តើកិច្ចបម្រើផ្សាយរបស់អ្នកប្រៀបដូចជាទឹកសន្សើមឬទេ?
កិច្ចបម្រើផ្សាយរបស់យើងគឺសំខាន់និងមានតម្លៃ។ ប៉ុន្ដែ មិនមែនមនុស្សទាំងអស់ដែលយើងជួបពេលផ្សព្វផ្សាយយល់ដូច្នេះទេ។ សូម្បីតែមនុស្សដែលចាប់អារម្មណ៍អ្វីដែលគម្ពីរបានចែង មិនតែងតែមានអារម្មណ៍ថាគឺសំខាន់ចាំបាច់ដែលពួកគេសិក្សាបណ្ដាំរបស់ព្រះជាមួយនឹងយើងឡើយ។
ជាឧទាហរណ៍សូមគិតអំពីបងប្រុសហ្គាវិន។ គាត់បានចូលរួមកិច្ចប្រជុំនៅសាលប្រជុំ ប៉ុន្ដែគាត់មិនចង់សិក្សាគម្ពីរជាមួយនឹងសាក្សីទេ។ បងហ្គាវិនបានរៀបរាប់ថាគាត់មិនសូវយល់គម្ពីរ ហើយគាត់មិនចង់ឲ្យអ្នកឯទៀតដឹងអំពីរឿងនេះឡើយ។ គាត់ខ្លាចគេសុំគាត់ឲ្យចូលសាសនា ហើយគាត់មិនចង់ចាញ់បោកគេទេ។ តើអ្នកគិតយ៉ាងណា? តើបងហ្គាវិនអាចទទួលជំនួយឬទេ? សូមគិតអំពីឥទ្ធិពលល្អដែលសេចក្ដីបង្រៀនពីគម្ពីរអាចមានទៅលើបុគ្គលម្នាក់។ ព្រះយេហូវ៉ាបានប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «ពាក្យសំដីខ្ញុំនឹងចុះដូចជាទឹកសន្សើម គឺដូចជាភ្លៀងរលឹមមកលើស្មៅល្បាស់ខ្ចី»។ (ចោទិយកថា ៣១:១៩, ៣០; ៣២:២) សូមយើងរៀនចំណុចខ្លះៗអំពីទឹកសន្សើម ហើយប្រៀបប្រដូចកិច្ចបម្រើផ្សាយរបស់យើងទៅនឹងទឹកសន្សើម ដើម្បីយើងអាចជួយ«មនុស្សគ្រប់ប្រភេទ»ដោយមានប្រសិទ្ធិភាព។—ធីម៉ូថេទី១ ២:៣, ៤
តើតាមរបៀបណាកិច្ចបម្រើផ្សាយរបស់យើងអាចប្រៀបដូចជាទឹកសន្សើម?
ទឹកសន្សើមគឺជាតំណក់តូចៗដែលស្រទន់។ ទឹកសន្សើមគឺមកពីសំណើមនៅក្នុងខ្យល់ដែលត្រឡប់ជាដំណក់ទឹកតូចៗបន្ដិចម្ដងៗ។ តើតាមរបៀបណាពាក្យរបស់ព្រះយេហូវ៉ាគឺ«ដូចជាទឹកសន្សើម»? លោកបានមានប្រសាសន៍ទៅរាស្ដ្ររបស់លោកដោយស្លូតបូត សប្បុរសនិងយកចិត្ដទុកដាក់។ យើងយកតម្រាប់លោក ពេលដែលយើងបង្ហាញការគោរពចំពោះអ្វីៗដែលអ្នកឯទៀតជឿ។ យើងលើកទឹកចិត្ដពួកគេឲ្យពិចារណាដោយខ្លួនគេ ហើយឲ្យពួកគេធ្វើការសម្រេចចិត្ដដោយខ្លួនផ្ទាល់។ ពេលដែលយើងបង្ហាញការយកចិត្ដទុកដាក់បែបនេះ មនុស្សនឹងកាន់តែសុខចិត្ដទទួលយកអ្វីដែលយើងនិយាយ ហើយកិច្ចបម្រើផ្សាយរបស់យើងនឹងកាន់តែមានប្រសិទ្ធិភាពដែរ។
ទឹកសន្សើមគឺធ្វើឲ្យស្រស់បស់។ កិច្ចបម្រើផ្សាយរបស់យើងនឹងធ្វើឲ្យអ្នកឯទៀតមានកម្លាំងចិត្ដឡើងវិញ ពេលដែលយើងគិតអំពីវិធីផ្សេងៗដើម្បីជួយពួកគេឲ្យរៀនថែមទៀតអំពីសេចក្ដីពិត។ បងប្រុសម្នាក់ឈ្មោះគ្រិស្ដ ដែលបានស្នើសុំបង្រៀនគម្ពីរដល់បងហ្គាវិនមុនគេ មិនបានព្យាយាមបង្ខំបងហ្គាវិនឲ្យយល់ព្រមសិក្សាគម្ពីរឡើយ។ ផ្ទុយទៅវិញ គាត់ព្យាយាមស្វែងរកវិធីផ្សេងៗដើម្បីធ្វើឲ្យបងហ្គាវិនមានអារម្មណ៍កាន់តែស្រួលពិភាក្សាអំពីគម្ពីរ។ បងគ្រិស្ដបានប្រាប់បងហ្គាវិនថាមានប្រធានបទដ៏សំខាន់មួយដែលបានត្រូវរៀបរាប់ក្នុងគម្ពីរទាំងមូល ហើយថាការរៀនអំពីប្រធានបទនោះនឹងជួយគាត់ឲ្យកាន់តែយល់អ្វីដែលរៀននៅកិច្ចប្រជុំ។ ក្រោយមក បងគ្រិស្ដបានពន្យល់ថាទំនាយក្នុងគម្ពីរបានធ្វើឲ្យគាត់ជឿជាក់ថាគម្ពីរគឺជាសេចក្ដីពិត។ ជាលទ្ធផល ពួកគាត់បានពិភាក្សាជាមួយគ្នាជាច្រើនដងអំពីរបៀបដែលទំនាយផ្សេងៗបានសម្រេច។ ការសន្ទនាទាំងនេះបានធ្វើឲ្យបងហ្គាវិនមានកម្លាំងចិត្ដឡើងវិញ ហើយនៅទីបំផុតគាត់បានយល់ព្រមសិក្សាគម្ពីរ។
