លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំនួយ​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ

របៀបស៊ូទ្រាំនឹងទុក្ខសោក អ្វីដែលអ្នកអាចធ្វើនៅឥឡូវនេះ

របៀបស៊ូទ្រាំនឹងទុក្ខសោក អ្វីដែលអ្នកអាចធ្វើនៅឥឡូវនេះ

បើ​អ្នក​កំពុង​ស្វែង​រក​យោបល់​ដើម្បី​ជួយ​សម្រាល​ទុក្ខ​របស់​អ្នក អ្នក​នឹង​ទំនង​ជា​ឃើញ​មាន​យោបល់​ជា​ច្រើន។ យោបល់​ខ្លះមាន​ប្រយោជន៍​ជាង​យោបល់​ផ្សេង​ទៀត។ ប្រហែល​នោះ​គឺ​ដោយ​សារ​ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​មុន មនុស្ស​បង្ហាញ​ការ​កើត​ទុក្ខ​ខុស​ៗ​គ្នា។ យោបល់​ដែល​ជួយ​មនុស្ស​ម្នាក់ ប្រហែល​ជា​មិន​ជួយ​ម្នាក់​ទៀត​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មាន​ការ​ណែនាំ​ខ្លះ​ដែល​បាន​ជួយ​មនុស្ស​ជា​ច្រើន។ ការ​ណែនាំ​ទាំង​នោះ​ច្រើន​តែ​មក​ពី​អ្នក​ផ្ដល់​ឱវាទ​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ ហើយ​ក៏​បង្ហាញ​អំពី​គោល​ការណ៍​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​នៅ​ក្នុង​សៀវភៅ​ល្អ​ពី​បុរាណ​មួយ​ហៅ​ថា​គម្ពីរ។

១: ទទួល​យក​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ

  • អ្នក​ជំនាញ​ខ្លះ​គិត​ថា​នេះ​គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​សោក។ ប៉ុន្តែ ពេល​ខ្លះ អ្នក​ប្រហែល​ជា​ចង់​នៅ​ម្នាក់​ឯង។ អ្នក​ក៏​ប្រហែល​ជា​ខឹង​ឬ​ទើស​ចិត្ត​នឹង​អ្នក​ដែល​ព្យាយាម​ជួយ​អ្នក។ នេះ​ជា​រឿង​ធម្មតា​ទេ។

  • សូម​កុំ​គិត​ថា​អ្នក​ត្រូវ​តែ​នៅ​ជា​មួយ​អ្នក​ឯ​ទៀត​រហូត​ឡើយ ប៉ុន្តែ​សូម​កុំ​គេច​ពី​អ្នក​ឯ​ទៀត​ទាំង​ស្រុង​ដែរ ពីព្រោះ​អ្នក​ប្រហែល​ជា​ត្រូវ​ការ​ឲ្យ​ពួក​គេ​ជួយ​ក្រោយ​មក។ ដោយ​ចិត្ត​សុភាព សូម​ប្រាប់​អ្នក​ឯ​ទៀត​ឲ្យ​ដឹង ពេល​ណា​អ្នក​ត្រូវ​ការ​នៅ​ម្នាក់​ឯង និង​ពេល​ណា​អ្នក​ត្រូវ​ការ​នៅ​ជា​មួយ​អ្នក​ឯ​ទៀត។

  • តាម​សេចក្ដី​ត្រូវ​ការ​របស់​អ្នក សូម​មាន​តុល្យភាព​ក្នុង​ការ​ចំណាយ​ពេល​ជា​មួយ​អ្នក​ឯ​ទៀត និង​ពេល​នៅ​ម្នាក់​ឯង។

គោល​ការណ៍: ​«​មាន​គ្នា​ពីរ​នាក់​ប្រសើរ​ជាង​នៅ​តែ​ឯង . . . ប្រសិន​បើ​ម្នាក់​ដួល នោះ​បាន​ម្នាក់​ទៀត​ជួយ​លើក​គាត់​ឡើង។—អ្នក​ទូន្មាន ៤:៩, ១០

២: ពិនិត្យ​មើល​របប​អាហារ​របស់​អ្នក និង​លៃ​ទុក​ពេល​ធ្វើ​លំហាត់​ប្រាណ

  • ការ​មាន​តុល្យភាព​ក្នុង​របប​អាហារ​នឹង​ជួយ​អ្នក​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត​ដែល​មក​ពី​ទុក្ខ​សោក។ ព្យាយាម​បរិភោគ​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ និង​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន។

  • ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ផឹក​ភេសជ្ជៈ​ឯ​ទៀត​ដែល​ជំនួយ​សុខភាព។

  • បើ​អ្នក​មិន​សូវ​ចង់​បរិភោគ​ច្រើន សូម​បរិភោគ​តិច​តួច តែ​បរិភោគ​ច្រើន​ដង​ជាង។ អ្នក​ក៏​អាច​សួរ​គ្រូ​ពេទ្យ​អំពី​អាហារ​បំប៉ន។ *

  • ការ​ដើរ​លឿន​ៗ​និង​លំហាត់​ប្រាណ​ផ្សេង​ទៀត​អាច​កាត់​បន្ថយ​គំនិត​អវិជ្ជមាន។ ការ​ហាត់​ប្រាណ​អាច​ជួយ​មនុស្ស​ខ្លះ​ឲ្យ​មាន​ពេល​គិត​អំពី​ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត។ ការ​ហាត់​ប្រាណ​ក៏​ជួយ​មនុស្ស​ខ្លះ​ទៀត​មិន​ឲ្យ​គិត​ច្រើន​ពេក​អំពី​ទុក្ខ​សោក​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់។

គោល​ការណ៍: ​«​ពុំ​ដែល​មាន​នរណា​ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​រូប​កាយ​នោះ​»។—អេភេសូរ ៥:២៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

៣: ដេក​ឲ្យ​បាន​ច្រើន

  • ការ​ដេក​តែង​តែ​សំខាន់ ជា​ពិសេស​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ ដោយ​សារ​ពួក​គេ​ប្រហែល​ជា​អស់​កម្លាំង​ជាង​ធម្មតា។

  • សូម​ប្រយ័ត្ន​ចំពោះ​បរិមាណ​នៃ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​និង​ជាតិ​ស្រា ដោយ​សារជាតិ​ទាំង​ពីរ​នេះ​អាច​ធ្វើ​ឲ្យ​ដេក​មិន​លក់។

គោល​ការណ៍: ​«​បើ​សម្រាក​បន្តិច នោះ​ប្រសើរ​ជាង​ប្រឹង​ធ្វើ​ការ​ហួស​ប្រមាណ ដែល​ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់​»។—អ្នក​ទូន្មាន ៤:៦

៤: ប្រែ​ប្រួល​តាម​កាលៈទេសៈ

  • សូម​ទទួល​ស្គាល់​ថា​មនុស្ស​ទាំង​អស់​បង្ហាញ​ការ​កើត​ទុក្ខ​ខុស​ៗ​គ្នា។ យ៉ាង​នេះ អ្នក​នឹង​ត្រូវ​ជ្រើស​រើស​វិធី​សាស្ត្រ​ណា​ដែល​ល្អ​បំផុត​សម្រាប់​អ្នក។

  • មនុស្ស​ជា​ច្រើន​យល់​ថា​ការ​បញ្ចេញ​អារម្មណ៍​ទុក្ខ​សោក​អាច​ជួយ​សម្រាល​ទុក្ខ​ពួក​គេ រីឯ​អ្នក​ខ្លះ​ទៀត​មិន​សូវ​បញ្ចេញ​អារម្មណ៍​ទុក្ខ​សោក​ទេ។ អ្នក​ជំនាញ​ខ្លះ​មាន​ទស្សនៈ​ថា​ការ​បញ្ចេញ​អារម្មណ៍​ជួយ​មនុស្ស​កើត​ទុក្ខ តែ​អ្នក​ជំនាញ​ខ្លះ​ទៀត​មាន​ទស្សនៈ​ថា​មិន​ជួយ​នោះ​ទេ។ ប្រសិន​បើ​អ្នក​ត្រូវ​ការ​និយាយ​អំពី​អារម្មណ៍​របស់​ខ្លួន​តែ​ស្ទាក់​ស្ទើរ នោះ​អ្នក​ប្រហែល​ជា​អាច​ចាប់​ផ្ដើម​បន្តិច​ម្ដង​ៗ​ដោយ​ប្រាប់​អំពី​អារម្មណ៍​ខ្លះ​ដល់​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​អ្នក។

