លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្វីៗដែលព្រះបានបង្កើតបង្ហាញឲ្យស្គាល់ព្រះដែលមានជីវិតរស់នៅ

អ្វីៗដែលព្រះបានបង្កើតបង្ហាញឲ្យស្គាល់ព្រះដែលមានជីវិតរស់នៅ

«ព្រះយេហូវ៉ាជាព្រះរបស់យើងអើយ លោកសមនឹងទទួលសេចក្ដីសរសើរដោយសារសិរីរុងរឿង . . . ពីព្រោះលោកបានបង្កើតអ្វីទាំងអស់»។—បប. ៤:១១

. តើយើងត្រូវធ្វើអ្វីខ្លះដើម្បីឲ្យជំនឿរបស់យើងនៅមាំមួនជានិច្ច?

មនុស្សជាច្រើននិយាយថា ពួកគេជឿតែអ្វីដែលពួកគេអាចមើលឃើញប៉ុណ្ណោះ។ បើដូច្នេះ តើតាមរបៀបណាយើងអាចជួយមនុស្សដែលមានទស្សនៈបែបនោះឲ្យមានជំនឿលើព្រះយេហូវ៉ា? ស្ដីអំពីរឿងនេះ គម្ពីរចែងថា«គ្មានមនុស្សណាម្នាក់ធ្លាប់ឃើញព្រះម្ដងណាឡើយ»។ (យ៉ូន. ១:១៨) ម្យ៉ាងទៀត តើយើងអាចធ្វើដូចម្ដេចដើម្បីឲ្យជំនឿរបស់យើងទៅលើព្រះយេហូវ៉ាដែលជា«ព្រះដែលយើងមើលមិនឃើញ»នៅមាំមួនជានិច្ច? (កូឡ. ១:១៥) ដំបូងបង្អស់ យើងត្រូវដឹងថាសេចក្ដីបង្រៀនណាខ្លះធ្វើឲ្យមនុស្សពុំអាចយល់សេចក្ដីពិតអំពីព្រះយេហូវ៉ា។ បន្ទាប់មក យើងត្រូវប្រើគម្ពីរយ៉ាងប៉ិនប្រសប់ដើម្បីរំលំរំលើងការវែកញែកណា«ដែលឆ្មើងកន្ត្រើង ហើយប្រឆាំងចំណេះអំពីព្រះ»។—២កូ. ១០:៤, ៥

២, ៣. តើមានសេចក្ដីបង្រៀនពីរយ៉ាងអ្វី ដែលធ្វើឲ្យមនុស្សមិនអាចយល់សេចក្ដីពិតអំពីព្រះ?

សេចក្ដីបង្រៀនមិនពិតមួយដែលធ្វើឲ្យគំនិតរបស់មនុស្សទៅជាងងឹត មិនអាចយល់សេចក្ដីពិតអំពីព្រះ គឺជាសេចក្ដីបង្រៀនស្ដីអំពីការវិវត្ដន៍។ ទ្រឹស្ដីនេះគឺផ្ទុយពីសេចក្ដីបង្រៀនក្នុងគម្ពីរ ហើយធ្វើឲ្យមនុស្សអស់សង្ឃឹម។ ជាបឋម សេចក្ដីបង្រៀនអំពីការវិវត្ដន៍អះអាងថាជីវិតទាំងឡាយកើតមកដោយឯកឯង។ ម៉្លោះហើយ សេចក្ដីបង្រៀននេះបង្កប់គំនិតថាជីវិតគ្មានន័យខ្លឹមសារអ្វីឡើយ។

