អត្ថបទអំពីក្របទស្សនាវដ្ដី | ពេលមនុស្សជាទីស្រឡាញ់ស្លាប់
វិធីសម្រាលទុក្ខអ្នកដែលមានទុក្ខសោក
តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនមិនអាចសម្រាលទុក្ខអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ឬទេ? ពេលខ្លះ យើងប្រហែលជាមានអារម្មណ៍ថាយើងមិនដឹងជាត្រូវនិយាយអ្វីឬធ្វើអ្វីដើម្បីជួយសម្រាលទុក្ខគាត់ទេ ដូច្នេះយើងនៅស្ងៀមហើយមិនធ្វើអ្វីសោះ។ ប៉ុន្ដែ មានវិធីខ្លះៗដែលយើងអាចជួយពួកគាត់បាន។
ជាញឹកញយ អ្វីដែលអ្នកត្រូវធ្វើគឺនៅជិតអ្នកដែលកើតទុក្ខ ហើយនិយាយពាក្យធម្មតាដូចជា«ខ្ញុំសូមចូលរួមសោកស្តាយផង»។ នៅប្រទេសជាច្រើនមានទម្លាប់ឱប ឬចាប់កាន់ដៃអ្នកដែលមានទុក្ខ នេះជាវិធីដ៏មានប្រសិទ្ធភាពក្នុងការបង្ហាញការយកចិត្ដទុកដាក់ចំពោះបុគ្គលនោះ។ បើអ្នកដែលមានទុក្ខសោកចង់និយាយប្រាប់អ្នក សូមស្តាប់ដោយយល់អារម្មណ៍គាត់។ សំខាន់បំផុត ក្នុងអំឡុងពេលនោះ សូមជួយធ្វើកិច្ចការខ្លះសម្រាប់ក្រុមគ្រួសារសព បើពួកគាត់ត្រូវការ ដោយសារពួកគាត់កំពុងកាន់ទុក្ខ ប្រហែលជាពួកគាត់មិនអាចធ្វើកិច្ចការខ្លះបានទេ ដូចជាធ្វើម្ហូប មើលថែកូន ឬរៀបចំបុណ្យសពជាដើម។ ការជួយដូច្នេះប្រហែលជាល្អជាងការប៉ិននិយាយ។
មួយរយៈពេលក្រោយមក អ្នកប្រហែលជាឃើញថាអ្នកអាចនិយាយអំពីអ្នកដែលបានស្លាប់ទៅ។ ប្រហែលជាអ្នកនិយាយអំពីលក្ខណៈល្អ ឬបទពិសោធន៍ដ៏សប្បាយរបស់គាត់។ ការសន្ទនាដូចនោះអាចធ្វើឲ្យអ្នកកាន់ទុក្ខញញឹមបាន។ ជាឧទាហរណ៍ ប្ដីរបស់បងផេម ឈ្មោះអៀនបានស្លាប់ទៅអស់៦ឆ្នាំហើយ។ បងផេមនិយាយថា៖ «ជួនកាល អ្នកខ្លះបានប្រាប់ខ្ញុំ
អំពីរឿងល្អៗដែលបងអៀនធ្លាប់ធ្វើ។ ខ្ញុំមិនដែលដឹងអំពីរឿងនោះពីមុនទេ។ នេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អវិញ»។តាមការស្រាវជ្រាវបង្ហាញថាមនុស្សជាច្រើនដែលមានទុក្ខធ្ងន់ ទទួលជំនួយនិងការសម្រាលទុក្ខពីសាច់ញាតិនិងមិត្ដភក្ដិតែមុនដំបូងប៉ុណ្ណោះ ដោយសារតែអ្នកទាំងនោះក៏ជាប់រវល់នឹងកិច្ចការប្រចាំថ្ងៃរបស់ខ្លួនដែរ។ ដូច្នេះ សូមព្យាយាមទាក់ទងគាត់ជាទៀងទាត់ ក្រោយពីគាត់បាត់បង់ក្រុមគ្រួសារគាត់។ * មនុស្សជាច្រើនដែលមានទុក្ខសោក ពិតជាដឹងគុណនិងឲ្យតម្លៃខ្លាំងណាស់ចំពោះឱកាសដែលពួកគាត់អាចប្រាប់អំពីអារម្មណ៍កើតទុក្ខដល់អ្នកដែលមកសួរសុខទុក្ខ។
សូមពិចារណាអំពីបទពិសោធន៍របស់ប្អូនស្រីជប៉ុនម្នាក់ឈ្មោះខាអូរី។ នាងឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីម្ដាយរបស់នាងបានស្លាប់ ហើយ១៥ខែក្រោយមកបងស្រីរបស់នាងក៏បានស្លាប់ទៅដែរ។ ប៉ុន្ដែ ល្អណាស់ដែលនាងនៅតែបន្ដទទួលជំនួយពីមិត្ដភក្ដិស្មោះត្រង់ជាច្រើននាក់។ មិត្ដម្នាក់របស់ខាអូរី ឈ្មោះរីតស៊ុកុដែលមានវ័យចាស់ជាងនាង បានសុំធ្វើជាមិត្ដជិតស្និទ្ធរបស់នាង។ ខាអូរីប្រាប់ថា៖ «និយាយឲ្យត្រង់ទៅ ខ្ញុំមិនសប្បាយចិត្ដទេ។ ខ្ញុំមិនចង់ឲ្យអ្នកណាម្នាក់មកជំនួសម្ដាយរបស់ខ្ញុំឡើយ ហើយក៏គ្មានអ្នកណាអាចជំនួសម្ដាយខ្ញុំបានដែរ។ ប៉ុន្ដែ ទង្វើរបស់ម៉ាក់រីតស៊ុកុចំពោះខ្ញុំ ធ្វើឲ្យខ្ញុំជិតស្និទ្ធនឹងគាត់។ រាល់សប្ដាហ៍ យើងចេញទៅផ្សព្វផ្សាយជាមួយគ្នា ហើយចូលរួមកិច្ចប្រជុំគ្រិស្ដសាសនិកជាមួយគ្នា។ គាត់បានអញ្ជើញខ្ញុំឲ្យញ៉ាំទឹកតែជាមួយនឹងគាត់ យកអាហារមកឲ្យខ្ញុំ ហើយសរសេរសំបុត្រជាច្រើនឲ្យខ្ញុំ។ ទស្សនៈល្អរបស់ម៉ាក់រីតស៊ុកុបានមានឥទ្ធិពលល្អមកលើខ្ញុំ»។
កន្លងទៅអស់១២ឆ្នាំហើយដែលម្ដាយរបស់ខាអូរីបានស្លាប់ ហើយនៅសព្វថ្ងៃនេះនាងនិងប្ដីនាងកំពុងបម្រើជាអ្នកផ្សព្វផ្សាយពេញពេល។ ខាអូរីនិយាយថា៖ «ម៉ាក់រីតស៊ុកុនៅតែបង្ហាញការយកចិត្ដទុកដាក់ចំពោះខ្ញុំ។ ពេលខ្ញុំត្រឡប់ទៅតំបន់របស់ខ្ញុំវិញ ខ្ញុំតែងតែទៅលេងគាត់ហើយសប្បាយសេពគប់ជាមួយនឹងគាត់»។
