យ៉ូហានទី៣ ១:១-១៤
១ ពីខ្ញុំជាបុរសចាស់ទុំ* ជូនចំពោះកៃយុសជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់យ៉ាងស្មោះ។
២ មិត្តជាទីស្រឡាញ់អើយ! ខ្ញុំអធិដ្ឋានសុំឲ្យអ្នកបានប្រកបដោយសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ប្រការ ដូចអ្នកកំពុងមានឥឡូវនេះ
៣ ពីព្រោះខ្ញុំត្រេកអរខ្លាំងណាស់ ពេលដែលមានបងប្អូនមកបញ្ជាក់ប្រាប់ថា អ្នកបានកាន់ខ្ជាប់តាមសេចក្ដីពិត ហើយនៅតែបន្តរស់នៅស្របតាមសេចក្ដីពិត។+
៤ គ្មានអ្វីធ្វើឲ្យខ្ញុំអរសប្បាយ*ជាងការទទួលដំណឹងថា កូនៗរបស់ខ្ញុំកំពុងកាន់ខ្ជាប់តាមសេចក្ដីពិតទេ។+
៥ មិត្តជាទីស្រឡាញ់អើយ! ពេលណាក៏ដោយដែលអ្នកជួយបងប្អូន ជាពិសេសបងប្អូនដែលអ្នកមិនធ្លាប់ស្គាល់ នោះអ្នកកំពុងបង្ហាញសេចក្ដីស្មោះត្រង់ហើយ។+
៦ បងប្អូនទាំងនោះបានលើកបញ្ជាក់ប្រាប់ក្រុមជំនុំអំពីសេចក្ដីស្រឡាញ់របស់អ្នក។ កាលណាពួកគាត់ចេញដំណើរទៅ សូមផ្គត់ផ្គង់ពួកគាត់ឲ្យសមត្រឹមត្រូវតាមទស្សនៈរបស់ព្រះ។+
៧ ពីព្រោះពួកគាត់បានចេញទៅដើម្បីនាមរបស់ព្រះ ដោយមិនទទួលយកអ្វី+ពីអ្នកដទៃ*ឡើយ។
៨ ដូច្នេះ យើងមានកាតព្វកិច្ចទទួលស្វាគមន៍បងប្អូនទាំងនោះយ៉ាងរាក់ទាក់+ ដើម្បីយើងអាចធ្វើជាអ្នករួមការងារជាមួយនឹងពួកគាត់ក្នុងសេចក្ដីពិត។+
៩ ពីមុនខ្ញុំបានសរសេរទៅកាន់ក្រុមជំនុំ ប៉ុន្តែឌីអូត្រែបដែលចូលចិត្តធ្វើជាអ្នកធំជាងគេក្នុងក្រុមជំនុំ+ គាត់មិនធ្វើតាមអ្វីដែលយើងបានសរសេរទេ។+
១០ ម្ល៉ោះហើយ បើខ្ញុំទៅទីនោះ ខ្ញុំនឹងលើករឿងដែលគាត់កំពុងធ្វើ គឺរឿងដែលគាត់ដើរនិយាយអាក្រក់អំពីយើង។+ ប៉ុណ្ណឹងហើយគាត់នៅតែមិនស្កប់ចិត្តទៀត គាត់មិនព្រមទទួលស្វាគមន៍បងប្អូនទេ+ ហើយបើមានអ្នកណាចង់ទទួលស្វាគមន៍បងប្អូនទាំងនោះ គាត់ថែមទាំងព្យាយាមរារាំង ហើយខំបណ្ដេញអ្នកនោះចេញពីក្រុមជំនុំទៀតផង។
១១ មិត្តជាទីស្រឡាញ់អើយ! ចូរយកតម្រាប់គំរូល្អ មិនមែនគំរូអាក្រក់ឡើយ។+ អ្នកណាដែលប្រព្រឹត្តអំពើល្អ អ្នកនោះមកពីព្រះ។+ ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ អ្នកនោះមិនបានឃើញព្រះទេ។+
១២ បងប្អូនទាំងនោះបាននិយាយសរសើរអំពីដេមេទ្រាស ហើយការប្រព្រឹត្តរបស់គាត់ក៏បានបញ្ជាក់អំពីខ្លួនគាត់ដែរ។ តាមពិត យើងក៏បានបញ្ជាក់អំពីគាត់ដែរ ហើយអ្នកដឹងថាសេចក្ដីបញ្ជាក់របស់យើងគឺជាការពិត។
១៣ មានរឿងជាច្រើនទៀតដែលខ្ញុំចង់ប្រាប់អ្នក។ ប៉ុន្តែ ខ្ញុំមិនចង់សរសេរនៅក្នុងសំបុត្រទេ
១៤ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថានឹងជួបអ្នកឆាប់ៗខាងមុខនេះ ហើយយើងអាចនិយាយគ្នាដោយផ្ទាល់មាត់។
សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខ។
មិត្តទាំងឡាយនៅទីនេះផ្ដាំសួរសុខទុក្ខ ហើយខ្ញុំក៏ផ្ដាំសួរសុខទុក្ខមិត្តម្នាក់ៗនៅទីនោះដែរ។
កំណត់សម្គាល់
^ ឬ«បុរសវ័យចាស់»
^ ឬប្រហែលជាមានន័យថា«ធ្វើឲ្យខ្ញុំមានអំណរគុណ»
^ ន័យត្រង់«ជនជាតិដទៃ»។ ទំនងជាសំដៅលើអស់អ្នកដែលមិនមែនជាជនជាតិយូដា ហើយមិនជឿលើគ្រិស្ត