គម្ពីរ ហេតុអ្វីមានច្រើនម៉្លេះ?
ហេតុអ្វីមានសេចក្ដីបកប្រែគម្ពីរផ្សេងៗច្រើនម៉្លេះសព្វថ្ងៃនេះ? តើអ្នកគិតថាសេចក្ដីបកប្រែថ្មីៗជួយ ឬក៏រារាំងក្នុងការយល់គម្ពីរ? ការយល់ដឹងអំពីដើមកំណើតនៃសេចក្ដីបកប្រែទាំងនោះអាចជួយឲ្យអ្នកមានទស្សនៈត្រឹមត្រូវចំពោះសេចក្ដីបកប្រែទាំងនោះ។
ប៉ុន្ដែតើអ្នកណាជាអ្នកសរសេរគម្ពីរដំបូងគេ ហើយបានសរសេរនៅពេលណា?
គម្ពីរដំបូង
ធម្មតា គម្ពីរបានត្រូវបែងចែកជាពីរផ្នែក។ ផ្នែកដំបូងមានសៀវភៅ៣៩ក្បាលដែលមាន«ប្រសាសន៍ដ៏ពិសិដ្ឋរបស់ព្រះ»។ (រ៉ូម ៣:២) ព្រះបានដឹកនាំបុរសស្មោះត្រង់ឲ្យសរសេរសៀវភៅទាំងនេះក្នុងរយៈពេលយូរ គឺប្រហែលជា១.១០០ឆ្នាំចាប់តាំងពីឆ្នាំ១៥១៣ មុនគ.ស. រហូតទៅដល់មួយរយៈពេលក្រោយឆ្នាំ៤៤៣ មុនគ.ស.។ ពួកគាត់ភាគច្រើនសរសេរជាភាសាហេប្រឺ ហេតុនេះយើងហៅផ្នែកនេះថាបទគម្ពីរភាសាហេប្រឺ ដែលគេក៏ស្គាល់ជាសញ្ញាចាស់ដែរ។
ផ្នែកទីពីរដែលមានសៀវភៅ២៧ក្បាលក៏ជា«បណ្ដាំរបស់ព្រះ»ដែរ។ (ថែស្សាឡូនិចទី១ ២:១៣) ព្រះបានដឹកនាំអ្នកកាន់តាមដ៏ស្មោះត្រង់របស់លោកយេស៊ូគ្រិស្ដឲ្យសរសេរសៀវភៅទាំងនេះក្នុងរយៈពេលខ្លីជាង គឺក្នុងរយៈពេលប្រហែលជា៦០ឆ្នាំ ចាប់ពីឆ្នាំ៤១ គ.ស. ទៅដល់៩៨ គ.ស.។ ពួកគាត់បានសរសេរជាភាសាក្រិច ដូច្នេះយើងហៅផ្នែកនេះថាបទគម្ពីរគ្រិស្ដសាសនិកជាភាសាក្រិច ដែលគេក៏ស្គាល់ជាសញ្ញាថ្មីដែរ។
ពេលបូកបញ្ចូលគ្នា សៀវភៅ៦៦ក្បាលទាំងនេះដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ គឺជាគម្ពីរទាំងមូល ដែលជាដំណឹងពីព្រះសម្រាប់មនុស្សជាតិ។ ប៉ុន្ដែហេតុអ្វីបានជាមានសេចក្ដីបកប្រែផ្សេងទៀត? មានមូលហេតុសំខាន់បីយ៉ាង។
-
ដើម្បីឲ្យមនុស្សអានគម្ពីរក្នុងភាសាកំណើត
-
ដើម្បីកែកំហុសដែលមកពីអ្នកចម្លងគម្ពីរ ហើយជួយធ្វើឲ្យឯកសារដូចបទគម្ពីរដើមឡើងវិញ
-
ដើម្បីប្រើពាក្យថ្មីៗទាន់សម័យ
សូមពិចារណានូវរបៀបដែលមូលហេតុទាំងនេះទាក់ទងនឹងសេចក្ដីបកប្រែដំបូងពីរ។
សេចក្ដីបកប្រែសេបធួជីនជាភាសាក្រិច
