លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​យក​តម្រាប់​តាម​ជំនឿ​របស់​ពួក​គាត់ | រេបិកា

‹ខ្ញុំ​ព្រម​ទៅ›

‹ខ្ញុំ​ព្រម​ទៅ›

រេបិកា​កំពុង​សម្លឹង​មើល​ទៅ​ផ្លូវ​ដ៏​រដិប​រដុប​ដែល​នៅ​ខាង​មុខ​នាង កាល​ដែល​ថ្ងៃ​កាន់​តែ​ជ្រេ​ទៅ​ៗ។ ក្រោយ​ពី​ធ្វើ​ដំណើរ​អស់​ប៉ុន្មាន​សប្ដាហ៍ នាង​ក៏​អាច​ទម្លាប់​ខ្លួន​អង្គុយ​លើ​សត្វ​អូដ្ឋ​ដែល​ដើរ​យោល​ចុះ​យោល​ឡើង។ ឥឡូវ​នាង​បាន​ចេញ​ដំណើរ​យ៉ាង​ឆ្ងាយ​អស់​រាប់​រយ​គីឡូ​ម៉ែត្រ​ពី​ស្រុក​កំណើត​របស់​នាង​ដែល​នៅ​ហារ៉ាន ហើយ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ឆៀង​ខាង​កើត។ នាង​ប្រហែល​ជា​លែង​បាន​ជួប​ក្រុម​គ្រួសារ​នាង​ទៀត​ហើយ។ នាង​ច្បាស់​ជា​មាន​ចម្ងល់​ជា​ច្រើន​អំពី​អនាគត​របស់​នាង ជា​ពិសេស​កាល​ដែល​នាង​ធ្វើ​ដំណើរ​ជិត​ដល់​គោល​ដៅ។

ក្បួន​សត្វ​អូដ្ឋ​របស់​ពួក​គេ​បាន​ធ្វើ​ដំណើរ​ចូល​ជ្រៅ​ក្នុង​ស្រុក​កាណាន ហើយ​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​ស្រុកត្បូង​ក្នុង​ស្រុក​កាណាន​នោះ​កាន់​តែ​ពិបាក​ជាង។ (​លោកុប្បត្ដិ ២៤:៦២​) នៅ​តាម​ផ្លូវ រេបិកា​ទំនង​ជា​បាន​ឃើញ​សត្វ​ចៀម ហើយ​នៅ​ទី​នោះ​ជា​តំបន់​ដាច់​ស្រយាល និង​មិន​សូវ​មាន​ទឹក​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ទេ។ យ៉ាង​ណា​ក្ដី នៅ​មាន​ដី​ដែល​មាន​ស្មៅ​អាច​ចិញ្ចឹម​សត្វ​បាន​ច្រើន។ បុរស​វ័យ​ចំណាស់​ដែល​ជា​អ្នក​នាំ​ផ្លូវ គាត់​ស្គាល់​ភូមិសាស្ដ្រ​យ៉ាង​ច្បាស់។ គាត់​រំភើប​ចិត្ដ​ចង់​ប្រាប់​ដំណឹង​ល្អ​ដល់​ម្ចាស់​របស់​គាត់​ខ្លាំង​ណាស់​ថា​រេបិកា​នឹង​ទៅ​ជា​ប្រពន្ធ​របស់​អ៊ីសាក! ចំណែក​ឯ​រេបិកា​ច្បាស់​ជា​ឆ្ងល់​ថា តើ​ជីវិត​នាង​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ស្រុក​ដែល​នាង​កំពុង​ទៅ​នោះ? តើ​អ៊ីសាក​ដែល​ជា​កូន​កំលោះ​របស់​នាង​មាន​លក្ខណៈ​បែប​ណា? ពួក​គេ​ទាំង​ពីរ​នាក់​មិន​ដែល​ជួប​គ្នា​សោះ! តើ​ពេល​អ៊ីសាក​ឃើញ​រេបិកា គាត់​នឹង​ពេញ​ចិត្ដ​នាង​ទេ? ហើយ​តើ​រេបិកា​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​គាត់?

នៅ​ប្រទេស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ការ​រៀប​ចំ​គូ​ស្រករ​ឲ្យ​កូន​មើល​ទៅ​ប្រហែល​ជា​រឿង​ចម្លែក​ណាស់។ ប៉ុន្ដែ​នៅ​ប្រទេស​ផ្សេង​ទៀត ការ​រៀប​ចំ​ដូច​នោះ​គឺ​ជា​រឿង​ធម្មតា។ ទោះ​ជា​អ្នក​មាន​វប្បធម៌​បែប​ណា​ក៏​ដោយ អ្នក​ប្រហែល​ជា​យល់​ស្រប​ថា​រេបិកា​មិន​ដឹង​ថា​ជីវិត​របស់​នាង​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ។ យ៉ាង​ណា​ក្ដី នាង​ជា​ស្ដ្រី​ម្នាក់​ដែល​មាន​ជំនឿ​និង​ចិត្ដ​ក្លាហាន​យ៉ាង​អស្ចារ្យ។ ពេល​យើង​ជួប​ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត យើង​ត្រូវ​ការ​គុណ​សម្បត្ដិ​ទាំង​ពីរ​នោះ។ ស្ដី​អំពី​ជំនឿ រេបិកា​ក៏​មាន​គុណ​សម្បត្ដិ​ឯ​ទៀត​ដែរ។