ចំណែកនិកាយនៃពិភពគ្រិស្ដសាសនាដែលកាន់តាមគម្ពីរយ៉ាងតឹងរ៉ឹងបង្រៀនថាសកលលោក រួមទាំងផែនដីរបស់យើងនិងជីវិតទាំងឡាយដែលនៅលើផែនដី បានកើតមកតែប៉ុន្មានពាន់ឆ្នាំមុនប៉ុណ្ណោះ។ អ្នកដែលបង្រៀនសេចក្ដីនេះ ប្រហែលជាគោរពគម្ពីរខ្លាំងណាស់ ប៉ុន្ដែពួកគេនិយាយដាច់ខាតថា ព្រះបានបង្កើតអ្វីទាំងអស់ក្នុងរយៈពេលថ្ងៃ ដោយថ្ងៃនីមួយប្រើពេល២៤ម៉ោង គ្រាន់តែប៉ុន្មានពាន់ឆ្នាំមុនប៉ុណ្ណោះ។ ពួកគេមិនព្រមទទួលស្គាល់ភ័ស្ដុតាងត្រឹមត្រូវខាងវិទ្យាសាស្ដ្រដែលបង្ហាញថាទស្សនៈរបស់ពួកគេគឺខុសនោះទេ។ ហេតុនេះ សេចក្ដីបង្រៀនមិនពិតនេះធ្វើឲ្យមនុស្សគិតថាអ្វីដែលចែងក្នុងគម្ពីរគឺមិនសមហេតុសមផល ហើយក៏មិនមែនជាការពិតដែរ។ អ្នកដែល ផ្សាយគំនិតបែបនេះ ប្រហែលជាធ្វើឲ្យយើងនឹកឃើញដល់មនុស្សខ្លះនៅសតវត្សរ៍ទីដែលមានចិត្ដខ្នះខ្នែងក្នុងការបម្រើព្រះ«តែដោយគ្មានចំណេះត្រឹមត្រូវ»។ (រ៉ូម ១០:២) តើតាមរបៀបណាយើងអាចប្រើបណ្ដាំរបស់ព្រះដើម្បីរំលំរំលើងសេចក្ដីបង្រៀនអំពីការវិវត្ដន៍និងសេចក្ដីបង្រៀនមិនពិតខាងលើដែល«ចាក់ឫសជ្រៅ»? * យើងអាចធ្វើដូច្នេះបានលុះត្រាតែរូបយើងផ្ទាល់ព្យាយាមទទួលចំណេះត្រឹមត្រូវអំពីអ្វីដែលគម្ពីរបង្រៀន។

ជំនឿមានមូលដ្ឋានលើភ័ស្ដុតាងនិងហេតុផលត្រឹមត្រូវ

. តើជំនឿរបស់យើងគួរមានមូលដ្ឋានលើអ្វី?

គម្ពីរបង្រៀនថា យើងត្រូវចាត់ទុកចំណេះថាជាអ្វីដែលមានតម្លៃ។ (សុភ. ១០:១៤) ព្រះយេហូវ៉ាចង់ឲ្យជំនឿរបស់យើងមានមូលដ្ឋានលើភ័ស្ដុតាងនិងហេតុផលត្រឹមត្រូវ មិនមែនលើទស្សនវិជ្ជាទំនៀមទម្លាប់សាសនាទេ។ (សូមអាន ហេប្រឺ ១១:១) ដើម្បីមានជំនឿមាំមួនទៅលើព្រះ មុនដំបូងយើងត្រូវជឿជាក់ថាមានព្រះយេហូវ៉ាមែន។ (សូមអាន ហេប្រឺ ១១:៦) យើងជឿជាក់ដូច្នេះ មិនមែនដោយសារយើងចង់តែជឿថាមានព្រះ ប៉ុន្ដែដោយសារយើងបានពិនិត្យមើលហេតុការណ៍ពិតប្រាកដ ហើយបានប្រើ«សមត្ថភាពរិះគិត»។—រ៉ូម ១២:១

. ហេតុអ្វីយើងអាចជឿជាក់ថាមានព្រះមែន?

