សៀវភៅលូកា ២៤:១-៥៣

  • លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ (​១​-​១២)

  • នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេម៉ាស (​១៣​-​៣៥)

  • លោក​យេស៊ូ​លេច​មក​ជួប​ពួក​អ្នក​កាន់​តាម (​៣៦​-​៤៩)

  • លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ (​៥០​-​៥៣)

២៤  ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍​នោះ ពួក​នាង​បាន​ទៅ​ទី​បញ្ចុះ​សព​តាំង​ពី​ព្រលឹម​ស្រាង​ៗ ដោយ​យក​គ្រឿង​ក្រអូប​ដែល​ពួក​នាង​បាន​រៀបចំ​ទៅ​ជា​មួយ​ផង។+ ២  ប៉ុន្តែ ពួក​នាង​ឃើញ​ថ្ម​បាន​ត្រូវ​ប្រមៀល​ចេញ​ពី​ទី​បញ្ចុះ​សព​ហើយ។+ ៣  រួច​ពេល​ដែល​ចូល​ទៅ ពួក​នាង​មិន​ឃើញ​សព​របស់​លោក​ម្ចាស់​យេស៊ូ​ឡើយ។+ ៤  ពេល​ដែល​ពួក​នាង​កំពុង​ងឿង​ឆ្ងល់​អំពី​រឿង​នេះ មើល! បុរស​ពីរ​នាក់​ដែល​មាន​សម្លៀក​បំពាក់​ភ្លឺ​ចិញ្ចាច​ចិញ្ចែង​បាន​ឈរ​ក្បែរ​ពួក​នាង។ ៥  ស្ត្រី​ទាំង​នោះ​ចាប់​ផ្ដើម​ភ័យ​ខ្លាច ហើយ​ឱន​មុខ​ចុះ។ ដូច្នេះ បុរស​ទាំង​នោះ​ក៏​និយាយ​ទៅ​កាន់​ពួក​នាង​ថា​៖ ​«​ហេតុ​អ្វី​ពួក​នាង​មក​រក​លោក​ដែល​មាន​ជីវិត​រស់​នៅ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?+ ៦  លោក​មិន​នៅ​ទី​នេះ​ទេ តែ​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ។ សូម​នឹក​ឃើញ​អ្វី​ដែល​លោក​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​ដែល​លោក​នៅ​ស្រុកកាលីឡេ​នៅ​ឡើយ។ ៧  លោក​បាន​មាន​ប្រសាសន៍​ថា កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​នឹង​ត្រូវ​គេ​ព្យួរ តែ​នៅ​ថ្ងៃ​ទី​៣​លោក​នឹង​រស់​ឡើង​វិញ​»។+ ៨  ដូច្នេះ ពួក​នាង​បាន​នឹក​ឃើញ​ប្រសាសន៍​របស់​លោក+ ៩  ហើយ​បាន​ចេញ​ពី​ទី​បញ្ចុះ​សព​ត្រឡប់​ទៅ​វិញ ក៏​រៀប​រាប់​អំពី​ការ​ទាំង​អស់​នេះ​ប្រាប់​សាវ័ក​ទាំង​១១​នាក់ និង​អ្នក​កាន់​តាម​ឯ​ទៀត​ទាំង​អស់។+ ១០  ស្ត្រី​ទាំង​នេះ​មាន​ម៉ារៀ​ម៉ាក់ដាឡេន យ៉ូហាណា និង​ម៉ារៀ​ជា​ម្ដាយ​យ៉ាកុប។ ពួក​ស្ត្រី​ទាំង​ប៉ុន្មាន​ទៀត​ដែល​នៅ​ជា​មួយ​នឹង​ពួក​នាង​ក៏​បាន​រៀប​រាប់​ប្រាប់​ពួក​សាវ័ក​អំពី​ការ​ទាំង​នេះ​ដែរ។ ១១  ក៏​ប៉ុន្តែ ពួក​គេ​បាន​គិត​ថា​សម្ដី​របស់​ស្ត្រី​ទាំង​នេះ​គឺ​មិន​សម​ហេតុ​សម​ផល​ឡើយ ហើយ​មិន​ព្រម​ជឿ​ពួក​នាង​ទេ។ ១២  ប៉ុន្តែ ពេត្រុស​បាន​ក្រោក​ឡើង​រត់​ទៅ​ទី​បញ្ចុះ​សព រួច​បាន​ឱន​មើល ឃើញ​តែ​ចម្រៀក​ក្រណាត់​រុំ​សព​ប៉ុណ្ណោះ។ ដូច្នេះ គាត់​ចេញ​ទៅ​ទាំង​ងឿង​ឆ្ងល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ ១៣  ប៉ុន្តែ មើល! នៅ​ថ្ងៃ​នោះ​ឯង