  • អ្នក​ខ្លះ​យំ​ច្រើន​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ធូរ​ចិត្ត។ តាម​មើល​ទៅ អ្នក​ខ្លះ​ទៀត​ធូរ​ចិត្ត​បាន​ទោះ​ជា​មិន​សូវ​យំ​ក្ដី។

គោល​ការណ៍: ​«​មាន​តែ​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​យល់​ពី​ភាព​ល្វីង​ជូរ​ចត់​របស់​ខ្លួន​»។—សុភាសិត ១៤:១០

៥: ជៀស​វាង​ទម្លាប់​ដែល​បង្ខូច​សុខភាព

  • មនុស្ស​ខ្លះ​ដែល​កើត​ទុក្ខ​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ ផឹក​ស្រា​ឬ​ប្រើ​ថ្នាំ​ញៀន​ដើម្បី​ព្យាយាម​បំបាត់​ទុក្ខ​សោក​របស់​ពួក​គេ។ ប៉ុន្តែ ការ​ធ្វើ​របៀប​នេះ​គឺ​បង្ខូច​សុខភាព​របស់​ខ្លួន។ ទោះ​ជា​ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​ជួយ​ឲ្យ​ធូរ​ចិត្ត​បន្តិច​មែន តែ​នោះ​មិន​ជួយ​រហូត​នោះ​ទេ ហើយ​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អាក្រក់​ទៀត​ផង។ សូម​ព្យាយាម​រក​វិធី​សម្រាល​ទុក្ខ​ដែល​សម​ត្រឹម​ត្រូវ។

គោល​ការណ៍: ​«​ចូរ​យើង​សម្អាត . . . កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក​»។—កូរិនថូស​ទី​២ ៧:១

៦: តុល្យភាព​ចំពោះ​ពេល​វេលា

  • មនុស្ស​ជា​ច្រើន​ឃើញ​ថា​គឺ​មាន​ប្រយោជន៍​ពេល​ពួក​គេ​ចំណាយ​ពេល​ធ្វើ​អ្វី​ផ្សេង​ៗ ដើម្បី​មិន​ឲ្យ​គិត​ច្រើន​ពេក​អំពី​ការ​ឈឺ​ចាប់​របស់​ខ្លួន។

  • អ្នក​ប្រហែល​ជា​ទទួល​ការ​សម្រាល​ទុក្ខ​មួយ​រយៈ​ពេល​ដោយ​សេព​គប់​ជា​មួយ​មិត្ត​ភក្ដិ រាប់​អាន​មិត្ត​ថ្មី​ៗ រៀន​ជំនាញ​ថ្មី ឬ​ដើរ​លេង​កម្សាន្ត។

  • កាល​ដែល​ពេល​វេលា​កន្លង​ទៅ អ្នក​មិន​សូវ​កើត​ទុក្ខ​ច្រើន​ដង​ដូច​ពី​មុន ហើយ​បើ​កើត​ទុក្ខ​ក៏​មិន​យូរ​ដូច​ពី​មុន​ដែរ។

គោល​ការណ៍: ​«​មាន​ពេល​កំណត់​សម្រាប់​អ្វី​ៗ​ទាំង​អស់ . . . ដូច​ជា​៖ មាន​ពេល​យំ មាន​ពេល​សើច មាន​ពេល​សោយ​សោក មាន​ពេល​រាំ​សប្បាយ​»។—អ្នក​ទូន្មាន ៣:១,

៧: រក្សា​ទម្លាប់

  • សូម​ឆាប់​បន្ត​មាន​សកម្មភាព​ដូច​ទម្លាប់​ធម្មតា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

  • ពេល​អ្នក​រក្សា​ទម្លាប់​ដូច​ពី​មុន​ដូច​ជា​ការ​ដេក ការ​ងារ និង​សកម្មភាព​ផ្សេង​ទៀត អ្នក​នឹង​ទំនង​ជា​ត្រឡប់​មក​មាន​សភាព​ដូច​ធម្មតា​វិញ។

  • ការ​ធ្វើ​កិច្ច​ការ​អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​ឈឺ​ចាប់។

