ចូរយកតម្រាប់តាមជំនឿរបស់ពួកគាត់ | យ៉ូសែប
«តើខ្ញុំជាព្រះឬអី?»
យ៉ូសែបកំពុងឈរនៅសួនច្បារក្នុងផ្ទះរបស់គាត់ កាលដែលថ្ងៃកំពុងលិច។ គាត់ទំនងជាសម្លឹងមើលដើមលម៉ើនិងដើមឈើផ្សេងៗ ថែមទាំងស្រះទឹកដែលមានផ្កា និងរាជវាំងរបស់ផារ៉ូ។ សូមស្រមៃថាគាត់បានឮសំឡេងតិចៗពីក្នុងផ្ទះ ពេលដែលម៉ាណាសេដែលជាកូនច្បងរបស់គាត់កំពុងធ្វើឲ្យអេប្រាអ៊ីមដែលជាប្អូនសើចក្អាកក្អាយ។ យ៉ូសែបអាចស្រមៃឃើញប្រពន្ធរបស់គាត់ញញឹមដោយសារកូនទាំងពីរនាក់កំពុងប្រឡែងគ្នា។ យ៉ូសែបក៏ញញឹមដែរ។ គាត់ដឹងថាព្រះបានឲ្យពរគាត់។
យ៉ូសែបបានដាក់ឈ្មោះកូនច្បងរបស់គាត់ថាម៉ាណាសេដែលមានន័យថាការធ្វើឲ្យភ្លេច។ (លោកុប្បត្ដិ ៤១:៥១) ប៉ុន្មានឆ្នាំកន្លងទៅនេះ យ៉ូសែបបានទទួលពរជាច្រើនពីព្រះ ហើយនេះប្រាកដជាបានសម្រាលទុក្ខគាត់ពីការនឹកស្រុកកំណើត បងប្អូននិងឪពុករបស់គាត់។ បងៗរបស់គាត់បានស្អប់គាត់ខ្លាំងណាស់ ហើយនេះបានផ្លាស់ប្ដូរជីវិតគាត់ទាំងស្រុង។ ពួកគេបានវាយធ្វើបាបគាត់ ហើយប៉ុនប៉ងសម្លាប់គាត់ តែក្រោយមកបានលក់គាត់ឲ្យធ្វើជាខ្ញុំបម្រើពួកឈ្មួញ។ តាំងពីពេលនោះមក ជីវិតគាត់បានផ្លាស់ប្ដូរម្ដងហើយម្ដងទៀត។ អស់រយៈពេលប្រហែលជា១២ឆ្នាំ គាត់បានស៊ូទ្រាំធ្វើជាខ្ញុំបម្រើ ហើយក្រោយមកបានជាប់គុក ព្រមទាំងជាប់ច្រវាក់អស់មួយរយៈផងដែរ។ ប៉ុន្ដែឥឡូវនេះ គាត់គឺជាអ្នកគ្រប់គ្រងទី២បន្ទាប់ពីផារ៉ូក្នុងស្រុកអេស៊ីបដ៏ខ្លាំងក្លា!
អស់ជាច្រើនឆ្នាំ យ៉ូសែបបានឃើញព្រឹត្ដិការណ៍ផ្សេងៗបានកើតឡើងដូចដែលព្រះយេហូវ៉ាបានប្រាប់ទុកជាមុន។ ឥឡូវចូលដល់រយៈពេល៧ឆ្នាំដែលបានត្រូវប្រកាសទុកជាមុនថាស្រុកអេស៊ីបនឹងមានស្រូវដ៏បរិបូរ។ យ៉ូសែបបានចាត់ចែងការប្រមូលស្រូវដ៏លើសលប់ទុកក្នុងឃ្លាំង។ ក្នុងអំឡុងពេលនោះ អាសន៉ាត់ដែលជាប្រពន្ធរបស់គាត់មានកូនប្រុសពីរនាក់។ ប៉ុន្ដែជាញឹកញយ គាត់នឹកគិតអំពីសាច់ញាតិរបស់គាត់ដែលរស់នៅរាប់រយគីឡូម៉ែត្រពីគាត់។ ជាពិសេស គាត់គិតអំពីប្អូនប្រុសគាត់ឈ្មោះបេនយ៉ាមីន និងយ៉ាកុបដែលជាឪពុកជាទីស្រឡាញ់។ យ៉ូសែបចង់ដឹងសុខទុក្ខរបស់ពួកគាត់។ ម្យ៉ាងទៀត គាត់ប្រហែលជាឆ្ងល់ថា តើបងៗរបស់គាត់បានឈប់ប្រព្រឹត្ដអំពើហិង្សាឬនៅ? ឬក៏តើគាត់អាចផ្សះផ្សាចំណងមិត្ដភាពជាមួយនឹងពួកគេបានឬទេ?
