លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​ការ​អាន​គម្ពីរ​មាន​ប្រយោជន៍​អ្វី?

តើ​អ្វី​ខ្លះ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ចូល​ចិត្ដ​អាន​គម្ពីរ?

តើ​អ្វី​ខ្លះ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ចូល​ចិត្ដ​អាន​គម្ពីរ?

ពេល​លោក​អ្នក​អាន​គម្ពីរ តើ​លោក​អ្នក​មាន​អារម្មណ៍​ថា​អផ្សុក​ឬ​ក៏​សប្បាយ? តើ​លោក​អ្នក​ចូល​ចិត្ដ​អាន​គម្ពីរ​តាម​របៀប​ណា? ការ​ធ្វើ​ឲ្យ​អំណាន​គម្ពីរ​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​អាស្រ័យ​ទៅ​លើ​វិធី​ដែល​លោក​អ្នក​អាន​គម្ពីរ។ សូម​ពិចារណា​អំពី​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​ឲ្យ​លោក​អ្នក​កាន់​តែ​ចូល​ចិត្ដ​អាន​គម្ពីរ។

សូម​ជ្រើស​រើស​សេចក្ដី​បក​ប្រែ​ដែល​ទាន់​សម័យ​និង​គួរ​ឲ្យ​ទុក​ចិត្ដ។ បើ​លោក​អ្នក​អាន​សេចក្ដី​បក​ប្រែ​គម្ពីរ​ដែល​មាន​ពាក្យ​ពិបាក​យល់ ឬ​ហួស​សម័យ នោះ​លោក​អ្នក​ទំនង​ជា​មិន​ចូល​ចិត្ដ​អាន​គម្ពីរ​ទេ។ ដូច្នេះ សូម​ស្វែង​រក​គម្ពីរ​មួយ​ដែល​ប្រើ​ពាក្យ​សាមញ្ញ​និង​ស្រួល​យល់ ពី​ព្រោះ​នេះ​នឹង​មាន​ឥទ្ធិពល​ល្អ​មក​លើ​ចិត្ដ​លោក​អ្នក។ ក៏​ប៉ុន្ដែ ដំណាល​គ្នា​នោះ គម្ពីរ​នោះ​គួរ​តែ​បាន​ត្រូវ​បក​ប្រែ​យ៉ាង​ហ្មត់​ចត់​និង​ត្រឹម​ត្រូវ។ *

សូម​ប្រើ​បច្ចេកវិទ្យា​ទំនើប។ សព្វ​ថ្ងៃ​នេះ គម្ពីរ​មិន​គ្រាន់​តែ​មាន​ជា​ឯកសារ​បោះ​ពុម្ព​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ជា​ឯកសារ​អេឡិចត្រូនិក​ដែរ។ លោក​អ្នក​អាច​អាន​គម្ពីរ​តាម​គេហទំព័រ ឬ​ថត​ចម្លង​ទុក​អាន​ក្នុង​កុំព្យូទ័រ កុំព្យូទ័រ​បន្ទះ​ស្ដើង ឬ​ទូរស័ព្ទ​ដៃ។ សេចក្ដី​បក​ប្រែ​គម្ពីរ​ខ្លះ​ជា​ឯកសារ​អេឡិចត្រូនិក​មាន​កម្ម​វិធី​ដែល​អនុញ្ញាត​ឲ្យ​មើល​ខ​គម្ពីរ​ឯ​ទៀត ដែល​និយាយ​អំពី​ប្រធានបទ​ដូច​គ្នា ឬ​ថែម​ទាំង​ប្រៀប​ធៀប​ខ​គម្ពីរ​ជា​មួយ​នឹង​សេចក្ដី​បក​ប្រែ​គម្ពីរ​ផ្សេង​ៗ។ បើ​លោក​អ្នក​ចូល​ចិត្ដ​ស្តាប់​ជា​ជាង​អាន នោះ​លោក​អ្នក​ក៏​អាច​ស្តាប់​អំណាន​គម្ពីរ​ជា​ឯកសារ​សំឡេង​ដែរ។ មនុស្ស​ជា​ច្រើន​ចូល​ចិត្ដ​ស្តាប់​អំណាន​គម្ពីរ​ពេល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ បោក​ខោ​អាវ ឬ​ធ្វើ​កិច្ច​ការ​ណា​ទៀត​ដែល​ពួក​គេ​អាច​ស្តាប់​បាន។ សូម​សាកល្បង​របៀប​ណា​មួយ​ដែល​សម​នឹង​កាលៈទេសៈ​របស់​លោក​អ្នក។

