លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​យក​តម្រាប់​ជំនឿ​របស់​ពួក​គាត់ | អេណុក

​«​គាត់​បាន​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ​»​

​«​គាត់​បាន​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ​»​

នៅ​សម័យ​បុរាណ​មាន​បុរស​ម្នាក់​ឈ្មោះ​អេណុក គាត់​មាន​អាយុ​វែង​ណាស់។ យើង​ប្រហែល​ជា​ពិបាក​ស្រមៃ​គិត​អំពី​អាយុ​របស់​គាត់។ គាត់​មាន​អាយុ​ប្រហែល​ជា​៣៦៥​ឆ្នាំ គឺ​ច្រើន​ជាង​៤​ដង​នៃ​អាយុ​របស់​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ! ទោះ​ជា​អេណុក​មាន​អាយុ​ដូច​នោះ​ក៏​ដោយ តែ​គាត់​មិន​ជា​ចាស់​ណាស់​ណា​ទេ​នៅ​សម័យ​របស់​គាត់។ ជាង​៥.០០០​ឆ្នាំ​មុន មនុស្ស​មាន​អាយុ​វែង​ជាង​អាយុ​របស់​មនុស្ស​បច្ចុប្បន្ន​ឆ្ងាយ​ណាស់។ ជា​ឧទាហរណ៍ អាដាម​ដែល​ជា​បុរស​ដំបូង គាត់​បាន​រស់​នៅ​ជាង​៦០០​ឆ្នាំ ពេល​អេណុក​កើត​មក។ រួច​មក អាដាម​បាន​បន្ដ​រស់​ប្រហែល​ជា​៣០០​ឆ្នាំ​ថែម​ទៀត! ប៉ុន្ដែ កូន​ចៅ​ខ្លះ​របស់​អាដាម​មាន​អាយុ​វែង​ជាង​អាដាម​ទៅ​ទៀត។ ដូច្នេះ ពេល​អេណុក​អាយុ​៣៦៥​ឆ្នាំ គាត់​ប្រហែល​ជា​នៅ​តែ​មាន​កម្លាំង​រឹង​មាំ​និង​ស្វាហាប់ ហើយ​តាម​មើល​ទៅ​គាត់​អាច​រស់​យូរ​ត​ទៅ​ទៀត​បាន។ ក៏​ប៉ុន្ដែ គាត់​មិន​បាន​រស់​យូរ​ជាង​នោះ​ទេ។

អេណុក​ទំនង​ជា​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ដែល​អាច​បាត់​បង់​ជីវិត។ សូម​ស្រមៃ​គិត គាត់​កំពុង​រត់​គេច​ខ្លួន គាត់​មិន​អាច​ឈប់​គិត​អំពី​ប្រតិកម្ម​របស់​មនុស្ស​ដែល​គាត់​ទើប​តែ​ប្រកាស​ប្រាប់​ដំណឹង​ពី​ព្រះ​នោះ​ទេ។ ពួក​មនុស្ស​ទាំង​នោះ​មាន​ទឹក​មុខ​ពោរ​ពេញ​ទៅ​ដោយ​កំហឹង។ ពួក​គេ​ស្អប់​គាត់​ណាស់ ហើយ​ពួក​គេ​មើល​ងាយ​ដំណឹង​របស់​គាត់ ថែម​ទាំង​ស្អប់​ព្រះ​ដែល​បាន​ចាត់​គាត់​ឲ្យ​មក​ទៀត​ផង។ ពួក​គេ​មិន​អាច​វាយ​ប្រហារ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​អេណុក​ទេ តែ​ពួក​គេ​អាច​វាយ​ប្រហារ​អេណុក​បាន! តាម​មើល​ទៅ អេណុក​ប្រហែល​ជា​ឆ្ងល់​ថា តើ​គាត់​អាច​ជួប​ក្រុម​គ្រួសារ​គាត់​ម្ដង​ទៀត​ឬ​ទេ? តើ​គាត់​បាន​នឹក​គិត​អំពី​ប្រពន្ធ​និង​កូន​ស្រី​របស់​គាត់ ឬ​កូន​ប្រុស​គាត់​ឈ្មោះ​មធូសាឡា​និង​ឡាមេក​ដែល​ជា​ចៅ​ឬ​ទេ? (​លោកុប្បត្ដិ ៥:២១​-​២៣, ២៥​) ដូច្នេះ តើ​សត្រូវ​នឹង​សម្លាប់​គាត់​បាន​ទេ?

