តើគម្ពីរបានត្រូវកែឬទេ?
មនុស្សខ្លះឆ្ងល់ថា តើពាក្យពេចន៍ក្នុងគម្ពីរបានត្រូវកែឬយ៉ាងណា។ អ្នកប្រកាសទំនាយអេសាយបានសរសេរអំពីបណ្ដាំរបស់ព្រះថា«ព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប»។ (អេសាយ ៤០:៨) តើយើងអាចប្រាកដយ៉ាងដូចម្ដេចថា សេចក្ដីសន្យារបស់ព្រះដែលមានក្នុងគម្ពីរគឺមិនបានត្រូវកែនោះ?
ព្រះមានឫទ្ធានុភាពដើម្បីថែរក្សានិងការពារគម្ពីរដែលជាបណ្ដាំរបស់លោក ពីការកែឬលុបអ្វីដែលបានត្រូវសរសេរទុកនៅក្នុងនោះ។ នៅសម័យបុរាណ គម្ពីរបានត្រូវចម្លងដោយដៃ។ ពេលចម្លងគេធ្វើយ៉ាងប្រុងប្រយ័ត្នទាំងរាប់គ្រប់ចំនួនអក្សរនីមួយៗដោយមិនបន្ថែម កែឬលុបឡើយ។ យ៉ាងណាក៏ដោយ មនុស្សគឺមិនល្អឥតខ្ចោះ ដូច្នេះគម្ពីរខ្លះៗដែលបានត្រូវចម្លងនោះ អាចខុសបន្តិចបន្តួច។
តើយើងអាចប្រាកដថាគម្ពីរដែលយើងមាននៅសព្វថ្ងៃនេះគឺពិតជាមានពាក្យពេចន៍ដើមពីព្រះយ៉ាងដូចម្ដេច?
មានគម្ពីររាប់ពាន់បានត្រូវចម្លងចេញពីគម្ពីរសម័យបុរាណ។ បើគម្ពីរមួយខុសសូម្បីតែបន្តិចក៏ដោយ យើងអាចយកគម្ពីរផ្សេងមកប្រៀបធៀបនឹងគម្ពីរដែលខុសនោះ យ៉ាងនេះយើងនឹងរកឃើញកន្លែងដែលខុសបានដោយងាយ។ ដើម្បីរៀនថែមទៀត សូមមើលអត្ថបទជាភាសាអង់គ្លេស «Has the Bible Been Changed or Tampered With?» នៅលើគេហទំព័រ jw.org។
សូមគិតអំពីឯកសារគម្ពីរសម័យបុរាណដែលហៅថារមូរនៅសមុទ្រស្លាប់ ឯកសារនេះបានត្រូវរកឃើញនៅក្នុងរូងភ្នំជិតសមុទ្រស្លាប់ក្នុងឆ្នាំ១៩៤៧។ ឯកសារពីសម័យបុរាណនេះជាផ្នែកនៃគម្ពីរបរិសុទ្ធដែលមានអាយុកាលច្រើនជាងពីរពាន់ឆ្នាំ។ អ្នកជំនាញបានយកឯកសារពីសម័យបុរាណនេះមកប្រៀបធៀបនឹងគម្ពីរដែលយើងមាននៅសព្វថ្ងៃ។ តើពួកគេបានរកឃើញអ្វី?
តាមការពិនិត្យនិងការសិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់មួយបានបង្ហាញថា គម្ពីរដែលយើងមាននៅសព្វថ្ងៃនេះគឺដូចគ្នានឹងគម្ពីរពីសម័យបុរាណដែលជាច្បាប់ដើម *។ យើងអាចប្រាកដថាព្រះពិតជាយកចិត្តទុកដាក់ក្នុងការរក្សាភាពត្រឹមត្រូវរបស់គម្ពីរបរិសុទ្ធ ដើម្បីយើងអាចមានបណ្ដាំរបស់លោកនៅសព្វថ្ងៃនេះ។
ដូច្នេះ យើងអាចជឿជាក់និងមានទំនុកចិត្តទាំងស្រុងថា អ្វីដែលបានត្រូវសរសេរទុកក្នុងបណ្ដាំរបស់ព្រះគឺមិនបានត្រូវកែឡើយ។ ដោយដឹងអំពីរឿងនេះ សូមឲ្យយើងមើលបន្តថា តើយើងអាចរៀនអ្វីអំពីព្រះតាមរយៈអ្នកនាំសាររបស់លោក។
^ វគ្គ 7 សៀវភៅThe Complete Dead Sea Scrolls in English និពន្ធដោយលោកហ្គីស្សា វើមេស ទំព័រ ១៦។