សាវ័កប៉ូលឲ្យមូលហេតុមួយដែលយើងអាចជឿជាក់ថាមានព្រះមែន ទោះជាយើងមើលលោកមិនឃើញក៏ដោយ។ ប៉ូលបានសរសេរអំពីព្រះយេហូវ៉ាថា«គុណសម្បត្ដិរបស់លោក ដែលមនុស្សមើលមិនឃើញ ពោលគឺឫទ្ធានុភាពដែលស្ថិតស្ថេរជារៀងរហូត និងឋានៈរបស់លោកជាព្រះ នោះបានឲ្យឃើញច្បាស់តាំងពីពេលដែលលោកបង្កើតពិភពលោកមក ពេលដែលពិចារណាអ្វីដែលលោកបានបង្កើត»។ (រ៉ូម ១:២០) បើអ្នកជួបអ្នកណាម្នាក់ដែលសង្ស័យថាគ្មានព្រះ តើអ្នកអាចជួយគាត់យ៉ាងដូចម្ដេចឲ្យយល់ថាពាក្យរបស់ប៉ូលគឺពិត? អ្នកអាចលើកបញ្ជាក់ភ័ស្ដុតាងខ្លះដូចទៅនេះ អំពីអ្វីដែលព្រះបានបង្កើត ដែលបញ្ជាក់ឫទ្ធានុភាពនិងប្រាជ្ញារបស់លោក។

អ្វីដែលព្រះបានបង្កើតបង្ហាញនូវឫទ្ធានុភាពរបស់លោក

៦, ៧. តើរបាំងពីរយ៉ាងដែលការពារយើង បង្ហាញឫទ្ធានុភាពរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

របាំងពីរយ៉ាងដែលការពារយើង បង្ហាញនូវឫទ្ធានុភាពរបស់ព្រះយេហូវ៉ា។ របាំងពីរនោះគឺបរិយាកាសរបស់ផែនដី និងដែនម៉ាញេទិចរបស់ផែនដី។ ជាឧទាហរណ៍ បរិយាកាសរបស់ផែនដីមិនគ្រាន់តែផ្ដល់ខ្យល់ឲ្យយើងដកដង្ហើមប៉ុណ្ណោះទេ តែក៏ការពារយើងពីវត្ថុធាតុភាគច្រើនដែលហោះកាត់អវកាសដែរ។ ក្នុងវត្ថុធាតុនោះមានដុំថ្មដែលអាចបណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរ បើទង្គិចនឹងផែនដី។ ប៉ុន្ដែតាមធម្មតាថ្មទាំងនេះឆេះសុសពេលហោះកាត់បរិយាកាសផែនដី ហើយបញ្ចេញពន្លឺស្អាតយ៉ាងសន្ធោសន្ធៅក្នុងលម្ហអាកាសពេលយប់។

ដែនម៉ាញេទិចរបស់ផែនដីក៏ការពារយើងពីគ្រោះថ្នាក់ដែរ។ របាំងការពារនេះកើតចេញពីកន្លែងជ្រៅក្នុងផែនដី។ ស្នូលខាងក្រៅរបស់ផែនដីដែលភាគច្រើនជាដែករលាយ បង្កើតឲ្យមានដែនម៉ាញេទិចដ៏ខ្លាំងមួយដែលព័ទ្ធជុំវិញផែនដី ហើយលាតសន្ធឹងឆ្ងាយទៅក្នុងលម្ហអាកាស។ របាំងនេះការពារយើងពីវិទ្យុសកម្ម ដែលមកពីអណ្ដាតភ្លើងព្រះអាទិត្យ និងការផ្ទុះដែលកើតឡើងនៅស្រទាប់ក្រៅបំផុតនៃបរិយាកាសព្រះអាទិត្យ។ ដោយសារផែនដីមានដែនម៉ាញេទិច ថាមពលទាំងអស់នោះមិនបំផ្លាញជីវិតនៅផែនដីឡើយ។ ផ្ទុយទៅវិញ ថាមពលនោះបានត្រូវស្រូបនិងធ្វើឲ្យប្លាតចេញ។ យើងអាចឃើញសញ្ញាសម្គាល់ដែលរំលឹកយើងថា ដែនម៉ាញេទិចរបស់ផែនដីកំពុងការពារយើង ពេលឃើញពន្លឺសន្ធោសន្ធៅចម្រុះព័ណ៌លើមេឃនៅជិតប៉ូលខាងជើងនិងខាងត្បូងនៃផែនដី។ នេះបង្ហាញថាព្រះយេហូវ៉ាប្រាកដជាមាន«តេជានុភាពដ៏ខ្លាំងក្លា»។—សូមអាន អេសាយ ៤០:២៦