គោល​ការណ៍: ​«​គាត់​នឹង​មិន​គិត​ច្រើន​ពេក​អំពី​បញ្ហា​ដែល​កើត​ឡើង​ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គាត់​ឡើយ ដោយ​សារ​ព្រះ​ពិត​ឲ្យ​គាត់​ជាប់​រវល់​នឹង​អ្វី​ដែល​នាំ​ឲ្យ​គាត់​មាន​អំណរ​»។—អ្នក​ទូន្មាន ៥:២០

៨: កុំ​សម្រេច​ចិត្ត​ក្នុង​រឿង​សំខាន់​ៗ​លឿន​ពេក

  • មនុស្ស​ជា​ច្រើន​ដែល​សម្រេច​ចិត្ត​លឿន​ពេក​ក្នុង​រឿង​សំខាន់​ៗ​ពេល​ដែល​ទើប​តែ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ក្រោយ​មក​តែង​តែ​ស្ដាយ​ក្រោយ។

  • បើ​អាច សូម​រង់​ចាំ​រយៈ​ពេល​ល្មម​មុន​សម្រេច​ចិត្ត​ដូច​ជា រើ​ផ្ទះ ប្ដូរ​ការ​ងារ ឬ​បោះ​ចោល​អីវ៉ាន់​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់។

គោល​ការណ៍: ​«​គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន តែ​អស់​អ្នក​ដែល​ធ្វើ​អ្វី​ដោយ​តក់​ក្រ​ហល់ ប្រាកដ​ជា​នឹង​ទ័ល​ក្រ​»។—សុភាសិត ២១:៥

៩: ចង​ចាំ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក

  • មនុស្ស​ជា​ច្រើន​ដែល​កើត​ទុក្ខ​មាន​អារម្មណ៍​ថា គឺ​មាន​ប្រយោជន៍​ពេល​ពួក​គេ​ធ្វើ​អ្វី​ដែល​ជួយ​ឲ្យ​ពួក​គេ​នៅ​តែ​ចង​ចាំ​អនុស្សាវរីយ៍​អំពី​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់។

  • អ្នក​ប្រហែល​ជា​ឃើញ​ថា​គឺ​សម្រាល​ទុក្ខ​មែន ពេល​ប្រមូល​ទុក​នូវ​រូប​ថត ឬ​អនុស្សាវរីយ៍​ផ្សេង​ៗ ឬ​ក៏​បង្កើត​សៀវភៅ​កម្រង​អំពី​រឿង​ដែល​អ្នក​ចង់​ចង​ចាំ។

  • រក្សា​ទុក​របស់​ដែល​នឹង​ឲ្យ​នឹក​ចាំ​អនុស្សាវរីយ៍​ល្អ​ៗ ហើយ​យក​មក​មើល​ក្រោយ​មក ពេល​ដែល​អ្នក​ធ្វើ​ចិត្ត​បាន​ហើយ។

គោល​ការណ៍: ​«​ចូរ​នឹក​ឃើញ​នូវ​គ្រា​មុន​ៗ​»។—ការ​បំភ្លឺ​ច្បាប់ ៣២:៧

១០: ឈប់​សម្រាក

  • អ្នក​ប្រហែល​ជា​អាច​ឈប់​សម្រាក។

  • បើ​អ្នក​មិន​អាច​ឈប់​សម្រាក​យូរ ប្រហែល​ជា​អ្នក​អាច​ធ្វើ​អ្វី​ដែល​សប្បាយ​គ្រាន់​តែ​រយៈ​ពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ដូច​ជា​ឡើង​ភ្នំ ទៅ​ឆ្នេរ​សមុទ្រ ឬ​ជិះ​ដើរ​លេង​ជា​ដើម។

  • សូម្បី​តែ​ការ​ធ្វើ​អ្វី​ដែល​ខុស​ពី​សកម្មភាព​ធម្មតា​របស់​អ្នក ក៏​អាច​ជួយ​អ្នក​ឲ្យ​ធូរ​ចិត្ត​ពី​ទុក្ខ​សោក​ដែរ។

គោល​ការណ៍: ​«​សូម​អ្នក​រាល់​គ្នា​មក​ជា​មួយ​នឹង​ខ្ញុំ​ដោយ​ឡែក ទៅ​កន្លែង​ឆ្ងាយ​ពី​គេ ហើយ​សម្រាក​បន្តិច​»។—ម៉ាកុស ៦:៣១

