លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​យើង​ចាត់​ទុក​ប្រយោជន៍​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​ប្រយោជន៍​ខ្លួន

របៀបបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត

របៀបបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត

ជា​កូន​ចៅ​របស់​បុរស​ដំបូង​គឺ​អាដាម យើង​ទាំង​អស់​គ្នា​ជា​គ្រួសារ​តែ​មួយ។ សូម្បី​តែ​សមាជិក​គ្រួសារ​ដឹង​ថា​ពួក​គេ​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​គោ​រ​ព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដោយ តែ​នៅ​សព្វ​ថ្ងៃ គឺ​ពិបាក​ឲ្យ​យើង​ស្វែង​រក​សេចក្ដី​ស្រឡាញ់​បែប​នេះ។ នេះ​មិន​មែន​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​យើង​ទេ។

អ្វី​ដែល​គម្ពីរ​បរិសុទ្ធ​ចែង​អំពី​សេចក្ដី​ស្រឡាញ់

​«​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​»។—លេវីវិន័យ ១៩:១៨

​«​ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក​»។—ម៉ាថាយ ៥:៤៤

តើ​ការ​ស្រឡាញ់​មនុស្ស​ឯ​ទៀត​មាន​ន័យ​យ៉ាង​ណា?

សូម​មើល​អ្វី​ដែល​ព្រះ​បាន​រៀប​រាប់​អំពី​សេចក្ដី​ស្រឡាញ់​ក្នុង​បណ្ដាំ​របស់​លោក​នៅ​កូរិនថូស​ទី​១ ១៣:៤​-​៧:

​«​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​ធ្ងន់​ហើយ​ក៏​សប្បុរស​»។

សូម​ពិចារណា: តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេល​អ្នក​ឯ​ទៀត​បង្ហាញ​សេចក្ដី​សប្បុរស ហើយ​មិន​ខឹង​ពេល​អ្នក​ធ្វើ​ខុស?

​«​សេចក្ដី​ស្រឡាញ់​មិន​ចេះ​ច្រណែន​»។

សូម​ពិចារណា: តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​អ្នក​ឯ​ទៀត ចេះ​តែ​សង្ស័យ​ចំពោះ​បំណង​ចិត្ត​របស់​អ្នក ឬ​ច្រណែន​នឹង​អ្នក?

សេចក្ដី​ស្រឡាញ់​«​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។

សូម​ពិចារណា: តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេល​អ្នក​ណា​ម្នាក់​ព្រម​ស្ដាប់​តាម​យោបល់​របស់​អ្នក ដោយ​មិន​ប្រកាន់​យក​តែ​គំនិត​ផ្ទាល់​ខ្លួន​នោះ?

សេចក្ដី​ស្រឡាញ់​«​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​»។

សូម​ពិចារណា: ព្រះ​អភ័យ​ទោស​ចំពោះ​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​ប្រែ​ចិត្ត។ ​«​ទ្រង់​នឹង​មិន​បន្ទោស​ជា​ដរាប ក៏​មិន​ប្រកាន់​ជា​រៀង​រាប​ត​ទៅ​ដែរ​»។ (​ទំនុក​តម្កើង ១០៣:៩​) យើង​សប្បាយ​ពេល​បុគ្គល​ដែល​យើង​បាន​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​ព្រម​អភ័យ​ទោស​ឲ្យ​យើង។ ហេតុ​នេះ​ហើយ យើង​គួរ​តែ​ត្រៀម​ចិត្ត​ដើម្បី​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត ទោះ​ជា​ពួក​គេ​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​ក៏​ដោយ។—ទំនុក​តម្កើង ៨៦:៥

សេចក្ដី​ស្រឡាញ់​«​មិន​អរ​សប្បាយ​អំពី​អ្វី​ដែល​មិន​សុចរិត​ឡើយ​»។

សូម​ពិចារណា: ពេល​ដែល​យើង​ជួប​រឿង​អាក្រក់ យើង​ពិត​ជា​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ឯ​ទៀត​សប្បាយ​លើ​គំនរ​ទុក្ខ​របស់​យើង​ទេ។ ដូច្នេះ យើង​ក៏​មិន​ចង់​សើច​សប្បាយ​ពេល​អ្នក​ឯ​ទៀត​ជួប​ទុក្ខ​លំបាក​ដែរ ទោះ​ជា​ពួក​គេ​បាន​ធ្វើ​មិន​ល្អ​ចំពោះ​យើង​ក៏​ដោយ។

ដើម្បី​ទទួល​ពរ​ពី​ព្រះ យើង​ត្រូវ​ស្រឡាញ់​អ្នក​ឯ​ទៀត​មិន​ថា​ពួក​គេ​មាន​អាយុ​ប៉ុន្មាន កាន់​សាសនា​ណា​ឬ​ជន​ជាតិ​ណា​ក៏​ដោយ។ របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​ជួយ​អ្នក​ឯ​ទៀត​ពេល​ពួក​គេ​ត្រូវ​ការ​ជំនួយ។