគេដឹងថាអ្នកបានព្រមានពួកគេរួចហើយ»។+
១២ ដូច្នេះ ពួកគាត់បានចេញទៅផ្សព្វផ្សាយ ដើម្បីឲ្យមនុស្សប្រែចិត្ត។+
១៣ ពួកគាត់ក៏បានបណ្ដេញវិញ្ញាណកំណាចជាច្រើន+ ថែមទាំងលាបប្រេងឲ្យមនុស្សជាច្រើននាក់ដែលឈឺ ហើយធ្វើឲ្យពួកគេជាសះស្បើយ។
១៤ លុះក្រោយមក រឿងទាំងនេះបានឮដល់ស្ដេច*ហេរ៉ូឌ ព្រោះឈ្មោះលោកយេស៊ូចាប់ផ្ដើមល្បីសុសសាយ ហើយមនុស្សកំពុងនិយាយថា៖ «យ៉ូហានដែលជាអ្នកជ្រមុជទឹកឲ្យគេ បានត្រូវប្រោសឲ្យរស់ឡើងវិញហើយ។ ហេតុនេះហើយបានជាលោកអាចធ្វើការដែលប្រកបដោយឫទ្ធានុភាពទាំងនេះបាន»។+
១៥ ប៉ុន្តែ អ្នកឯទៀតបាននិយាយថា៖ «លោកគឺអេលីយ៉ា»។ រីឯអ្នកខ្លះទៀតបាននិយាយថា៖ «លោកគឺជាអ្នកប្រកាសទំនាយមួយរូប ដូចអ្នកប្រកាសទំនាយនៅសម័យបុរាណ»។+
១៦ ពេលហេរ៉ូឌឮដូច្នេះ គាត់ពោលថា៖ «យ៉ូហានដែលខ្ញុំបានឲ្យគេកាត់ក្បាលនោះ បានរស់ឡើងវិញមែន»។
១៧ ហេរ៉ូឌបានរៀបការជាមួយនឹងហេរ៉ូឌាស ដែលជាភរិយារបស់ភីលីពជាបង។ ហេរ៉ូឌបានចាត់គេឲ្យទៅចាប់យ៉ូហាន រួចចងគាត់ដាក់ក្នុងគុក ដើម្បីផ្គាប់ចិត្តហេរ៉ូឌាស+
១៨ ពីព្រោះយ៉ូហានបានជម្រាបហេរ៉ូឌម្ដងហើយម្ដងទៀតថា៖ «គ្មានច្បាប់ឲ្យអ្នកយកភរិយារបស់ប្អូនធ្វើជាភរិយារបស់អ្នកទេ»។+
១៩ ដូច្នេះ ហេរ៉ូឌាសបានចងគំនុំនឹងយ៉ូហាន ហើយចង់សម្លាប់គាត់ តែសម្លាប់មិនបាន
២០ ព្រោះហេរ៉ូឌកោតក្រែងយ៉ូហាន។ ហេរ៉ូឌដឹងថាគាត់ជាមនុស្សសុចរិតនិងបរិសុទ្ធ។+ ហេតុនេះ ហេរ៉ូឌបានរក្សាការពារគាត់។ ក្រោយពេលបានឮអ្វីដែលយ៉ូហាននិយាយប្រាប់ ហេរ៉ូឌទាល់ប្រាជ្ញា មិនដឹងថាគួរធ្វើយ៉ាងណាចំពោះគាត់ឡើយ។ ទោះជាយ៉ាងនោះក៏ដោយ ហេរ៉ូឌនៅតែពេញចិត្តស្ដាប់គាត់។
២១ ប៉ុន្តែមានឱកាសល្អមួយសម្រាប់ហេរ៉ូឌាស គឺនៅថ្ងៃខួបកំណើត+របស់ហេរ៉ូឌ ពេលដែលហេរ៉ូឌធ្វើពិធីជប់លៀងពិសាអាហារពេលល្ងាច សម្រាប់មន្ត្រីជាន់ខ្ពស់ទាំងឡាយ ពួកមេទ័ព និងអ្នកមានមុខមាត់ធំដុំក្នុងស្រុកកាលីឡេ។+
២២ រួចកូនស្រីរបស់ហេរ៉ូឌាសបានចូលមករាំ ធ្វើឲ្យហេរ៉ូឌនិងអ្នករួមតុជាមួយនឹងគាត់ពេញចិត្តខ្លាំងណាស់។ បន្ទាប់មក ស្ដេចហេរ៉ូឌបានប្រាប់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំមកចុះ ខ្ញុំនឹងឲ្យនាង»។
២៣ គាត់ថែមទាំងស្បថនឹងនាងថា៖ «អ្វីក៏ដោយដែលនាងសុំពីខ្ញុំ ខ្ញុំនឹងឲ្យ ទោះជាសុំរាជាណាចក្រខ្ញុំមួយចំហៀងក៏ដោយ»។
២៤ ម្ល៉ោះហើយ នាងចេញទៅសួរម្ដាយរបស់នាងថា៖ «តើខ្ញុំគួរសុំអ្វី?»។ ម្ដាយនាងឆ្លើយថា៖ «ចូរសុំក្បាលរបស់យ៉ូហាន ដែលជាអ្នកជ្រមុជទឹកឲ្យគេ»។