ទឹកសន្សើមគឺសំខាន់ចាំបាច់ចំពោះជីវិត។ ក្នុងអំឡុងរដូវក្ដៅដែលរាំងស្ងួតនៅប្រទេសអ៊ីស្រាអែល ប្រហែលជាមិនមានភ្លៀងអស់ប៉ុន្មានខែ។ បើគ្មានសំណើមពីទឹកសន្សើម នោះរុក្ខជាតិទៅជាក្រៀមស្វិត ហើយងាប់។ ព្រះយេហូវ៉ាបានប្រកាសទុកជាមុនថានៅក្នុងសម័យរបស់យើងនឹងដូចជាមានគ្រោះរាំងស្ងួត ពោលគឺមនុស្សនឹងស្រេក«ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ា»។ (អេម៉ុស ៨:១១) លោកបានសន្យាថាពួកអ្នកដែលបានត្រូវរើសតាំងនឹង«ដូចជាទឹកសន្សើមមកពីព្រះយេហូវ៉ា» កាលដែលពួកគាត់បានផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ ដោយមានការគាំទ្រពី«ចៀមឯទៀត»។ (មីកា ៥:៦; យ៉ូហាន ១០:១៦) ដំណឹងដែលយើងផ្សព្វផ្សាយគឺជាផ្នែកមួយនៃការរៀបចំរបស់ព្រះយេហូវ៉ាដើម្បីផ្ដល់ជីវិតដល់ពួកអ្នកដែលស្រេកឃ្លានចំពោះសេចក្ដីពិត។ តើយើងឲ្យតម្លៃចំពោះដំណឹងនេះឬទេ?
ទឹកសន្សើមគឺជាពរមួយដែលមកពីព្រះយេហូវ៉ា។ (ចោទិយកថា ៣៣:១៣) កិច្ចបម្រើផ្សាយរបស់យើងអាចជាពរមួយ ឬអំណោយមួយចំពោះពួកអ្នកដែលព្រមទទួល។ ការសិក្សាគម្ពីរគឺជាពរមួយសម្រាប់បងហ្គាវិន ពីព្រោះនេះបានជួយគាត់ឲ្យស្វែងរកចម្លើយចំពោះសំណួរទាំងអស់របស់គាត់។ គាត់បានរីកចម្រើនយ៉ាងលឿន បានទទួលការជ្រមុជទឹក ហើយឥឡូវគាត់សប្បាយរីករាយផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះជាមួយនឹងបងចូអ៊ីសដែលជាប្រពន្ធរបស់គាត់។
ចូរឲ្យតម្លៃចំពោះកិច្ចបម្រើផ្សាយរបស់អ្នក
ការប្រៀបប្រដូចកិច្ចការផ្សព្វផ្សាយរបស់យើងទៅនឹងទឹកសន្សើម ក៏អាចជួយយើងឲ្យយល់ថាការខំប្រឹងប្រែងរបស់យើងម្នាក់ៗក្នុងកិច្ចបម្រើផ្សាយគឺមានតម្លៃ។ តើតាមរបៀបណា? ដំណក់ទឹកសន្សើមនីមួយៗមិនសូវជួយច្រើនប៉ុន្មានទេ តែពេលដែលមានទឹកសន្សើមរាប់លានដំណក់វិញ នោះដីពោរពេញទៅដោយសំណើម។ ស្រដៀងគ្នាដែរ អ្វីដែលយើងម្នាក់ៗធ្វើក្នុងកិច្ចបម្រើផ្សាយប្រហែលជាចំពោះយើងមើលទៅតិចតួចណាស់។ ប៉ុន្ដែ ដោយសារអ្នកបម្រើរាប់លាននាក់របស់ព្រះយេហូវ៉ាបានខំប្រឹងរួមគ្នា នោះ«ប្រជាជាតិទាំងឡាយ»បានឮដំណឹងល្អ។ (ម៉ាថាយ ២៤:១៤) តើកិច្ចបម្រើផ្សាយរបស់យើងនឹងជាពរមួយដែលមកពីព្រះយេហូវ៉ាចំពោះអ្នកឯទៀតឬទេ? មែនហើយ ដំណឹងដែលយើងផ្សព្វផ្សាយនឹងប្រៀបដូចជាទឹកសន្សើម ពោលគឺស្រទន់ ធ្វើឲ្យមានកម្លាំងចិត្ដឡើងវិញ និងសំខាន់ចាំបាច់ចំពោះជីវិត!