លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរណែនាំផ្លូវរបស់ខ្លួនដោយគោលការណ៍របស់ព្រះ

ចូរណែនាំផ្លូវរបស់ខ្លួនដោយគោលការណ៍របស់ព្រះ

ចូរ​ណែនាំ​ផ្លូវ​របស់​ខ្លួន​ដោយ​គោល​ការណ៍​របស់​ព្រះ

​«​[​ព្រះ​យេហូវ៉ា​កំពុង​តែ​]ប្រៀន​ប្រដៅ​អ្នក​អំពី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​»។—អេសាយ ៤៨:១៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១. តើ​អ្នក​បង្កើត​ណែនាំ​មនុស្សជាតិ​តាម​វិធី​ណា?

 ពេល​អ្នក​វិទ្យា​សាស្ត្រ​ខិត​ខំ​ស្វែង​យល់​នូវ​អាថ៌​កំបាំង​នៃ​សកល​លោក​យើង​នេះ ពួក​គេ​តែង​តែ​នឹក​អស្ចារ្យ​នឹង​ថាមពល​ដ៏​សម្បើម​ដែល​មាន​ក្នុង​សកល​លោក​នេះ។ ព្រះ​អាទិត្យ​របស់​យើង ជា​តារា​ទំហំ​មធ្យម​មួយ​ដែល​បញ្ចេញ​ថាមពល​ស្មើ​នឹង​«​ការ​ផ្ទុះ​គ្រាប់​បែក​ឧស្ម័ន​អ៊ីដ្រូសែន​មួយ​សែន​លាន​គ្រាប់​ជា​រៀង​រាល់​វិនាទី​»។ អ្នក​បង្កើត​មាន​សមត្ថភាព​កាន់​កាប់​ទៅ​លើ​តួ​អវកាស​ធំ​ក្រៃ​លែង​បែប​នេះ ដោយ​តេជានុភាព​ឬ​មហិទ្ធិឫទ្ធិ​របស់​ទ្រង់។ (​យ៉ូប ៣៨:៣២; អេសាយ ៤០:២៦​) ចុះ​យ៉ាង​ណា​វិញ ចំពោះ​មនុស្សជាតិ​យើង​ដែល​មាន​ចិត្ត​សេរី មាន​ស្មារតី​ចេះ​គិត​ពី​សីលធម៌ ចេះ​វែក​ញែក និង​មាន​លទ្ធភាព​យល់​អំពី​រឿង​ខាង​វិញ្ញាណ? តើ​អ្នក​បង្កើត​យើង​បាន​សម្រេច​ព្រះ​ទ័យ​ណែនាំ​យើង​តាម​របៀប​ណា​ទៅ? ទ្រង់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ណែនាំ​យើង​តាម​រយៈ​ច្បាប់​ដ៏​គ្រប់​ល័ក្ខណ៍ និង​គោល​ការណ៍​ដ៏​ខ្ពង់​ខ្ពស់​របស់​ទ្រង់ ព្រម​ជា​មួយ​នឹង​មនសិការ​របស់​យើង​ផង​ដែរ ដែល​បាន​ត្រូវ​បង្ហាត់​បង្រៀន​ឲ្យ​បាន​ល្អ​ប្រសើរ។—សាំយូអែល​ទី​២ ២២:៣១; រ៉ូម ២:១៤, ១៥

២, ៣. ដើម្បី​ឲ្យ​ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​រីក​រាយ​នោះ តើ​អ្វី​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្ដាប់​បង្គាប់​ទ្រង់?

ព្រះ​មាន​ព្រះ​ទ័យ​រីក​រាយ​នឹង​សត្តនិករ​ណា​ដែល​ព្រម​ស្ដាប់​តាម​ទ្រង់។ (​សុភាសិត ២៧:១១​) ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​យើង​នូវ​ចិត្ត​សេរី ដើម្បី​សម្រេច​ចិត្ត​ខ្លួន​ឯង​តាម​ចំណេះ​ដឹង​ដើម្បី​ឲ្យ​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ ជា​ជាង​បង្កើត​ឲ្យ​យើង​គោរព​ទ្រង់​ដោយ​មិន​គិត ដូច​ជា​មនុស្ស​យន្ត​ដែល​គ្មាន​សតិបញ្ញា​វិញ។—ហេព្រើរ ៥:១៤

ព្រះ​យេស៊ូ​ដែល​បាន​យក​តម្រាប់​តាម​ព្រះ​វរបិតា​ទ្រង់​យ៉ាង​ល្អ​ឥត​ខ្ចោះ​នោះ បាន​មាន​បន្ទូល​ទៅ​កាន់​សិស្ស​ទ្រង់​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ជា​ពួក​សំឡាញ់​ខ្ញុំ​ហើយ ខ្ញុំ​មិន​ហៅ​ជា​អ្នក​បំរើ​ទៀត​»។ (​យ៉ូហាន ១៥:១៤, ១៥​) នៅ​សម័យ​បុរាណ បាវ​បំរើ​មិន​អាច​សម្រេច​ចិត្ត​ខ្លួន​ឯង​ទេ គាត់​ត្រូវ​តែ​ស្ដាប់​តាម​ម្ចាស់​គាត់​ជា​ដាច់​ខាត។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ មិត្តភាព​គឺ​ខុស​គ្នា ពីព្រោះ​មិត្តភាព​ផ្ដើម​ចេញ​ពី​ការ​បង្ហាញ​គុណ​សម្បត្ដិ​ដែល​ទាក់​ចិត្ត​ទាញ​អារម្មណ៍។ យើង​អាច​ក្លាយ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​យេហូវ៉ា​បាន។ (​យ៉ាកុប ២:២៣​) មិត្តភាព​នេះ​ត្រូវ​ពង្រឹង​ដោយ​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ​យេស៊ូ​បាន​បញ្ជាក់​ទំនាក់​ទំនង​រវាង​ការ​ស្ដាប់​បង្គាប់​ព្រះ​និង​សេចក្ដី​ស្រឡាញ់ ពេល​ទ្រង់​មាន​បន្ទូល​ថា​៖ ​«​បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះ​វរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​»។ (​យ៉ូហាន ១៤:២៣​) ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​និង​ចង់​ណែនាំ​យើង​ឲ្យ​បាន​សេចក្ដី​សុខ​និង​សុវត្ថិភាព​នោះ ទ្រង់​អញ្ជើញ​យើង​ឲ្យ​រស់​នៅ​សម​ស្រប​ទៅ​តាម​គោល​ការណ៍​របស់​ទ្រង់។

គោល​ការណ៍​របស់​ព្រះ

៤. តើ​អ្នក​នឹង​ពន្យល់​អំពី​គោល​ការណ៍​យ៉ាង​ដូច​ម្ដេច?

