សំបុត្ររបស់យូដាស ១:១-២៥

  • ការ​សួរ​សុខ​ទុក្ខ (​១, ២)

  • ពួក​អ្នក​បង្រៀន​មិន​ពិត​នឹង​ទទួល​ការ​វិនិច្ឆ័យ​ទោស​ជា​មិន​ខាន (​៣​-​១៦)

    • មីកែល​មាន​ទំនាស់​ជា​មួយ​នឹង​មេ​កំណាច (​)

    • ទំនាយ​របស់​អេណុក (​១៤, ១៥)

  • ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ (​១៧​-​២៣)

  • សូម​ឲ្យ​ព្រះ​មាន​សិរី​រុង​រឿង (​២៤, ២៥)

១  ខ្ញុំ យូដាស ជា​ខ្ញុំ​បម្រើ​របស់​លោក​យេស៊ូ​គ្រិស្ត និង​ជា​ប្អូន​ប្រុស​របស់​យ៉ាកុប+ ជូន​ចំពោះ​អស់​អ្នក​ដែល​បាន​ត្រូវ​ហៅ+ គឺ​អ្នក​ដែល​ជា​ទី​ស្រឡាញ់​របស់​ព្រះ​ជា​បិតា និង​ជា​អ្នក​ដែល​បាន​ត្រូវ​រក្សា​ទុក​សម្រាប់​លោក​យេស៊ូ​គ្រិស្ត​៖+ ២  សូម​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ឡើង​ពី​ព្រះ។ ៣  អ្នក​រាល់​គ្នា​ជា​ទី​ស្រឡាញ់​អើយ! ទោះ​ជា​ខ្ញុំ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា​អំពី​សេចក្ដី​សង្គ្រោះ​ដែល​យើង​នឹង​ទទួល​ក៏​ដោយ+ តែ​ឥឡូវ​ខ្ញុំយល់​ថា ជា​ការ​ចាំ​បាច់​ដែល​ខ្ញុំ​ត្រូវ​សរសេរ​ដាស់​តឿន​អ្នក​រាល់​គ្នា ឲ្យ​ត​ស៊ូ​ដើម្បី​ការ​ពារ​ជំនឿ+ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​អ្នក​បរិសុទ្ធ​ទាំង​ឡាយ​មួយ​ដង​ជា​ការ​ស្រេច។ ៤  ខ្ញុំ​ត្រូវ​សរសេរ​ពី​ព្រោះ​មាន​បុរស​ខ្លះ​បាន​លួច​បន្លំ​ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​បុរស​ទាំង​នោះ​ដែល​មិន​គោរព​ព្រះ បាន​យក​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ជា​លេស ដើម្បី​បណ្ដោយ​ខ្លួន​ទៅ​តាម​ការ​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង។*+ ពួក​គេ​បាន​ក្បត់​ម្ចាស់​តែ​មួយ​របស់​យើង​ដែល​បាន​ទិញ​យើង គឺ​លោក​យេស៊ូ​គ្រិស្ត។+ ទោស​ដែល​បុរស​ទាំង​នោះ​ត្រូវ​ទទួល បាន​ត្រូវ​កំណត់​ទុក​ក្នុង​បទ​គម្ពីរ​តាំង​ពី​យូរ​យារ​មក​ហើយ។ ៥  ថ្វី​បើ​អ្នក​រាល់​គ្នា​ដឹង​ទាំង​អស់​រួច​ហើយ ក៏​ខ្ញុំ​ចង់​រំលឹក​អ្នក​ថា ទោះ​ជា​ព្រះ​យេហូវ៉ា*បាន​សង្គ្រោះ​ប្រជាជាតិ​មួយ​ឲ្យ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ក៏​ដោយ+ តែ​ក្រោយ​មក​លោក​បាន​បំផ្លាញ​ចោល​អស់​អ្នក​ដែល​មិន​បង្ហាញ​ជំនឿ​ក្នុង​ចំណោម​ប្រជាជាតិ​នោះ។+ ៦  ចំណែក​បណ្ដា​ទេវតា​ដែល​បាន​បោះ​បង់​ចោល​តួ​នាទី* និង​ស្ថាន​ដែល​ខ្លួន​ត្រូវ​នៅ​នោះ+ ព្រះ​ក៏​បាន​ឃុំ​ទេវតា​ទាំង​នោះ​ក្នុង​ភាព​ងងឹត​សូន្យសុង​ទាំង​ជាប់​ចំណង​ជា​និច្ច ដើម្បី​ទទួល​ការ​វិនិច្ឆ័យ​ទោស​នៅ​ថ្ងៃ​ដ៏​ធំ។+ ៧  ស្រដៀង​គ្នា​នឹង​ទេវតា​ទាំង​នោះ​ដែរ មនុស្ស​នៅ​ក្រុង​សូដុម​និង​កូម៉ូរ៉ា ព្រម​ទាំង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ បាន​ឈ្លក់​វង្វេង​នឹង​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* ក៏​បាន​ស្វះ​ស្វែង​រក​បំពេញ​កាម​តណ្ហា​ខុស​ពី​ធម្មជាតិ+ ហើយ​ពួក​គេ​បាន​ទទួល​ការ​វិនិច្ឆ័យ​ទោស ដោយ​ភ្លើង​ដែល​ឆេះ​ជា​រៀង​រហូត។ អ្វី​ដែល​បាន​កើត​ឡើង​ដល់​មនុស្ស​ទាំង​នោះ ត្រូវ​ទុក​ជា​ការ​ព្រមាន​ដល់​យើង។+ ៨  ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ បុរស​ទាំង​នោះ​ដែល​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​ការ​ស្រមើ​ស្រមៃ កំពុង​បង្ខូច​ខ្លួន​ឯង​និង​អ្នក​ឯ​ទៀត ព្រម​ទាំង​មើល​ងាយ​អ្នក​ដែល​មាន​អំណាច​លើ​ពួក​គេ និង​និយាយ​ប្រមាថ​អ្នក​ដែល​ព្រះ​បាន​ផ្ដល់​កិត្តិយស​ឲ្យ​ទៀត​ផង។+ ៩  ក៏​ប៉ុន្តែ ពេល​ដែល​មហា​ទេវតា+មីកែល+មាន​ទំនាស់​ជា​មួយ​នឹង​មេកំណាច* ហើយ​ជំទាស់​អំពី​សព​របស់​ម៉ូសេ+ នោះ​លោក​មិន​ហ៊ាន​ផ្ដន្ទា​ទោស​ដោយ​ពាក្យ​ប្រមាថ​ទេ។+ ផ្ទុយ​ទៅ​វិញ លោក​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា*ស្ដី​បន្ទោស​អ្នក​ចុះ!​»។+ ១០  រីឯ​បុរស​ទាំង​នោះ ពួក​គេ​និយាយ​ប្រមាថ​អំពី​អ្វី​ៗ​ដែល​តាម​ពិត​ពួក​គេ​មិន​យល់​សោះ។+ ប៉ុន្តែ អ្វី​ៗ​ដែល​ពួក​គេ​ដឹង គឺ​ដឹង​តាម​លក្ខណៈ​ធម្មជាតិ ដូច​សត្វ​ដែល​គ្មាន​វិចារណញ្ញាណ+ គឺ​ពួក​គេ​ចេះ​តែ​បង្ខូច​ខ្លួន​ទៅ​តាម​អ្វី​ៗ​ទាំង​នោះ។ ១១  គួរ​ឲ្យ​ស្ដាយ​ណាស់! ពី​ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​ដូច​កាអ៊ីន+ ហើយ​បាន​ស្ទុះ​ទៅ​ធ្វើ​អំពើ​ខុស​ឆ្គង​ដូច​បាឡាម+ដើម្បី​បាន​ប្រាក់​ឈ្នួល។ ពួក​គេ​បាន​វិនាស​ទៅ ដោយ​សារ​ពួក​គេ​និយាយ​ប្រឆាំង+នឹង​ពួក​បុរស​ដែល​មាន​អំណាច​លើ​ពួក​គេ ដូច​កូរ៉ា+បាន​ធ្វើ។* ១២  ពេល​ដែល​ពួក​គេ​ជប់​លៀង​សំណេះសំណាល​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ពួក​គេ​ប្រៀប​ដូច​ជា​ផ្ទាំង​ថ្ម​នៅ​ក្រោម​ផ្ទៃ​ទឹក+ និង​ដូច​ជា​គង្វាល​ដែល​គិត​តែ​ពី​ក្រពះ​ខ្លួន​ដោយ​ឥត​អៀន​ខ្មាស+ ថែម​ទាំង​ប្រៀប​ដូច​ជា​ពពក​ដែល​រសាត់​តាម​ខ្យល់​ឥត​ភ្លៀង+ ហើយ​ក៏​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មិន​បង្កើត​ផល​តាម​រដូវ​កាល រួច​ត្រូវ​គេ​រំលើង​ចោល ពី​ព្រោះ​បាន​ងាប់​ពីរ​ដង​ហើយ។ ១៣  ពួក​គេ​ដូច​ជា​រលក​សមុទ្រ​ដែល​បក់​បោក​បែក​ពពុះ​ចេញ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​គេ+ ហើយ​ក៏​ដូច​ជា​ផ្កាយ​វង្វេង​ទិស ដែល​ត្រូវ​បម្រុង​ទុក​ឲ្យ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ជា​រៀង​រហូត។+ ១៤  អេណុក+ដែល​ជា​តំណ​ទី​៧​ពី​អាដាម​មក បាន​ប្រកាស​ទំនាយ​អំពី​អ្នក​ទាំង​នោះ​ថា​៖ ​«​មើល! ព្រះ​យេហូវ៉ា*បាន​មក​ជា​មួយ​នឹង​ទេវតា​បរិសុទ្ធ​រាប់​ម៉ឺន​របស់​លោក+ ១៥  ដើម្បី​ដាក់​ទោស​មនុស្ស​គ្រប់​រូប+ និង​ដើម្បី​ផ្ដន្ទា​ទោស​អស់​អ្នក​ដែល​មិន​គោរព​ព្រះ​ចំពោះ​អំពើ​ទុច្ចរិត​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​មិន​កោត​ខ្លាច​ព្រះ និង​ចំពោះ​សម្ដី​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​ដែល​មនុស្ស​ទុច្ចរិត*ទាំង​នោះ​បាន​ពោល​ប្រឆាំង​លោក​»។+ ១៦  បុរស​ទាំង​នេះ​ចេះ​តែ​ត្អូញត្អែរ+ រអ៊ូ​រទាំ​អំពី​ជីវភាព​របស់​ខ្លួន ហើយ​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់។+ ពួក​គេ​និយាយ​អួត​បំប៉ោង ព្រម​ទាំង​ផ្គាប់​ផ្គុន​អ្នក​ដទៃ​ដើម្បី​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន។+ ១៧  ចំណែក​អ្នក​រាល់​គ្នា​ដែល​ជា​ទី​ស្រឡាញ់ ចូរ​នឹក​ដល់​សម្ដី​ដែល​បណ្ដា​សាវ័ក*របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​បាន​ប្រាប់។ ១៨  ពួក​គាត់​ធ្លាប់​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ​«​នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​ពួក​អ្នក​ចំអក​ដែល​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​អំពើ​ទុច្ចរិត​»។*+ ១៩  បុរស​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់។+ ពួក​គេ​ប្រព្រឹត្ត​ដូច​សត្វ​ធាតុ* ហើយ​ក៏​គ្មាន​ឫទ្ធានុភាព​របស់​ព្រះ​ដឹក​នាំ​ដែរ។ ២០  ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ទី​ស្រឡាញ់​អើយ! ចូរ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មាំ​មួន​ឡើង​ដោយ​ផ្អែក​លើ​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក ព្រម​ទាំង​អធិដ្ឋាន​ដោយ​នូវ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ+ ២១  ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់+ កាល​ដែល​អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​ទទួល​សេចក្ដី​មេត្តា​ករុណា​ពី​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង ដើម្បី​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+ ២២  ម្យ៉ាង​ទៀត ចូរ​បន្ត​បង្ហាញ​ចិត្ត​មេត្តា+ចំពោះ​អ្នក​ខ្លះ​ដែល​មាន​ការ​សង្ស័យ។+ ២៣  ចូរ​សង្គ្រោះ​ពួក​គេ+ ដោយ​កន្ដ្រាក់​ពួក​គេ​ចេញ​ពី​ភ្លើង។ ប៉ុន្តែ ចូរ​បន្ត​បង្ហាញ​ចិត្ត​មេត្តា​ចំពោះ​អ្នក​ឯ​ទៀត​ដែរ ថែម​ទាំង​ប្រុង​ប្រយ័ត្ន​ខ្លួន​ផង កាល​ដែល​អ្នក​រាល់​គ្នា​ស្អប់​ទាំង​សម្លៀក​បំពាក់​ដែល​ប្រឡាក់​ដោយ​សារ​រូប​កាយ។+ ២៤  ព្រះ​ដែល​អាច​ការ​ពារ​អ្នក​រាល់​គ្នា​មិន​ឲ្យ​ជំពប់​ដួល និង​មិន​ឲ្យ​សៅហ្មង+នៅ​មុខ​សិរី​រុង​រឿង​របស់​លោក និង​ដែល​នាំ​ឲ្យ​អ្នក​មាន​អំណរ​ក្រៃ​លែង ២៥  ហើយ​ជា​ព្រះ​តែ​មួយ ជា​អ្នក​សង្គ្រោះ​យើង​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​យើង សូម​ឲ្យ​ព្រះ​មាន​សិរី​រុង​រឿង ភាព​ឧត្ដុង្គ​ឧត្ដម ឫទ្ធានុភាព និង​អំណាច​ស្ថិត​ស្ថេរ​ត​រៀង​មក​ដល់​ឥឡូវ​នេះ និង​ជា​រៀង​រហូត​ត​ទៅ។ អាមេន។

កំណត់សម្គាល់

ឬ​«​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស​»។ ភាសា​ក្រិច​«​អាសិលគា​»។ មើល​និយម​ន័យ​ពាក្យ​«​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង​»
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
សំដៅ​លើ​តួ​នាទី​នៅ​ស្ថាន​សួគ៌
មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​
ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ន័យ​ត្រង់​«​ដូច​ការ​បះ​បោរ​របស់​កូរ៉ា​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ន័យ​ត្រង់​«​មនុស្ស​ធ្វើ​អំពើ​ខុស​ឆ្គង​ដែល​មិន​កោត​ខ្លាច​ព្រះ​»​
ឬ​«​សម្ដី​ដែល​បាន​ត្រូវ​ប្រាប់​ទុក​ជា​មុន​ដោយ​បណ្ដា​សាវ័ក​»​
ឬ​«​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​មិន​កោត​ខ្លាច​ព្រះ​»​
ឬ​«​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ​»​