«​ខ្ញុំ​នឹង​ដង​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​»

នៅ​ថ្ងៃ​មួយ អ្វី​ដែល​រេបិកា​តែង​តែ​ធ្វើ​ជា​ធម្មតា​បាន​ផ្លាស់​ប្ដូរ​ជីវិត​នាង​ទាំង​ស្រុង។ នាង​បាន​ធំ​ឡើង​នៅ​ស្រុក​ហារ៉ាន ជា​ក្រុង​មួយ​ក្នុង​តំបន់​មេសូប៉ូតាមៀ។ ឪ​ពុក​ម្ដាយ​របស់​នាង​គឺ​ខុស​ប្លែក​ពី​មនុស្ស​ភាគ​ច្រើន​នៅ​ស្រុក​ហារ៉ាន។ ពួក​គាត់​មិន​បាន​គោរព​បូជា​ព្រះ​ស៊ីន​ដែល​ជា​ព្រះ​នៃ​ព្រះ​ច័ន្ទ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​របស់​ពួក​គាត់​គឺ​ព្រះ​យេហូវ៉ា។—លោកុប្បត្ដិ ២៤:៥០

រេបិកា​ធំ​ឡើង​ជា​ស្ដ្រី​ម្នាក់​ដ៏​សែន​ស្អាត តែ​នាង​មិន​មែន​ជា​មនុស្ស​សោះ​អង្គើយ ឬ​គិត​តែ​ពី​រូប​សម្ផស្ស​របស់​ខ្លួន​ឡើយ។ នាង​ជា​ស្ដ្រី​ដែល​មាន​កម្លាំង​និង​មាន​ចិត្ដ​ក្លាហាន ហើយ​រក្សា​សីលធម៌​ខ្ពស់​ក្នុង​ការ​រស់​នៅ។ ថ្វី​ត្បិត​តែ​ក្រុម​គ្រួសារ​នាង​ធូរ​ធារ​ល្មម​ដើម្បី​មាន​អ្នក​បម្រើ​ច្រើន​ក្ដី តែ​ឪ​ពុក​ម្ដាយ​របស់​រេបិកា​មិន​បាន​ទម្រើស​នាង ឬ​ចាត់​ទុក​នាង​ដូច​ជា​ព្រះ​នាង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នាង​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ឲ្យ​ចេះ​ធ្វើ​ការ​នឿយ​ហត់។ ដូច​ស្ដ្រី​ជា​ច្រើន​នៅ​សម័យ​នោះ រេបិកា​ត្រូវ​ធ្វើ​កិច្ច​ការ​ផ្ទះ​ជា​ច្រើន រួម​ទាំង​ដង​ទឹក​សម្រាប់​ក្រុម​គ្រួសារ​ផង​ដែរ។ នៅ​ពេល​ល្ងាច នាង​តែង​លី​ក្អម​សម្រាប់​ដាក់​ទឹក​ហើយ​ដើរ​ឆ្ពោះ​ទៅ​អណ្ដូង​ទឹក។—លោកុប្បត្ដិ ២៤:១១, ១៥, ១៦

នៅ​ល្ងាច​មួយ ក្រោយ​ពី​នាង​ដង​ទឹក​រួច ស្រាប់​តែ​មាន​បុរស​វ័យ​ចាស់​ម្នាក់​រត់​មក​ជួប​នាង ហើយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្ដិច​សិន​»។ ពាក្យ​សុំ​របស់​បុរស​នោះ​ពិត​ជា​គួរ​សម​និង​ថ្លៃ​ថ្នូរ​ណាស់! រេបិកា​បាន​ឃើញ​ថា​បុរស​នោះ​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ។ ដូច្នេះ នាង​ប្រញាប់​ដាក់​ទឹក​ចុះ​ឲ្យ​គាត់​ពិសា។ បុរស​នោះ​មិន​មែន​ពិសា​បន្ដិច​ម្ដង​ៗ​ទេ តែ​គាត់​លើក​អក​ទឹក​ត្រជាក់​ឆ្ងាញ់​នោះ​តែ​ម្ដង។ នាង​ក៏​កត់​សម្គាល់​ដែរ​ថា បុរស​នោះ​មាន​សត្វ​អូដ្ឋ​១០​ដែល​លត់​ជង្គង់​នៅ​ក្បែរ​នោះ ហើយ​ឃើញ​ថា​ស្នូក​ដែល​ដាក់​ទឹក​ឲ្យ​អូដ្ឋ​ផឹក​នោះ​មិន​ទាន់​មាន​ទឹក​នៅ​ឡើយ​ទេ។ នាង​ឃើញ​បុរស​នោះ​មើល​មក​នាង​ដោយ​ចិត្ដ​សប្បុរស​និង​ដោយ​យក​ចិត្ដ​ទុក​ដាក់ ដូច្នេះ​នាង​ក៏​ចង់​បង្ហាញ​ចិត្ដ​សប្បុរស​ចំពោះ​គាត់​តាម​ដែល​អាច​ធ្វើ​បាន។ នាង​ក៏​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ដង​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ទាល់​តែ​ឆ្អែត​ដែរ​»។—លោកុប្បត្ដិ ២៤:១៧​-​១៩