ប្រមាណ៣០០ឆ្នាំមុនសម័យលោកយេស៊ូ សាស្ត្រាចារ្យជនជាតិយូដាចាប់ផ្ដើមបកប្រែបទគម្ពីរភាសាហេប្រឺទៅភាសាមួយទៀត គឺភាសាក្រិច។ សេចក្ដីបកប្រែនេះបានត្រូវស្គាល់ជាសេចក្ដីបកប្រែសេបធួជីនជាភាសាក្រិច។ ហេតុអ្វីបានជាមានសេចក្ដីបកប្រែនេះ? នៅពេលនោះមានជនជាតិយូដាច្រើននាក់និយាយភាសាក្រិចជាជាងភាសាហេប្រឺ ដូច្នេះសេចក្ដីបកប្រែនេះបានជួយឲ្យពួកគេយល់ ធ្វើតាមនិងស្រឡាញ់«ឯកសារបរិសុទ្ធនានា»។—ធីម៉ូថេទី២ ៣:១៥
សេចក្ដីបកប្រែសេបធួជីនក៏បានជួយមនុស្សរាប់លាននាក់ដែលនិយាយភាសាក្រិច ដែលមិនមែនជាជនជាតិយូដា ឲ្យស្គាល់អ្វីដែលគម្ពីរបង្រៀន។ តើតាមរបៀបណា? សាស្ត្រាចារ្យម្នាក់ឈ្មោះ វីលបឺត ហ្រ្វានស៊ីស ហាវឺដនិយាយថា៖ «ចាប់តាំងពីពាក់កណ្ដាលសតវត្សរ៍ទី១ សេចក្ដីបកប្រែនេះបានទៅជាគម្ពីរសម្រាប់ពិភពគ្រិស្ដសាសនា ដែលមានសាសនទូតចេញពីសាលាប្រជុំមួយទៅសាលាប្រជុំមួយទៀតដើម្បី‹បញ្ជាក់ភ័ស្ដុតាងដោយផ្អែកលើបទគម្ពីរថាមេស្ស៊ីគឺជាគ្រិស្ដ›»។ (សកម្មភាព ១៧:៣, ៤; ២០:២០) យោងទៅតាមអ្នកជំនាញខាងគម្ពីរម្នាក់ឈ្មោះហ្វ្រីឌីរិក ហ្វីវី ព្រូស នេះជាមូលហេតុមួយដែលជនជាតិយូដាច្រើននាក់មិនយូរប៉ុន្មាន«លែងចាប់អារម្មណ៍នឹងសេចក្ដីបកប្រែសេបធួជីន»។
កាលដែលអ្នកកាន់តាមលោកយេស៊ូបានទទួលសៀវភៅនៃបទគម្ពីរគ្រិស្ដសាសនិកជាភាសាក្រិចបន្ដិចម្ដងៗ នោះពួកគាត់បានចងក្រងសៀវភៅទាំងនេះជាមួយនឹងសេចក្ដីបកប្រែសេបធួជីននៃបទគម្ពីរជាភាសាហេប្រឺ ហើយនេះបានក្លាយទៅជាគម្ពីរទាំងមូលដែលយើងមានសព្វថ្ងៃនេះ។
សេចក្ដីបកប្រែវ៉ុលកេតជាភាសាឡាតាំង
ប្រហែល៣០០ឆ្នាំក្រោយគម្ពីរបានត្រូវសរសេរចប់ អ្នកជំនាញខាងសាសនាឈ្មោះហ្សេរ៉ូមបានចេញសេចក្ដីបកប្រែមួយនៃគម្ពីរជាភាសាឡាតាំង ដែលនៅទីបំផុតបានទៅជាសេចក្ដីបកប្រែវ៉ុលកេតជាភាសាឡាតាំង។ សេចក្ដីបកប្រែជាភាសាឡាតាំងមានជាច្រើនរួចហើយនៅសម័យនោះ ដូច្នេះហេតុអ្វីបានជាត្រូវការសេចក្ដីបកប្រែថ្មីមួយទៀត? សព្វវចនាធិប្បាយមួយបានចែងថា គឺដោយសារហ្សេរ៉ូមចង់កែ«ន័យដែលបានបកខុស កំហុសជាក់ស្ដែង និងការបន្ថែមនិងការដកពាក្យដោយគ្មានហេតុផល» (The International Standard Bible Encyclopedia)។
ហ្សេរ៉ូមបានកែជាច្រើននូវកំហុសទាំងនោះ។ ប៉ុន្ដែមិនយូរក្រោយមក ពួកអ្នកដឹកនាំពិភពគ្រិស្ដសាសនាបានប្រព្រឹត្ដកំហុសដ៏ធំបំផុត! ពួកគេបានប្រកាសថាសេចក្ដីបកប្រែវ៉ុលកេតជាភាសាឡាតាំង គឺជាសេចក្ដីបកប្រែគម្ពីរតែមួយគត់ដែលពួកគេទទួលស្គាល់ ហើយបានបន្ដធ្វើដូច្នេះអស់ជាច្រើនសតវត្សរ៍ទៀតផង! ដូច្នេះ ជាជាងជួយមនុស្សមិនសូវបានរៀនសូត្រឲ្យ