បើក្រុមគ្រួសាររបស់អ្នកបានបាក់បែកគ្នាដោយសារការច្រណែន ការក្បត់ ឬការស្អប់ នោះអ្នកប្រហែលជាមានស្ថានភាពស្រដៀងនឹងយ៉ូសែបដែរ។ តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់យ៉ូសែបកាលដែលគាត់ថែរក្សាក្រុមគ្រួសាររបស់គាត់?
«ចូរទៅឯយ៉ូសែបទៅ»
យ៉ូសែបរវល់នឹងការងារខ្លាំងណាស់ ហើយប៉ុន្មានឆ្នាំបានកន្លងទៅយ៉ាងលឿន។ ព្រះយេហូវ៉ាបានប្រាប់ទុកជាមុនតាមរយៈសុបិនរបស់ផារ៉ូថា នឹងមានការផ្លាស់ដ៏ធំក្រោយពី៧ឆ្នាំដែលមានស្រូវជាបរិបូរ ពោលគឺដីនឹងលែងបង្កើតផលទៀត! មិនយូរក្រោយមក មានអំណត់នៅគ្រប់ស្រុកទាំងអស់មែន។ ក៏ប៉ុន្ដែ គម្ពីរចែងថា«នៅស្រុកអេស៊ីព្ទទាំងមូលមានស្បៀងអាហារវិញ»។ (លោកុប្បត្ដិ ៤១:៥៤) មែនហើយ ការដែលយ៉ូសែបបកស្រាយទំនាយក្រោមការដឹកនាំរបស់ព្រះ និងការចាត់ចែងល្អរបស់គាត់ បានធ្វើឲ្យជនជាតិអេស៊ីបទទួលប្រយោជន៍។
ជនជាតិអេស៊ីបប្រហែលជាមានអារម្មណ៍ថាពួកគេជំពាក់គុណយ៉ូសែប ហើយពួកគេបានសរសើរការចាត់ចែងដ៏ល្អរបស់គាត់។ យ៉ាងណាក្ដី យ៉ូសែបមិនព្រមទទួលការសរសើរនោះទេ តែគាត់ចង់ឲ្យព្រះយេហូវ៉ាដែលជាព្រះរបស់គាត់ទទួលការសរសើរតម្កើងវិញ។ បើយើងប្រើជំនាញណាមួយដែលយើងមានក្នុងកិច្ចបម្រើព្រះដោយចិត្ដរាបទាប នោះលោកប្រហែលជាអនុញ្ញាតឲ្យយើងប្រើជំនាញរបស់យើងតាមរបៀបផ្សេងៗដែលយើងស្មានមិនដល់។
ក្រោយមក ស្រុកអេស៊ីបចាប់ផ្ដើមមានអំណត់។ ពេលជនជាតិអេស៊ីបអង្វរសុំផារ៉ូឲ្យជួយ គាត់បាននិយាយថា៖ «ចូរទៅឯយ៉ូសែបទៅ ហើយលោកុប្បត្ដិ ៤១:៥៥, ៥៦
ធ្វើតាមដែលលោកបង្គាប់ចុះ»។ ដូច្នេះ យ៉ូសែបចាប់ផ្ដើមបើកឃ្លាំងស្បៀងអាហារ ហើយជនជាតិអេស៊ីបអាចទិញតាមចំនួនដែលពួកគេត្រូវការ។—ប៉ុន្ដែ មនុស្សនៅគ្រប់ស្រុកឯទៀតមិនមានអាហារទេ។ សាច់ញាតិរបស់យ៉ូសែបដែលរស់នៅក្នុងស្រុកកាណានដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីស្រុកអេស៊ីប ក៏ខ្វះស្បៀងអាហារដែរ។ ពេលនោះយ៉ាកុបមានវ័យកាន់តែចាស់ ហើយគាត់បានឮថាមានស្រូវក្នុងស្រុកអេស៊ីប ដូច្នេះគាត់បានប្រាប់កូនប្រុសៗរបស់គាត់ឲ្យទៅទិញស្បៀងអាហារ។—លោកុប្បត្ដិ ៤២:១, ២