តើ​គោល​ការណ៍​ជា​អ្វី? គោល​ការណ៍​អាច​សំដៅ​ទៅ​លើ សេចក្ដី​ពិត​ជា​ទូទៅ​ឬ​ក៏​ដែល​ជា​មូលដ្ឋាន ឬ​មួយ​ក៏​ជា​សេចក្ដី​ពិត​មួយ​ដ៏​បឋម ច្បាប់​ទូទៅ​មួយ លទ្ធិ​មួយ ឬ​ការ​សន្និដ្ឋាន​មួយ​ដែល​ជា​ទី​សំអាង ឬ​ក៏​ប្រភព​ច្បាប់​និង​លទ្ធិ​ឯ​ទៀត។ ការ​សិក្សា​ព្រះ​គម្ពីរ​យ៉ាង​ហ្មត់​ចត់​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ព្រះ​វរបិតា​សួគ៌ា​របស់​យើង​ផ្ដល់​នូវ​ការ​ណែនាំ​ជា​មូលដ្ឋាន​គ្រឹះ ដែល​ទាក់​ទង​នឹង​កាលៈទេសៈ​និង​ទិដ្ឋភាព​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ជីវិត។ ទ្រង់​ផ្ដល់​នេះ​ដោយ​សារ​ទ្រង់​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ជា​រៀង​រហូត។ នេះ​គឺ​សម​ស្រប​ទៅ​តាម​បន្ទូល​ដែល​ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​ចូរ​ស្ដាប់ កូន​អើយ! ហើយ​ទទួល​ពាក្យ​របស់​អញ​ចុះ!។ នោះ​ឆ្នាំ​នៃ​អាយុ​ឯង​នឹង​បាន​យឺន​យូរ។ អញ​បាន​បង្រៀន​ឯង​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា អញ​បាន​នាំ​ឯង​ទៅ​ក្នុង​អស់​ទាំង​ផ្លូវ​ច្រក​នៃ​សេចក្ដី​ទៀង​ត្រង់​»។ (​សុភាសិត ៤:១០, ១១​) គោល​ការណ៍​ចំបង​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​មក​នោះ គឺ​ទាក់​ទង​នឹង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ទ្រង់ ជា​មួយ​មនុស្ស​ឯ​ទៀត ថែម​ទាំង​ទាក់​ទង​ការ​ថ្វាយ​បង្គំ​របស់​យើង និង​ជីវិត​ប្រចាំ​ថ្ងៃ​ទៀត​ផង។ (​ទំនុក​ដំកើង ១:១​) យើង​សូម​ពិចារណា​គោល​ការណ៍​បឋម​ខ្លះ​ៗ។

៥. សូម​លើក​ឧទាហរណ៍​អំពី​គោល​ការណ៍​ចំបង​ៗ។

ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ស្តី​ពី​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ដោយ​មាន​បន្ទូល​ថា​៖ ​«​ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង​»។ (​ម៉ាថាយ ២២:៣៧​) ម្យ៉ាង​ទៀត ព្រះ​ផ្ដល់​គោល​ការណ៍​ផ្សេង​ៗ​ស្តី​ពី​របៀប​យើង​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ឯ​ទៀត ដូច​ជា​គោល​ការណ៍​មួយ​ថា​៖ ​«​អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ​»។ (​ម៉ាថាយ ៧:១២; កាឡាទី ៦:១០; ទីតុស ៣:២​) ចំពោះ​ការ​ថ្វាយ​បង្គំ​វិញ យើង​បាន​ត្រូវ​ដាស់​តឿន​ថា​៖ ​«​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា​»។ (​ហេព្រើរ ១០:២៤, ២៥​) សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​ថា​៖ ​«​ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរី​ល្អ​ដល់​ព្រះ​ចុះ!​»។ (​កូរិនថូស​ទី​១ ១០:៣១​) មាន​គោល​ការណ៍​ឯ​ទៀត​ជា​ច្រើន​ឥត​គណនា​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។

៦. តើ​គោល​ការណ៍​និង​ច្បាប់​ខុស​គ្នា​យ៉ាង​ណា?

