អ្វីដែលខុសនិងអ្វីដែលត្រូវ៖ ការណែនាំដែលមានប្រសិទ្ធភាព
សូមពិចារណាអ្វីបួនយ៉ាងក្នុងជីវិត ដែលមនុស្សរាប់លាននាក់ឃើញថាការណែនាំពីគម្ពីរមានប្រសិទ្ធភាពនិងគួរឲ្យទុកចិត្ត។
១. អាពាហ៍ពិពាហ៍
មនុស្សមានទស្សនៈខុសគ្នាអំពីអាពាហ៍ពិពាហ៍ និងអ្វីដែលយើងត្រូវធ្វើដើម្បីមានសុភមង្គល។
គម្ពីរចែងថា៖ «ចូរអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនអ្នក រីឯប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ»។—អេភេសូរ ៥:៣៣
មានន័យថា៖ អាពាហ៍ពិពាហ៍គឺជាការរៀបចំដែលមកពីព្រះ ហើយលោកដឹងអ្វីដែលប្ដីប្រពន្ធត្រូវធ្វើដើម្បីមានសុភមង្គល។ (ម៉ាកុស ១០:៦-៩) ពេលប្ដីប្រពន្ធយកចិត្តទុកដាក់អំពីគូខ្លួនជាជាងខ្លួន នោះពួកគេអាចពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ ប្ដីដែលស្រឡាញ់ប្រពន្ធនឹងមើលថែនាង ហើយប្រព្រឹត្តចំពោះនាងដោយសប្បុរស។ រីឯប្រពន្ធដែលគោរពប្ដីនឹងគាំទ្រគាត់ ហើយនិយាយជាមួយគាត់ដោយបង្ហាញការគោរព។
ការណែនាំពីគម្ពីរមានប្រសិទ្ធភាព៖ ខ្វាន់និងធី មកពីប្រទេសវៀតណាម មានអារម្មណ៍ថាពួកគាត់មិនអាចមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់ឡើយ។ ខ្វាន់ច្រើនតែប្រព្រឹត្តដោយមិនសប្បុរស។ គាត់និយាយថា៖ «ខ្ញុំមិនខ្វល់អំពីអារម្មណ៍របស់ធីទេ ហើយខ្ញុំច្រើនតែធ្វើឲ្យនាងខ្មាសគេ»។ ធីចង់លែងលះគ្នា។ នាងនិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាខ្ញុំលែងទុកចិត្តឬគោរពប្ដីរបស់ខ្ញុំទៀតហើយ»។
ក្រោយមក ខ្វាន់និងធីបានរៀនអំពីអ្វីដែលគម្ពីរបង្រៀន និងរបៀបដែលពួកគាត់អាចធ្វើតាមអេភេសូរ ៥:៣៣ក្នុងអាពាហ៍ពិពាហ៍របស់ពួកគាត់។ ខ្វាន់បាននិយាយថា៖ «បទគម្ពីរនេះបានជួយខ្ញុំឲ្យឃើញថា ខ្ញុំត្រូវបង្ហាញចិត្តសប្បុរស ហើយធ្វើឲ្យធីមានអារម្មណ៍ថាខ្ញុំស្រឡាញ់នាង និងផ្គត់ផ្គង់អ្វីដែលនាងត្រូវការទាំងផ្លូវកាយនិងផ្លូវចិត្ត។ ពេលដែលខ្ញុំប្រព្រឹត្តដូច្នេះ នាងកាន់តែស្រឡាញ់និងគោរពខ្ញុំ»។ ធីបាននិយាយថា៖ «ពេលខ្ញុំព្យាយាមធ្វើតាមអេភេសូរ ៥:៣៣ ហើយបង្ហាញការគោរពដល់ប្ដីរបស់ខ្ញុំ នោះគាត់កាន់តែធ្វើឲ្យខ្ញុំមានអារម្មណ៍ថាគាត់ស្រឡាញ់និងការពារខ្ញុំ ហើយនេះធ្វើឲ្យខ្ញុំមានសេចក្ដីសុខ»។