យ៉ាកុបបានចាត់កូនប្រុស១០នាក់របស់គាត់ឲ្យទៅ តែគាត់ទុកបេនយ៉ាមីនដែលជាកូនពៅឲ្យនៅជាមួយនឹងគាត់។ យ៉ាកុបបានចាំយ៉ាងច្បាស់អំពីអ្វីដែលបានកើតឡើងចំពោះយ៉ូសែបជាទីស្រឡាញ់ ពេលគាត់ចាត់យ៉ូសែបឲ្យទៅរកកូនច្បងឯទៀត។ នោះជាពេលចុងក្រោយដែលគាត់បានឃើញយ៉ូសែប។ នៅពេលមុន យ៉ាកុបបានឲ្យអាវស្អាតមួយទៅយ៉ូសែបដើម្បីបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់គាត់។ ប៉ុន្ដែ ក្រោយមកកូនៗច្បងបានយកអាវនោះដែលរហែកនិងប្រឡាក់ដោយឈាមមកឲ្យយ៉ាកុប។ កូនៗច្បងបានធ្វើឲ្យឪពុកជឿថាយ៉ូសែបបានត្រូវសម្លាប់ដោយសត្វសាហាវ ហើយនេះបាននាំឲ្យយ៉ាកុបខូចចិត្ដយ៉ាងខ្លាំង។—លោកុប្បត្ដិ ៣៧:៣១-៣៥
‹យ៉ូសែបក៏នឹកឃើញ›
កូនប្រុសៗរបស់យ៉ាកុបបានទៅដល់ស្រុកអេស៊ីប ក្រោយពីបានធ្វើដំណើរយ៉ាងឆ្ងាយ។ ពេលពួកគេសួររកទិញស្រូវ ពួកគេបានត្រូវបង្គាប់ឲ្យទៅជួបមន្ដ្រីជាន់ខ្ពស់ម្នាក់ឈ្មោះសាប់ន៉ាត់ផានា។ (លោកុប្បត្ដិ ៤១:៤៥) តើពួកគេដឹងថាមន្ដ្រីនោះជាយ៉ូសែបឬទេ? មិនដឹងទាល់តែសោះ។ ពួកគេគ្រាន់តែស្គាល់គាត់ថាជាមន្ដ្រីជាន់ខ្ពស់ជនជាតិអេស៊ីបម្នាក់ ដែលពួកគេត្រូវការសុំជំនួយ។ ដើម្បីបង្ហាញការគោរព នោះពួកគេបានធ្វើតាមទំនៀមទម្លាប់ដោយ«ក្រាបផ្កាប់មុខដល់ដីចំពោះគាត់»។—លោកុប្បត្ដិ ៤២:៥, ៦
ចុះយ៉ាងណាវិញយ៉ូសែប? គាត់ចំណាំបងៗរបស់គាត់ភ្លាមតែម្ដង! មិនត្រឹមតែប៉ុណ្ណោះ ពេលគាត់ឃើញពួកគេក្រាបផ្កាប់មុខដល់ដី គាត់ក៏នឹកចាំកាលដែលគាត់នៅក្មេង។ កំណត់ហេតុក្នុងគម្ពីរប្រាប់យើងថា ‹យ៉ូសែបក៏នឹកឃើញពីសប្ដិ› ដែលព្រះយេហូវ៉ាបានប្រាប់គាត់ពេលគាត់នៅក្មេង។ សុបិននោះបានប្រាប់ទុកជាមុនថាបងៗរបស់គាត់នឹងមកក្រាបផ្កាប់មុខចំពោះគាត់។ នេះជាអ្វីដែលពួកគេកំពុងធ្វើនៅឥឡូវនេះ! (លោកុប្បត្ដិ ៣៧:២, ៥-៩; ៤២:៧, ៩) តើយ៉ូសែបនឹងធ្វើយ៉ាងណា? ឱបពួកគេ? ឬក៏សងសឹក?