សូម​កត់​សម្គាល់​ថា​រេបិកា​មិន​គ្រាន់​តែ​ដង​ទឹក​ឲ្យ​អូដ្ឋ​ទាំង​១០​នោះ​ផឹក​ប៉ុណ្ណោះទេ តែ​នាង​ដង​ឲ្យ​ពួក​វា​ផឹក​ទាល់​តែ​ឆ្អែត។ ជា​ធម្មតា សត្វ​អូដ្ឋ​មួយ​ក្បាល​ដែល​ស្រែក​ទឹក​ខ្លាំង វា​ប្រហែល​ជា​ផឹក​ទឹក​អស់​ជាង​៩៥​លីត្រ! ដូច្នេះ​បើ​អូដ្ឋ​១០​ដែល​ស្រេក​ទឹក​ខ្លាំង រេបិកា​ច្បាស់​ជា​ត្រូវ​ដង​ទឹក​ឲ្យ​ពួក​វា​ផឹក​អស់​រាប់​ម៉ោង​ឯ​ណោះ។ ប៉ុន្ដែ តាម​មើល​ទៅ​សត្វ​អូដ្ឋ​ទាំង​នោះ​ទំនង​ជា​មិន​ស្រេក​ទឹក​ខ្លាំង​ទេ។ * ក៏​ប៉ុន្ដែ ពេល​ដែល​រេបិកា​សុំ​ដង​ទឹក​ឲ្យ​អូដ្ឋ​ទាំង​នោះ​ផឹក តើ​នាង​បាន​ដឹង​ថា​ពួក​វា​មិន​សូវ​ស្រេក​ទឹក​ឬ​ទេ? នាង​មិន​បាន​ដឹង​ទេ។ ផ្ទុយ​ទៅ​វិញ នាង​ស្ម័គ្រ​ចិត្ដ​ធ្វើ​កិច្ច​ការ​ដ៏​នឿយ​ហត់​នោះ​ដោយ​ចិត្ដ​រំភើប ដើម្បី​បង្ហាញ​ការ​រាក់​ទាក់​ចំពោះ​បុរស​វ័យ​ចាស់​ដែល​នាង​មិន​ស្គាល់។ បុរស​នោះ​ក៏​យល់​ព្រម​ឲ្យ​នាង​ដង​ទឹក​ឲ្យ​សត្វ​អូដ្ឋ​ផឹក។ រួច​មក គាត់​តាម​មើល​នាង​យ៉ាង​យក​ចិត្ដ​ទុក​ដាក់ កាល​ដែល​នាង​រត់​ទៅ​រត់​មក​ដង​ទឹក​ចាក់​ទៅ​ក្នុង​ស្នូក​ឲ្យ​សត្វ​អូដ្ឋ​ផឹក។—លោកុប្បត្ដិ ២៤:២០, ២១

រេបិកា​ជា​មនុស្ស​ឧស្សាហ៍​និង​មាន​ចិត្ដ​ទូលាយ

គំរូ​របស់​រេបិកា​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ យើង​រស់​នៅ​ក្នុង​គ្រា​ដែល​មនុស្ស​គិត​តែ​ប្រយោជន៍​ខ្លួន​ខ្លាំង​បំផុត។ ដូច​ទំនាយ​បាន​ប្រាប់​ទុក​ជា​មុន​ថា​មនុស្ស​នឹង​«​ស្រឡាញ់​តែ​ខ្លួន​ឯង​»​ ហើយ​មិន​ព្រម​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​អ្នក​ឯ​ទៀត​ទេ។ (​ធីម៉ូថេ​ទី២ ៣:១​-​៥​) ប៉ុន្ដែ ស្ដ្រី​វ័យ​ក្មេង​នៅ​សម័យ​បុរាណ​នោះ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន ដោយ​រត់​ទៅ​រត់​មក​ដើម្បី​ដង​ទឹក​ពី​អណ្ដូង។ ដូច្នេះ គ្រិស្ដ​សាសនិក​ដែល​ចង់​យក​ឈ្នះ​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន ពួក​គេ​គួរ​រំពឹង​គិត​អំពី​គំរូ​របស់​រេបិកា​ក្នុង​គម្ពីរ។

រេបិកា​ច្បាស់​ជា​បាន​ដឹង​ថា​បុរស​វ័យ​ចាស់​នោះ​កំពុង​សម្លឹង​មើល​នាង។ គាត់​មើល​នាង​មិន​មែន​ក្នុង​លក្ខណៈ​មិន​សមរម្យ​ណា​មួយ​ឡើយ តែ​ដោយ​ការ​កោត​ស្ងើច និង​ដោយ​ចិត្ដ​រីក​រាយ​វិញ។ ពេល​រេបិកា​ដង​ទឹក​រួច​ហើយ គាត់​ឲ្យ​គ្រឿង​អលង្ការ​ជា​ច្រើន​ដ៏​មាន​តម្លៃ​ដល់​នាង! រួច​គាត់​សួរ​នាង​ថា​៖ ​«​នាង​ជា​កូន​អ្នក​ណា​សូម​ប្រាប់​ខ្ញុំ​ផង ហើយ​នៅ​ផ្ទះ​ឪ​ពុក​នាង តើ​មាន​កន្លែង​ណា​ល្មម​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​បាន​ឬ​ទេ?​»។ ពេល​នាង​ប្រាប់​គាត់​អំពី​ក្រុម​គ្រួសារ​របស់​នាង គាត់​ត្រេក​អរ​ខ្លាំង​ណាស់។ រួច​មក នាង​បន្ដ​និយាយ​ដោយ​ចិត្ដ​រំភើប​ទៀត​ថា​៖ ​«​នៅ​ផ្ទះ​ខ្ញុំ​មាន​ចំបើង​នឹង​ស្មៅ​ជា​បរិបូរ ហើយ​កន្លែង​សំ​រាប់​ស្នាក់​នៅ​ក៏​មាន​ដែរ​»។ នេះ​ជា​ការ​អញ្ជើញ​ដ៏​សប្បុរស​ខ្លាំង​ណាស់ ពី​ព្រោះ​មាន​អ្នក​រួម​ដំណើរ​ដែល​មក​ជា​មួយ​នឹង​បុរស​វ័យ​ចាស់​នោះ​ដែរ។ រួច​មក នាង​ក៏​រត់​ទៅ​មុន​ពួក​គេ ដើម្បី​ប្រាប់​ម្ដាយ​របស់​នាង​អំពី​អ្វី​ដែល​បាន​កើត​ឡើង។—លោកុប្បត្ដិ ២៤:២២​-​២៨, ៣២

