លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ នៅប្រទេសប្រេស៊ីល

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ នៅប្រទេសប្រេស៊ីល

ពួក​គេ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត នៅ​ប្រទេស​ប្រេស៊ីល

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន រូ​បៀ (១) ជា​បង​ស្រី​ម្នាក់​ដែល​ឥឡូវ​មាន​អាយុ​៣០​ឆ្នាំ បាន​ធ្វើ​ដំណើរ​ទៅ​លេង​បង​ស្រី​ម្នាក់​ឈ្មោះ​សាន់ដ្រា (២) ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​ដែល​បាន​បម្រើ​នៅ​ក្រុម​ជំនុំ​តូច​មួយ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ប្រេស៊ីល។ ក្នុង​អំឡុង​ពេល​នោះ មាន​អ្វី​មួយ​បាន​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​រូ​បៀ​យ៉ាង​ខ្លាំង រហូត​ដល់​បាន​ផ្លាស់​ប្ដូរ​គន្លង​ជីវិត​របស់​នាង។ តើ​នោះ​ជា​អ្វី? សូម​ឲ្យ​យើង​ស្វែង​យល់​ថែម​ទៀត​អំពី​គាត់។

«ខ្ញុំ​សឹង​តែ​មិន​ជឿ​អ្វី​ដែល​ខ្ញុំ​ឮ»

«សាន់ដ្រា​បាន​នាំ​ខ្ញុំ​ទៅ​លេង​ស្ត្រី​ម្នាក់​ដែល​កំពុង​សិក្សា​គម្ពីរ​ជា​មួយ​នាង។ ក្នុង​អំឡុង​ការ​សិក្សា​នោះ​ស្រាប់​តែ​ស្ត្រី​នោះ បាន​និយាយ​ថា៖ ‹សាន់ដ្រា មាន​នារី​បី​នាក់​នៅ​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ​ចង់​រៀន​គម្ពីរ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​ពួក​គេ​ត្រូវ​តែ​ចាំ​វេន​របស់​ពួក​គេ​សិន។ ខ្ញុំ​ដឹង​ថា​អ្នក​គ្មាន​ពេល​បង្រៀន​ពួក​គេ​ទេ​ក្នុង​ឆ្នាំ​នេះ›។ ខ្ញុំ​សឹង​តែ​មិន​ជឿ​អ្វី​ដែល​ខ្ញុំ​ឮ។ មនុស្ស​ដែល​ចង់​ស្គាល់​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ចាំ​រហូត​ដល់​អ្នក​បង្រៀន​គម្ពីរ​មាន​ពេល​បង្រៀន​ពួក​គេ! នៅ​ក្រុម​ជំនុំ​របស់​ខ្ញុំ ខ្ញុំ​ពិបាក​រក​មនុស្ស​ឲ្យ​រៀន​គម្ពីរ​ណាស់ សូម្បី​តែ​ម្នាក់​ក៏​រក​មិន​បាន​ផង។ នៅ​ពេល​នោះ នៅ​ផ្ទះ​របស់​សិស្ស​គម្ពីរ​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ពិត​ជា​ចង់​ជួយ​មនុស្ស​នៅ​ក្រុង​តូច​របស់​គាត់។ មិន​យូរ​ក្រោយ​មក ខ្ញុំ​បាន​រើ​ពី​ក្រុង​ធំ​ដែល​ខ្ញុំ​រស់​នៅ ហើយ​ទៅ​នៅ​ក្រុង​ដែល​សាន់ដ្រា​កំពុង​ត្រួស​ត្រាយ»។

តើ​រូ​បៀ​ទទួល​បាន​លទ្ធផល​អ្វី? នាង​រៀប​រាប់​ថា៖ «មិន​ដល់​ពីរ​ខែ​ផង ក្រោយ​ពី​ខ្ញុំ​បាន​រើ​ទៅ​នៅ​ទី​នោះ ខ្ញុំ​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​១៥​នាក់ ហើយ​អ្នក​ដឹង​ទេ​ថា មិន​យូរ​ក្រោយ​នោះ ខ្ញុំ​ក៏​មាន​មនុស្ស​ជា​ច្រើន​ចាំ​វេន​ខ្លួន​ដើម្បី​រៀន​គម្ពីរ​ជា​មួយ​ខ្ញុំ​ដូច​សាន់ដ្រា​ដែរ!»។