សូម​ប្រើ​ជំនួយ​សិក្សា​គម្ពីរ។ ជំនួយ​សិក្សា​គម្ពីរ​អាច​ជួយ​លោក​អ្នក​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​អាន​គម្ពីរ។ មាន​ផែន​ទី​អំពី​កន្លែង​ផ្សេង​ៗ​នៅ​សម័យ​គម្ពីរ ដែល​នឹង​ជួយ​លោក​អ្នក​ឲ្យ​ស្គាល់​ទី​កន្លែង​ក្នុង​កំណត់​ហេតុ​គម្ពីរ។ ដូច្នេះ លោក​អ្នក​អាច​ស្រមៃ​ឃើញ​ទិដ្ឋភាព​ក្នុង​កំណត់​ហេតុ​ដែល​លោក​អ្នកកំពុង​អាន។ អត្ថបទ​ផ្សេង​ៗ​ក្នុង​ទស្សនាវដ្ដី​នេះ ឬ​ក្នុង​គេហទំព័រ​jw.org អាច​ជួយ​លោក​អ្នក​ឲ្យ​យល់​អត្ថន័យ​នៃ​ផ្នែក​ជា​ច្រើន​ក្នុង​គម្ពីរ។

សូម​ប្រើ​វិធី​ផ្សេង​ៗ។ បើ​ការ​អាន​គម្ពីរ​ពី​សៀវភៅ​មួយ​ទៅ​សៀវភៅ​មួយ​ធ្វើ​ឲ្យ​លោក​អ្នក​អផ្សុក នោះ​សូម​ធ្វើ​ឲ្យ​ការ​អាន​នោះ​ទៅ​ជា​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង ដោយ​ចាប់​ផ្ដើម​អាន​ផ្នែក​ណា​មួយ​ដែល​ទាក់​ទាញ​អារម្មណ៍​លោក​អ្នក។ បើ​លោក​អ្នក​ចង់​ដឹង​អំពី​មនុស្ស​ល្បី​ល្បាញ​ក្នុង​គម្ពីរ លោក​អ្នក​អាច​ចាប់​ផ្ដើម​អាន​អំពី​ពួក​គេ​ម្ដង​ម្នាក់​ៗ។ ឧទាហរណ៍ វិធី​នោះ​មាន​ក្នុង​ប្រអប់​«​ ស្វែង​យល់​គម្ពីរ​យ៉ាង​ស៊ី​ជម្រៅ​ដោយ​ស្គាល់​បុរស​ស្ដ្រី​ក្នុង​គម្ពីរ​»។ ឬ​មួយ​ក៏​លោក​អ្នក​ប្រហែល​ជា​ចង់​អាន​គម្ពីរ​តាម​ប្រធានបទ ឬ​តាម​លំដាប់​លំដោយ​នៃ​ព្រឹត្ដិការណ៍។ សូម​សាកល្បង​ធ្វើ​តាម​វិធី​ណា​មួយ។

^ វគ្គ 4 មនុស្ស​ជា​ច្រើន​បាន​ឃើញ​ថា​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ (​New World Translation of the Holy Scriptures​) គឺ​ត្រឹម​ត្រូវ គួរ​ឲ្យ​ទុក​ចិត្ដ និង​ស្រួល​អាន។ គម្ពីរ​នេះ​បាន​ត្រូវ​បោះ​ពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា និង​មាន​ជាង​១៣០​ភាសា។ លោក​អ្នក​អាច​ថត​ចម្លង​គម្ពីរ​នេះ​ពី​គេហទំព័រ jw.org​ឬ​ថត​ចម្លង​កម្ម​វិធី JW បណ្ណាល័យ។ បើ​លោក​អ្នក​ចង់​បាន​គម្ពីរ សាក្សី​ព្រះ​យេហូវ៉ា​អាច​យក​គម្ពីរ​មួយ​ក្បាល​ទៅ​ជូន​លោក​អ្នក​ដល់​ផ្ទះ។