រេបិកា​ច្បាស់​ជា​បាន​ត្រូវ​អប់រំ​ឲ្យ​ចេះ​ទទួល​អ្នក​ឯ​ទៀត​យ៉ាង​រាក់​ទាក់។ នៅ​សព្វ​ថ្ងៃ​នេះ យើង​មិន​សូវ​ឃើញ​មាន​មនុស្ស​ដែល​មាន​គុណ​សម្បត្ដិ​ដូច​នេះទេ។ នេះ​ជា​មូលហេតុ​មួយ​ទៀត​ដែល​យើង​គួរ​យក​តម្រាប់​ជំនឿ​របស់​ស្ដ្រី​វ័យ​ក្មេង​នេះ​ដែល​មាន​ចិត្ដ​សប្បុរស។ ជំនឿ​លើ​ព្រះ​គួរ​ធ្វើ​ឲ្យ​យើង​ទទួល​អ្នក​ឯ​ទៀត​យ៉ាង​រាក់​ទាក់ ពី​ព្រោះ​ព្រះ​យេហូវ៉ា​មាន​ចិត្ដ​ទូលាយ លោក​សប្បុរស​ចំពោះ​មនុស្ស​ទាំង​អស់ ហើយ​លោក​ចង់​ឲ្យ​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​ធ្វើ​ដូច្នេះ​ដែរ។ ពេល​យើង​បង្ហាញ​ចិត្ដ​ទូលាយ​ចំពោះ​មនុស្ស​ឯ​ទៀត សូម្បី​តែ​ចំពោះ​អ្នក​ដែល​មិន​អាច​ឲ្យ​យើង​វិញ នោះ​យើង​ដឹង​ថា​បិតា​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ដ​នឹង​យើង។—ម៉ាថាយ ៥:៤៤​-​៤៦; ពេត្រុស​ទី១ ៤:៩

‹អ្នក​ត្រូវ​យក​ប្រពន្ធ​មក​ឲ្យ​កូន​របស់​ខ្ញុំ›

តើ​បុរស​ដែល​នៅ​ឯ​អណ្ដូង​ទឹក​នោះ​ជា​នរណា? គាត់​ជា​អ្នក​បម្រើ​របស់​អាប្រាហាំ ហើយ​អាប្រាហាំ​ជា​ប្អូន​ប្រុស​ជីតា​របស់​រេបិកា។ ហេតុ​នេះ បេធូអែល​ដែល​ជា​ឪ​ពុក​រេបិកា​បាន​ទទួល​ស្វាគមន៍​អ្នក​បម្រើ​នោះ​ឲ្យ​ចូល​ក្នុង​ផ្ទះ។ អ្នក​បម្រើ​នោះ​ប្រហែល​ជា​ឈ្មោះ​អេលាស៊ើរ។ * ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​គាត់​ឲ្យ​ពិសា​អាហារ តែ​គាត់​បាន​បដិសេធ​ថា​គាត់​មិន​បរិភោគ​ទេ រហូត​ទាល់​តែ​គាត់​បាន​ប្រាប់​អំពី​មូលហេតុ​ដែល​គាត់​មក​ទី​នេះ។ (​លោកុប្បត្ដិ ២៤:៣១​-​៣៣​) យើង​អាច​ស្រមៃ​ឃើញ​ថា​អេលាស៊ើរ​បាន​រៀប​រាប់​ដោយ​រំភើប​ចិត្ដ ដោយ​សារ​គាត់​បាន​ឃើញ​ភ័ស្ដុតាង​ជាក់​ស្ដែង​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​បាន​ឲ្យ​ពរ​គាត់​ចំពោះ​ភារកិច្ច​ដ៏​សំខាន់​នេះ។ តើ​តាម​របៀប​ណា?