គោល​ការណ៍​គឺ​ជា​សេចក្ដី​ពិត​បឋម​ចំបង​ដែល​អាច​យក​មក​ប្រើ​ប្រាស់​បាន ហើយ​បណ្ដា​គ្រីស្ទាន​ដែល​មាន​ប្រាជ្ញា នោះ​ខំ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គោល​ការណ៍។ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​សាឡូម៉ូន​សរសេរ​ថា​៖ ​«​កូន​អើយ! ចូរ​ប្រុង​ស្ដាប់​អស់​ទាំង​ពាក្យ​របស់​អញ ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​អញ​ពោល​ទាំង​អំបាលម៉ាន។ កុំ​ឲ្យ​សេចក្ដី​ទាំង​នោះ​ឃ្លាត​បាត់​ពី​ភ្នែក​ឯង​ឡើយ។ ត្រូវ​ឲ្យ​រក្សា​ទុក​នៅ​កណ្ដាល​ដួង​ចិត្ត​ឯង​វិញ។ ដ្បិត​សេចក្ដី​ទាំង​នោះ ជា​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ស្វែង​រក​បាន ក៏​ជា​សេចក្ដី​សុខ​ស្រួល ដល់​ខ្លួន​ប្រាណ​ទាំង​មូល​ផង​»។ (​សុភាសិត ៤:២០​-​២២​) តើ​គោល​ការណ៍​និង​ច្បាប់​ខុស​គ្នា​យ៉ាង​ណា? គោល​ការណ៍​គឺ​ជា​មូលដ្ឋាន​នៃ​ច្បាប់។ វិន័យ​គឺ​ជាក់​លាក់ ហើយ​ច្រើន​តែ​ទាក់​ទង​នឹង​កាលៈទេសៈ​ឬ​ស្ថានភាព​ជាក់​ស្តែង​មួយ ក៏​ប៉ុន្តែ​ដោយ​ឡែក គោល​ការណ៍​គឺ​មាន​ប្រយោជន៍​ជា​រៀង​រហូត។ (​ទំនុក​ដំកើង ១១៩:១១១​) គោល​ការណ៍​របស់​ព្រះ​មិន​ដែល​ហួស​សម័យ​ឬ​ក៏​គេ​នឹង​លែង​ប្រើ​នោះ​ឡើយ។ សំដី​របស់​ព្យាការី​អេសាយ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ​គឺ​ជា​ការ​ពិត​ព្រោះ​ថា​៖ ​«​ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ​បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ នោះ​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប​»។—អេសាយ ៤០:៨

ចូរ​គិត​និង​ប្រព្រឹត្ត​តាម​គោល​ការណ៍​វិញ

៧. តើ​យ៉ាង​ដូច​ម្ដេច​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​គិត​និង​ប្រព្រឹត្ត​តាម​គោល​ការណ៍?

ម្ដង​ហើយ​ម្ដង​ទៀត​«​ព្រះ​បន្ទូល​របស់​ព្រះ​នៃ​យើង​»​លើក​ទឹក​ចិត្ត​យើង​ឲ្យ​គិត​និង​ប្រព្រឹត្ត​តាម​គោល​ការណ៍។ ពេល​មនុស្ស​ម្នាក់​បាន​សុំ​ព្រះ​យេស៊ូ​សង្ខេប​ក្រិត្យ​វិន័យ ទ្រង់​បាន​មាន​បន្ទូល​របៀប​ពីរ​ខុស​គ្នា មួយ​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​មួយ​ទៀត​នោះ​ដាក់​ទម្ងន់​ទៅ​លើ​ការ​ស្រឡាញ់​អ្នក​ឯ​ទៀត។ (​ម៉ាថាយ ២២:៣៧​-​៤០​) ដោយ​មាន​បន្ទូល​យ៉ាង​នេះ ព្រះ​យេស៊ូ​បាន​ដក​ស្រង់​ពាក្យ​ពី​ការ​សង្ខេបមួយ​ទៀត ស្តី​ពី​ផ្នែក​បឋម​នៃ​ក្រិត្យ​វិន័យ​លោក​ម៉ូសេ នៅ​ចោទិយកថា ៦:៤, ៥ ដែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​អង្គ​ទ្រង់។ ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង​»។ ព្រះ​យេស៊ូ​ទំនង​ជា​ចង់​បញ្ជាក់​ពី​ការ​ណែនាំ​របស់​ព្រះ​នៅ​លេវីវិន័យ ១៩:១៨។ ស្តេច​សាឡូម៉ូន​បាន​បញ្ចប់​សេចក្ដី​ក្នុង​សៀវភៅ​សាស្ដា ដោយ​មាន​បន្ទូល​យ៉ាង​ខ្លាំង ច្បាស់​លាស់ និង​ចំ​ៗ។ ពាក្យ​បន្ទូល​នោះ​សង្ខេប​ច្បាប់​ជា​ច្រើន​របស់​ព្រះ​ដោយ​ថា​៖ ​«​សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​សំដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ! ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ ពីព្រោះ​ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំ​ជំរះ ព្រម​ទាំង​អ្វី​ៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ​ឬ​អាក្រក់​ក្ដី​»។—សាស្ដា ១២:១៣, ១៤; មីកា ៦:៨

៨. ហេតុ​អ្វី​បាន​ជា​ការ​យល់​ច្បាស់​លាស់​នូវ​គោល​ការណ៍​បឋម​ចំបង​ៗ​ក្នុង​ព្រះ​គម្ពីរ​អាច​ការ​ពារ​យើង?

ប្រសិន​បើ​យើង​យល់​ច្បាស់​លាស់​នូវ​គោល​ការណ៍​បឋម​នោះ នេះ​អាច​ជួយ​យើង​យល់​និង​អនុវត្ត​តាម​ច្បាប់​បាន​ចំ​ជាង។ ម្យ៉ាង​ទៀត ប្រសិន​បើ​យើង​មិន​សូវ​យល់​និង​មិន​ព្រម​ប្រព្រឹត្ត​តាម​គោល​ការណ៍​បឋម យើង​ប្រហែល​ជា​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ប្រាជ្ញា ហើយ​ជំនឿ​របស់​យើង​អាច​ចុះ​ខ្សោយ​បាន​យ៉ាង​ងាយ។ (​អេភេសូរ ៤:១៤​) ប្រសិន​បើ​យើង​យក​គោល​ការណ៍​ទាំង​នេះ​មក​ផ្ដិត​ជាប់​ក្នុង​ចិត្ត​គំនិត​របស់​យើង នោះ​យើង​នឹង​អាច​ប្រើ​គោល​ការណ៍​នោះ​ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត។ ពេល​យើង​យល់​និង​អនុវត្ត​តាម​គោល​ការណ៍​ទាំង​នេះ យើង​អាច​ទទួល​ជោគ​ជ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់។—យ៉ូស្វេ ១:៨; សុភាសិត ៤:១​-​៩

៩. ហេតុ​អ្វី​បាន​ជា​មិន​តែង​តែ​ងាយ​ស្រួល​យល់​និង​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ?