គម្ពីរ​មិន​បាន​រៀប​រាប់​ច្រើន​អំពី​អេណុក​ទេ មាន​តែ​ខ​គម្ពីរ​បី​ប៉ុណ្ណោះ​ដែល​បាន​និយាយ​យ៉ាង​ខ្លី​អំពី​អេណុក។ (​លោកុប្បត្ដិ ៥:២១​-​២៤; ហេប្រឺ ១១:៥; យូដាស ១៤, ១៥​) ក៏​ប៉ុន្ដែ ខ​ទាំង​ប៉ុន្មាន​នោះ​ល្មម​គ្រប់​គ្រាន់​ឲ្យ​យើង​យល់​អំពី​បុរស​ដែល​មាន​ជំនឿ​ដ៏​រឹង​មាំ​នេះ។ តើ​អ្នក​កំពុង​ចិញ្ចឹម​ក្រុម​គ្រួសារ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ប្រឈម​មុខ​នឹង​បញ្ហា​ដោយ​សារ​អ្នក​កាន់​ជំហរ​មាំ​មួន​ចំពោះ​អ្វី​ដែល​អ្នក​ដឹង​ថា​ជា​រឿង​ត្រឹម​ត្រូវ​ឬ​ទេ? បើ​ដូច្នោះ​មែន អ្នក​អាច​រៀន​យ៉ាង​ច្រើន​ពី​ជំនឿ​របស់​អេណុក។

‹អេណុក​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ​ពិត›

ពេល​អេណុក​កើត​មក មនុស្សជាតិ​មាន​ការ​ប្រព្រឹត្ដ​អាក្រក់​ហើយ។ អេណុក​ជា​មនុស្ស​ជំនាន់​ទី​៧​តំណ​ពី​អាដាម។ អាដាម​និង​អេវ៉ា​ធ្លាប់​មាន​ជីវិត​ល្អ​ឥត​ខ្ចោះ តែ​បាន​បាត់​បង់​វិញ។ ដូច្នេះ កូន​ចៅ​អាដាម​នៅ​សម័យ​នោះ​មាន​រូប​កាយ​ស្ទើរតែ​ល្អ​ឥត​ខ្ចោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​នៅ​តែ​មាន​អាយុ​វែង។ ប៉ុន្ដែ សីលធម៌​និង​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​អាប់​ឱន​យ៉ាង​ខ្លាំង។ មាន​អំពើ​ហិង្សា​សឹង​តែ​គ្រប់​កន្លែង។ អំពើ​បែប​នោះ​ចាប់​ផ្ដើម​មាន​តាំង​ពី​មនុស្ស​ជំនាន់​ទី២​មក​ម៉្លេះ ពេល​ដែល​កាអ៊ីន​បាន​សម្លាប់​ប្អូន​ប្រុស​គាត់​ឈ្មោះ​អេបិល។ កូន​ចៅ​ម្នាក់​របស់​កាអ៊ីន​មើល​ទៅ​ជា​មនុស្ស​ដែល​ចូល​ចិត្ដ​អំពើ​ឃោរ​ឃៅ និង​ការ​សង​សឹង​ខ្លាំង​ជាង​កាអ៊ីន​ទៅ​ទៀត! នៅ​ជំនាន់​ទី៣ មនុស្ស​ប្រព្រឹត្ដ​អាក្រក់​កាន់​តែ​ខ្លាំង។ ពេល​នោះ​មនុស្ស​ចាប់​ផ្ដើម​ហៅ​រក​នាម​ព្រះ​យេហូវ៉ា តែ​មិន​មែន​ដោយ​សារ​ចង់​គោរព​ប្រណិប័តន៍​ព្រះ​ទេ។ តាម​ពិត ពួក​គេ​បាន​ប្រើ​នាម​ដ៏​ពិសិដ្ឋ​របស់​ព្រះ តាម​របៀប​ដែល​មិន​បង្ហាញ​ការ​គោរព​ចំពោះ​លោក​ទាល់​តែ​សោះ។—លោកុប្បត្ដិ ៤:៨, ២៣​-​២៦

នៅ​សម័យ​អេណុក​ពោរ​ពេញ​ទៅ​ដោយ​ការ​គោរព​បូជា​ដែល​មិន​បង្ហាញ​ការ​គោរព​ចំពោះ​នាម​របស់​ព្រះ។ កាល​ដែល​អេណុក​ធំ​ឡើង គាត់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ថា តើ​គាត់​នឹង​ធ្វើ​តាម​មនុស្ស​អាក្រក់​ទាំង​នោះ ឬ​ក៏​ស្វែង​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​ដែល​ជា​អ្នក​បង្កើត​ផ្ទៃ​មេឃ​និង​ផែន​ដី​វិញ? គំរូ​របស់​អេបិល​ច្បាស់​ជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ដ​របស់​អេណុក។ អេបិល​បាន​ត្រូវ​គេ​សម្លាប់​ដោយ​សារ​គាត់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ដ។ ដូច​អេបិល​ដែរ អេណុក​បាន​សម្រេច​ចិត្ដ​ស្វែង​រក​ព្រះយេហូវ៉ា ហើយ​កាន់​ជំនឿ​មាំ​មួន។ នៅ​លោកុប្បត្ដិ ៥:២២ ប្រាប់​យើង​ថា​៖ ​«​[​អេណុក​]ក៏​ដើរ​ជា​មួយ​នឹង​ព្រះ[​ពិត​]​»។ ការ​បញ្ជាក់​នោះ​ស​ឲ្យ​ឃើញ​ច្បាស់​ថា​អេណុក​ជា​បុរស​ដែល​កោត​ខ្លាច​ព្រះ​ក្នុង​ពិភព​លោក​ដែល​មិន​គោរព​ព្រះ។ គាត់​ជា​មនុស្ស​ដំបូង​ដែល​គម្ពីរ​ពណ៌នា​យ៉ាង​នោះ។