មាន​អ្នក​កាន់​តាម​ពីរ​នាក់​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​មួយ​ឈ្មោះ​អេម៉ាស ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១១​គីឡូ​ម៉ែត្រ*ពី​ក្រុង​យេរូសាឡិម ១៤  ហើយ​ពួក​គាត់​កំពុង​ពិភាក្សា​គ្នា​អំពី​ការ​ទាំង​អស់​នេះ​ដែល​បាន​កើត​ឡើង។ ១៥  កាល​ដែល​ពួក​គាត់​កំពុង​ជជែក​និង​ពិភាក្សា​គ្នា លោក​យេស៊ូ​ផ្ទាល់​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​ផ្ដើម​ដើរ​ជា​មួយ​នឹង​ពួក​គាត់។ ១៦  ប៉ុន្តែ ពួក​គាត់​មើលលោក​មិន​ស្គាល់​ទេ។+ ១៧  លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​ទាំង​ពីរ​កំពុង​ដើរ​បណ្ដើរ​ជជែក​គ្នា​បណ្ដើរ​អំពី​រឿង​អ្វី?​»។ ពួក​គាត់​ឈប់​ដើរ ហើយ​មាន​ទឹក​មុខ​ព្រួយ។ ១៨  ម្នាក់​ឈ្មោះ​ក្លេវប៉ាស​ក៏​សួរ​លោក​ថា​៖ ​«​តើ​អ្នក​ជា​ជន​ជាតិ​ផ្សេង​ដែល​ស្នាក់​នៅ​ដាច់​ពី​គេ​នៅ​ក្រុង​យេរូសាឡិម​ឬ បាន​ជា​មិន​ដឹង*អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ?​»។ ១៩  លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​អំពី​ការ​អ្វី​ទៅ?​»។ ពួក​គាត់​និយាយ​ថា​៖ ​«​អំពី​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត។+ នៅ​ចំពោះ​មុខ​ព្រះ​និង​បណ្ដា​ជន​ទាំង​ឡាយ លោក​បាន​បង្ហាញ​ថា​លោក​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា ទាំង​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​ក្នុង​ពាក្យ​សម្ដី។+ ២០  ក៏​ប៉ុន្តែ ពួក​សង្ឃនាយក​និង​ពួក​អ្នក​គ្រប់​គ្រង​របស់​យើង បាន​ប្រគល់​លោក​ទៅ​ឲ្យ​គេ​កាត់​ទោស​ប្រហារ​ជីវិត+ ហើយ​បាន​ព្យួរ​លោក​លើ​បង្គោល។* ២១  ប៉ុន្តែ យើង​ធ្លាប់​សង្ឃឹម​ថា បុរស​នោះ​ជា​អ្នក​ដែល​នឹង​មក​សង្គ្រោះ​អ៊ីស្រាអែល។+ ក្រៅ​ពី​ការ​ទាំង​នោះ នេះ​ជា​ថ្ងៃ​ទី​៣​តាំង​ពី​ហេតុ​ការណ៍​ទាំង​នេះ​បាន​កើត​ឡើង។ ២២  ម្យ៉ាង​ទៀត ស្ត្រី​ខ្លះ​ពី​ចំណោម​ពួក​យើង​បាន​ធ្វើ​ឲ្យ​យើង​ងឿង​ឆ្ងល់​ជា​ខ្លាំង ពី​ព្រោះ​ពួក​នាង​បាន​ទៅ​ទី​បញ្ចុះ​សព​តាំង​ពី​ព្រលឹម+ ២៣  តែ​ពួក​នាង​មិន​បាន​ឃើញ​សព​លោក​ឡើយ។ ពួក​នាង​ប្រាប់​ថា​បាន​ឃើញ​ទេវតា ហើយ​ទេវតា​ប្រាប់​ពួក​នាង​ថា​លោក​កំពុង​រស់​នៅ។ ២៤  បន្ទាប់​មក អ្នក​ខ្លះ​ពី​ចំណោម​យើង​បាន​ចេញ​ទៅ​ទី​បញ្ចុះ​សព+ ហើយ​បាន​ឃើញ​ទី​បញ្ចុះ​សព​នៅ​ទទេ​ដូច​ស្ត្រី​ទាំង​នោះ​បាន​ប្រាប់ ហើយ​ពួក​គាត់​ក៏​មិន​បាន​ឃើញ​សព​លោក​ដែរ​»។ ២៥  ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ឱ​មនុស្ស​ដែល​មិន​ព្រម​ពិចារណា ហើយ​យឺត​នឹង​ជឿ​ពាក្យ​ទាំង​អស់​របស់​អ្នក​ប្រកាស​ទំនាយ​អើយ! ២៦  គ្រិស្ត​ត្រូវ​រង​ទុក្ខ​ដូច្នេះ+ ដើម្បី​បាន​សិរី​រុង​រឿង​ដែល​លោក​ត្រូវ​ទទួល មែន​ទេ?