លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផលវិបាកពីបម្រែបម្រួលអាកាសធាតុ តើគម្ពីរចែងយ៉ាងណា?

ផលវិបាកពីបម្រែបម្រួលអាកាសធាតុ តើគម្ពីរចែងយ៉ាងណា?

 សារ​ព័ត៌មាន(​The Guardian​)បាន​រាយ​ការណ៍​ថា​៖​«​បម្រែ​បម្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ។ ផែន​ដី​របស់​យើង​ចាប់​ផ្ដើម​លែង​អាច​ទ្រ​ទ្រង់​ជីវិត​ដែល​មាន​នៅ​លើ​ផែន​ដី​បាន​ទៀត​ហើយ​»។

 មនុស្សជាតិ​មាន​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​មួយ​ដែល​បាន​បង្ក​រ​ឡើង​ដោយ​ខ្លួន​ឯង។ អ្នក​វិទ្យា​សាស្ត្រ​ភាគ​ច្រើន​យល់​ស្រប​ថា​អ្វី​ដែល​មនុស្ស​កំពុង​ធ្វើ បណ្ដាល​ឲ្យ​កម្ដៅ​ផែន​ដី​កាន់​តែ​កើន​ឡើង។ តាម​ពិត ការ​កើន​ឡើង​នេះ​បាន​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​អាកាសធាតុ ហើយ​នាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​ច្រើន​រួច​ទៅ​ហើយ អ្វី​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖

  •   មាន​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​បាន​កើត​ឡើង​ដោយ​សារ​បញ្ហា​អាកាសធាតុ​ធ្ងន់​ធ្ងរ ហើយ​បញ្ហា​នោះ​មាន​កាន់​តែ​ញឹក​ញាប់ ដូច​ជា​រលក​កម្ដៅ គ្រោះ​រាំង​ស្ងួត និង​ខ្យល់​ព្យុះ ហើយ​អ្វី​ទាំង​នេះ​បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់ និង​ភ្លើង​ឆេះ​ព្រៃ​កាន់​តែ​ច្រើន​ឡើង។

  •   ការ​រលាយ​ផ្ទាំង​ទឹក​កក​នៅ​តំបន់​អាក់ទិច

  •   កម្ពស់​ទឹក​សមុទ្រ​កើន​ឡើង។

 បញ្ហា​អាកាសធាតុ​មាន​ឥទ្ធិពល​ទៅ​លើ​គ្រប់​ទី​កន្លែង​នៅ​ផែន​ដី។ ក្រោយ​ពី​បាន​ចុះ​ផ្សាយ​អំពី​ស្ថានភាព​នៅ​១៩៣​ប្រទេស។ សារ​ព័ត៌មាន(​New York Times​) បាន​រាយ​ការណ៍​ថា​៖​«​ផែន​ដី​របស់​យើង​កំពុង​អង្វរ​សុំ​ជំនួយ​»។ ដោយ​សារ​តែ​មាន​ការ​ស្លាប់​និង​ទុក្ខ​វេទនា​ដែល​បណ្ដាល​មក​ពី​បម្រែ​បម្រួល​អាកាសធាតុ អង្គការ​សុខភាព​ពិភព​លោក​បាន​ហៅ​បញ្ហា​នោះ​ថា​៖​«​អ្វី​ដែល​មាន​គ្រោះ​ថ្នាក់​បំផុត​ចំពោះ​សុខភាព​មនុស្ស​»។

 ទោះ​ជា​យ៉ាង​នោះ​ក្ដី យើង​មាន​ហេតុ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​នៅ​ថ្ងៃ​អនាគត។ គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​យើង​កំពុង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ។ គម្ពីរ​ក៏​ប្រាប់​អំពី​មូលហេតុ​ដែល​យើង​អាច​មាន​សង្ឃឹម​ថា ព្រះ​នឹង​ចាត់​វិធានការ​ហើយ​ការ​ពារ​អនាគត​របស់​យើង។

តើ​បម្រែ​បម្រួល​អាកាសធាតុ​សម្រេច​ទំនាយ​ក្នុង​គម្ពីរ​ឬ?