ការ​យល់​និង​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​គឺ​មិន​ស្រួល​ដូច​ការ​ធ្វើ​តាម​ច្បាប់​នោះ​ទេ។ ដោយ​សារ​យើង​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ យើង​ប្រហែល​ជា​មិន​ចង់​ខិត​ខំ​ស្វែង​យល់​វែក​ញែក​អំពី​គោល​ការណ៍​ទេ។ យើង​ប្រហែល​ជា​ចូល​ចិត្ត​ច្បាប់​ដ៏​ចំ​ៗ​ជាង ជា​ពិសេស​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ឬ​ក៏​សុញ​គំនិត​អំពី​រឿង​ណា​មួយ។ ជួន​កាល​យើង​ប្រហែល​ជា​សុំ​ការ​ណែនាំ​ពី​គ្រីស្ទាន​ម្នាក់​ដែល​មាន​ភាព​ចាស់​ទុំ ប្រហែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុម​ជំនុំ ដោយ​សង្ឃឹម​ថា​គាត់​នឹង​ប្រាប់​យើង​នូវ​ច្បាប់​ចំ​ៗ​មួយ​ដែល​ទាក់​ទង​នឹង​កាលៈទេសៈ​របស់​យើង។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​ឬ​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ប្រហែល​ជា​មិន​ចែង​ប្រាប់​ច្បាប់​ចំ​ៗ​មួយ​ទេ ហើយ​ថ្វី​បើ​មាន​ច្បាប់​ជាក់​លាក់​មួយ​ក៏​ដោយ ច្បាប់​នោះ​ប្រហែល​ជា​មិន​អាច​ប្រើ​ជា​ទូទៅ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់​បាន​ទេ។ អ្នក​ប្រហែល​ជា​នឹក​ចាំ​ថា បុរស​ម្នាក់​បាន​សួរ​ព្រះ​យេស៊ូ​ថា​៖ ​«​លោក​គ្រូ! សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​គាត់​ចែក​មរដក​មក​ខ្ញុំ​ផង​»។ ជា​ជាង​មាន​បន្ទូល​ភ្លាម​ៗ​ដោយ​ជូន​ច្បាប់​មួយ​សំរាប់​ការ​ដោះ​ស្រាយ​ជំទាស់​រវាង​បង​ប្អូន​ញាតិ​មិត្ត នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​គាត់​នូវ​គោល​ការណ៍​ទូទៅ​មួយ​វិញ​ថា​៖ ​«​ចូរ​ប្រយ័ត! ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ​»។ យ៉ាង​នេះ ព្រះ​យេស៊ូ​បាន​ផ្ដល់​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍​នៅ​សម័យ​នោះ និង​សំរាប់​ពេល​ឥឡូវ​នេះ​ផង​ដែរ។—លូកា ១២:១៣​-​១៥

១០. តើ​ការ​ប្រព្រឹត្ត​តាម​គោល​ការណ៍​អាច​បង្ហាញ​យ៉ាង​ណា អំពី​អ្វី​ដែល​ជំរុញ​ចិត្ត​យើង?

១០ អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​មនុស្ស​ដែល​បង្ខំ​ចិត្ត​ខ្លួន​ឲ្យ​ធ្វើ​តាម​ច្បាប់​ដោយ​ខ្លាច​ទទួល​ទណ្ឌកម្ម។ រីឯ​ការ​គោរព​តាម​គោល​ការណ៍​វិញ មិន​មែន​ដូច្នេះ​ទេ។ លក្ខណៈ​នៃ​គោល​ការណ៍​ជំរុញ​ចិត្ត​មនុស្ស​ឲ្យ​ប្រព្រឹត្ត​តាម​គោល​ការណ៍​នោះ។ តាម​ពិត គោល​ការណ៍​ភាគ​ច្រើន​មិន​ទាម​ទារ​ឲ្យ​ដាក់​ទោស​ភ្លាម​ៗ​សំរាប់​អ្នក​ដែល​មិន​ធ្វើ​តាម​គោល​ការណ៍​នោះ​ទេ។ ដូច្នេះ នេះ​ហុច​ឱកាស​ឲ្យ​យើង​បង្ហាញ​ពី​មូលហេតុ​ដែល​យើង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា និង​អ្វី​ដែល​ជំរុញ​ចិត្ត​យើង។ ជាក់​ស្តែង​ដូច​ជា​យ៉ូសែប​មិន​ព្រម​ធ្វើ​អំពើ​អសីលធម៌​ជា​មួយ​នឹង​ប្រពន្ធ​លោក​ប៉ូទីផារ។ ទោះ​ជា​ព្រះ​យេហូវ៉ា​មិន​ទាន់​ប្រទាន​ច្បាប់​មួយ​ជា​លាយ​ល័ក្ខ​អក្សរ​ដែល​ដាក់​បំរាម​ទៅ​លើ​ការ​ផិត​ក៏​ដោយ និង​ទោះ​បី​ព្រះ​យេហូវ៉ា​ក៏​មិន​ទាន់​មាន​បន្ទូល​ស្តី​ពី​ទណ្ឌកម្ម​ដែល​អ្នក​ផិត​នឹង​ទទួល​ដោយ​សារ​គេ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​របស់​បុរសម្នាក់​ទៀត​យ៉ាង​ណា​ក្ដី យ៉ូសែប​នៅ​តែ​បាន​ដឹង​ពី​គោល​ការណ៍​ស្តី​ពី​ភាព​ស្មោះ​ត្រង់​ក្នុង​អាពាហ៍ពិពាហ៍​ដែល​ជា​ការ​រៀបចំ​របស់​ព្រះ។ (​លោកុប្បត្តិ ២:២៤; ១២:១៨​-​២០​) ដោយ​មើល​របៀប​គាត់​បាន​ប្រព្រឹត្ត​តប​នោះ យើង​អាច​ឃើញ​ថា គោល​ការណ៍​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​គាត់​ដោយ​ព្រោះ​គាត់​បាន​និយាយ​ថា​៖ ​«​ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន? ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង​»។—លោកុប្បត្តិ ៣៩:៩

១១. តើ​ជន​គ្រីស្ទាន​ចង់​ឲ្យ​គោល​ការណ៍​ពី​ព្រះ​យេហូវ៉ា​ណែនាំ​គេ​ក្នុង​រឿង​អ្វី​ខ្លះ?