ខ​គម្ពីរ​ដដែល​នោះ​ប្រាប់​ថា​អេណុក​បន្ដ​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ឬ​គោរព​ប្រណិប័តន៍​លោក​ជា​និច្ច ទោះ​ជា​ក្រោយ​ពី​គាត់​មាន​កូន​ប្រុស​ឈ្មោះ​មធូសាឡា​ហើយ​ក៏​ដោយ។ ដូច្នេះ អេណុក​ក្លាយ​ទៅ​ជា​មេ​គ្រួសារ ពេល​ដែល​គាត់​មាន​អាយុ​ប្រហែល​ជា​៦៥​ឆ្នាំ។ គាត់​មាន​ប្រពន្ធ តែ​គម្ពីរ​មិន​បាន​ប្រាប់​ឈ្មោះ​ប្រពន្ធ​របស់​គាត់​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ជាក់​លាក់​នូវ​ចំនួន‹កូន​ប្រុស​កូន​ស្រី›របស់​គាត់​ដែរ។ បើ​ឪ​ពុក​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ កាល​ដែល​កំពុង​ចិញ្ចឹម​អប់រំ​និង​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ គាត់​ច្បាស់​ជា​ព្យាយាម​ថែ​រក្សា​ក្រុម​គ្រួសារ​តាម​ការ​ណែនាំ​របស់​ព្រះ។ អេណុក​យល់​ថា​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​គាត់​រក្សា​ភាព​ស្មោះ​ត្រង់​ជា​និច្ច​ចំពោះ​ប្រពន្ធ​របស់​គាត់។ (​លោកុប្បត្ដិ ២:២៤​) ម្យ៉ាង​ទៀត អេណុក​ប្រាកដ​ជា​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាត់​បង្រៀន​កូន​អំពី​ព្រះ​យេហូវ៉ា។ តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

គម្ពីរ​មិន​សូវ​រៀប​រាប់​ច្រើន​អំពី​រឿង​នោះ​ទេ។ គម្ពីរ​មិន​បាន​ចែង​អំពី​ជំនឿ​របស់​មធូសាឡា​ដែល​ជា​កូន​ប្រុស​របស់​គាត់​ឡើយ គ្រាន់​តែ​ប្រាប់​ថា​មធូសាឡា​មាន​អាយុ​វែង​ជាង​គេ​ក្នុង​កំណត់​ហេតុ​គម្ពីរ។ នៅ​ឆ្នាំ​ដែល​មធូសាឡា​ស្លាប់ មាន​ទឹក​ជំនន់​ដ៏​ធំ​ក្រៃ​លែង​ជន់​លិច​ពិភព​លោក។ មធូសាឡា​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​ឡាមេក។ ឡាមេក​បាន​រស់​នៅ​ទាន់​អេណុក​ដែល​ជា​ជីតា​របស់​គាត់​អស់​ជាង​១០០​ឆ្នាំ។ ពេល​ឡាមេក​ធំ​ឡើង គាត់​បាន​បង្ហាញ​ជំនឿ​យ៉ាង​អស្ចារ្យ។ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ឡាមេក​ឲ្យ​ប្រាប់​ទុក​ជា​មុន​អំពី​ណូអេ​ដែល​ជា​កូន​ប្រុស​របស់​គាត់។ ទំនាយ​នោះ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​ក្រោយ​ពី​ទឹក​ជំនន់​ដ៏​ធំ​នោះ។ ដូច​អេណុក​ដែល​ជា​តា​ទួត ណូអេ​បាន​ត្រូវ​បញ្ជាក់​ថា​ជា​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​ព្រះ។ ណូអេ​មិន​ធ្លាប់​បាន​ជួប​អេណុក​ទេ។ ប៉ុន្ដែ អេណុក​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ។ ណូអេ​អាច​រៀន​អំពី​គំរូ​ដ៏​ល្អ​នោះ​ពី​ឡាមេក​ដែល​ជា​ឪ​ពុក ឬ​ពី​មធូសាឡា​ដែល​ជា​ជីតា ឬ​ក៏​ប្រហែល​ជា​ពី​យ៉ារេឌ​ដែល​ជា​ឪ​ពុក​របស់​អេណុក។ យ៉ារេឌ​បាន​ស្លាប់​ពេល​ណូអេ​អាយុ​៣៦៦​ឆ្នាំ។—លោកុប្បត្ដិ ៥:២៥​-​២៩; ៦:៩; ៩:១