ដើម្បីបានព័ត៌មានបន្ថែមអំពីអាពាហ៍ពិពាហ៍ សូមអានទស្សនាវដ្ដីភ្ញាក់រឭក! លេខ២ ឆ្នាំ២០១៨ ដែលមានចំណងជើងថា«គន្លឹះ១២យ៉ាងសម្រាប់ក្រុមគ្រួសារ» នៅគេហទំព័រjw.org។
២. របៀបប្រព្រឹត្តចំពោះអ្នកឯទៀត
ជួនកាលមនុស្សធ្វើបាបអ្នកឯទៀតដោយសារពូជសាសន៍ សញ្ជាតិ សម្បកក្រៅ សាសនា ឬដោយសារពួកគេស្រឡាញ់ភេទដូចគ្នា។
គម្ពីរចែងថា៖ «ចូរគោរពមនុស្សគ្រប់ប្រភេទ»។—ពេត្រុសទី១ ២:១៧
មានន័យថា៖ គម្ពីរមិនបង្រៀនយើងឲ្យស្អប់មនុស្សដែលមានជាតិសាសន៍ឬសញ្ជាតិខុសពីយើង ឬស្រឡាញ់ភេទដូចគ្នាឡើយ។ ផ្ទុយទៅវិញ គម្ពីរលើកទឹកចិត្តយើងឲ្យគោរពមនុស្សទាំងអស់ ដោយមិនប្រកាន់ជាតិសាសន៍ សញ្ជាតិ ឬមានឬក្រក្ដី។ (សកម្មភាព ១០:៣៤) ទោះជាយើងមិនយល់ស្របនឹងអ្វីដែលអ្នកឯទៀតជឿឬប្រព្រឹត្តក៏ដោយ យើងនៅតែអាចប្រព្រឹត្តចំពោះពួកគេដោយចិត្តសប្បុរសនិងការគោរព។—ម៉ាថាយ ៧:១២
ការណែនាំពីគម្ពីរមានប្រសិទ្ធភាព៖ ដានីយ៉ែលបានត្រូវបង្រៀនឲ្យចាត់ទុកមនុស្សដែលមកពីទ្វីបអាស៊ីថា ជាមនុស្សដែលធ្វើឲ្យប្រទេសរបស់គាត់មានបញ្ហា។ នេះនាំឲ្យគាត់ស្អប់មនុស្សដែលមកពីទ្វីបអាស៊ី ហើយគាត់ច្រើនតែជេរប្រមាថពួកគេនៅកន្លែងសាធារណៈ។ ដានីយ៉ែលបាននិយាយថា៖ «ខ្ញុំមិនបានគិតថាគំនិតនិងការប្រព្រឹត្តរបស់ខ្ញុំគឺខុសនោះទេ ដោយសារខ្ញុំចាត់ទុកថាខ្ញុំកំពុងតែគាំទ្រប្រទេសរបស់ខ្ញុំ»។
នៅទីបំផុត ដានីយ៉ែលបានរៀនអំពីអ្វីដែលគម្ពីរបង្រៀន ហើយគាត់និយាយថា៖ «ខ្ញុំត្រូវតែផ្លាស់ប្ដូរការគិតគូររបស់ខ្ញុំទាំងស្រុង។ ខ្ញុំត្រូវតែមានទស្សនៈដូចព្រះចំពោះមនុស្ស ពោលគឺមនុស្សទាំងអស់គឺដូចគ្នាមិនថាយើងមកពីណាក៏ដោយ»។ ដានីយ៉ែលរៀបរាប់អំពីអារម្មណ៍របស់គាត់នៅឥឡូវនេះ ពេលដែលគាត់ជួបអ្នកឯទៀត។ គាត់និយាយថា៖ «មិនថាពួកគេមកពីណា នោះគឺមិនសំខាន់ចំពោះខ្ញុំទៀតឡើយ។ ខ្ញុំស្រឡាញ់មនុស្សគ្រប់ប្រភេទ ហើយខ្ញុំមានមិត្តជិតស្និទ្ធដែលមកពីប្រទេសផ្សេងៗ»។
ដើម្បីបានព័ត៌មានបន្ថែម សូមអានទស្សនាវដ្ដីប៉មយាម លេខ១ ឆ្នាំ២០២២ ដែលមានចំណងជើងថា«ការបំបាត់ចោលការស្អប់គ្នា» នៅគេហទំព័រjw.org។