​»។+ ២៧  រួច​លោក​ចាប់​ផ្ដើម​បក​ស្រាយ​ប្រាប់​ពួក​គាត់​នូវ​អ្វី​ៗ​ស្ដី​អំពី​លោក​ក្នុង​បទ​គម្ពីរ​ទាំង​ឡាយ ចាប់​តាំង​ពី​ម៉ូសេ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​គ្រប់​រូប។+ ២៨  លុះ​មក​ជិត​ដល់​ភូមិ​ដែល​ពួក​គាត់​ចង់​ទៅ លោក​ក៏​ធ្វើ​ដូច​ជា​ដើរ​ហួស​ពី​កន្លែង​នោះ។ ២៩  ប៉ុន្តែ ពួក​គាត់​បាន​បង្ខំ​លោក​ថា​៖ ​«​ចូរ​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​សិន ពី​ព្រោះ​ជិត​ល្ងាច​ហើយ ថែម​ទាំង​ថ្ងៃ​ក៏​ទាប​ណាស់​ផង​»។ ដូច្នេះ លោក​បាន​ចូល​ទៅ​ក្នុង​នៅ​ជា​មួយ​នឹង​ពួក​គាត់។ ៣០  រួច​កាល​ដែល​លោក​កំពុង​អង្គុយ​រួម​តុ​ជា​មួយ​នឹង​ពួក​គាត់ លោក​យក​នំ​ប៉័ង​មួយ​ដុំ អធិដ្ឋាន កាច់​នំ​ប៉័ង​នោះ ហើយ​ចាប់​ផ្ដើម​ឲ្យ​ដល់​ពួក​គាត់។+ ៣១  ពេល​នោះ​ពួក​គាត់​ក៏​ដឹង​ច្បាស់​ថា​គឺ​ជា​លោក​យេស៊ូ ស្រាប់​តែ​លោក​បាត់​ភ្លាម​ពី​មុខ​ពួក​គាត់។+ ៣២  រួច​ពួក​គាត់​និយាយ​គ្នា​ថា​៖ ​«​យើង​បាន​រំភើប​ចិត្ត​ជា​ខ្លាំង កាល​ដែល​លោក​មាន​ប្រសាសន៍​មក​យើង​តាម​ផ្លូវ ហើយ​បាន​ពន្យល់​បទ​គម្ពីរ​យ៉ាង​អស់​សេចក្ដី​ឲ្យ​យើង​យល់ មែន​ទេ?​»។ ៣៣  នៅ​ម៉ោង​នោះ​ឯង ពួក​គាត់​បាន​ក្រោក​ឡើង​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ រួច​ឃើញ​សាវ័ក​ទាំង​១១​នាក់​និង​អ្នក​កាន់​តាម​ឯ​ទៀត​នៅ​ជុំ​គ្នា ៣៤  កំពុង​និយាយ​ថា​៖ ​«​លោក​ម្ចាស់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ពិត​មែន! ហើយ​លោក​បាន​លេច​មក​ជួប​ស៊ីម៉ូន!​»។+ ៣៥  រួច​មក អ្នក​កាន់​តាម​ទាំង​ពីរ​នោះ​រៀប​រាប់​ប្រាប់​អំពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​តាម​ផ្លូវ និង​អំពី​របៀប​ដែល​ពួក​គាត់​បាន​ស្គាល់​លោក​ពេល​លោក​កាច់​នំ​ប៉័ង។+ ៣៦  កាល​ដែល​ពួក​គាត់​កំពុង​និយាយ​អំពី​ការ​ទាំង​នេះ លោក​បាន​លេច​មក​ក្នុង​ចំណោម​ពួក​គាត់ ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​»។+ ៣៧  ប៉ុន្តែ ពួក​គាត់​រន្ធត់ ហើយ​ភ័យ​ខ្លាច ព្រោះ​នឹក​ស្មានថា​ពួក​គាត់​កំពុង​មើល​ឃើញ​វិញ្ញាណ​មួយ។ ៣៨  ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច? ហើយ​ហេតុ​អ្វី​បាន​ជា​សង្ស័យ​ក្នុង​ចិត្ត? ៣៩  ចូរ​មើល​ដៃ​និង​ជើង​របស់​ខ្ញុំ គឺ​ខ្ញុំ​ពិត​មែន។ ចូរ​ពាល់​ខ្ញុំ ហើយ​មើល​ចុះ ពី​ព្រោះ​វិញ្ញាណ​មិន​មាន​សាច់​និង​ឆ្អឹង​ដូច​អ្នក​ឃើញ​ថា​ខ្ញុំ​មាន​នោះ​ទេ​»។ ៤០  កាល​ដែល​កំពុង​មាន​ប្រសាសន៍ លោក​បាន​បង្ហាញ​ដៃ​និង​ជើង​របស់​លោក​ឲ្យ​ពួក​គាត់​ឃើញ។ ៤១  ពួក​គាត់​ក៏​ត្រេក​អរ​ក្រៃ​លែង ហើយ​ភ្ញាក់​ផ្អើល​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ពួក​គាត់​ពិបាក​ជឿ​ថា​នោះ​ជា​ការ​ពិត ដូច្នេះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​តើ​នៅ​ទី​នេះ​មាន​អ្វី​បរិភោគ​ទេ?