សូម​គិត​អំពី​ភាព​ខុស​គ្នា​រវាង​អេណុក​និង​អាដាម។ ទោះ​ជា​អាដាម​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក្ដី តែ​គាត់​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បន្សល់​ទុក​ឲ្យ​កូន​ចៅ​របស់​គាត់​នូវ​ទុក្ខ​វេទនា និង​ចិត្ដ​គំនិត​ប្រឆាំង​បះ​បោរ។ ផ្ទុយ​ទៅ​វិញ ទោះ​ជា​អេណុក​មិន​ល្អ​ឥត​ខ្ចោះ តែ​គាត់​ដើរ​ជា​មួយ​នឹង​ព្រះ ហើយ​គាត់​ទុក​គំរូ​ល្អ​ដែល​ជា​ជំនឿ​ដ៏​អស្ចារ្យ​ឲ្យ​កូន​ចៅ​របស់​គាត់។ អាដាម​ស្លាប់ ពេល​អេណុក​មាន​អាយុ​៣០៨​ឆ្នាំ។ តើ​កូន​ចៅ​របស់​អាដាម​បាន​សោក​ស្តាយ​ដោយ​សារ​បុព្វ​បុរស​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នេះ​បាន​ស្លាប់​ឬ​ទេ? យើង​មិន​ដឹង​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អេណុក​បាន​បន្ដ​«​ដើរ​ជា​មួយ​នឹង​ព្រះ[​ពិត​]​»។—លោកុប្បត្ដិ ៥:២៤

បើ​អ្នក​កំពុង​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​រៀន​ពី​ជំនឿ​របស់​អេណុក។ ពិត​មែន​តែ​ការ​ទំនុក​បម្រុង​ក្រុម​គ្រួសារ​គឺ​សំខាន់ តែ​ការ​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត​គឺ​ការ​ជួយ​ក្រុម​គ្រួសារ​ឲ្យ​រៀន​អំពី​ព្រះ។ (​ធីម៉ូថេ​ទី១ ៥:៨​) អ្នក​អាច​ធ្វើ​ដូច្នោះ តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ដ។ បើ​អ្នក​សម្រេច​ចិត្ដ​ដើរ​ជា​មួយ​នឹង​ព្រះ​ដូច​អេណុក ចូរ​អនុញ្ញាត​ឲ្យ​ខ្នាត​តម្រា​របស់​ព្រះ​ណែនាំ​ជីវិត​អ្នក។ យ៉ាង​នោះ អ្នក​នឹង​ទុក​គំរូ​ល្អ​ប្រសើរ​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​ធ្វើ​តាម។

អេណុក​«​បាន​ប្រកាស​ទំនាយ​អំពី​អ្នក​ទាំង​នោះ​»​

អេណុក​ប្រហែល​ជា​មាន​អារម្មណ៍​ឯកោ ដោយ​សារ​មាន​តែ​គាត់​ប៉ុណ្ណោះ​ដែល​មាន​ជំនឿ​លើ​ព្រះ​ក្នុង​សង្គម​មនុស្ស​ដែល​គ្មាន​ជំនឿ​សោះ។ ប៉ុន្ដែ តើ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​គាត់​បាន​កត់​សម្គាល់​ជំនឿ​របស់​គាត់​ទេ? ព្រះ​បាន​កត់​សម្គាល់​មែន។ នៅ​ថ្ងៃ​មួយ ព្រះ​យេហូវ៉ា​បាន​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​អេណុក​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក។ ព្រះ​ឲ្យ​អេណុក​ទៅ​ប្រកាស​ប្រាប់​ដំណឹង​ដល់​មនុស្ស​នៅ​សម័យ​របស់​គាត់។ ម៉្លោះ​ហើយ ព្រះ​បាន​ជ្រើស​រើស​អេណុក​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់ ហើយ​គាត់​ជា​អ្នក​ប្រកាស​ទំនាយ​ដំបូង​ដែល​ដំណឹង​របស់​គាត់​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ យើងដឹង​ដូច្នេះ ដោយ​សារ​យូដាស​ដែល​ជា​ប្អូន​ប្រុស​របស់​លោក​យេស៊ូ បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​អំពី​ពាក្យ​សម្ដី​របស់​អេណុក ច្រើន​សតវត្សរ៍​ក្រោយ​មក។ *

តើ​ទំនាយ​របស់​អេណុក​ប្រាប់​អំពី​អ្វី? ទំនាយ​នោះ​ប្រាប់​ថា​៖ ​«​មើល! ព្រះ​យេហូវ៉ា​បាន​មក​ជា​មួយ​នឹង​ទេវតា​បរិសុទ្ធ​រាប់​ម៉ឺន​របស់​លោក ដើម្បី​ដាក់​ទោស​មនុស្ស​ទុច្ចរិត ហើយ​បញ្ជាក់​នូវ​ទោស​កំហុស​របស់​ពួក​គេ​ក្នុង​អំពើ​ទុច្ចរិត​ដែល​ពួក​គេ​បាន​ប្រព្រឹត្ដ​យ៉ាង​ទុច្ចរិត ហើយ​ស្ដី​អំពី​សម្ដី​ដ៏​គួរ​ខ្ពើម​រអើម​ដែល​មនុស្ស​ទុច្ចរិត​ជា​អ្នក​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​បាន​ពោល​ប្រឆាំង​លោក​»។ (​យូដាស ១៤, ១៥​) ចំណុច​ដំបូង​ដែល​អ្នក​ប្រហែល​ជា​កត់​សម្គាល់​គឺ​ថា​ពាក្យ​សម្ដី​អេណុក​ជា​ទម្រង់​អតីតកាល ហាក់​ដូច​ជា​ព្រះ​បាន​ធ្វើ​ឲ្យ​ទំនាយ​នោះ​កើត​ឡើង​រួច​ហើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ទំនាយ​ក្រោយ​ៗ​មក​ទៀត​មាន​លំនាំ​ដូច​គ្នា។ បើ​និយាយ​ឲ្យ​ចំ​ទៅ ទំនាយ​ដែល​ប្រកាស​ទុក​ជា​មុន​នោះ​គឺ​ច្បាស់​ដល់​ម៉្លេះ បាន​ជា​ការ​រៀប​រាប់​នោះ​ហាក់​ដូច​ជា​បាន​កើត​ឡើង​រួច​ហើយ!—អេសាយ ៤៦:១០