២៥ ដូច្នេះ នាងក៏ប្រញាប់ចូលទៅសុំស្ដេចថា៖ «ខ្ញុំចង់បានក្បាលរបស់យ៉ូហានជាអ្នកជ្រមុជទឹក ដាក់លើថាសមកឲ្យខ្ញុំភ្លាម»។+
២៦ ពិតមែនតែនេះធ្វើឲ្យស្ដេចហេរ៉ូឌកើតទុក្ខយ៉ាងខ្លាំង តែគាត់មិនអាចបដិសេធសំណើរបស់នាងឡើយ ដោយសារគាត់បានស្បថនៅចំពោះមុខអ្នកឯទៀតដែលកំពុងរួមតុជាមួយ។
២៧ ដូច្នេះ ស្ដេចក៏ចាត់អង្គរក្សម្នាក់ឲ្យទៅយកក្បាលរបស់យ៉ូហានមកភ្លាម។ ម្ល៉ោះហើយ អ្នកនោះបានចេញទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក
២៨ រួចដាក់ក្បាលគាត់លើថាសមួយ ហើយយកទៅឲ្យនាង។ បន្ទាប់មក នាងក៏ឲ្យដល់ម្ដាយ។
២៩ លុះពេលអ្នកកាន់តាមយ៉ូហានឮអំពីរឿងនោះ ពួកគេបានមកយកសពយ៉ូហានទៅដាក់ក្នុងទីបញ្ចុះសព។
៣០ ពួកសាវ័កបានមកជួបជុំគ្នានៅមុខលោកយេស៊ូ ហើយរៀបរាប់ពីអ្វីៗទាំងអស់ដែលពួកគាត់បានធ្វើនិងបង្រៀន។+
៣១ រួចលោកប្រាប់ពួកគាត់ថា៖ «សូមអ្នករាល់គ្នាមកជាមួយនឹងខ្ញុំដោយឡែក ទៅកន្លែងឆ្ងាយពីគេ ហើយសម្រាកបន្តិច»។+ លោកប្រាប់ដូច្នេះ ព្រោះថាមានមនុស្សជាច្រើនទៅមក ហើយពួកគាត់គ្មានពេលទំនេរសោះ សូម្បីតែរកពេលបរិភោគក៏មិនបានផង។
៣២ ដូច្នេះ លោកនិងពួកគាត់បានចុះទូក ចេញទៅកន្លែងឆ្ងាយពីគេ។+
៣៣ ក៏ប៉ុន្តែ បណ្ដាជនបានឃើញពួកគាត់ចេញទៅ ហើយមនុស្សជាច្រើនដឹងកន្លែងដែលពួកគាត់ទៅ។ ដូច្នេះ មនុស្សពីគ្រប់ក្រុងបាននាំគ្នារត់ទៅទីនោះ ហើយបានទៅដល់មុនពួកគាត់។
៣៤ លុះពេលឡើងពីទូកមក លោកឃើញមនុស្សមួយក្រុមធំ ក៏មានចិត្តក្ដួលអាណិតពួកគេ+ ពីព្រោះពួកគេប្រៀបដូចចៀមដែលគ្មានគង្វាល។+ រួចមក លោកចាប់ផ្ដើមបង្រៀនពួកគេអំពីអ្វីៗជាច្រើន។+
៣៥ លុះថ្ងៃកាន់តែជ្រេទៅ ពួកអ្នកកាន់តាមបានមកជួបលោក ហើយជម្រាបថា៖ «កន្លែងនេះនៅដាច់ឆ្ងាយពីគេ ហើយថ្ងៃក៏កាន់តែជ្រេដែរ។+
៣៦ សូមឲ្យពួកគេត្រឡប់ទៅវិញ ដើម្បីពួកគេអាចទៅទិញអាហារបរិភោគ នៅជនបទនិងនៅភូមិជិតៗនេះ»។+
៣៧ លោកតបឆ្លើយថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគចុះ»។ រួចពួកគាត់និយាយថា៖ «តើចង់ឲ្យយើងយកប្រាក់២០០ឌីណារី* ទៅទិញនំប៉័ងឲ្យមនុស្សទាំងនេះបរិភោគឬ?»។+
៣៨ លោកសួរពួកគាត់ថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ? ចូរទៅមើល!»។ ក្រោយពេលបានមើលហើយ ពួកគាត់ឆ្លើយថា៖ «មាននំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ»។+
៣៩ បន្ទាប់មក លោកប្រាប់បណ្ដាជនឲ្យអង្គុយជាក្រុមៗលើស្មៅខៀវខ្ចី។+
៤០ រួចបណ្ដាជនបានអង្គុយជាក្រុមៗ ក្រុមខ្លះ១០០នាក់ និងក្រុមខ្លះ៥០នាក់។