​»។ ៤២  ពួក​គាត់​ក៏​ហុច​ត្រី​អាំង​មួយ​ដុំ​ជូន​លោក ៤៣  ហើយ​លោក​យក​មក​ពិសា​នៅ​មុខ​ពួក​គាត់។ ៤៤  បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​នឹក​ឃើញ​សម្ដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ+ គឺ​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​អំពី​ខ្ញុំ​ក្នុង​ច្បាប់​ម៉ូសេ ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ និង​ក្នុង​ចម្រៀង​សរសើរ​ព្រះ ត្រូវ​តែ​កើត​ឡើង​យ៉ាង​ពិតប្រាកដ​»។+ ៤៥  រួច​លោក​បាន​ជួយ​ពួក​គាត់​ឲ្យ​យល់​យ៉ាង​ពេញ​លេញ​នូវ​អត្ថន័យ​នៃ​បទ​គម្ពីរ+ ៤៦  ហើយ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​បទ​គម្ពីរ​បាន​ចែង​ដូច្នេះ​ថា គ្រិស្ត​នឹង​រង​ទុក្ខ រួច​នៅ​ថ្ងៃ​ទី​៣​លោក​នឹង​រស់​ឡើង​វិញ​ពី​ចំណោម​មនុស្ស​ស្លាប់+ ៤៧  ហើយ​នឹង​មាន​ការ​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​ប្រជា​ជាតិ​ថា+ ពួក​គេ​ត្រូវ​ប្រែ​ចិត្ត​ដើម្បី​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង+ ដោយ​សារ​នាម​របស់​លោក។ ការ​ផ្សព្វ​ផ្សាយ​នេះ​នឹង​ចាប់​ផ្ដើម​ពី​ក្រុង​យេរូសាឡិម។+ ៤៨  អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​សាក្សី​អំពី​ការ​ទាំង​នេះ។+ ៤៩  មើល! ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​បិតា​ខ្ញុំ​បាន​សន្យា​ថា​នឹង​ឲ្យ​អ្នក។ ប៉ុន្តែ ចូរ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ក្រុង​រហូត​ដល់​អ្នក​រាល់​គ្នា​ទទួល​ឫទ្ធានុភាព​ពី​ស្ថាន​លើ​»។+ ៥០  បន្ទាប់​មក លោក​បាន​នាំ​ពួក​គាត់​ចេញ​ទៅ​រហូត​ដល់​ភូមិ​បេថានី រួច​លោក​លើក​ដៃ​ឡើង​ឲ្យ​ពរ​ពួក​គាត់។ ៥១  កាល​ដែល​លោក​កំពុង​ឲ្យ​ពរ លោក​ចាក​ចេញ​ពី​ពួក​គាត់ ហើយ​ព្រះ​យក​លោក​ឡើង​ទៅ​ស្ថាន​សួគ៌។+ ៥២  ពួក​គាត់​បាន​លំឱន​កាយ​គោរព​លោក រួច​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដោយ​មាន​អំណរ​ពន់​ពេក។+ ៥៣  ក្រោយ​ពី​នោះ ពួក​គាត់​សរសើរ​តម្កើង​ព្រះ​ក្នុង​វិហារ​ជា​និច្ច។+

កំណត់សម្គាល់

ន័យ​ត្រង់​«​៦០​ស្ដាដ​»។ មួយ​ស្ដាដ​ស្មើ​នឹង​១៨៥​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​តើ​អ្នក​មក​លេង​ក្រុង​យេរូសាឡិម​ឬ បាន​ជា​មិន​ដឹង​»​
ឬ​«​បាន​បោះ​ដែក​គោល​ភ្ជាប់​លោក​នឹង​បង្គោល​ឈើ​»។ មើល​និយម​ន័យ​ពាក្យ​«​បង្គោល​»​