សូម​ស្រមៃ​គិត​ថា​អេលាស៊ើរ​កំពុង​រៀប​រាប់​រឿង​របស់​គាត់​ដោយ​ចិត្ដ​រំភើប​ប្រាប់​បេធូអែល​ដែល​ជា​ឪ​ពុក​រេបិកា និង​ឡាបាន់​ដែល​ជា​បង​ប្រុស​របស់​នាង។ ពួក​គេ​ស្តាប់​គាត់​និយាយ​យ៉ាង​ជក់​ចិត្ដ។ គាត់​ប្រាប់​ពួក​គេ​ថា​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ពរ​យ៉ាង​ច្រើន​ដល់​អាប្រាហាំ​ក្នុង​ស្រុក​កាណាន ហើយ​ថា​អាប្រាហាំ​និង​សារ៉ា​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​អ៊ីសាក ដែល​ជា​អ្នក​ស្នង​មត៌ក​ទាំង​អស់។ អាប្រាហាំ​បាន​ចាត់​អ្នក​បម្រើ​នេះ​ឲ្យ​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​មួយ គឺ​គាត់​ត្រូវ​រក​ប្រពន្ធ​ឲ្យ​អ៊ីសាក​ក្នុង​ចំណោម​សាច់​ញាតិ​របស់​អាប្រាហាំ ដែល​រស់​នៅ​ស្រុក​ហារ៉ាន។—លោកុប្បត្ដិ ២៤:៣៤​-​៣៨

អាប្រាហាំ​បាន​ឲ្យ​អេលាស៊ើរ​ស្បថ​ថា​គាត់​នឹង​មិន​រក​ប្រពន្ធ​ពី​ស្ដ្រី​ក្នុង​ស្រុក​កាណាន​ឲ្យ​អ៊ីសាក​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​ជន​ជាតិ​កាណាន​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ។ អាប្រាហាំ​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​បំណង​ដាក់​ទោស​ពួក​មនុស្ស​ទាំង​នោះ​ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ដ​អំពើ​អាក្រក់។ អាប្រាហាំ​មិន​ចង់​ឲ្យ​អ៊ីសាក​ដែល​ជា​កូន​សំណព្វ​របស់​គាត់​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្ស​ទាំង​នោះ ហើយ​ធ្វើ​តាម​របៀប​រស់​នៅ​របស់​ពួក​គេ​ដែល​ប្រាស​ចាក​សីលធម៌​ឡើយ។ គាត់​ក៏​ដឹង​ដែរ​ថា​កូន​ប្រុស​របស់​គាត់​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​សេចក្ដី​សន្យា​របស់​ព្រះ។—លោកុប្បត្ដិ ១៥:១៦; ១៧:១៩; ២៤:២​-​៤

អេលាស៊ើរ​ក៏​បាន​ប្រាប់​ដែរ​ថា ពេល​គាត់​ទៅ​ដល់​អណ្ដូង​ដែល​នៅ​ជិត​ស្រុក​ហារ៉ាន គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ គាត់​បាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​រក​នារី​ម្នាក់​សម្រាប់​រៀប​ការ​ជា​មួយ​នឹង​អ៊ីសាក។ តើ​តាម​របៀប​ណា? អេលាស៊ើរ​បាន​អធិដ្ឋាន​សុំ​ព្រះ​ឲ្យ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ស្ដ្រី​ណា​ដែល​មក​ឯ​អណ្ដូង​ទឹក ហើយ​នាង​មិន​គ្រាន់​តែ​ឲ្យ​ទឹក​គាត់​ផឹក​ប៉ុណ្ណោះ​ទេ តែ​ក៏​ឲ្យ​ទឹក​សត្វ​អូដ្ឋ​របស់​គាត់​ផឹក​ដែរ គឺ​ស្ដ្រី​នោះ​ហើយ​ដែល​ព្រះ​ចង់​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​អ៊ីសាក។ (​លោកុប្បត្ដិ ២៤:១២​-​១៤​) ដូច្នេះ តើ​អ្នក​ណា​បាន​ចេញ​មក​ឯ​អណ្ដូង​ទឹក ហើយ​ធ្វើ​ដូច​ដែល​គាត់​បាន​អធិដ្ឋាន​សុំ? គឺ​រេបិកា! សូម​ស្រមៃ​គិត​ថា​រេបិកា​មាន​អារម្មណ៍​យ៉ាង​ណា​ទៅ ពេល​នាង​បាន​ឮ​រឿង​ដែល​អេលាស៊ើរ​បាន​រៀប​រាប់​ប្រាប់​ក្រុម​គ្រួសារ​នាង!

ពេល​ឮ​អំពី​អ្វី​ដែល​អេលាស៊ើរ​ប្រាប់ នោះ​បេធូអែល​និង​ឡាបាន់​បាន​រំភើប​ចិត្ដ​យ៉ាង​ខ្លាំង។ ពួក​គេ​និយាយ​ថា​៖ ​«​ការ​នេះ​សំ​រេច​តែ​ពី​ព្រះ​យេហូវ៉ា​ទេ​»។ ដូច្នេះ ពួក​គេ​ក៏​ព្រម​លើក​រេបិកា​ឲ្យ​អ៊ីសាក។ (​លោកុប្បត្ដិ ២៤:៥០​-​៥៤​) ប៉ុន្ដែ តើ​នេះ​មាន​ន័យ​ថា​ពួក​គេ​មិន​ចាំ​បាច់​សួរ​យោបល់​ពី​រេបិកា​ទេ?