អ្វី​ដែល​ជំរុញ​គាត់​ឲ្យ​ពិចារណា​អំពី​កិច្ច​បម្រើ​របស់​គាត់​ឡើង​វិញ

ឌីយេហ្គោ (៣) ជា​ប្អូន​ប្រុស​ម្នាក់​ដែល​ឥឡូវ​មាន​អាយុ​ជាង​២០​ឆ្នាំ បាន​ទៅ​លេង​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ប្រូដិនតូប៉ូលិស ដែល​ជា​ក្រុង​តូច​មួយ​នៅ​ប្រទេស​ប្រេស៊ីល​ភាគ​ខាង​ត្បូង។ ការ​ទៅ​លេង​នោះ​បាន​ដិត​ជាប់​ក្នុង​ចិត្ត​របស់​គាត់ តាម​ការ​ពិត នេះ​បាន​ធ្វើ​ឲ្យ​គាត់​ពិចារណា​អំពី​កិច្ច​បម្រើ​របស់​គាត់​ឡើង​វិញ។ គាត់​បាន​ពន្យល់​ថា៖ «ខ្ញុំ​មិន​សូវ​មាន​សកម្មភាព​អ្វី​ក្នុង​ក្រុម​ជំនុំ​ទេ ខ្ញុំ​ចំណាយ​ពេល​តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ប៉ុន្តែ ពេល​ខ្ញុំ​បាន​ទៅ​លេង​អ្នក​ត្រួស​ត្រាយ​ទាំង​នោះ ហើយ​ស្ដាប់​បទ​ពិសោធន៍​ដែល​ពួក​គាត់​បាន​រៀប​រាប់ ខ្ញុំ​បាន​គិត​អំពី​អំណរ​របស់​ពួក​គាត់​និង​ការ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្ញុំ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ពេល​ដែល​ខ្ញុំ​ឃើញ​ពួក​គាត់​សប្បាយ​និង​រំភើប​ចិត្ត ខ្ញុំ​ក៏​មាន​បំណង​ចង់​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ​ដូច​ពួក​គាត់​ដែរ»។ ក្រោយ​ពេល​នោះ ឌីយេហ្គោ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។

ដូច​ឌីយេហ្គោ តើ​អ្នក​ជា​អ្នក​ផ្សាយ​វ័យ​ក្មេង​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ហើយ​ចូល​រួម​កិច្ច​ប្រជុំ ប៉ុន្តែ​នៅ​ពេល​ដំណាល​គ្នា​នោះ អ្នក​មាន​អារម្មណ៍​ថា​កិច្ច​បម្រើ​ផ្សាយ​ជា​កិច្ចការ​ច្រំ​ដែល ហើយ​អ្នក​មិន​មាន​ចិត្ត​រំភើប​ទេ មែន​ទេ? បើ​ដូច្នេះ តើ​អ្នក​អាច​ធ្វើ​ការ​កែប្រែ​ក្នុង​ជីវិត​របស់​អ្នក​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​នូវ​អំណរ ដែល​មក​ពី​ការ​បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​ច្រើន​ជាង​នូវ​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​ឬ​ទេ? យើង​ក៏​យល់​ដែរ​ថា ការ​គិត​អំពី​ការ​លះ​បង់​របៀប​រស់​នៅ​ស្រណុក​សុខ​ស្រួល ប្រហែលជា​មើល​ទៅ​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច។ ប៉ុន្តែ ប្អូនៗវ័យ​ក្មេង​ជា​ច្រើន​នាក់​បាន​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ។ ពួក​គេ​មាន​ចិត្ត​ក្លាហាន​ដើម្បី​កែប្រែ​គោលដៅ​និង​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​ជាង។ សូម​ពិចារណា​គំរូ​មួយ​ទៀត​គឺ​គំរូ​របស់​ប៊្រុយណូ។

អ្នក​ដឹក​នាំ​វង់​តន្ត្រី​ឬ​អ្នក​ផ្សព្វ​ផ្សាយ?