យ៉ូសែបដឹងថាទោះជាគាត់មានអារម្មណ៍យ៉ាងណាក៏ដោយ គាត់មិនត្រូវធ្វើតាមអារម្មណ៍របស់គាត់ភ្លាមនោះឡើយ។ ព្រឹត្ដិការណ៍ទាំងនេះពិតជាកំពុងកើតឡើងក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា។ ហេតុការណ៍ទាំងនេះជាប់ទាក់ទងនឹងបំណងប្រាថ្នារបស់ព្រះ។ លោកបានសន្យាថាលោកនឹងធ្វើឲ្យពូជពង្សរបស់យ៉ាកុបទៅជាប្រជាជាតិមួយដ៏ខ្លាំងក្លា។ (លោកុប្បត្ដិ ៣៥:១១, ១២) ដូច្នេះ បើបងប្រុសៗរបស់យ៉ូសែបនៅតែជាមនុស្សសាហាវ គិតតែពីប្រយោជន៍ខ្លួន និងមិនស្មោះត្រង់ នោះនឹងនាំឲ្យប៉ះពាល់ដល់គោលបំណងរបស់ព្រះចំពោះកូនចៅយ៉ាកុប! ម្យ៉ាងទៀត បើយ៉ូសែបធ្វើតាមអារម្មណ៍គាត់ភ្លាមដោយមិនគិត នោះគាត់ប្រហែលជានាំឲ្យបងៗរបស់គាត់ខឹង ថែមទាំងធ្វើបាបឪពុកនិងបេនយ៉ាមីនផងដែរ។ ប៉ុន្ដែ យ៉ូសែបទំនងជាឆ្ងល់ថា តើឪពុកគាត់និងបេនយ៉ាមីននៅរស់ឬក៏ស្លាប់ហើយ? ហេតុនេះ យ៉ូសែបបានសម្រេចចិត្ដលាក់អត្ដសញ្ញាណគាត់ រួចមកគាត់អាចសាកល្បងបងៗរបស់គាត់ដើម្បីដឹងថាតើបងៗគាត់បានក្លាយទៅមនុស្សបែបណា។ បន្ទាប់មក ប្រហែលជាព្រះយេហូវ៉ានឹងធ្វើឲ្យគាត់ដឹងច្បាស់ថាគាត់ត្រូវធ្វើយ៉ាងណាចំពោះពួកគេ។
សុភាសិត ១៤:១២) សូមចាំថា ការមានសន្ដិភាពជាមួយនឹងសមាជិកក្រុមគ្រួសារយើងគឺជាការសំខាន់ តែការមានសន្ដិភាពជាមួយនឹងព្រះយេហូវ៉ានិងបុត្រលោកគឺសំខាន់ជាង។—ម៉ាថាយ ១០:៣៧
អ្នកទំនងជានឹងមិនជួបប្រទះស្ថានភាពបែបនោះឡើយ។ យ៉ាងណាក្ដី ក្នុងពិភពលោកសព្វថ្ងៃនេះ ជម្លោះក្នុងក្រុមគ្រួសារនិងការបែកបាក់គ្នាកើតឡើងជាទូទៅ។ ពេលយើងជួបប្រទះនឹងទុក្ខលំបាកដូចនោះ យើងប្រហែលជាចង់ធ្វើតាមចិត្ដនិងអារម្មណ៍របស់យើងដែលមានភាពមិនល្អឥតខ្ចោះ។ ប៉ុន្ដែ ជាការល្អជាងបើយើងធ្វើតាមគំរូយ៉ូសែប ហើយព្យាយាមយល់ដឹងថាតើព្រះចង់ឲ្យយើងដោះស្រាយបញ្ហារបស់យើងតាមរបៀបណា។ (‹ខ្ញុំនឹងល្បងសាកអ្នករាល់គ្នា›