ប៉ុន្មាន​សប្ដាហ៍​មុន​នោះ អេលាស៊ើរ​បាន​សួរ​អាប្រាហាំ​ថា​៖ ‹ចុះ​បើ​ស្ដ្រី​នោះ​មិន​ព្រម​មក​តាម​ខ្ញុំ?›។ អាប្រាហាំ​ឆ្លើយ​ថា​៖ ​«​នោះ​ឯង​នឹង​បាន​រួច​ពី​សម្បថ ដែល​អញ​ឲ្យ​ឯង​ស្បថ​នេះ​»។ (​លោកុប្បត្ដិ ២៤:៣៩, ៤១​) ដូច្នេះ បេធូអែល​មិន​បង្ខំ​ចិត្ដ​រេបិកា​ទេ តែ​គាត់​ទុក​ឲ្យ​នាង​សម្រេច​ចិត្ដ។ អេលាស៊ើរ​សប្បាយ​ចិត្ដ​ណាស់​ដែល​ភារកិច្ច​របស់​គាត់​បាន​សម្រេច ដូច្នេះ​គាត់​សួរ​បេធូអែល​ថា តើ​គាត់​អាច​នាំ​រេបិកា​ទៅ​ស្រុក​កាណាន​ភ្លាម​ៗ​បាន​ទេ? ប៉ុន្ដែ ក្រុម​គ្រួសារ​បេធូអែល​ចង់​ឲ្យ​នាង​ស្នាក់​នៅ​ជា​មួយ​នឹង​ពួក​គេ​យ៉ាង​ហោច​ណាស់​១០​ថ្ងៃ​ទៀត​ដែរ។ ម៉្លោះ​ហើយ ពួក​គេ​សម្រេច​គ្នា​ថា​៖ ​«​ចាំ​យើង​ហៅ​នាង​មក​សួរ​សិន​»។—លោកុប្បត្ដិ ២៤:៥៧

នេះ​គឺ​ជា​ការ​សម្រេច​ចិត្ដ​ដ៏​ពិបាក​ក្នុង​ជីវិត​របស់​រេបិកា។ តើ​នាង​នឹង​ឆ្លើយ​យ៉ាង​ណា? តើ​នាង​នឹង​ធ្វើ​ខ្លួន​គួរ​ឲ្យ​អាណិត​ដោយ​អង្វរ​ឪ​ពុក​និង​បង​ប្រុស​កុំ​ឲ្យ​នាង​ទៅ​ស្រុក​ដែល​នាង​មិន​ស្គាល់​ឬ​ទេ? ឬ​មួយ​ក៏​នាង​នឹង​ចាត់​ទុក​ការ​រួម​ចំណែក​ក្នុង​រឿង​ដែល​ព្រះ​យេហូវ៉ា​កំពុង​ដឹក​នាំ​ថា​ជា​ឯកសិទ្ធិ​វិញ? ចម្លើយ​របស់​រេបិកា​បាន​បង្ហាញ​អំពី​អារម្មណ៍​របស់​នាង​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ភ្លាម​ៗ​ក្នុង​ជីវិត ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​នាង​ព្រួយ​បារម្ភ។ យ៉ាង​ណា​ក៏​ដោយ នាង​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ព្រម​ទៅ›។—លោកុប្បត្ដិ ២៤:៥៨

នាង​ពិត​ជា​ស្ដ្រី​ដែល​បាន​ទុក​គំរូ​ល្អ​មែន! នៅ​សព្វ​ថ្ងៃ​នេះ ទំនៀម​ទម្លាប់​ស្ដី​អំពី​ការ​រើស​គូ​ស្រករ​ប្រហែល​ជា​ខុស​គ្នា​ពី​សម័យ​នោះ តែ​យើង​នៅ​តែ​អាច​ទាញ​មេ​រៀន​យ៉ាង​ច្រើន​ពី​គំរូ​របស់​រេបិកា។ អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​នាង មិន​មែន​ជា​ចំណង់​ចំណូល​ចិត្ដ​របស់​នាង​ទេ តែ​គឺ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​នាង​វិញ។ នៅ​សព្វ​ថ្ងៃ​នេះ បណ្ដាំ​របស់​ព្រះ​នៅ​តែ​ផ្ដល់​ការ​ណែនាំ​ដ៏​ល្អ​បំផុត​ចំពោះ​ការ​ជ្រើស​រើស​គូ​ស្រករ ពោល​គឺ​គួរ​ជ្រើសរើស​មនុស្ស​បែប​ណា​មក​ធ្វើ​ជា​គូ​អនាគត និង​របៀប​ធ្វើ​ជា​ប្ដី​ឬ​ប្រពន្ធ​ល្អ។ (​កូរិនថូស​ទី២ ៦:១៤, ១៥; អេភេសូរ ៥:២៨​-​៣៣​) យើង​គួរ​ធ្វើ​តាម​គំរូ​របស់​រេបិកា ហើយ​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។