អេណុក​ប្រកាស​ដំណឹង​ពី​ព្រះ​ដោយ​ចិត្ដ​ក្លាហាន​ក្នុង​ពិភព​លោក​ដ៏​កាច​សាហាវ

អេណុក​ប្រហែល​ជា​បាន​ប្រកាស​ផ្សាយ​ដំណឹង​ជំនុំជម្រះ​ដល់​មនុស្ស​ទាំង​អស់ តើ​អ្នក​អាច​ស្រមៃ​ឃើញ​គាត់​កំពុង​ប្រកាស​ដំណឹង​នោះ​ឬ​ទេ? សូម​កត់​សម្គាល់​អំពី​ដំណឹង​ព្រមាន​ដ៏​ខ្លាំង​នោះ ក្នុង​ដំណឹង​នោះ​មាន​បួន​ដង​ដែល​ប្រើ​ពាក្យ​«​ទុច្ចរិត​»​ដើម្បី​ផ្ដន្ទា​ទោស​មនុស្ស និង​ការ​ប្រព្រឹត្ដ​របស់​ពួក​គេ។ ទំនាយ​នោះ​ព្រមាន​ដល់​មនុស្ស​ទាំង​អស់​ថា សង្គម​ដែល​ពួក​គេ​បាន​ស្ថាបនា​ឡើង​តាំង​ពី​ពេល​ដែល​អាដាម​និង​អេវ៉ា​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​សួន​អេដែន នោះ​គឺ​អាក្រក់​សុទ្ធសាធ។ ដូច្នេះ សង្គម​មនុស្ស​ដ៏​អាក្រក់​នោះ​នឹង​មក​ដល់​ទី​បញ្ចប់ ពេល​ព្រះ​យេហូវ៉ា​មក​ជា​មួយ​«​ទេវតា​បរិសុទ្ធ​រាប់​ម៉ឺន​»​ដែល​ជា​កង​ទ័ព​ទេវតា​ដ៏​ខ្លាំង​ក្លា ដែល​តម្រៀប​គ្នា​ប្រុង​ចូល​ច្បាំង ដើម្បី​នាំ​មក​នូវ​ការ​បំផ្លាញ​ចោល។ ដោយ​ចិត្ដ​ក្លាហាន អេណុក​បាន​ប្រកាស​ដំណឹង​ព្រមាន​ពី​ព្រះ ហើយ​គាត់​ធ្វើ​ដូច្នេះ​តែ​ម្នាក់​ឯង! ពេល​នោះ​ឡាមេក​នៅ​ក្មេង​នៅ​ឡើយ គាត់​ប្រហែល​ជា​បាន​ឃើញ​ចិត្ដ​ក្លាហាន​របស់​ជីតា​គាត់ ហើយ​គាត់​បាន​ស្ញប់​ស្ញែង​ជីតា​គាត់​យ៉ាង​ខ្លាំង។ យើង​អាច​យល់​អារម្មណ៍​របស់​ឡាមេក។

ជំនឿ​របស់​អេណុក​អាច​ជំរុញ​ចិត្ដ​យើង​ឲ្យ​សួរ​ខ្លួន​យើង​ថា តើ​យើង​មាន​ទស្សនៈ​ដូច​ព្រះ​ចំពោះ​ពិភព​លោក​ដែល​យើង​កំពុង​រស់​នៅ​នេះ​ឬ​ទេ? ដំណឹង​វិនិច្ឆ័យ​ដែល​អេណុក​បាន​ប្រកាស​យ៉ាង​ក្លាហាន​នោះ ក៏​ទាក់​ទង​នឹង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ដែរ។ ស្រប​ទៅ​តាម​ការ​ព្រមាន​របស់​អេណុក ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​មាន​ទឹក​ជំនន់​ដ៏​ធំ​ក្រៃ​លែង មក​បំផ្លាញ​មនុស្ស​ដែល​មិន​គោរព​ប្រណិប័តន៍​លោក​នៅ​សម័យ​ណូអេ។ ប៉ុន្ដែ ការ​បំផ្លាញ​នោះ​ជា​គំរូ​សម្រាប់​ការ​បំផ្លាញ​ដ៏​ធំ​ជាង ដែល​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ។ (​ម៉ាថាយ ២៤:៣៨, ៣៩; ពេត្រុស​ទី២ ២:៤​-​៦​) នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​និង​បណ្ដា​ទេវតា​ដ៏​បរិសុទ្ធ​របស់​លោក​កំពុង​ត្រៀម​ជា​ស្រេច ដើម្បី​នាំ​មក​នូវ​ការ​វិនិច្ឆ័យ​ដ៏​សុចរិត​ប្រឆាំង​នឹង​ពិភព​លោក​ដែល​មិន​គោរព​ប្រណិប័តន៍​លោក។ ដូច្នេះ យើង​ម្នាក់​ៗ​ត្រូវ​ចាំ​ជា​និច្ច​អំពី​ការ​ព្រមាន​របស់​អេណុក ហើយ​ចូល​រួម​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​ការ​ព្រមាន​នោះ។ ក្រុម​គ្រួសារ​និង​មិត្ដ​ភក្ដិ​ប្រហែល​ជា​លែង​រាប់​អាន​យើង។ ម្ដង​ម្កាល យើង​ប្រហែល​ជា​មាន​អារម្មណ៍​ឯកោ។ ប៉ុន្ដែ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​មិន​ដែល​បោះ​បង់​ចោល​អេណុក​ទេ ហើយ​លោក​ក៏​នឹង​មិន​បោះ​បង់​ចោល​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ!