ប៉ុន្មាន​ឆ្នាំ​មុន ប៊្រុយណូ (៤) ដែល​ឥឡូវ​មាន​អាយុ​២៨​ឆ្នាំ បាន​រៀន​នៅ​សាលា​តន្ត្រី​ដ៏​ល្បីល្បាញ​មួយ ហើយ​គាត់​មាន​គោលដៅ​ក្លាយ​ទៅ​ជា​អ្នកដឹក​នាំ​វង់​តន្ត្រី​ម្នាក់។ តាម​ការ​ពិត គាត់​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ការ​សិក្សា​របស់​គាត់ រហូត​ដល់​គេ​អញ្ជើញ​គាត់​បី​បួន​ដង​ឲ្យ​ដឹក​នាំ​ក្រុម​តន្ត្រី​ដ៏​ធំ​មួយ​ដែល​មាន​ឧបករណ៍​ភ្លេង​ចម្រុះ។ តាម​មើល​ទៅ​គាត់​ដូច​ជា​កំពុង​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​អាជីព​របស់​គាត់។ ប៊្រុយណូ​រៀប​រាប់​ថា៖ «ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ដូច​ជា​ខ្វះ​អ្វី​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​បាន​ប្រគល់​ខ្លួន​ខ្ញុំ​ទៅ​ព្រះ​យេហូវ៉ា ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មិន​បាន​ប្រគល់​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​មាន​ទៅ​លោក​ទេ ហើយ​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត។ ខ្ញុំ​បាន​ប្រាប់​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិដ្ឋាន​អំពី​អារម្មណ៍​របស់​ខ្ញុំ ហើយ​ក៏​បាន​និយាយ​ប្រាប់​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ក្រុម​ជំនុំ​ដែរ។ បន្ទាប់​ពី​ពិចារណា​យ៉ាង​ហ្មត់​ចត់ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​ថា​សំខាន់​ជាង​តន្ត្រី ហើយ​ក៏​បាន​ឈប់​រៀន​នៅ​សាលា​តន្ត្រី រួច​ចាប់​ផ្ដើម​បម្រើ​នៅ​តំបន់​ដែល​ពិត​ជា​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ»។ តើ​ការ​សម្រេច​ចិត្ត​របស់​គាត់​មាន​លទ្ធផល​យ៉ាង​ណា?

ប៊្រុយណូ​បាន​រើ​ទៅ​ទី​ក្រុង​ហ្គាពីអារ៉ា (មាន​បណ្ដា​ជន​៧.០០០​នាក់) ដែល​មាន​ចម្ងាយ​ប្រហែលជា​១៦០​ម៉ៃល៍ (២៦០​គីឡូម៉ែត្រ) ពី​ក្រុង​សៅប៉ូឡូ។ នេះ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ។ គាត់​រៀប​រាប់​ថា៖ «ខ្ញុំ​បាន​រើ​ទៅ​ផ្ទះ​តូច​មួយ​ដែល​គ្មាន​ទូទឹកកក ទូរទស្សន៍ ឬ​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ។ ប៉ុន្តែ នៅ​ផ្ទះ​នោះ​មាន​អ្វី​ខ្លះ​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​ពី​មុន គឺ​សួន​បន្លែ​និង​ដំណាំ​ហូប​ផ្លែ!»។ ពេល​ប៊្រុយណូ​កំពុង​បម្រើ​នៅ​ទី​នោះ​ក្នុង​ក្រុម​ជំនុំ​តូច​មួយ មួយ​សប្ដាហ៍​ម្ដង​គាត់​ដាក់​ម្ហូប​អាហារ ទឹក និង​សៀវភៅ​ផ្សេងៗ​ក្នុង​កាតាប​របស់​គាត់ ហើយ​ជិះ​ម៉ូតូ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ជនបទ។ មនុស្ស​ជា​ច្រើន​នៅ​តំបន់​នោះ​មិន​ធ្លាប់​ឮ​អំពី​ដំណឹង​ល្អ​ទេ។ គាត់​រៀប​រាប់​ថា៖ «ខ្ញុំ​បាន​ដឹក​នាំ​ការ​សិក្សា​រហូត​ដល់​១៨​នាក់។ ពេល​ឃើញ​សិស្ស​គម្ពីរ​ទាំង​នោះ​បាន​កែប្រែ​ជីវិត​របស់​ពួក​គាត់ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង!»។ គាត់​បាន​បន្ថែម​ថា៖ «នៅ​ពេល​នោះ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​បាន​រក​ឃើញ​អ្វី​ដែល​ខ្ញុំ​មិន​មាន​ក្នុង​ជីវិត​របស់​ខ្ញុំ ពោល​គឺ​អារម្មណ៍​ស្កប់​ចិត្ត​យ៉ាង​ខ្លាំង​ដែល​មក​ពី​ការ​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត។ បើ​ខ្ញុំ​ខំ​បំពេញ​គោលដៅ​ដែល​នាំ​ឲ្យ​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​នោះ ខ្ញុំ​នឹង​មិន​មាន​អំណរ​ដូច្នេះ​ទេ»។ តើ​ប៊្រុយណូ​បាន​លុយ​ពី​ណា​ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​នៅ​ក្រុង​ហ្គាពីអារ៉ា? គាត់​និយាយ​ទាំង​ញញឹម​ថា៖ «គឺ​ដោយ​បង្រៀន​ហ្គីតា»។ តាម​របៀប​នេះ គាត់​នៅ​តែ​ជា​អ្នក​ដឹក​នាំ​តន្ត្រី​ដដែល។