១១: ជួយ​អ្នក​ឯ​ទៀត

  • សូម​ចាំ​ថា​ពេល​ដែល​អ្នក​ជួយ​អ្នក​ឯ​ទៀត នោះ​ក៏​ជួយ​អ្នក​ឲ្យ​ធូរ​ចិត្ត​ជាង​ដែរ។

  • អ្នក​អាច​ចាប់​ផ្ដើម​ជួយ​បុគ្គល​ដែល​កើត​ទុក្ខ​ដូច​គ្នា ដោយ​សារ​ពួក​គេ​ក៏​ស្គាល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ដែរ។ ជា​ឧទាហរណ៍ ពួក​គេ​អាច​ជា​សាច់​ញាតិ ឬ​មិត្ត​ភក្ដិ​របស់​អ្នក។ ពួក​គេ​ប្រហែល​ជា​ត្រូវ​ការ​អ្នក​ណា​ម្នាក់​ដើម្បី​កើត​ទុក្ខ​ជា​មួយ​គ្នា និង​អាច​យល់​អារម្មណ៍​គ្នា​ទៅ​វិញ​ទៅ​មក។

  • ការ​គាំទ្រ​និង​ការ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​អាច​ជួយ​អ្នក​ឲ្យ​ឃើញ​ថា​អ្នក​អាច​ធ្វើ​កិច្ចការ​ដែល​មាន​ន័យ​ខ្លឹម​សារ ហើយ​ថា​អ្នក​នៅ​តែ​មាន​គោល​បំណង​ក្នុង​ជីវិត។

គោល​ការណ៍: ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្មភាព ២០:៣៥

១២: គិត​ឡើង​វិញ​អំពី​អ្វី​ដែល​សំខាន់​បំផុត

  • ទុក្ខ​សោក​អាច​ជួយ​អ្នក​ឲ្យ​កាន់​តែ​យល់​អំពី​អ្វី​ដែល​ពិត​ជា​សំខាន់។

  • សូម​យក​ឱកាស​នោះ​ដើម្បី​គិត​អំពី​ការ​រស់​នៅ​របស់​អ្នក។

  • បើ​ចាំ​បាច់ សូម​កែ​ប្រែ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។

គោល​ការណ៍: ​«​ទៅ​ផ្ទះ​ដែល​មាន​គេ​កាន់​ទុក្ខ នោះ​ប្រសើរ​ជាង​ទៅ​ផ្ទះ​ដែល​មាន​ពិធី​ជប់​លៀង ព្រោះ​សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​របស់​មនុស្ស​ទាំង​អស់។ ដូច្នេះ មនុស្ស​ដែល​នៅ​រស់​គួរ​ចាំ​ទុក​ក្នុង​ចិត្ត​»។—អ្នក​ទូន្មាន ៧:២

ពិត​មែន គ្មាន​អ្វី​នឹង​បំបាត់​អារម្មណ៍​ឈឺ​ចាប់​ទាំង​ស្រុង​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មនុស្ស​ជា​ច្រើន​ដែល​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​អាច​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​របស់​ពួក​គេ។ ពួក​គេ​ឃើញ​ថា​ការ​ធ្វើ​តាម​យោបល់​ផ្សេង​ៗ ដូច​ជា​យោបល់​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​អត្ថបទ​នេះ គឺ​ពិត​ជា​បាន​ជួយ​សម្រាល​ទុក្ខ​ពួក​គេ​មែន។ មែន​ហើយ អត្ថបទ​នេះ​មិន​បាន​រៀប​រាប់​អំពី​វិធី​ទាំង​អស់​ដើម្បី​កាត់​បន្ថយ​ទុក្ខ​សោក​នោះ​ទេ។ ក៏​ប៉ុន្តែ បើ​អ្នក​ព្យាយាម​ធ្វើ​តាម​យោបល់​ទាំង​នេះ​ខ្លះ នោះ​អ្នក​ប្រហែល​ជា​ឃើញ​ថា​យោបល់​ទាំង​នេះ​នឹង​ជួយ​សម្រាល​ទុក្ខ​អ្នក​មួយ​កម្រិត។

^ វគ្គ 13 ទស្សនាវដ្ដី​ភ្ញាក់​រឭក! មិន​មែន​គាំទ្រ​វិធី​ព្យាបាល​សុខភាព​ណា​មួយ​ទេ។