​«​អេណុក​បាន​ត្រូវ​យក​ចេញ ដើម្បី​កុំ​ឲ្យ​ជួប​សេចក្ដី​ស្លាប់​»​

តើ​អេណុក​ទទួល​មរណៈ​ភាព​តាម​របៀប​ណា? មរណៈ​ភាព​របស់​អេណុក​គឺ​អាថ៌​កំបាំង​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​ជីវិត​របស់​គាត់​ទៅ​ទៀត។ កំណត់​ហេតុ​នៅ​លោកុប្បត្ដិ​ចែង​ថា​អេណុក (​ឬ​ហេណុក​) ​«​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ នោះ​គាត់​មិន​នៅ​ទៀត​ទេ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ទទួល​យក​គាត់​ទៅ​»។ (​លោកុប្បត្ដិ ៥:២៤​) តើ​តាម​របៀប​ណា​ព្រះ​បាន​យក​អេណុក​ទៅ? ក្រោយ​មក​សាវ័ក​ប៉ូល​បាន​ពន្យល់​ថា​៖ ​«​ដោយ​សារ​ជំនឿ អេណុក​បាន​ត្រូវ​យក​ចេញ ដើម្បី​កុំ​ឲ្យ​ជួប​សេចក្ដី​ស្លាប់ ហើយ​គេ​មិន​អាច​រក​គាត់​ឃើញ​ឡើយ ពី​ព្រោះ​ព្រះ​បាន​យក​គាត់​ចេញ​ហើយ ព្រោះ​មុន​ពេល​ដែល​គាត់​ត្រូវ​យក​ចេញ គាត់​ទទួល​ការ​បញ្ជាក់​ថា គាត់​បាន​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ​»។ (​ហេប្រឺ ១១:៥​) តើ​ប៉ូល​ចង់​មាន​ន័យ​អ្វី​ដោយ​និយាយ​ពាក្យ​ថា​«​បាន​ត្រូវ​យក​ចេញ ដើម្បី​កុំ​ឲ្យ​ជួប​សេចក្ដី​ស្លាប់​»​? អ្នក​បក​ប្រែ​គម្ពីរ​ខ្លះ​និយាយ​ថា​ព្រះ​យក​អេណុក​ទៅ​ស្ថាន​សួគ៌។ ប៉ុន្ដែ នេះ​មិន​អាច​ទៅ​រួច​ទេ ពី​ព្រោះ​គម្ពីរ​បង្ហាញ​ថា​លោក​យេស៊ូ​គ្រិស្ដ​ជា​បុគ្គល​ដំបូង​បង្អស់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​ទៅ​ស្ថាន​សួគ៌។—យ៉ូហាន ៣:១៣

តើ​ក្នុង​ន័យ​អ្វី​ដែល​អេណុក​«​បាន​ត្រូវ​យក​ចេញ​»​ដើម្បី​កុំ​ឲ្យ​គាត់​ជួប​«​សេចក្ដី​ស្លាប់​»​? ព្រះ​យេហូវ៉ា​ទំនង​ជា​ធ្វើ​ឲ្យ​អេណុក​ស្លាប់​ដោយ​ស្រួល និង​មិន​ឲ្យគាត់​រង​អំពើ​ហិង្សា ឬ​ឲ្យ​គាត់​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ​ឡើយ។ ប៉ុន្ដែ​មុន​ដំបូង អេណុក​បាន​ទទួល​«​ការ​បញ្ជាក់​ថា គាត់​បាន​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ​»។ តើ​តាម​របៀប​ណា? មុន​ពេល​ដែល​អេណុក​ស្លាប់ តាម​មើល​ទៅ​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត​អំពី​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។ ក្រោយ​ពី​បាន​ឃើញ​ក្នុង​គំនិត​នូវ​ការ​ពេញ​ចិត្ដ​ពី​ព្រះ​យេហូវ៉ា នោះ​អេណុក​ក៏​បាន​ស្លាប់​ទៅ។ ស្ដី​អំពី​អេណុក​និង​បុរស​ស្ដ្រី​ស្មោះ​ត្រង់​ឯ​ទៀត សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​អ្នក​ទាំង​អស់​នោះ​បាន​ស្លាប់​ដោយ​មាន​ជំនឿ​»។ (​ហេប្រឺ ១១:១៣​) លុះ​ក្រោយ​មក សត្រូវ​របស់​អេណុក​ប្រហែល​ជា​រក​សាកសព​របស់​គាត់។ ប៉ុន្ដែ ពួក​គេ​«​មិន​អាច​រក​គាត់​ឃើញ​ឡើយ​»​ នេះ​ទំនង​ជា​ដោយ​សារ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​លែង​មាន​សាកសព​គាត់​ទៀត ដើម្បី​កុំ​ឲ្យ​ពួក​សត្រូវ​ប្រមាថ​មើល​ងាយ ឬ​ប្រើ​សាកសព​គាត់​ដើម្បី​លើក​ស្ទួយ​សាសនា​មិន​ពិត។ *