«ខ្ញុំ​ច្បាស់​ជា​ត្រូវ​រស់​នៅ​ទី​នេះ»

ម៉ារៀអេណា (៥) ដែល​ឥឡូវ​នេះ​មាន​អាយុ​ជិត​៣០​ឆ្នាំ បាន​ឃើញ​ថា​នាង​មាន​ស្ថានភាព​ស្រដៀង​គ្នា​នឹង​ប៊្រុយណូ​ដែរ។ នាង​ធ្វើ​ការ​ជា​មេធាវី​ម្នាក់ ប៉ុន្តែ​ទោះ​ជា​អាជីព​របស់​នាង​បាន​កម្រៃ​ច្រើន​ក៏​ដោយ នាង​មិន​មាន​អារម្មណ៍​ស្កប់​ចិត្ត​ពិត​ប្រាកដ​ទេ។ នាង​និយាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា​ការ​នោះ​ជា‹អសារ​ឥត​ការ›»។ (សាស្ដ. ១:១៧) មាន​បង​ប្អូន​ប្រុស​ស្រី​ប៉ុន្មាន​នាក់​បាន​លើក​ទឹក​ចិត្ត​នាង​ឲ្យ​គិត​អំពី​កិច្ច​បម្រើ​ជា​អ្នក​ត្រួសត្រាយ។ បន្ទាប់​ពី​ពិចារណា​រឿង​នោះ​ហើយ នាង​និង​មិត្ត​ភក្ដិ​របស់​នាង​ឈ្មោះ​បេអាន់កា (៦) ការ៉ូលេន (៧) និង​ជូលេអាណា (៨) បាន​សម្រេច​ចិត្ត​ថា​នឹង​ជួយ​ក្រុម​ជំនុំ​មួយ​នៅ​បារ៉ាដឺប៊ូគ្រេស ដែល​ជា​ទី​ក្រុង​ឆ្ងាយ​ដាច់​ស្រយាល​មួយ​នៅ​ជិត​ប្រទេស​បូលីវី ដែល​មាន​ចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ពួក​គាត់។ តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​មក?