យ៉ូសែបបានចាប់ផ្ដើមធ្វើការសាកល្បងមួយចំនួនដើម្បីដឹងចិត្ដរបស់បងៗគាត់។ តាមរយៈអ្នកបកប្រែម្នាក់ យ៉ូសែបបាននិយាយជាមួយនឹងពួកគេយ៉ាងគំរោះគំរើយ ដោយចោទពួកគេថាជាពួកអ្នកស៊ើបការណ៍។ ដូច្នេះ ដើម្បីបង្ហាញថានោះជាការចោទប្រកាន់ខុស ពួកគេបានប្រាប់យ៉ូសែបអំពីក្រុមគ្រួសារពួកគេ ថែមទាំងនិយាយថាពួកគេមានប្អូនប្រុសម្នាក់នៅផ្ទះ។ ពេលឮដូច្នេះ យ៉ូសែបព្យាយាមលាក់ចិត្ដរំភើបរបស់គាត់។ តើប្អូនគាត់ពិតជានៅរស់មែនឬ? ឥឡូវ យ៉ូសែបដឹងថាគាត់ត្រូវធ្វើយ៉ាងណាហើយ។ គាត់បាននិយាយថា៖ ‹ខ្ញុំនឹងល្បងសាកអ្នករាល់គ្នា›។ រួចមក គាត់ប្រាប់ថាគាត់ត្រូវតែជួបប្អូនពៅនោះ។ ក្រោយមក យ៉ូសែបយល់ព្រមឲ្យពួកគេត្រឡប់ទៅផ្ទះវិញដើម្បីយកប្អូនពៅនោះមកជួបគាត់ បើអ្នកណាម្នាក់ក្នុងចំណោមពួកគេសុខចិត្ដនៅជាប់ចំណងក្នុងគុក។—លោកុប្បត្ដិ ៤២:៩-២០
កាលបងៗរបស់យ៉ូសែបបានពិគ្រោះគ្នាអំពីរឿងនោះ ពួកគេមិនដឹងថាយ៉ូសែបយល់អ្វីដែលពួកគេកំពុងនិយាយទេ។ ពួកគេបានបន្ទោសខ្លួនអំពីអំពើខុសឆ្គងដែលពួកគេបានធ្វើ២០ឆ្នាំមុន។ ពួកគេនិយាយគ្នាថា៖ «ប្រាកដជាយើងមានទោសដោយព្រោះប្អូនយើងហើយ ពីព្រោះយើងបានឃើញសេចក្ដីទុក្ខព្រួយក្នុងចិត្ដវា ក្នុងកាលដែលវាអង្វរដល់យើងនោះ តែយើងមិនបានស្តាប់តាមវាសោះ គឺដោយហេតុនោះឯង បានជាសេចក្ដីទុក្ខព្រួយនេះបានធ្លាក់មកលើយើងរាល់គ្នាវិញ»។ យ៉ូសែបយល់អ្វីដែលពួកគេកំពុងនិយាយ ហើយគាត់ក៏បែរមុខចេញដើម្បីកុំឲ្យពួកគេដឹងថាគាត់យំ។ (លោកុប្បត្ដិ ៤២:២១-២៤) យ៉ាងណាក្ដី យ៉ូសែបដឹងថាការប្រែចិត្ដពិតមិនគ្រាន់តែជាអារម្មណ៍សោកស្តាយចំពោះផលអាក្រក់ដែលមកពីការប្រព្រឹត្ដអាក្រក់ណាមួយប៉ុណ្ណោះទេ។ ហេតុនេះ យ៉ូសែបបានបន្ដការសាកល្បងទៀត។