‹តើ​បុរស​នោះ​ជា​អ្នក​ណា?›

ក្រុម​គ្រួសារ​របស់​បេធូអែល​បាន​ឲ្យ​ពរ​ដល់​រេបិកា​ដែល​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ។ រួច​មក រេបិកា​និង​ដេបូរ៉ា​ដែល​ជា​មេ​ដោះ​របស់​នាង ព្រម​ទាំង​ស្ដ្រី​បម្រើ​ខ្លះ​ទៀត​បាន​ចេញ​ដំណើរ​ទៅ​ជា​មួយ​នឹង​អេលាស៊ើរ​និង​ពួក​បុរស​របស់​គាត់។ (​លោកុប្បត្ដិ ២៤:៥៩​-​៦១; ៣៥:៨​) មិន​យូរ​ក្រោយ​មក ពួក​គេ​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ពី​ស្រុក​ហារ៉ាន។ ដើម្បី​ទៅ​ដល់​ទិស​ដៅ ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ​៨០០​គីឡូ​ម៉ែត្រ ហើយ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​ពេល​អស់​បី​សប្ដាហ៍​ដែរ។ ការ​ធ្វើ​ដំណើរ​នោះ​ប្រហែល​ជា​មិន​ស្រួល​ទេ។ ទោះ​ជា​រេបិកា​ធ្លាប់​ឃើញ​សត្វ​អូដ្ឋ​ច្រើន​រាប់​មិន​អស់​ក៏​ពិត​មែន តែ​យើង​មិន​អាច​សន្និដ្ឋាន​ថា​នាង​ពូកែ​ជិះ​សត្វ​អូដ្ឋ​ទេ។ គម្ពីរ​ប្រាប់​ថា​ក្រុម​គ្រួសារ​របស់​នាង​ជា​អ្នក​គង្វាល​ចៀម មិន​មែន​ជា​អ្នក​ជំនួញ​ដែល​ប្រើ​ក្បួន​សត្វ​អូដ្ឋ​នោះ​ឡើយ។ (​លោកុប្បត្ដិ ២៩:១០​) ជា​ធម្មតា​អ្នក​ដែល​ជិះ​សត្វ​អូដ្ឋ​លើក​ដំបូង​ច្រើន​តែ​ត្អូញត្អែរ​ថា​ពិបាក​ជិះ​ណាស់ ទោះ​ជា​ជិះ​បាន​តែ​មួយ​ភ្លែត​ក្ដី!

ផ្ទុយ​ទៅ​វិញ រេបិកា​ផ្ដោត​អារម្មណ៍​ទៅ​លើ​អនាគត ហើយ​យក​ចិត្ដ​ទុក​ដាក់​ស្តាប់​អ្វី​ដែល​អេលាស៊ើរ​រៀប​រាប់​អំពី​អ៊ីសាក​និង​ក្រុម​គ្រួសារ​របស់​គាត់។ សូម​ស្រមៃ​ថា នៅ​ពេល​ល្ងាច​កាល​ដែល​ពួក​គេ​អង្គុយ​ជុំ​វិញ​ភ្នក់​ភ្លើង បុរស​វ័យ​ចាស់​នោះ​កំពុង​និយាយ​ប្រាប់​នាង​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាប្រាហាំ​ដែល​ជា​សម្លាញ់​របស់​លោក។ ព្រះ​បាន​សន្យា​ថា​ពូជ​សន្យា​នឹង​កើត​មក​ពី​វង្ស​ត្រកូល​របស់​អាប្រាហាំ ហើយ​ពូជ​នោះ​នឹង​ផ្ដល់​ពរ​ដល់​មនុស្ស​ទាំង​អស់។ ពេល​រេបិកា​ឮ​អំពី​រឿង​នោះ​នាង​ច្បាស់​ជា​រំភើប​ចិត្ដ​ខ្លាំង​ណាស់ ដែល​នាង​ដឹង​ថា​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​កើត​ឡើង​តាម​រយៈ​នាង​និង​អ៊ីសាក​ដែល​ជា​អនាគត​ប្ដី​របស់​នាង!—លោកុប្បត្ដិ ២២:១៥​-​១៨

រេបិកា​បង្ហាញ​ចិត្ដ​រាប​ទាប​ជា​គុណ​សម្បត្ដិ​ដែល​កម្រ​រក​បាន​និង​មាន​តម្លៃ​ណាស់

ដូច​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ កាល​ដែល​ក្បួន​សត្វ​អូដ្ឋ​បាន​មក​ដល់​ស្រុកត្បូង ហើយ​ថ្ងៃ​រៀប​អស្ដង្គត រេបិកា​បាន​ឃើញ​បុរស​ម្នាក់​កំពុង​នៅ​ឯ​វាល។ មើល​ទៅ​បុរស​នោះ​កំពុង​សញ្ជឹង​គិត។ រួច​មក​នាង​«​ក៏​លោត​ចុះ​ពី​លើ​អូដ្ឋ​»​ទោះ​ជា​សត្វ​អូដ្ឋ​ប្រហែល​ជា​មិន​ទាន់​លុត​ជង្គង់​ចុះ​ក្ដី។ បន្ទាប់​មក រេបិកា​ក៏​សួរ​បុរស​វ័យ​ចាស់​ថា​៖ ​«​អ្នក​ណា​ន៏ ដែល​ដើរ​កាត់​វាល​ដំ​រង់​មក​ឯ​យើង​នោះ​»។ ពេល​នាង​ដឹង​ថា​បុរស​នោះ​ជា​អ៊ីសាក នាង​ក៏​យក​ស្បៃ​មក​បាំង​មុខ។ (​លោកុប្បត្ដិ ២៤:៦២​-​៦៥​) ហេតុ​អ្វី​នាង​ធ្វើ​ដូច្នេះ? ពី​ព្រោះ​នេះ​បង្ហាញ​ថា​នាង​ច្បាស់​ជា​គោរព​អនាគត​ប្ដី​របស់​នាង។ ប៉ុន្ដែ​នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ខ្លះ​ប្រហែល​ជា​គិត​ថា​ទំនៀម​ទម្លាប់​បែប​នោះ​ហួស​សម័យ​ហើយ។ យ៉ាង​ណា​ក៏​ដោយ បុរស​និង​ស្ដ្រី​អាច​រៀន​អំពី​ចិត្ដ​រាប​ទាប​របស់​រេបិកា។ យើង​ទាំង​អស់​គ្នា​ក៏​ចង់​មាន​គុណ​សម្បត្ដិ​ដូច​នាង​ដែរ។