១១ សព្វ​ថ្ងៃ​នេះ ជន​គ្រីស្ទាន​ចង់​ឲ្យ​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា​ណែនាំ​គេ​ក្នុង​ជីវភាព​រស់​នៅ​ផ្ទាល់​ខ្លួន ដូច​ជា​ការ​ជ្រើស​រើស​មិត្ត​ភក្ដិ ការ​កំសាន្ត បទ​ភ្លេង និង​អ្វី​យើង​អាន​ផង​ដែរ។ (​កូរិនថូស​ទី​១ ១៥:៣៣; ភីលីព ៤:៨​) ពេល​យើង​រីក​ចំរើន​ខាង​ចំណេះ ការ​យល់​ដឹង និង​កតញ្ញូ​ធម៌​ចំពោះ​ព្រះ​យេហូវ៉ា​និង​ខ្នាត​តម្រា​របស់​ទ្រង់ នោះ​មនសិការ​និង​ស្មារតី​សីលធម៌​របស់​យើង នឹង​ជួយ​យើង​អនុវត្ត​តាម​គោល​ការណ៍​របស់​ព្រះ ទោះ​ជា​យើង​ប្រទះ​កាលៈទេសៈ​ណា​ក៏​ដោយ សូម្បី​តែ​ក្នុង​រឿង​ផ្ទាល់​ខ្លួន​នោះ។ ដោយ​អនុញ្ញាត​ឲ្យ​គោល​ការណ៍​ព្រះ​គម្ពីរ​ណែនាំ​យើង នោះ​យើង​នឹង​មិន​ខិត​ខំ​ឆ្លៀត​យក​ប្រយោជន៍​ពី​ការ​ដែល​មិន​បាន​ចែង​យ៉ាង​ល្អិត​ល្អន់​ក្នុង​ច្បាប់​របស់​ព្រះ​ទេ។ យើង​ក៏​នឹង​មិន​ធ្វើ​តាម​អ្នក​ដទៃ​ដែល​ចង់​តែ​សាកល​មើល​ថា តើ​គេ​អាច​ធ្វើ​ដល់​កំរិត​ណា​ដោយ​មិន​បំពាន​ច្បាប់​ណា​មួយ​របស់​ព្រះ។ យើង​ក៏​ទទួល​ស្គាល់​ថា គំនិត​បែប​នេះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​និង​បង់​ប្រយោជន៍​ខ្លួន​ផង​ដែរ។—យ៉ាកុប ១:២២​-​២៥

១២. តើ​អ្វី​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ដែល​ជួយ​ណែនាំ​យើង​តាម​គោល​ការណ៍​របស់​ព្រះ?

១២ ជន​គ្រីស្ទាន​ដែល​មាន​ភាព​ចាស់​ទុំ​រមែង​ទទួល​ស្គាល់​ថា គន្លឹះ​ដ៏​សំខាន់​មួយ​ដែល​ជួយ​យើង​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ គឺ​ជា​ចំណង់​ចង់​ដឹង​នូវ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ។ អ្នក​តែង​បទ​ទំនុក​ដំកើង​ដាស់​តឿន​យើង​ថា​៖ ​«​ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា​អើយ! ចូរ​ស្អប់​ការ​អាក្រក់​ចុះ!​»។ (​ទំនុក​ដំកើង ៩៧:១០​) សុភាសិត ៦:១៦​-​១៩ រៀប​រាប់​អ្វី​ដែល​ព្រះ​ចាត់​ទុក​ជា​អាក្រក់​នោះ​ថា​៖ ​«​មាន​៦​មុខ ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ស្អប់ អើ! មាន​៧​ផង ដែល​ទ្រង់​ខ្ពើម​ឆ្អើម គឺ​ភ្នែក​ឆ្មើង​ឆ្មៃ​១ អណ្ដាត​ភូត​ភរ​១ ដៃ​ដែល​កំចាយ​ឈាម​មនុស្ស​ឥត​ទោស​១ ចិត្ត​ដែល​គិត​គូរ​បង្កើត​អំពើ​អាក្រក់​១ ជើង​ដែល​រហ័ស​រត់​ទៅ​ប្រព្រឹត្ត​អាក្រក់​១ នឹង​សាក្សី​ក្លែង​ក្លាយ ដែល​ពោល​ពាក្យ​កំភូត​១ ហើយ​មនុស្ស​ដែល​សាប​ព្រោះ​សេចក្ដី​ទាស់​ទែង​គ្នា​ក្នុង​ពួក​បង​ប្អូន​១​ដែរ​»។ ពេល​ដែល​សេចក្ដី​ប្រាថ្នា​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​អំពី​រឿង​ផ្សេង​ៗ​នាំ​មុខ​ក្នុង​ជីវិត​របស់​យើង​នោះ យើង​នឹង​អាច​រស់​នៅ​សម​ស្រប​ទៅ​តាម​គោល​ការណ៍​របស់​ព្រះ​ជា​ទៀង​ទាត់​រហូត​បាន។—យេរេមា ២២:១៦

ចិត្ត​យើង​គួរ​ជំរុញ​ដោយ​ចេតនា​ល្អ​ជា​ចាំ​បាច់

១៣. ក្នុង​ធម្មទាន​របស់​ព្រះ​យេស៊ូ​នៅ​លើ​ភ្នំ តើ​ទ្រង់​បាន​ដាក់​ទម្ងន់​ទៅ​លើ​អ្វី?