យ៉ូសែបបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ តែគាត់ឃុំស៊ីម្មានក្នុងគុកសិន។ ម្យ៉ាងទៀត គាត់ប្រាប់ឲ្យអ្នកបម្រើលាក់ប្រាក់ក្នុងបាវស្បៀងអាហាររបស់ពួកគេ។ រួចមក បងប្អូនទាំងនោះបានធ្វើដំណើរទៅផ្ទះវិញ។ ពេលពួកគេទៅដល់ផ្ទះ ពួកគេព្យាយាមអង្វរយ៉ាកុបអនុញ្ញាតឲ្យពួកគេនាំបេនយ៉ាមីនជាទីស្រឡាញ់ ទៅស្រុកអេស៊ីបជាមួយនឹងពួកគេ។ ពេលពួកគេបានទៅដល់ស្រុកអេស៊ីបវិញ ពួកគេប្រាប់អ្នកបម្រើរបស់យ៉ូសែបអំពីប្រាក់ដែលពួកគេបានឃើញក្នុងបាវស្បៀងអាហារ ហើយសុំប្រគល់ប្រាក់គ្រប់ចំនួនទៅយ៉ូសែបវិញ។ ទង្វើនេះគឺល្អណាស់ តែយ៉ូសែបចង់ដឹងថែមទៀតអំពីធាតុពិតរបស់ពួកគេ។ យ៉ូសែបបានចាត់គេឲ្យរៀបចំអាហារឲ្យបងប្អូនរបស់គាត់។ ពេលគាត់ឃើញបេនយ៉ាមីន គាត់ស្ទើរតែទប់អារម្មណ៍ពុំបាន។ ក្រោយមក យ៉ូសែបបានអនុញ្ញាតឲ្យពួកគេទៅផ្ទះវិញ ដោយមានស្បៀងអាហារជាច្រើនដែរ។ ប៉ុន្ដែ លើកនេះយ៉ូសែបបានបង្គាប់អ្នកបម្រើឲ្យលាក់ពែងប្រាក់ក្នុងបាវរបស់បេនយ៉ាមីន។—លោកុប្បត្ដិ ៤២:២៦–៤៤:២
បន្ទាប់មក យ៉ូសែបបានធ្វើតាមគម្រោងការរបស់គាត់។ គាត់បានចាត់អ្នកបម្រើឲ្យដេញតាមចាប់បងប្អូនរបស់គាត់ ហើយចោទពួកគេអំពីបទលួច។ ពេលពែងប្រាក់បានត្រូវរកឃើញក្នុងបាវរបស់បេនយ៉ាមីន នោះពួកគេទាំងអស់គ្នាបានត្រូវនាំត្រឡប់ទៅដំណាក់របស់យ៉ូសែបវិញ។ ឥឡូវនេះ យ៉ូសែបមានឱកាសស្វែងយល់ថាតើបងប្អូនរបស់គាត់ជាមនុស្សបែបណា។ យូដាបានធ្វើជាអ្នកនិយាយតំណាងបងប្អូនគាត់។ គាត់បានអង្វរយ៉ូសែបឲ្យបង្ហាញសេចក្ដីមេត្ដាករុណាចំពោះពួកគេទាំង១១នាក់។ ពួកគេថែមទាំងសុខចិត្ដធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីបទៀតផង។ ក៏ប៉ុន្ដែ យ៉ូសែបបានបដិសេធ ហើយនិយាយថាមានតែបេនយ៉ាមីនម្នាក់ប៉ុណ្ណោះដែលត្រូវធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប តែពួកគេឯទៀតត្រូវចាកចេញពីស្រុកអេស៊ីបវិញ។—លោកុប្បត្ដិ ៤៤:២-១៧