៤១ ក្រោយមក លោកយកនំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយនោះ ងើយភ្នែកមើលទៅស្ថានសួគ៌ ហើយអធិដ្ឋាន។+ រួចមក លោកកាច់នំប៉័ង ហើយឲ្យអ្នកកាន់តាមលោកចែកដល់បណ្ដាជន។ លោកក៏បានចែកត្រីពីរកន្ទុយនោះដល់គ្រប់ៗគ្នាដែរ។
៤២ ដូច្នេះ គ្រប់គ្នាបានបរិភោគឆ្អែត។
៤៣ បន្ទាប់មក ពួកគាត់បានប្រមូលនំប៉័ងដែលនៅសល់ បាន១២កញ្ជើ ដោយមិនរាប់ត្រីដែលនៅសល់ទេ។+
៤៤ ចំនួនបុរសដែលបានបរិភោគនំប៉័ងនោះ មាន៥.០០០នាក់។
៤៥ បន្ទាប់មក ដោយមិនបង្អែបង្អង់ លោកបានបង្គាប់ឲ្យអ្នកកាន់តាមចុះទូក ឆ្លងទៅក្រុងបេតសេដាមុនលោក ទុកឲ្យលោកជាអ្នកប្រាប់បណ្ដាជនឲ្យត្រឡប់ទៅវិញ។+
៤៦ ប៉ុន្តែ ក្រោយពេលលោកបានលាពួកគេហើយ លោកឡើងទៅលើភ្នំដើម្បីអធិដ្ឋាន។+
៤៧ លុះដល់ពេលព្រលប់ ទូកនោះនៅកណ្ដាលសមុទ្រ តែលោកនៅលើគោកម្នាក់ឯង។+
៤៨ ពេលជិតយាមទី៤* លោកឃើញពួកគាត់កំពុងអុំទូកទាំងលំបាក ដោយសារអុំបញ្ច្រាសខ្យល់។ ដូច្នេះ លោកបានទៅឯពួកគាត់ ដោយដើរលើទឹកសមុទ្រ ប៉ុន្តែមើលទៅដូចជាលោកមានបំណងដើរហួសពួកគាត់។
៤៩ ពេលដែលពួកគាត់ក្រឡេកទៅឃើញលោកកំពុងដើរលើទឹកសមុទ្រ ពួកគាត់និយាយគ្នាថា៖ «តើនោះជាអ្វីហ្នឹង!»។* នោះពួកគាត់បានស្រែកឡើង
៥០ ពីព្រោះពួកគាត់ទាំងអស់គ្នាបានឃើញលោក រួចចាប់ផ្ដើមវិលវល់ក្នុងគំនិត។ ប៉ុន្តែ លោកមានប្រសាសន៍ទៅពួកគាត់ភ្លាមថា៖ «ចូរមានចិត្តក្លាហានឡើង! គឺខ្ញុំទេ កុំខ្លាចឡើយ»។+
៥១ រួចលោកចូលក្នុងទូកជាមួយនឹងពួកគាត់ ហើយខ្យល់ក៏ស្ងប់ទៅ។ ឃើញដូច្នេះ ពួកគាត់បាននឹកអស្ចារ្យក្នុងចិត្តយ៉ាងខ្លាំង
៥២ ព្រោះពួកគាត់មិនបានយល់អត្ថន័យនៃការអស្ចារ្យអំពីនំប៉័ងនោះទេ។ ពួកគាត់នៅតែគិតមិនយល់។
៥៣ លុះឆ្លងដល់ត្រើយហើយ លោកនិងអ្នកកាន់តាមបានចូលតំបន់កេណិសារ៉ែត ហើយបោះយុថ្កានៅឆ្នេរជិតនោះ។+
៥៤ ប៉ុន្តែ ភ្លាមនោះ ពេលដែលលោកនិងពួកគាត់ឡើងពីទូក មនុស្សក៏បានស្គាល់លោក។
៥៥ ពួកគេបានរត់ទៅគ្រប់កន្លែងក្នុងតំបន់នោះ ហើយយកមនុស្សឈឺដាក់លើគ្រែស្នែង រួចនាំទៅកន្លែងដែលពួកគេឮថាលោកនៅ។
៥៦ ម្ល៉ោះហើយ កាលណាលោកចូលក្នុងភូមិ ក្រុង ឬជនបទ មនុស្សតែងនាំអ្នកដែលឈឺទៅដាក់នៅឯផ្សារ។ រួចពួកគេបានអង្វរសុំពាល់តែជាយសម្លៀកបំពាក់លោកប៉ុណ្ណោះ+ ហើយអស់អ្នកណាដែលបានពាល់ ក៏បានជាសះស្បើយ។
កំណត់សម្គាល់
^ ន័យត្រង់«ស្ពាន់»
^ ន័យត្រង់«នំប៉័ង»
^ ន័យត្រង់«មិនត្រូវស្លៀកសម្លៀកបំពាក់ពីរជាន់ទេ»
^ តាមពិតហេរ៉ូឌជាអភិបាលស្រុក ប៉ុន្តែបណ្ដាជននិយមហៅគាត់ថា«ស្ដេច»
^ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ប្រហែលជាម៉ោង៣ព្រឹករហូតដល់ថ្ងៃរះប្រហែលម៉ោង៦ព្រឹក
^ ឬ«នេះជាការយល់សប្ដិទេ!»