ម៉ារៀអេណា​និយាយ​ថា៖ «គោល​បំណង​របស់​ខ្ញុំ​គឺ​ស្នាក់​នៅ​ទី​នោះ​តែ​បី​ខែ​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​ដំណាច់​បី​ខែ​នោះ ខ្ញុំ​បាន​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​១៥​នាក់! សិស្ស​គម្ពីរ​ទាំង​នោះ​ត្រូវ​ការ​ជំនួយ​ខ្លាំង​ណាស់​ដើម្បី​រីក​ចម្រើន​ក្នុង​សេចក្ដី​ពិត។ ដូច្នេះ ខ្ញុំ​គ្មាន​ចិត្ត​ក្លាហាន​ដើម្បី​ប្រាប់​ពួក​គេ​ថា ខ្ញុំ​ត្រូវ​ចាក​ចេញ​ទេ។ ខ្ញុំ​ច្បាស់​ជា​ត្រូវ​រស់​នៅ​ទី​នេះ​ត​ទៅ​ទៀត»។ នេះ​ជា​អ្វី​ដែល​បង​ប្អូន​ស្រី​ទាំង​បួន​នាក់​បាន​ធ្វើ។ ដូច្នេះ ឥឡូវ​នេះ​ម៉ារៀអេណា​មាន​អារម្មណ៍​ថា​ជីវិត​របស់​នាង​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ។ នាង​និយាយ​ថា៖ «ដោយ​សារ​ព្រះ​យេហូវ៉ា​ប្រើ​ខ្ញុំ​ដើម្បី​ជួយ​មនុស្ស​កែប្រែ​ជីវិត​របស់​ពួក​គេ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​មែន។ ការ​ដឹង​ថា​ឥឡូវ​នេះ​ខ្ញុំ​កំពុង​ប្រើ​ពេល​និង​កម្លាំង​របស់​ខ្ញុំ ដើម្បី​ធ្វើ​អ្វី​ដែល​ពិត​ជា​មាន​ប្រយោជន៍ ហើយ​ដែល​នាំ​ឲ្យ​ខ្ញុំ​ទទួល​ពរ»។ ការ៉ូលេន​បាន​រៀប​រាប់​អំពី​អារម្មណ៍​របស់​បង​ប្អូន​ស្រី​ទាំង​បួន​នាក់​យ៉ាង​សង្ខេប​ថា៖ «ពេល​ខ្ញុំ​ចូល​គេង​ពេល​យប់ ខ្ញុំ​មាន​អារម្មណ៍​ស្កប់​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​ខ្ញុំ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​បំពេញ​កិច្ចការ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ។ ខ្ញុំ​ផ្ដោត​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​ការ​ជួយ​សិស្ស​គម្ពីរ​របស់​ខ្ញុំ។ គឺ​ពិត​ជា​អស្ចារ្យ​ណាស់​ពេល​ឃើញ​ពួក​គេ​កំពុង​រីក​ចម្រើន។ ខ្ញុំ​ដឹង​ថា​ពាក្យ៖ ‹សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ›ជា​ពាក្យ​ពិត​មែន»។—ទំនុក. ៣៤:៨

ព្រះ​យេហូវ៉ា​ពិត​ជា​សប្បាយ​ចិត្ត​ណាស់! ពេល​ឃើញ​បង​ប្អូន​ប្រុស​ស្រី​វ័យ​ក្មេង​ទូ​ទាំង​ពិភព​លោក​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង កំពុង«ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត»ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​លោក​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល។ (ទំនុក. ១១០:៣; សុភ. ២៧:១១) ជា​លទ្ធផល ពួក​អ្នក​ដែល​ធ្វើ​ការ​ដោយ​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​បាន​ទទួល​ពរ​ដ៏​វិសេស​វិសាល​ពី​ព្រះ​យេហូវ៉ា។—សុភ. ១០:២២

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​៥]

«យើង​គ្មាន​ខ្វះ​អ្វី​សោះ»

ពេល​ដែល​ស្វូនប៉ូឡូ​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ណូអេមី បាន​ប្រាប់​អំពី​បំណង​ចិត្ត​របស់​ពួក​គាត់​ទៅ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង ពួក​គាត់​បាន​ទទួល​យោបល់ ខ្លះ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ធ្លាក់​ទឹក​ចិត្ត។ បង​ប្អូន​ខ្លះ​ក្នុង​ក្រុម ជំនុំ​និយាយ​ថា៖ «អ្នក​នឹង​ជួប​ការ​ពិបាក​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ពេល​រើ​ទៅ​ក្រុង​តូច។ ហេតុ​អ្វី​ចាំ​បាច់​រើ​ទៅ​នៅ​ទី​នោះ? នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង​នៅ​តែ​មាន​អ្វីៗជា​ច្រើន​ដែល​ត្រូវ​ធ្វើ»។ ស្វូនប៉ូឡូ​និយាយ​ថា៖ «បង​ប្អូន​ឲ្យ​យោបល់​យើង​ដោយ​មាន​បំណង​ចិត្ត​ល្អ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យោបល់​ទាំង​នោះ​នៅ​តែ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​បន្ដិច​បន្តួច»។ ក៏​ប៉ុន្តែ សព្វ​ថ្ងៃ​នេះ បន្ទាប់​ពី​បម្រើ​អស់​ជា​ច្រើន​ឆ្នាំ​នៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង ស្វូនប៉ូឡូ​និង​ណូអេ​មី​សប្បាយ​រីករាយ​ដែល​ពួក​គាត់​បាន​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​ក្នុង​ការ​បង្កើន​កិច្ច​បម្រើ​ផ្សាយ។ ស្វូនប៉ូឡូ​ពន្យល់​ថា៖ «ដរាប​ណា​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​នៅ​ទី​នេះ យើង​គ្មាន​ខ្វះ​អ្វី​សោះ។ បើ​និយាយ​អំពី​អ្វី​ដែល​ពិត​ជា​សំខាន់ យើង​មាន​ច្រើន​ជាង​ពី​មុន​ទៅ​ទៀត»។ ណូអេ​មី​បន្ថែម​ថា៖ «នេះ​សម​នឹង​ការ​ខំ​ប្រឹងប្រែង​របស់​យើង»។