 មែន។ បញ្ហា​អាកាសធាតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​កម្ដៅ​ពិភព​លោក គឺ​ស្រប​នឹង​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​គម្ពីរ​បាន​រៀប​រាប់​នៅ​សម័យ​របស់​យើង។

 ទំនាយ​៖ ព្រះ​នឹង​«​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែន​ដី​»។—ការ​បើក​បង្ហាញ ១១:១៨

 គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​គ្រា​មួយ​ដែល​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ហៀប​នឹង​បំផ្លាញ​ភព​ផែន​ដី។ ដោយ​មាន​ការ​កើន​ឡើង​កម្ដៅ​ពិភព​លោក យើង​ឃើញ​ថា​នៅ​សព្វ​ថ្ងៃ​មនុស្ស​កំពុង​បង្ខូច​ផែន​ដី​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំង​អស់។

 ទំនាយ​នេះ​លើក​ឡើង​មូលហេតុ​មួយ​ដែល​បញ្ជាក់​ថា យើង​មិន​អាច​រំពឹង​ថា​មនុស្សជាតិ​នឹង​អាច​ស្រោច​ស្រង់​ផែន​ដី​បាន​ទេ។ សូម​កត់​សម្គាល់​ថា​កាល​ដែល​មនុស្ស​«​កំពុង​បង្ខូច​ផែន​ដី​»​ ព្រះ​នឹង​ចាត់​វិធានការ។ ទោះ​ជា​មនុស្ស​ខ្លះ​មាន​បំណង​ចិត្ត​ល្អ​និង​ព្យាយាម​បញ្ឈប់​បញ្ហា​ដែល​បណ្ដាល​ឲ្យ​មាន​បម្រែ​បម្រួល​អាកាសធាតុ​ក៏​ដោយ ពួក​គេ​នឹង​មិន​អាច​បញ្ឈប់​មនុស្ស​ពី​ការ​បង្ខូច​ផែន​ដី​បាន​ឡើយ។

 ទំនាយ​៖ ​«​នឹង​ឃើញ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​»។—លូកា ២១:១១

 គម្ពីរ​ប្រកាស​ទុក​ជា​មុន​ថា​៖​«​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​»​នោះ ឬ​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​តក់​ស្លុត​នឹង​កើត​ឡើង​នៅ​សម័យ​របស់​យើង។ បម្រែ​បម្រួល​អាកាសធាតុ​បាន​បណ្ដាល​ឲ្យ​មាន​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដ៏​គួរ​ឲ្យ​រន្ធត់​នៅ​ទូ​ទាំង​ពិភព​លោក។ សព្វ​ថ្ងៃ​មនុស្ស​ខ្លះ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ដែល​ទាក់​ទង​នឹង​បរិស្ថាន គឺ​ដោយ​សារ​ពួក​គេ​ខ្លាច​ថា​បរិស្ថាន​ផែន​ដី​នឹង​ត្រូវ​បង្ខូច​ហើយ​លែង​មាន​ជីវិត​រស់​នៅ​ត​ទៅ​ទៀត។

 ទំនាយ​៖ ​«​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ខ្លាំង​ណាស់។ ព្រោះ​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ . . . គ្មាន​ភក្ដី​ភាព . . . មិន​ព្រម​ស្រុះ​ស្រួល​គ្នា . . . ជា​អ្នក​ក្បត់ ធ្វើ​តាម​ទំនើង​ចិត្ត​»។—ធីម៉ូថេ​ទី​២ ៣:១​-​៤