៣. លុយ
មនុស្សជាច្រើនចង់ក្លាយទៅជាអ្នកមានដើម្បីមានសុភមង្គលនិងអនាគតល្អ។
គម្ពីរចែងថា៖ «ប្រាជ្ញាជាគ្រឿងការពារ ដូចប្រាក់ក៏ជាគ្រឿងការពារដែរ។ ប៉ុន្តែ ការមានចំណេះនិងប្រាជ្ញាគឺប្រសើរជាង ដោយសារនោះរមែងជួយរក្សាជីវិតរបស់អ្នកដែលមានអ្វីទាំងនោះ»។—អ្នកទូន្មាន ៧:១២
មានន័យថា៖ យើងត្រូវការលុយ តែនេះមិនធានាថាយើងនឹងមានសុភមង្គលឬអនាគតល្អទេ។ (សុភាសិត ១៨:១១; ២៣:៤, ៥) ផ្ទុយទៅវិញ សុភមង្គលពិតប្រាកដនិងអនាគតដ៏ល្អប្រសើរ គឺអាស្រ័យទៅលើការធ្វើតាមប្រាជ្ញាពីព្រះដែលមាននៅក្នុងគម្ពីរ។—ធីម៉ូថេទី១ ៦:១៧-១៩
ការណែនាំពីគម្ពីរមានប្រសិទ្ធភាព៖ បុរសម្នាក់ពីប្រទេសឥណ្ឌូណេស៊ីឈ្មោះខាដូ បានផ្ដោតអារម្មណ៍ទៅលើការប្រមូលទ្រព្យសម្បត្តិ។ គាត់និយាយថា៖ «ខ្ញុំមានអ្វីៗទាំងអស់ដែលមនុស្សជាច្រើនស្រមៃចង់បាន។ ខ្ញុំដើរលេងនៅកន្លែងផ្សេងៗ ទិញរបស់ទំនើបៗ ហើយមានឡាននិងផ្ទះជាច្រើន»។ តែអ្វីទាំងអស់នេះមិនស្ថិតស្ថេរឡើយ។ ខាដូបានពន្យល់ថា៖ «គេបានបោកប្រាស់ខ្ញុំ ហើយក្នុងមួយប៉ប្រិចភ្នែកខ្ញុំបានបាត់បង់លុយទាំងអស់ដែលខ្ញុំប្រឹងរកអស់រយៈពេលជាច្រើនឆ្នាំមកនេះ»។ គាត់បន្ថែមថា៖ «ខ្ញុំបានខំប្រឹងអស់មួយជីវិតដើម្បីមានទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែនៅទីបំផុតខ្ញុំខកចិត្តជាខ្លាំង ដោយសារខ្ញុំបាត់បង់អ្វីៗទាំងអស់ ហើយមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ»។
ខាដូចាប់ផ្ដើមធ្វើតាមយោបល់ពីគម្ពីរស្ដីអំពីលុយ។ គាត់លែងប្រើកម្លាំងទាំងអស់ដែលគាត់មានដើម្បីប្រមូលទ្រព្យសម្បត្តិទៀតហើយ ប៉ុន្តែគាត់សម្រេចចិត្តមានរបៀបរស់នៅដែលសាមញ្ញជាង។ គាត់និយាយថា៖ «កំណប់ទ្រព្យដ៏ពិតប្រាកដនិងគង់វង្សជារៀងរហូត គឺការមានចំណងមិត្តភាពជាមួយព្រះ។ ខ្ញុំអាចគេងលក់ស្រួលជារៀងរាល់យប់ ហើយខ្ញុំមានសុភមង្គលពិត»។
ដើម្បីបានព័ត៌មានបន្ថែមអំពីអ្វីដែលគម្ពីរចែងអំពីលុយ សូមអានអត្ថបទ«តើការអប់រំនិងលុយអាចធានាថាអ្នកនឹងមានអនាគតដ៏ល្អប្រសើរទេ?» ក្នុងទស្សនាវដ្ដីប៉មយាម លេខ៣ ឆ្នាំ២០២១ នៅគេហទំព័រjw.org។