ការ​ចិញ្ចឹម​ជីវិត​ក្នុង​ទី​ក្រុង​តូច​គឺជា​ការ​ពិបាក​មួយ។ តើ​តាម​របៀប​ណា​ពួក​អ្នក​ដែល​រើ​ទៅ​តំបន់​ដាច់​ស្រយាល​អាច​រក​លុយ​ដើម្បី​ចិញ្ចឹម​ជីវិត​ខ្លួន? ដោយ​គិត​រក​របៀប​ផ្សេងៗដើម្បី​ប្រើ​ជំនាញ​របស់​ពួក​គាត់។ បង​ប្អូន​ខ្លះ​បង្រៀន​ភាសា​អង់គ្លេស​ឬ​ភាសា​ផ្សេង​ទៀត ជួយ​បង្រៀន​ក្មេងៗឲ្យ​ចេះ​ធ្វើ​លំ​ហាត់​ដែល​សាលា​ដាក់​ឲ្យ​ពួក​គេ​ធ្វើ កាត់​ដេរ លាប​ថ្នាំ​ផ្ទះ ឬ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​មិន​មែន​ជា​ការងារ​ពេញ​ពេល។ តើ​ពួក​អ្នក​ដែល​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​របៀប​រស់​នៅ​របស់​ពួក​គាត់? ពួក​គាត់​ទាំង​អស់​គ្នា​មាន​អារម្មណ៍​ថា​ពរ​ដែល​ពួក​គាត់​បាន​ទទួល​គឺ​សម​នឹង​ការ​ខំ​ប្រឹងប្រែង​របស់​ពួក​គាត់!

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​៦]

ការ​ពិបាក​ដោយ​សារ​នឹក​ផ្ទះ

ធីអាហ្គោ​និយាយ​ថា៖ «មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​ខ្ញុំ​មក​ដល់​ក្រុម​ជំនុំ​ថ្មី ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត។ នៅ​ក្រុង​នោះ​មាន​អ្នក​ផ្សព្វ​ផ្សាយ​តិច​ណាស់ ហើយ​មិន​សូវ​មាន​អ្វី​ដើម្បី​កម្សាន្ត​សប្បាយ​ទេ។ ខ្ញុំ​ចាប់​ផ្ដើម​នឹក​ផ្ទះ។ ខ្ញុំ​យល់​ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​រីករាយ។ ដូច្នេះ ខ្ញុំ​ចាប់​ផ្ដើម​ខំ​ប្រឹង​ស្គាល់​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ក្រុម​ជំនុំ​ឲ្យ​កាន់​តែ​ច្បាស់ ហើយ​នេះ​បាន​ជួយ​ខ្ញុំ​មែន! ខ្ញុំ​មាន​មិត្ត​ភក្ដិ​ថ្មី​ជា​ច្រើន​នាក់ មិន​យូរ​ប៉ុន្មាន​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​លែង​សូវ​នឹក​ផ្ទះ​ទៀត»។

[រូបភាព​នៅ​ទំព័រ​៣]

ណូអេ​មី​និង​ស្វូនប៉ូឡូ​នៅ​ក្រុង​អាឃ្យូរ៉ា រដ្ឋ​សាន់តា កាតារីណា