យល់គម្ពីរ សេចក្ដីបកប្រែវ៉ុលកេតបានធ្វើឲ្យមនុស្សមិនអាចយល់គម្ពីរវិញ ព្រោះនៅទីបំផុតមនុស្សភាគច្រើនមិនចេះភាសាឡាតាំងសោះ។សេចក្ដីបកប្រែថ្មីៗកើនឡើង
ដំណាលគ្នានោះ មនុស្សបន្ដចេញសេចក្ដីបកប្រែគម្ពីរផ្សេងទៀត ដូចជាសេចក្ដីបកប្រែភេស៊ីតាជាភាសាអារ៉ាមតំបន់ខាងកើតដែលជាសេចក្ដីបកប្រែដ៏ល្បីមួយនៅប្រហែលជាសតវត្សរ៍ទី៥គ.ស.។ ប៉ុន្ដែរហូតដល់សតវត្សរ៍ទី១៤ ទើបមានការព្យាយាមម្ដងទៀតដើម្បីផ្ដល់ឲ្យមនុស្សដែលមិនសូវបានរៀនសូត្រនូវគម្ពីរជាភាសារបស់ខ្លួន។
នៅប្រទេសអង់គ្លេសនាចុងសតវត្សរ៍ទី១៤ លោកចន វ៉ាយឃ្លីហ្វចាប់ផ្ដើមបកប្រែគម្ពីរជាភាសាអង់គ្លេស ជាភាសាដែលបណ្ដាជននៅប្រទេសគាត់អាចយល់បាន ជាជាងទុកគម្ពីរក្នុងភាសាដែលគេឈប់ប្រើ។ មិនយូរក្រោយមក វិធីបោះពុម្ពរបស់លោកយ៉ូហានឺស ហ្គូតេនប៊ឹក បានផ្ដល់លទ្ធភាពឲ្យពួកអ្នកជំនាញខាងគម្ពីរបោះពុម្ពនិងចែកចាយសេចក្ដីបកប្រែថ្មីនៃគម្ពីរជាភាសាជាច្រើនដែលមនុស្សកំពុងប្រើនៅទូទាំងទ្វីបអឺរ៉ុប។
ពេលសេចក្ដីបកប្រែផ្សេងៗជាភាសាអង់គ្លេសបានកើនឡើង អ្នករិះគន់ខ្លះបានឆ្ងល់អំពីហេតុដែលត្រូវមានសេចក្ដីបកប្រែជាច្រើនក្នុងភាសាតែមួយ។ បព្វជិតជនជាតិអង់គ្លេសម្នាក់នៅសតវត្សរ៍ទី១៨ឈ្មោះចន លូវីសបានសរសេរថា៖ «ភាសាអាចទៅជាចាស់និងពិបាកយល់ ហេតុនេះគឺជាការចាំបាច់ដែលយើងកែប្រែសេចក្ដីបកប្រែចាស់ៗដើម្បីធ្វើឲ្យសេចក្ដីបកប្រែទាំងនោះប្រើភាសាដែលមនុស្សនៅសម័យនេះអាចយល់បាន»។
សព្វថ្ងៃ អ្នកជំនាញខាងគម្ពីរមានសមត្ថភាពច្រើនជាងដើម្បីកែប្រែសេចក្ដីបកប្រែចាស់ៗ។ ពួកគាត់មានការយល់ដឹងច្បាស់ជាងអំពីភាសាបុរាណដែលគម្ពីរប្រើ ហើយពួកគាត់មានឯកសារគម្ពីរដែលមានតម្លៃពីសម័យបុរាណដែលទើបរកឃើញនៅពេលថ្មីៗនេះ។ ឯកសារទាំងនេះបានជួយពួកគាត់ឲ្យដឹងថាអ្វីគឺជាច្បាប់ដើមនៃគម្ពីរ។
ដូច្នេះ សេចក្ដីបកប្រែថ្មីៗមានប្រយោជន៍ណាស់។ ពិតមែនតែយើងត្រូវប្រយ័ត្ននឹងសេចក្ដីបកប្រែខ្លះទាំងនោះ ប៉ុន្ដែបើអ្នកដែលកែសេចក្ដីបកប្រែនោះបានត្រូវជំរុញដោយសេចក្ដីស្រឡាញ់ស្មោះ នោះកិច្ចការរបស់ពួកគាត់នឹងផ្ដល់ប្រយោជន៍ជាច្រើនឲ្យយើង។