អ៊ីសាក​ប្រហែល​ជា​មាន​អាយុ​៤០​ឆ្នាំ។ ទោះ​ជា​សារ៉ា​ដែល​ជា​ម្ដាយ​របស់​គាត់​បាន​ស្លាប់​ប្រហែល​ជា​បី​ឆ្នាំ​ទៅ​ហើយ​ក្ដី តែ​គាត់​នៅ​តែ​កើត​ទុក្ខ​នៅ​ឡើយ។ យ៉ាង​នេះ យើង​អាច​ដឹង​ថា​អ៊ីសាក​ជា​បុរស​កក់​ក្ដៅ​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ នេះ​ច្បាស់​ជា​ពរ​មួយ​សម្រាប់​អ៊ីសាក​ដែល​មាន​ប្រពន្ធ​ជា​មនុស្ស​ឧស្សាហ៍ មាន​ចិត្ដ​ទូលាយ និង​ចិត្ដ​រាប​ទាប! ដូច្នេះ អ៊ីសាក​និង​រេបិកា​ពិត​ជា​សម​គ្នា​ណាស់ មែន​ទេ? គម្ពីរ​ប្រាប់​យ៉ាង​ចំ​ៗ​ថា​៖ ‹គាត់​ស្រឡាញ់​នាង›។—លោកុប្បត្ដិ ២៤:៦៧; ២៦:៨

ទោះ​បី​ជា​រេបិកា​បាន​រស់​នៅ​ប្រហែល​ជា​៣៩​សតវត្សរ៍​មុន​ក៏​ដោយ តែ​គុណ​សម្បត្ដិ​របស់​នាង​ទាក់​ទាញ​ចិត្ដ​យើង​ឲ្យ​ស្រឡាញ់​នាង។ យើង​ច្បាស់​ជា​កោត​ស្ងើច​នាង​ដោយ​សារ​នាង​មាន​ចិត្ដ​ក្លាហាន ឧស្សាហ៍​ព្យាយាម ចេះ​ទទួល​អ្នក​ឯ​ទៀត​យ៉ាង​រាក់​ទាក់ និង​មាន​ចិត្ដ​រាប​ទាប មែន​ទេ? ទោះ​បើ​យើង​ទាំង​អស់​គ្នា​ក្មេង​ចាស់ ប្រុស​ស្រី នៅ​លីវ​ឬ​រៀប​ការ​ហើយ​ក្ដី យើង​គួរ​យក​តម្រាប់​ជំនឿ​របស់​នាង!

^ វគ្គ 10 នៅ​ពេល​នោះ​ជា​ពេល​ល្ងាច​ហើយ។ ក្នុង​កំណត់​ហេតុ​មិន​បាន​រៀប​រាប់​ថា​រេបិកា​នៅ​ឯ​អណ្ដូង​ទឹក​អស់​រាប់​ម៉ោង​នោះ​ទេ។ ម្យ៉ាង​ទៀត កំណត់​ហេតុ​មិន​បាន​ប្រាប់​ថា​ក្រុម​គ្រួសារ​នាង​កំពុង​ដេក​លក់​នៅ​ពេល​ដែល​នាង​បាន​ដង​ទឹក​រួច ឬ​ថា​អ្នក​ណា​ម្នាក់​ទៅ​រក​នាង​ដោយ​សារ​បាត់​នាង​យូរ​ពេក​នោះ​ឡើយ។

^ វគ្គ 15 ទោះ​ជា​ក្នុង​កំណត់​ហេតុ​នេះ​គ្មាន​ឈ្មោះ​អេលាស៊ើរ​ក្ដី តែ​គាត់​ទំនង​ជា​អ្នក​បម្រើ​ដែល​អាប្រាហាំ​បាន​ចាត់​ឲ្យ​ទៅ។ នៅ​ពេល​មួយ​អាប្រាហាំ​មាន​បំណង​ឲ្យ​មត៌ក​ទាំង​អស់​ទៅ​អេលាស៊ើរ ក្នុង​ករណី​ដែល​គាត់​គ្មាន​អ្នក​ស្នង​ត្រកូល។ ដូច្នេះ​អេលាស៊ើរ​ច្បាស់​ជា​អ្នក​បម្រើ​ដែល​មាន​វ័យ​ចាស់​ជាង​គេ និង​ជា​អ្នក​ដែល​អាប្រាហាំ​ទុក​ចិត្ដ​បំផុត។ ក្នុង​អត្ថបទ​នេះ​ក៏​បាន​រៀប​រាប់​ថា​អ្នក​បម្រើ​នោះ​ក៏​មាន​លក្ខណៈ​ដូច​នោះ​ដែរ។—លោកុប្បត្ដិ ១៥:២; ២៤:២​-​៤