យូដាបានតបឆ្លើយដោយក្ដុកក្ដួលថា៖ ‹នៅសល់តែបេនយ៉ាមីនម្នាក់ឯងទេ ហើយឪពុកស្រឡាញ់គាត់ណាស់›។ ពាក្យទាំងនេះច្បាស់ជាបានធ្វើឲ្យយ៉ូសែបរំជួលចិត្ដ ពីព្រោះគាត់ជាកូនច្បងរបស់រ៉ាជែលដែលជាប្រពន្ធជាទីស្រឡាញ់របស់យ៉ាកុប។ រ៉ាជែលបានស្លាប់ពេលគាត់សម្រាលបេនយ៉ាមីន។ ដូចយ៉ាកុបជាឪពុកដែរ យ៉ូសែបប្រាកដជាចងចាំក្នុងចិត្ដឥតភ្លេចអំពីពេលដែលរ៉ាជែលនៅរស់។ នេះប្រហែលជាធ្វើឲ្យយ៉ូសែបស្រឡាញ់បេនយ៉ាមីនខ្លាំងជាងស្រឡាញ់បងៗរបស់គាត់។—លោកុប្បត្ដិ ៣៥:១៨-២០; ៤៤:២០
យូដាបន្ដអង្វរយ៉ូសែបកុំឲ្យទុកបេនយ៉ាមីនធ្វើជាខ្ញុំបម្រើឡើយ។ យូដាថែមទាំងសុខចិត្ដធ្វើជាខ្ញុំបម្រើជំនួសបេនយ៉ាមីនទៀតផង។ បន្ទាប់មក គាត់និយាយពាក្យអង្វរសុំដែលគួរឲ្យអាណិតថា៖ «ដ្បិតបើក្មេងនេះមិនបានទៅជាមួយហើយ នោះធ្វើដូចម្ដេចឡើយឲ្យខ្ញុំប្របាទឡើងទៅឯឪពុករបស់ខ្ញុំប្របាទបាន ខ្លាចក្រែងខ្ញុំឃើញសេចក្ដីអាក្រក់ដែលនឹងកើតដល់ឲ្យពុកខ្ញុំប្របាទ»។ (លោកុប្បត្ដិ ៤៤:១៨-៣៤) នេះជាភ័ស្ដុតាងដែលបញ្ជាក់ ថាយូដាបានកែប្រែទាំងស្រុង។ គាត់មិនគ្រាន់តែបង្ហាញថាគាត់បានប្រែចិត្ដប៉ុណ្ណោះទេ តែគាត់ថែមទាំងបង្ហាញគុណសម្បត្ដិដ៏គួរឲ្យសរសើរ ដូចជាចិត្ដអាណិតអាសូរ ការលះបង់ប្រយោជន៍ខ្លួន និងសេចក្ដីមេត្ដាករុណា។
យ៉ូសែបមិនអាចទប់អារម្មណ៍បានទៀតទេ។ គាត់បានបង្គាប់អ្នកបម្រើទាំងអស់ឲ្យចេញពីដំណាក់គាត់ រួចមកគាត់បានយំយ៉ាងខ្លាំងរហូតឮដល់ដំណាក់ផារ៉ូ។ បន្ទាប់មក គាត់បង្ហាញអត្ដសញ្ញាណរបស់គាត់ដោយពោលថា៖ «ខ្ញុំនេះជាយ៉ូសែប ជាប្អូនអ្នករាល់គ្នា»។ គាត់បានឱបពួកគេហើយអភ័យទោសឲ្យពួកគេទាំងអស់គ្នាចំពោះអ្វីដែលពួកគេបានធ្វើមកលើគាត់។ ប៉ុន្ដែ បងប្អូនរបស់គាត់បានភ្ញាក់ផ្អើល។ (លោកុប្បត្ដិ ៤៥:១-១៥) យ៉ាងនេះ យ៉ូសែបបានបង្ហាញគុណសម្បត្ដិរបស់ព្រះយេហូវ៉ា ដែលអត់ទោសជាបរិបូរ។ (ទំនុកតម្កើង ៨៦:៥) តើយើងធ្វើដូច្នេះដែរឬទេ?
«ឯងនៅរស់នៅឡើយ»!