មានបទពិសោធន៍របស់បុគ្គលម្នាក់ទៀតឈ្មោះប៉ូលីដែលជាសាក្សីព្រះយេហូវ៉ាម្នាក់ក្នុងប្រទេសស៊ីប។ គាត់ក៏បានទទួលការគាំទ្រជានិច្ចដូចបទពិសោធន៍ខាងលើដែរ។ ប៉ូលីមានប្ដីឈ្មោះសហ្ស៊ូសជាបុរសដែលមានចិត្ដសប្បុរស។ សហ្ស៊ូសជាគង្វាលគ្រិស្ដសាសនិកម្នាក់។ គាត់បានទុកគំរូល្អ ដោយច្រើនតែអញ្ជើញកូនកំព្រានិងស្ដ្រីមេម៉ាយមកផ្ទះពួកគាត់ដើម្បីសេពគប់និងបរិភោគជាមួយគ្នា។ (យ៉ាកុប ១:២៧) គួរឲ្យសោកស្តាយណាស់ សហ្ស៊ូសបានស្លាប់ពេលមានអាយុ៥៣ឆ្នាំដោយជំងឺមហារីកខួរក្បាល។ ប៉ូលីនិយាយថា៖ «ខ្ញុំបានបាត់បង់ប្ដីដ៏ស្មោះត្រង់។ យើងបាននៅជាមួយគ្នាអស់៣៣ឆ្នាំ»។
ក្រោយពីធ្វើបុណ្យសពរួច ប៉ូលីបានរើទៅនៅប្រទេសកាណាដាជាមួយនឹងកូនប្រុសពៅឈ្មោះដានីយ៉ែលដែលមានអាយុ១៥ឆ្នាំ។ នៅទីនោះ ពួកគាត់បានបន្ដចូលរួមក្រុមជំនុំសាក្សីព្រះយេហូវ៉ា។ ប៉ូលីប្រាប់ថា៖ «មិត្ដភក្ដិក្នុងក្រុមជំនុំថ្មីមិនបានដឹងអំពីស្ថានភាពពិបាករបស់យើងនៅអតីតកាលទេ។ ទោះជាយ៉ាងនោះក្ដី ពួកគេនៅតែមកជិតសួរសុខទុក្ខហើយឱបយើងដោយនិយាយពាក្យសប្បុរស ព្រមទាំងផ្ដល់ជំនួយផ្សេងៗដល់យើងផងដែរ។ ជំនួយទាំងនោះគឺពិតជាមានប្រយោជន៍ខ្លាំងណាស់ ជាពិសេសនៅពេលដែលកូនប្រុសខ្ញុំនឹកឪពុករបស់គាត់! ពួកអ្នកដែលនាំមុខក្នុងក្រុមជំនុំបានយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះដានីយ៉ែល។ ជាពិសេសអ្នកចាស់ទុំម្នាក់តែងតែហៅដានីយ៉ែលជានិច្ច ពេលមានកម្មវិធីសេពគប់គ្នាឬទៅលេងបាល់»។ នៅសព្វថ្ងៃនេះ ទាំងម្ដាយទាំងកូនប្រុសបន្ដទទួលការសម្រាលទុក្ខនិងមានអារម្មណ៍សប្បាយចិត្ដឡើងវិញ។
ពិតណាស់មានវិធីផ្សេងៗជាច្រើនដែលយើងអាចផ្ដល់ជំនួយ និងការសម្រាលទុក្ខដល់ពួកអ្នកដែលមានទុក្ខសោក។ ម្យ៉ាងទៀត ក្នុងគម្ពីរក៏ផ្ដល់ការសម្រាលទុក្ខតាមរយៈសេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់អនាគតដែរ។
^ វគ្គ 6 អ្នកខ្លះបានកត់ទុកក្នុងប្រតិទិនរបស់ខ្លួននូវថ្ងៃខែដែលបុគ្គលនោះបានស្លាប់ ដើម្បីរំលឹកខ្លួនអំពីពេលដែលគាត់នឹងទៅសួរសុខទុក្ខហើយសម្រាលទុក្ខសាច់ញាតិរបស់អ្នកស្លាប់ ពេលដែលជិតដល់ឬចំថ្ងៃរំលឹកមរណភាពរបស់បុគ្គលនោះ។