ដោយ​យល់​អំពី​បទ​គម្ពីរ​ទាំង​នោះ សូម​ឲ្យ​យើង​ព្យាយាម​ស្រមៃ​គិត​អំពី​ជីវិត​ចុង​ក្រោយ​របស់​អេណុក។ សូម​ចាំ​ថា​នេះ​គ្រាន់​តែ​ជា​ហេតុ​ការណ៍​មួយ​ដែល​អាច​កើត​ឡើង​ចំពោះ​អេណុក។ អេណុក​កំពុង​រត់ គាត់​កាន់​តែ​ខ្សោះ​កម្លាំង។ ពួក​សត្រូវ​ដេញ​តាម​គាត់​យ៉ាង​ប្រកិត ពួក​គេ​មាន​កំហឹង​យ៉ាង​ខ្លាំង​ចំពោះ​ដំណឹង​វិនិច្ឆ័យ​ដែល​អេណុក​បាន​ប្រកាស។ ពេល​នោះ អេណុក​ក៏​រត់​ទៅ​លាក់​ខ្លួន​នៅ​កន្លែង​មួយ តែ​គាត់​ដឹង​ថា​គាត់​មិន​អាច​លាក់​ខ្លួន​បាន​យូរ​ទេ។ បន្ដិច​ទៀត​ពួក​សត្រូវ​ច្បាស់​ជា​រក​គាត់​ឃើញ ហើយ​ពួក​គេ​នឹង​វាយ​សម្លាប់​គាត់​យ៉ាង​សាហាវ។ កាល​ដែល​គាត់​សម្រាក​បន្ដិច គាត់​ក៏​បាន​អធិដ្ឋាន​ទៅ​ព្រះ រួច​គាត់​ក៏​មាន​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ។ បន្ទាប់​មក ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​អេណុក​ឃើញ​ក្នុង​គំនិត ហើយ​អ្វី​ដែល​គាត់​បាន​ឃើញ​នោះ​ច្បាស់​ដល់​ម៉្លេះ បាន​ជា​គាត់​គិត​ថា​គាត់​កំពុង​នៅ​ទី​នោះ​តែ​ម្ដង។

អេណុក​ទំនង​ជា​ហៀបនឹង​ត្រូវ​គេ​សម្លាប់​យ៉ាង​ឃោរ​ឃៅ តែ​ព្រះ​បាន​យក​គាត់​ទៅ

សូម​ស្រមៃ​ថា អេណុក​បាន​ឃើញ​ក្នុង​គំនិត​អំពី​ពិភព​លោក​មួយ​ដែល​ខុស​គ្នា​ស្រឡះ​ពី​ពិភព​លោក​ដែល​គាត់​កំពុង​រស់​នៅ។ តាម​មើល​ទៅ ពិភព​លោក​នោះ​ស្រស់​ស្អាត​ខ្លាំង​ណាស់​ដូច​សួន​អេដែន តែ​គ្មាន​ទេវតា​ចេរូប៊ីន​នៅ​ចាំ​យាម​ដើម្បី​កុំ​ឲ្យ​មនុស្ស​ចូល​ទៅ​ខាង​ក្នុង​ទេ។ នៅ​ទី​នោះ មនុស្ស​ច្រើន​រាប់​មិន​អស់ ទាំង​ប្រុស​ទាំង​ស្រី​មាន​សុខភាព​ល្អ មាន​កម្លាំង​កាយ​មាំ​មួន និង​ស្វាហាប់។ ពួក​គេ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ដ​រវាង​គ្នា​និង​គ្នា។ គ្មាន​ការ​ស្អប់​គ្នា គ្មាន​ការ​បៀត​បៀន​ខាង​សាសនា ដូច​ដែល​អេណុក​កំពុង​ជួប​នោះ​ឡើយ។ អេណុក​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​គាត់ ហើយ​ពេញ​ចិត្ដ​គាត់​យ៉ាង​ខ្លាំង។ គាត់​ដឹង​ច្បាស់​ថា​ទី​នោះ​ជា​កន្លែង​ដែល​គាត់​នឹង​រស់​នៅ ជា​លំនៅ​របស់​គាត់។ កាល​ដែល​គាត់​ពេញ​ទៅ​ដោយ​អារម្មណ៍​សុខ​សាន្ដ នោះ​អេណុក​ក៏​បិទ​ភ្នែក ហើយ​លុង​លក់​ស្លាប់​ទៅ។