៤. ការរួមភេទ
មនុស្សមានទស្សនៈខុសៗគ្នាអំពីការរួមភេទ។
គម្ពីរចែងថា៖ «[ចូរ]ជៀសចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ អ្នករាល់គ្នាម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយរបស់ខ្លួន ដោយសេចក្ដីបរិសុទ្ធនិងកិត្តិយស មិនមែនដូចជនជាតិដទៃដែលមិនស្គាល់ព្រះនោះឡើយ»។—ថែស្សាឡូនិចទី១ ៤:៣-៥
មានន័យថា៖ គម្ពីរដាក់កម្រិតទៅលើរបៀបដែលយើងអាចបំពេញចំណង់ផ្លូវភេទរបស់យើង។ ពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ» រួមបញ្ចូលការផិតក្បត់ អំពើពេស្យាចារ ការរួមភេទរវាងមនុស្សដែលមិនទាន់រៀបការជាមួយគ្នា ការរួមភេទជាមួយនឹងមនុស្សដែលមានភេទដូចគ្នា និងការរួមភេទជាមួយសត្វ។ (កូរិនថូសទី១ ៦:៩, ១០) ការរួមភេទគឺជាអំណោយពីព្រះដែលលោកផ្ដល់ឲ្យតែបុរសនិងស្ត្រីដែលរៀបការជាមួយគ្នាប៉ុណ្ណោះ។—សុភាសិត ៥:១៨, ១៩
ការណែនាំពីគម្ពីរមានប្រសិទ្ធភាព៖ ស្ត្រីម្នាក់ដែលរស់នៅប្រទេសអូស្ត្រាលីឈ្មោះខាយលីនិយាយថា៖ «ពេលខ្ញុំនៅលីវ ខ្ញុំគិតថាបើខ្ញុំរួមភេទនោះខ្ញុំនឹងទទួលសេចក្ដីស្រឡាញ់និងភាពកក់ក្ដៅ។ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំព្រួយបារម្ភ ហើយមានអារម្មណ៍ថាគេមិនស្រឡាញ់ខ្ញុំទេ»។
ក្រោយមក ខាយលីបានរៀននិងធ្វើតាមអ្វីដែលគម្ពីរបង្រៀនអំពីការរួមភេទ។ គាត់និយាយថា៖ «ខ្ញុំឃើញថាខ្នាតតម្រារបស់ព្រះគឺដើម្បីជួយការពារយើងពីការឈឺចាប់និងទុក្ខសោក។ ឥឡូវខ្ញុំទទួលសេចក្ដីស្រឡាញ់និងភាពកក់ក្ដៅដោយសារខ្ញុំកំពុងធ្វើអ្វីដែលព្រះយេហូវ៉ាចង់ឲ្យខ្ញុំធ្វើ។ ការធ្វើតាមការណែនាំក្នុងគម្ពីរបានជួយខ្ញុំឲ្យរួចពីការឈឺចាប់ជាច្រើន!»។
ដើម្បីបានព័ត៌មានបន្ថែម សូមអានអត្ថបទដែលមានចំណងជើងថា«តើគម្ពីរចែងយ៉ាងណាអំពីការរស់នៅជាមួយគ្នាដោយមិនរៀបការ?» ក្នុងគេហទំព័រjw.org។
អ្នកបង្កើតរបស់យើងជួយយើងឲ្យដឹងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ ទោះជាការធ្វើតាមបង្គាប់របស់លោកមិនតែងតែងាយស្រួលក្ដី ប៉ុន្តែពេលយើងព្យាយាមធ្វើដូច្នេះ យើងអាចទុកចិត្តថានេះនឹងជួយយើងឲ្យមានសុភមង្គលជាយូរអង្វែង។