១៣ ការ​យល់​និង​អនុវត្ត​តាម​គោល​ការណ៍​ក៏​អាច​ការ​ពារ​យើង កុំ​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​យើង​ទៅ​ជា​គ្មាន​ន័យ​និង​ជា​ការ​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ។ ការ​អនុវត្ត​តាម​គោល​ការណ៍​និង​ការ​កាន់​តាម​ច្បាប់​យ៉ាង​តឹង​រ៉ឹង​គឺ​ខុស​គ្នា។ ព្រះ​យេស៊ូ​បាន​បញ្ជាក់​នេះ​យ៉ាង​ច្បាស់​ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ។ (​ម៉ាថាយ ៥:១៧​-​៤៨​) សូម​នឹក​ចាំ​ថា អ្នក​ដែល​បាន​ស្ដាប់​ព្រះ​យេស៊ូ​គឺ​ជា​សាសន៍​យូដា ដូច្នេះ ការ​ប្រព្រឹត្ត​របស់​គេ​ត្រូវ​បាន​កាន់​កាប់​ដោយ​ក្រិត្យ​វិន័យ​លោក​ម៉ូសេ។ ប៉ុន្តែ តាម​ការ​ពិត ពួក​គេ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​អំពី​ក្រិត្យ​វិន័យ។ ពួក​គេ​បាន​ដាក់​ទម្ងន់​លើ​ការ​គោរព​យ៉ាង​ម៉ឺង​ម៉ាត់​ទៅ​តាម​ពាក្យ​និមួយ​ៗ​ដែល​បាន​ចែង​ក្នុង​ច្បាប់ ជា​ជាង​ខ្លឹម​សារ​នៃ​ច្បាប់​នោះ។ មួយ​ទៀត ពួក​គេ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ទំនៀម​ទំលាប់​របស់​គេ រហូត​ដល់​គេ​ចាត់​ទុក​នោះ​សំខាន់​ជាង​សេចក្ដី​បង្រៀន​របស់​ព្រះ។ (​ម៉ាថាយ ១២:៩​-​១២; ១៥:១​-​៩​) ជា​លទ្ធផល មនុស្ស​ជា​ទូទៅ​នោះ​មិន​បាន​រៀន​គិត​អំពី​គោល​ការណ៍​ទេ។

១៤. តើ​ព្រះ​យេស៊ូ​បាន​ជួយ​អ្នក​ស្ដាប់​ទ្រង់​គិត​អំពី​គោល​ការណ៍​យ៉ាង​ដូច​ម្ដេច?

១៤ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​បាន​បញ្ចូល​គោល​ការណ៍​ស្តី​ពី​សីលធម៌ប្រាំ​យ៉ាង​ក្នុង​ធម្មទាន​នោះ រួម​មាន: កំហឹង​មួយ អាពាហ៍ពិពាហ៍​និង​ការ​លែង​លះ​គ្នា​មួយ ពាក្យ​សម្បថ​មួយ ការ​សង​សឹក​មួយ ហើយ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​ស្អប់​មួយ។ ក្នុង​រឿង​និមួយ​ៗ​នេះ ព្រះ​យេស៊ូ​បាន​បង្ហាញ​ប្រយោជន៍​ដែល​មក​ពី​ការ​អនុវត្ត​តាម​គោល​ការណ៍។ តាម​វិធី​នេះ ព្រះ​យេស៊ូ​បាន​លើក​ស្ទួយ​ខ្នាត​តម្រា​សីលធម៌​របស់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ខ្ពង់​ខ្ពស់​ជាង។ តួយ៉ាង​ដូច​ជា​អំពើ​កំផិត ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​គោល​ការណ៍​មួយ​ដែល​មិន​គ្រាន់​តែ​ជួយ​យើង​ជៀស​វាង​អំពើ​នេះ​ប៉ុណ្ណោះ តែ​ការ​ពារ​គំនិត​និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង​ផង​ដែរ។ គោល​ការណ៍​នោះ​ថា​៖ ​«​សូម្បី​តែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ​»។—ម៉ាថាយ ៥:២៨

១៥. តើ​យើង​អាច​ជៀស​វាង​ពី​ការ​ប្រកាន់​ច្បាប់​យ៉ាង​ដូច​ម្ដេច?

១៥ គំរូ​នេះ​បង្ហាញ​ថា គួរ​គប្បី​កុំ​ឲ្យ​យើង​ភ្លេច​ឡើយ នូវ​បំណង​និង​ខ្លឹម​សារ​នៃ​គោល​ការណ៍​ពី​ព្រះ​យេហូវ៉ា។ យើង​ច្បាស់​ជា​មិន​ចង់​រក​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ដោយ​មាន​ឫកពា​សីលធម៌​តែ​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ។ ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា​ទស្សនៈ​នេះ​គឺ​ខុស ពេល​ទ្រង់​បញ្ជាក់​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។ (​ម៉ាថាយ ១២:៧; លូកា ៦:១​-​១១​) ដោយ​ប្រព្រឹត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ យើង​មិន​ខិត​ខំ​ដោយ​ខ្លួន​ឯង(​ឬ​ក៏​បង្ខំ​អ្នក​ឯ​ទៀត​)ឲ្យ​រស់​ស្រប​ទៅ​តាម​វិន័យ​តឹង​រ៉ឹង​ផ្សេង​ៗ​ដែល​ហួស​ពី​សេចក្ដី​បង្រៀន​ព្រះ​គម្ពីរ​នោះ​ឡើយ។ យើង​នឹង​យក​ចិត្ត​ទុក​ដាក់​នឹង​គោល​ការណ៍​ដែល​ជំរុញ​ឲ្យ​យើង​ស្រឡាញ់​និង​ស្ដាប់​បង្គាប់​ព្រះ ជា​ជាង​គិត​ពី​អាការ​ក្រៅ​នៃ​ការ​ថ្វាយ​បង្គំ​របស់​យើង។—លូកា ១១:៤២

លទ្ធផល​ដែល​គួរ​ឲ្យ​សប្បាយ

១៦. សូម​លើក​ឧទាហរណ៍​អំពី​គោល​ការណ៍​ដែល​ជា​មូលដ្ឋាន​នៃ​ច្បាប់​ផ្សេង​ៗ​ក្នុង​ព្រះ​គម្ពីរ។