ទោះ​ជា​អេណុក​បាន​ស្លាប់​អស់​រយៈ​ពេល​យូរ​ហើយ​ក៏​ដោយ តែ​គាត់​នៅ​ក្នុង​ការ​នឹក​ចាំ​របស់​ព្រះ​ជា​និច្ច! ដូច​សេចក្ដី​សន្យា​របស់​លោក​យេស៊ូ​ដែល​ថា នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ការ​នឹក​ចាំ​របស់​ព្រះ​នឹង​ឮ​សំឡេង​របស់​គ្រិស្ដ ហើយ​ចេញ​ពី​ផ្នូរ​មក ពេល​នោះ​ពួក​គេ​នឹង​ឃើញ​ពិភព​លោក​ថ្មី​ដ៏​សែន​ស្អាត និង​ពេញ​ទៅ​ដោយ​សន្ដិ​ភាព។—យ៉ូហាន ៥:២៨, ២៩

តើ​អ្នក​ចង់​នៅ​ទី​នោះ​ដែរ​ឬ​ទេ? សូម​គិត​ទៅ​មើល​ថា​អ្នក​នឹង​រំភើប​ចិត្ដ​ខ្លាំង​យ៉ាង​ណា​ដែល​បាន​ជួប​អេណុក។ សូម​គិត​អំពី​អ្វី​ៗ​ដែល​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ដ ដែល​អ្នក​អាច​រៀន​ពី​គាត់! អេណុក​អាច​ប្រាប់​យើង​ថា​ការ​ស្រមៃ​គិត​របស់​យើង​អំពី​ជីវិត​ចុង​ក្រោយ​របស់​គាត់​នោះ​ជា​ការ​ពិត​មែន​ឬ​យ៉ាង​ណា។ ប៉ុន្ដែ មាន​អ្វី​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​រៀន​ពី​គាត់​នៅ​ឥឡូវ​នេះ​តែ​ម្ដង។ បន្ទាប់​ពី​បាន​និយាយ​អំពី​អេណុក ប៉ូល​បាន​បន្ដ​ទៀត​ថា​៖ ​«​បើ​គ្មាន​ជំនឿ មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ​បាន​ឡើយ​»។ (​ហេប្រឺ ១១:៦​) នេះ​ជា​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​យើង​ម្នាក់​ៗ​គួរ​យក​តម្រាប់​ជំនឿ និង​ចិត្ដ​ក្លាហាន​របស់​អេណុក!

^ វគ្គ 14 បណ្ឌិត​ខ្លះ​ខាង​គម្ពីរ​អះអាង​ថា យូដាស​បាន​កត់​ទុក​សម្ដី​របស់​អេណុក ដោយ​ដក​ស្រង់​ពី​សៀវភៅ​មួយ​ឈ្មោះ​ថា​សៀវភៅ​អេណុក។ ប៉ុន្ដែ សៀវភៅ​នោះ​ជា​សៀវភៅ​រឿង​ព្រេង​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​ទេ ហើយ​មនុស្ស​ចេះ​តែ​និយាយ​ថា​អេណុក​បាន​សរសេរ​សៀវភៅ​នោះ។ សៀវភៅ​អេណុក​នោះ​ប្រាប់​ត្រឹម​ត្រូវ​អំពី​ទំនាយ​របស់​អេណុក តែ​ទំនាយ​ក្នុង​សៀវភៅ​អេណុក​នោះ​ប្រហែល​ជា​បាន​ត្រូវ​ដក​ស្រង់​ពី​ឯកសារ​មួយ​ដែល​សព្វ​ថ្ងៃ​នេះ​បាន​បាត់​បង់ ឬ​ពី​ការ​ប្រាប់​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ។ យូដាស​ប្រហែល​ជា​ដក​ស្រង់​ព័ត៌មាន​ពី​ឯកសារ​ដែល​បាន​បាត់​បង់​នោះ ឬ​ប្រហែល​ជា​គាត់​ដឹង​អំពី​អេណុក​តាម​រយៈ​លោក​យេស៊ូ ដែល​បាន​ឃើញ​ពី​ស្ថាន​សួគ៌​នូវ​ជីវិត​របស់​អេណុក។

^ វគ្គ 20 ស្រដៀង​គ្នា​ដែរ ព្រះ​ទំនង​ជា​បាន​ធ្វើ​ឲ្យ​សព​ម៉ូសេ​និង​សព​លោក​យេស៊ូ​លែង​មាន​ទៀត ដើម្បី​កុំ​ឲ្យ​អ្នក​ណា​យក​សាកសព​ពួក​គាត់​ប្រើ​ក្នុង​គោល​បំណង​មិន​ត្រឹម​ត្រូវ។—ចោទិយកថា ៣៤:៥, ៦; លូកា ២៤:៣​-​៦; យូដាស ៩