 គម្ពីរ​ប្រកាស​ទុក​ជា​មុន​អំពី​លក្ខណៈ​និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​អាកាសធាតុ។ ពួក​អ្នក​នយោបាយ​និង​ពួក​ពាណិជ្ជករ ខ្វល់​ខ្វាយ​អំពី​លុយ​របស់​ពួក​គេ ច្រើន​ជាង​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​នៅ​ថ្ងៃ​អនាគត។ ទោះ​ជា​ពួក​គេ​ខំ​ព្យាយាម​សហការ​គ្នា​ក៏​ដោយ ពួក​គេ​មិន​អាច​យល់​ស្រប​គ្នា​ស្ដី​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​បញ្ឈប់​ការ​កើន​ឡើង​កម្ដៅ​ពិភព​លោក​ឡើយ។

 ទំនាយ​នេះ​បញ្ជាក់​ថា​យើង​មិន​គួរ​រំពឹង​ថា​មនុស្ស​នៅ​ជំនាន់​នេះ​នឹង​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ហើយ​ការ​ពារ​ផែន​ដី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​បាន​ចែង​ថា​មនុស្ស​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នឹង​«​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង​ៗ​»។—ធីម៉ូថេ​ទី​២ ៣:១៣

ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​នឹង​ចាត់​វិធានការ?

 គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា a​ដែល​ជា​អ្នក​បង្កើត​របស់​យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ភព​ផែន​ដី និង​ចំពោះ​អស់​អ្នក​ដែល​រស់​នៅ​លើ​ភព​ផែន​ដី​នេះ។ សូម​ពិចារណា​ខ​គម្ពីរ​៣​ប៉ុណ្ណោះ​ដែល​បញ្ជាក់​ថា​ព្រះ​នឹង​ចាត់​វិធានការ។

  1.  ១. ព្រះ​«​មិន​បាន​បង្កើត​ផែន​ដី​ឲ្យ​នៅ​ទទេ​នោះ​ទេ តែ​បាន​បង្កើត​ផែន​ដី​ជា​ទី​អាស្រ័យ​នៅ​វិញ​»។—អេសាយ ៤៥:១៨

     ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក​សម្រាប់​ផែន​ដី។ (​អេសាយ ៥៥:១១​) លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ផែន​ដី​ត្រូវ​បំផ្លាញ ឬ​គ្មាន​មនុស្ស​រស់​នៅ​នោះ​ទេ។

  2.  ២. «​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​នឹង​បាន​ផែន​ដី​ជា​មត៌ក ពួក​គេ​នឹង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​សារ​មាន សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ។ មនុស្ស​សុចរិត​នឹង​បាន​ផែន​ដី​ជា​មត៌ក ហើយ​ពួក​គេ​នឹង​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត​»។—ចម្រៀង​សរសើរ​ព្រះ ៣៧:១១, ២៩

     ព្រះ​បាន​សន្យា​ថា​មនុស្ស​នឹង​រស់​ផែន​ដី​ជា​រៀង​រហូត ក្រោម​ស្ថានភាព​ដ៏​សុខ​សាន្ត។

  3.  ៣. «​ចំណែក​ឯ​ជន​ទុច្ចរិត ពួក​គេ​នឹង​ត្រូវ​កាត់​ចេញ​ពី​ផែន​ដី​»។—សុភាសិត ២:២២

     ព្រះ​សន្យា​ថា​លោក​នឹង​ដក​អស់​អ្នក​ដែល​បន្ត​ប្រព្រឹត្ត​អាក្រក់ រួម​ទាំង​ពួក​អ្នក​ដែល​បង្ខូច​ផែន​ដី​ផង​ដែរ។

តើ​ព្រះ​នឹង​ធ្វើ​អ្វី​ខ្លះ​សម្រាប់​អនាគត​របស់​យើង?