១៦ ពេល​យើង​ខំ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា គឺ​ជា​ការ​សំខាន់​ដែល​យើង​ទទួល​ស្គាល់​ថា ច្បាប់​របស់​ទ្រង់​មាន​មូលដ្ឋាន​ទៅ​លើ​គោល​ការណ៍​ចំបង​ៗ។ ជា​ឧទាហរណ៍ ជន​គ្រីស្ទាន​ត្រូវ​ជៀស​ចេញ​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ពី​អំពើ​អសីលធម៌​ខាង​កាម និង​ការ​បញ្ចូល​ឈាម។ (​កិច្ច​ការ ១៥:២៨, ២៩​) តើ​អ្វី​ជា​មូលដ្ឋាន​នៃ​ទស្សនៈ​របស់​ជន​គ្រីស្ទាន​អំពី​រឿង​ទាំង​នេះ? ពោល​គឺ ព្រះ​គួរ​នឹង​ទទួល​ការ​ថ្វាយ​បង្គំ​ផ្ដាច់​មុខ​ពី​យើង​មួយ យើង​ត្រូវ​ស្មោះ​ត្រង់​និង​គូ​របស់​យើង​មួយ ហើយ​ព្រះ​យេហូវ៉ា​ក៏​ជា​អ្នក​ដែល​ប្រទាន​ជីវិត​ដល់​យើង​មួយ​ដែរ។ (​លោកុប្បត្តិ ២:២៤; និក្ខមនំ ២០:៥; ទំនុក​ដំកើង ៣៦:៩​) ការ​យល់​នូវ​គោល​ការណ៍​ទាំង​នេះ​ជា​មូលដ្ឋាន នោះ​ជួយ​យើង​ឲ្យ​ព្រម​ទទួល​និង​អនុវត្ត​តាម​ច្បាប់​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​ទាំង​នោះ​បាន​យ៉ាង​ងាយ​ស្រួល។

១៧. តើ​មាន​លទ្ធផល​ដ៏​ល្អ​ណា​ខ្លះ​មក​ពី​ការ​យល់​និង​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ?

១៧ ពេល​យើង​យល់​គោល​ការណ៍​ជា​មូលដ្ឋាន និង​អនុវត្ត​តាម​នោះ ទើប​យើង​ទទួល​ស្គាល់​ថា គោល​ការណ៍​នោះ​គឺ​សំរាប់​ប្រយោជន៍​យើង។ អំណោយ​ពរ​ខាង​វិញ្ញាណ​ដែល​រាស្ត្រ​ព្រះ​ទទួល ច្រើន​តែ​រួម​បញ្ចូល​ប្រយោជន៍​ពិត​ប្រាកដ​ផង​ដែរ។ ជាក់​ស្តែង​ដូច​ជា​អ្នក​ដែល​ជៀស​វាង​ពី​ការ​ជក់​បារី ពួក​អ្នក​ដែល​រស់​នៅ​តាម​គោល​ការណ៍​សីលធម៌​ល្អ ហើយ​អ្នក​គោរព​ភាព​ពិសិដ្ឋ​នៃ​ឈាម គេ​អាច​រួច​ផុត​ពី​ជម្ងឺ​ខ្លះ​ៗ។ ស្រដៀង​គ្នា​ដែរ ការ​រស់​នៅ​សម​ស្រប​ទៅ​តាម​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​អាច​ផ្ដល់​ជា​ប្រយោជន៍​ដល់​យើង​ខាង​លុយ​កាក់ ប្រយោជន៍​ក្នុង​សង្គម និង​ក្នុង​ជីវភាព​ក្រុម​គ្រួសារ។ ប្រយោជន៍​ជាក់​ស្តែង​បែប​នេះ បញ្ជាក់​តម្លៃ​នៃ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​និង​ស​ឲ្យ​ឃើញ​ថា ខ្នាត​តម្រា​នោះ​គឺ​មាន​សំរាប់​ប្រយោជន៍​យើង។ ប៉ុន្តែ ប្រយោជន៍​ដែល​យើង​ទទួល មិន​មែន​ជា​ហេតុ​សំខាន់​បំផុត​ដែល​យើង​អនុវត្ត​តាម​គោល​ការណ៍​របស់​ព្រះ​ឡើយ។ គ្រីស្ទាន​ពិត​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​ពីព្រោះ​គេ​ស្រឡាញ់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​គួរ​នឹង​ទទួល​ការ​ថ្វាយ​បង្គំ​របស់​គេ ហើយ​ដោយ​សារ​ការ​ស្ដាប់​តាម​ទ្រង់​គឺ​ជា​អ្វី​ដ៏​ត្រឹម​ត្រូវ។—វិវរណៈ ៤:១១

១៨. ប្រសិន​បើ​យើង​ចង់​ក្លាយ​ជា​គ្រីស្ទាន​ដែល​ទទួល​ជោគ​ជ័យ​ក្នុង​ជីវិត តើ​អ្វី​គួរ​ណែនាំ​ជីវិត​របស់​យើង?

១៨ ការ​អនុញ្ញាត​ឲ្យ​ជីវិត​របស់​យើង​ត្រូវ​ណែនាំ​ដោយ​គោល​ការណ៍​ព្រះ​គម្ពីរ ជួយ​យើង​ឲ្យ​មាន​របៀប​រស់​នៅ​ប្រសើរ​ជាង ជា​ហេតុ​ទាក់​ទាញ​មនុស្ស​ខ្លះ​ឲ្យ​មក​តាម​ផ្លូវ​របស់​ព្រះ។ អ្វី​ដែល​សំខាន់​បំផុត​នោះ របៀប​រស់​នៅ​របស់​យើង​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា។ យើង​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​មួយ​អង្គ​ដែល​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​សម​ស្រប​ទៅ​តាម​គោល​ការណ៍​ព្រះ​គម្ពីរ ហើយ​មើល​ឃើញ​របៀប​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​មក​យើង នោះ​យើង​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ជា​មួយ​នឹង​ទ្រង់។ ពិត​មែន​ហើយ យើង​បណ្ដុះ​ឲ្យ​មាន​ទំនាក់​ទំនង​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ថែម​ទៀត​ជា​មួយ​នឹង​ព្រះ​វរបិតា​សួគ៌ា​របស់​យើង។

តើ​អ្នក​ចាំ​ទេ?