ពេលផារ៉ូឮអ្វីដែលបានកើតឡើងនៅដំណាក់របស់យ៉ូសែប គាត់បានអញ្ជើញយ៉ូសែបឲ្យនាំយកឪពុកដែលមានវ័យចាស់និងសាច់ញាតិទាំងអស់ឲ្យមករស់នៅក្នុងស្រុកអេស៊ីប។ មិនយូរប៉ុន្មានក្រោយមក យ៉ូសែបបានជួបឪពុកជាទីស្រឡាញ់របស់គាត់ម្ដងទៀត។ យ៉ាកុបបានយំហើយនិយាយថា៖ «ឥឡូវនេះ បើអញស្លាប់ក៏ស្លាប់ចុះ ដ្បិតអញបានឃើញមុខឯងដែលឯងនៅរស់នៅឡើយ»។—លោកុប្បត្ដិ ៤៥:១៦-២៨; ៤៦:២៩, ៣០
តាមពិត យ៉ាកុបបានបន្ដរស់១៧ឆ្នាំទៀតក្នុងស្រុកអេស៊ីប។ គាត់រស់យូររហូតដល់អាចផ្ដល់ពរពីព្រះដល់កូនប្រុសទាំង១២នាក់។ ចំពោះយ៉ូសែបដែលជាកូនទី១១វិញ យ៉ាកុបបានឲ្យពរមួយជាពីរ ដែលជាធម្មតាសម្រាប់កូនច្បង។ កុលសម្ព័ន្ធពីររបស់ជនជាតិអ៊ីស្រាអែលនឹងចេញមកពីយ៉ូសែប។ ចុះយ៉ាងណាវិញយូដាដែលជាកូនទី៤ និងជាអ្នកដែលបានតំណាងបងប្អូនឯទៀតក្នុងការបង្ហាញថាពួកគេបានប្រែចិត្ដ? គាត់បានទទួលពរដ៏អស្ចារ្យ ពោលគឺមេស្ស៊ីនឹងលេចមកតាមរយៈវង្សត្រកូលរបស់គាត់!—លោកុប្បត្ដិ ជំពូកទី៤៨និង៤៩
យ៉ាកុបបានស្លាប់ពេលគាត់មានអាយុ១៤៧ឆ្នាំ។ ឥឡូវ បងៗរបស់យ៉ូសែបខ្លាចថាយ៉ូសែបដែលមានអំណាចខ្លាំងក្លានឹងសងសឹកពួកគេវិញ។ ប៉ុន្ដែ ដោយសេចក្ដីស្រឡាញ់ យ៉ូសែបបានជួយពួកគេឲ្យមានទំនុកចិត្ដថាគាត់នឹងមិនធ្វើដូច្នេះឡើយ។ គាត់តែងតែចាត់ទុកថាការដែលក្រុមគ្រួសារគាត់រើទៅស្រុកអេស៊ីបគឺដោយសារព្រះយេហូវ៉ា ដូច្នេះបងៗរបស់គាត់គួរឈប់បន្ទោសខ្លួនឯងចំពោះអ្វីដែលបានកើតឡើង។ ដើម្បីជួយពួកគេឲ្យកាន់តែមានទំនុកចិត្ដ គាត់ក៏សួរសំណួរនេះថា៖ «តើខ្ញុំជាព្រះឬអី?»។ (លោកុប្បត្ដិ ១៥:១៣; ៤៥:៧, ៨; ៥០:១៥-២១) យ៉ាងនេះ យ៉ូសែបយល់ឃើញថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលជាចៅក្រមដ៏ល្អឥតខ្ចោះ ហើយជាអ្នកដែលមានសិទ្ធិវិនិច្ឆ័យក្ដី។ ម៉្លោះហើយ គាត់ទំនងជាគិតថា តើគាត់ជាអ្នកណាទៅដែលដាក់ទោសអស់អ្នកដែលព្រះយេហូវ៉ាបានអត់ទោសឲ្យ?—ហេប្រឺ ១០:៣០
តើអ្នកធ្លាប់គិតថាពិបាកអភ័យទោសឲ្យអ្នកដទៃឬទេ? ជាពិសេស ពេលអ្នកណាម្នាក់បានធ្វើបាបយើងដោយចេតនា នោះយើងពិបាកអត់ទោសឲ្យគាត់ណាស់។ ក៏ប៉ុន្ដែ បើយើងអភ័យទោសដោយអស់ពីចិត្ដចំពោះអ្នកដែលបានប្រែចិត្ដស្មោះ នោះយើងនឹងជួយពួកគេឲ្យសប្បាយចិត្ដឡើងវិញ រួមទាំងខ្លួនយើងផងដែរ។ លើសជាងនោះទៅទៀត យើងនឹងយកតម្រាប់ជំនឿយ៉ូសែប ហើយធ្វើតាមគំរូព្រះយេហូវ៉ាដែលជាបិតាប្រកបដោយសេចក្ដីមេត្ដាករុណា។