 តើ​តាម​របៀប​ណា​ព្រះ​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​លោក​សម្រាប់​ផែន​ដី? លោក​នឹង​ធ្វើ​ដូច្នេះ​តាម​រយៈ​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ពេញ​ពិភព​លោក​ដែល​គេ​ស្គាល់​ថា​រាជាណាចក្រ​ព្រះ។ (​ម៉ាថាយ ៦:១០​) រាជាណាចក្រ​នោះ​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌ ហើយ​រាជាណាចក្រ​របស់​ព្រះ​នឹង​មិន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​រដ្ឋាភិបាល​របស់​មនុស្ស​ស្ដី​អំពី​រឿង​ទាក់​ទង​នឹង​ផែន​ដី និង​បញ្ហា​បរិស្ថាន​ផែន​ដី​ឡើយ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​របស់​ព្រះ​នឹង​គ្រប់​គ្រង​ជំនួស​រដ្ឋាភិបាល​របស់​មនុស្ស។—ដានីយ៉ែល ២:៤៤

 រាជាណាចក្រ​របស់​ព្រះ​នឹង​នាំ​មក​នូវ​អ្វី​ល្អ​ៗ​សម្រាប់​មនុស្សជាតិ​និង​បរិស្ថាន។ (​ចម្រៀង​សរសើរ​ព្រះ ៩៦:១០​-​១៣​) សូម​ពិចារណា​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​រយៈ​រាជាណាចក្រ​របស់​លោក។

  •   ការ​កែ​លម្អ​បរិស្ថាន​ឡើង​វិញ

     អ្វី​ដែល​គម្ពីរ​ចែង​៖ ​«​តំបន់​ស្ងាត់​ជ្រងំ​និង​តំបន់​ហួត​ហែង​នឹង​អរ​សប្បាយ វាល​រហោស្ថាន​នឹង​ត្រេក​អរ ហើយ​មាន​ផ្កា​រីក​ស្គុស​ស្គាយ​»។—អេសាយ ៣៥:១

     តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អនាគត​យើង?​៖ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ផែន​ដី​របស់​យើង​ល្អ​ឡើង​វិញ។ ទោះ​ជា​កន្លែង​ជា​ច្រើន​បាន​ត្រូវ​បង្ខូច​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​មនុស្ស​ក៏​ដោយ។

  •   ការ​គ្រប់​គ្រង​ទៅ​លើ​កម្ដៅ​កើន​ឡើង

     អ្វី​ដែល​គម្ពីរ​ចែង​៖ ​«​[​ព្រះ​យេហូវ៉ា​]ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់​រម្ងាប់ រលក​សមុទ្រ​បាន​ស្ងាត់​ស្ងៀម​ទៅ​»។—ចម្រៀង​សរសើរ​ព្រះ ១០៧:២៩

     តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អនាគត​យើង?​៖ ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​គ្រប់​គ្រង​ទៅ​លើ​កម្លាំង​ធម្មជាតិ។ មនុស្ស​នឹង​លែង​រង​ទុក្ខ​ដោយ​សារ​បម្រែ​បម្រួល​អាកាសធាតុ​ទៀត​ហើយ។

  •   ការ​បង្រៀន​មនុស្ស​ឲ្យ​ថែ​រក្សា​ផែន​ដី

     អ្វី​ដែល​គម្ពីរ​ចែង​៖ ​«​ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​ការ​យល់​ធ្លុះ​ជ្រៅ ហើយ​ណែនាំ​អ្នក​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​គួរ​ដើរ​»។—ចម្រៀង​សរសើរ​ព្រះ ៣២:៨

     តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អនាគត​យើង?​៖ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ភារកិច្ច​ឲ្យ​មនុស្សជាតិ​ថែ​រក្សា​ផែន​ដី។ (​ដើម​កំណើត ១:២៨; ២:១៥​) លោក​នឹង​បង្រៀន​យើង​អំពី​របៀប​ថែ​រក្សា​អ្វី​ដែល​លោក​បាន​បង្កើត ហើយ​រស់​នៅ​តាម​របៀប​មួយ​ដែល​មិន​បង្ខូច​បរិស្ថាន។

a យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ។ (​ចម្រៀង​សរសើរ​ព្រះ ៨៣:១៨​) សូម​មើល​អត្ថបទ​ចំណង​ជើង​ថា​«​តើ​ព្រះ​យេហូវ៉ា​ជា​នរណា?​»។