• តើ​គោល​ការណ៍​គឺ​ជា​អ្វី?

• តើ​គោល​ការណ៍​គឺ​ខុស​គ្នា​ពី​ច្បាប់​ត្រង់​ណា?

• ហេតុ​អ្វី​បាន​ជា​មាន​ប្រយោជន៍ បើ​យើង​គិត​និង​ប្រព្រឹត្ត​តាម​គោល​ការណ៍?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ប្រអប់​នៅ​ទំព័រ​២៧​]

បង​ប្រុស​វីលសុន ជា​គ្រីស្ទាន​ម្នាក់​នៅ​ប្រទេស​ហ្គាណា មាន​គេ​ប្រាប់​គាត់​ថា ក្នុង​ពីរ​បី​ថ្ងៃ​ទៀត​គាត់​នឹង​ត្រូវ​គេ​បញ្ឈប់​ពី​ការ​ងារ​របស់​គាត់។ នៅ​ថ្ងៃ​ចុង​ក្រោយ​ដែល​វីលសុន​ធ្វើ​ការ​នោះ គាត់​ត្រូវ​លាង​ឡាន​ផ្ទាល់​ខ្លួន​របស់​ចាង​ហ្វាង​ក្រុម​ហ៊ុន​ដែល​គាត់​ធ្វើ​ការ។ ពេល​វីលសុន​ឃើញ​លុយ​មួយ​ចំនួន​ក្នុង​ឡាន​នោះ អ្នក​ត្រួត​ពិនិត្យ​ប្រាប់​គាត់​ថា ព្រះ​បាន​ប្រទាន​លុយ​នោះ​ដល់​វីលសុន ពីព្រោះ​គាត់​ជិត​បាត់​បង់​ការ​ងារ​ធ្វើ​នៅ​ថ្ងៃ​នោះ​ឯង។ ប៉ុន្តែ វីលសុន​បាន​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​ស្តី​ពី​ភាព​ទៀង​ត្រង់ ហើយ​ប្រគល់​លុយ​នោះ​ទៅ​ដល់​ចាង​ហ្វាង​វិញ។ ចាង​ហ្វាង​នោះ​បាន​ភ្ញាក់​ផ្អើល​និង​កោត​ស្ងើច​ដល់​ម្ល៉េះ​បាន​ជា​គាត់​បាន​សុំ​វីលសុន​ភ្លាម​ៗ​ឲ្យ​បន្ត​ធ្វើ​ការ​ឲ្យ​គាត់​រហូត ហើយ​ថែម​ទាំង​ដំឡើង​គាត់​ឲ្យ​កាន់​មុខ​តំណែង​ធំ​ទៀត​ផង។—អេភេសូរ ៤:២៨

[​ប្រអប់​នៅ​ទំព័រ​២៨​]

បង​ស្រី​រូគា​ជា​ជន​ជាតិ​អាល់បានី​ស្ថិត​ក្នុង​វ័យ​៦០​ប្លាយ។ ដោយ​ព្រោះ​មាន​ជំទាស់​ក្នុង​ក្រុម​គ្រួសារ រូគា​មិន​និយាយ​រក​បង​ប្រុស​របស់​គាត់​ជាង​១៧​ឆ្នាំ។ ក្រោយ​មក​រូគា​ចាប់​ផ្ដើម​រៀន​ព្រះ​គម្ពីរ​ជា​មួយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា ហើយ​រៀន​ដឹង​ថា​គ្រីស្ទាន​ពិត​ត្រូវ​មាន​មិត្តភាព​ជា​មួយ​អ្នក​ឯ​ទៀត មិន​មែន​ចង​គំនុំ​ទេ។ រូគា​បាន​អធិស្ឋាន​ពេញ​មួយ​យប់ លុះ​ក្រោយ​មក​គាត់​បាន​ដើរ​ទៅ​ផ្ទះ​បង​ប្រុស​គាត់​ទាំង​បេះ​ដូង​លោត​ញាប់​ស្ទើរ​បែក​ទ្រូង។ ក្មួយ​ស្រី​របស់​រូគា​បាន​បើក​ទ្វារ។ នាង​បាន​ភ្ញាក់​ផ្អើល​ហើយ​សួរ​មីង​ថា​៖ ​«​អ្នក​ណា​គេ​ស្លាប់? ម្ដេច​ក៏​មីង​មក​ទី​នេះ​អ៊ីចឹង?​»។ រូគា​បាន​សុំ​ជួប​បង​ប្រុស​គាត់។ ដោយ​ចិត្ត​សុភាព​រូគា​បាន​ពន្យល់​ថា ការ​រៀន​សូត្រ​គោល​ការណ៍​ព្រះ​គម្ពីរ និង​ការ​រៀន​អំពី​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ផ្សះ​ផ្សា​ជា​មួយ​បង​ប្រុស​វិញ។ ក្រោយ​មក​គេ​ទាំង​ពីរ​នាក់​ឱប​គ្នា​ទាំង​ស្រក់​ទឹក​ភ្នែក ហើយ​ពួក​គេ​បាន​ជប់​លៀង​អប​អរ​គ្រា​ដ៏​ពិសេស​នេះ។—រ៉ូម ១២:១៧, ១៨

[​រូប​ភាព​នៅ​ទំព័រ​៣០​]

ម៉ាថាយ ៥:២៧, ២៨

[​រូប​ភាព​នៅ​ទំព័រ​៣០​]

ម៉ាថាយ ៥:៣

[​រូប​ភាព​នៅ​ទំព័រ​៣០​]

ម៉ាថាយ ៥:២៤

[​រូប​ភាព​នៅ​ទំព័រ​៣០​]

​«​កាល​បាន​ឃើញ​ហ្វូង​មនុស្ស ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​កាល​បាន​គង់​ចុះ​ហើយ នោះ​ពួក​សិស្ស​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​បើក​ព្រះ​ឱស្ឋ​បង្រៀន​គេ​»។—ម៉ាថាយ ៥:១, ២