អធិដ្ឋានជានិច្ចដើម្បីទទួលការពេញចិត្តពីព្រះ
ព្រះបានផ្ដល់ឲ្យមនុស្សជាតិនូវអំណោយមួយវិសេស នោះគឺការនិយាយទៅកាន់លោកដោយអស់ពីចិត្តតាមរយៈការអធិដ្ឋានឬបួងសួង។ ដាវីឌដែលជាអ្នកនាំសាររបស់ព្រះបានអធិដ្ឋានថា៖ «ឱព្រះដែលស្ដាប់សេចក្ដីអធិស្ឋានអើយ អស់ទាំងមនុស្សនឹងមូលមកឯទ្រង់»។ (ទំនុកតម្កើង ៦៥:២) ប៉ុន្តែ តើយើងអាចអធិដ្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះស្ដាប់និងឲ្យពរដល់យើង?
អធិដ្ឋានដោយចិត្តស្មោះ និងដោយចិត្តរាបទាប
ការអធិដ្ឋានផ្ទាល់ខ្លួនធ្វើឲ្យអ្នក«ប្លុងចិត្តនៅចំពោះ[ព្រះ]»នេះផ្ដល់ឱកាសឲ្យអ្នកប្រាប់ពីអារម្មណ៍ពិតរបស់អ្នក។ (ទំនុកតម្កើង ៦២:៨) ព្រះដ៏ខ្លាំងក្លាបំផុតពេញចិត្តចំពោះការអធិដ្ឋានដែលស្មោះអស់ពីចិត្ត។
អធិដ្ឋានទៅព្រះដោយប្រើនាមរបស់លោក
ទោះជាព្រះមានឋានៈជាច្រើនក៏ដោយ លោកមាននាមតែមួយប៉ុណ្ណោះ។ ‹ខ្ញុំជាយេហូវ៉ា នេះហើយជាឈ្មោះរបស់ខ្ញុំ›។ (អេសាយ ៤២:៨) នាមយេហូវ៉ាមានជាង៧.០០០ដងក្នុងគម្ពីរបរិសុទ្ធ។ អ្នកនាំសារជាច្រើនបានបង្ហាញការគោរពដោយប្រើនាមរបស់ព្រះពេលពួកគេអធិដ្ឋានទៅលោក។ អេម៉ុសដែលជាអ្នកនាំសាររបស់ព្រះបាននិយាយថា៖ «ព្រះដែលបានសាងអស់ទាំងស្ថានដ៏ខ្ពស់ . . . ទ្រង់ព្រះនាមជា‹ព្រះយេហូវ៉ា›»។ (អេម៉ុស ៩:៦) យើងក៏គួរតែប្រើនាមរបស់ព្រះយេហូវ៉ា ពេលយើងអធិដ្ឋានដែរ។
អធិដ្ឋានជាភាសារបស់អ្នក
ព្រះយល់អស់ទាំងគំនិតនិងអារម្មណ៍របស់យើង មិនថាយើងនិយាយភាសាណាក៏ដោយ។ គម្ពីរបានបញ្ជាក់ថា៖ «ព្រះមិនរើសមុខទេ តែនៅគ្រប់ជាតិសាសន៍ លោកពេញចិត្តនឹងអ្នកណាដែលកោតខ្លាចលោក ហើយប្រព្រឹត្តអំពើសុចរិត»។—សកម្មភាព ១០:៣៤, ៣៥
យ៉ាងណាក៏ដោយដើម្បីទទួលពរពីព្រះ យើងមិនគ្រាន់តែត្រូវអធិដ្ឋានប៉ុណ្ណោះទេ តែយើងក៏ត្រូវធ្វើអ្វីថែមទៀតដែរ។ ក្នុងអត្ថបទបន្ទាប់យើងនឹងពិចារណាអំពីរឿងនេះ។