ប្រាជ្ញារបស់ព្រះបានត្រូវបង្ហាញឲ្យឃើញក្នុងធម្មជាតិ

៨, ៩. តើតាមរបៀបណាប្រាជ្ញារបស់ព្រះយេហូវ៉ាបានត្រូវបង្ហាញឲ្យឃើញនៅក្នុងវដ្ដធម្មជាតិដែលទ្រទ្រង់ជីវិត?

ប្រាជ្ញារបស់ព្រះយេហូវ៉ាបានត្រូវបង្ហាញឲ្យឃើញនៅក្នុងវដ្ដធម្មជាតិដែលទ្រទ្រង់ជីវិតនៅលើផែនដី។ ជាឧទាហរណ៍ សូមស្រមៃគិតថា យើងកំពុងរស់នៅក្នុងក្រុងមួយដែលមានមនុស្សរស់នៅច្រើន ហើយមានកំពែងព័ទ្ធជុំវិញដែលគ្មានផ្លូវនាំទឹកស្អាតចូល ឬនាំចេញនូវកាក សំណល់ទេ។ មិនយូរប៉ុន្មាន ក្រុងបែបនេះនឹងក្លាយទៅជាកខ្វក់ ហើយមិនអាចរស់នៅបាន។ ផែនដីយើងគឺស្រដៀងគ្នានឹងក្រុងដែលមានកំពែងព័ទ្ធជុំវិញនោះ។ ផែនដីមានចំនួនទឹកស្អាតដែលមានកម្រិត ហើយយើងមិនអាចនាំកាកសំណល់ទៅចោលនៅលម្ហអាកាសបានទេ។ ប៉ុន្ដែ «ក្រុងដែលមានកំពែងព័ទ្ធជុំវិញ»នេះអាចទ្រទ្រង់ជីវិតទាំងឡាយរាប់ពាន់លាន ពីជំនាន់មួយទៅជំនាន់មួយទៀត។ ហេតុអ្វី? ដោយសារផែនដីមានសមត្ថភាពដ៏អស្ចារ្យក្នុងការប្រើប្រាស់ឡើងវិញនូវអ្វីដែលសំខាន់ចាំបាច់ចំពោះជីវិត។

សូមពិចារណាអំពីវដ្ដអុកស៊ីហ៊្សែន។ មនុស្សនិងសត្វរាប់ពាន់លានស្រូបយកអុកស៊ីហ៊្សែន ហើយបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត។ ទោះជាយ៉ាងនោះក្ដី បរិយាកាសរបស់យើងមិនចេះអស់ខ្យល់អុកស៊ីហ៊្សែន ហើយមិនពេញទៅដោយកាបូនឌីអុកស៊ីតដែលជា«កាកសំណល់»ឡើយ។ ហេតុអ្វី? ដំណើរធម្មជាតិដ៏អស្ចារ្យមួយ ហៅថារស្មីសំយោគផ្ដល់ចម្លើយអំពីរឿងនេះ។ ដោយប្រើដំណើរធម្មជាតិនេះ រុក្ខជាតិព័ណ៌បៃតងស្រូបយកកាបូនឌីអុកស៊ីត ទឹក ពន្លឺព្រះអាទិត្យ និងសារធាតុចិញ្ចឹម ហើយបង្កើតជាតិស្ករនិងអុកស៊ីហ៊្សែន។ ពេលយើងស្រូបយកអុកស៊ីហ៊្សែន នោះយើងបញ្ចប់វដ្ដនោះ។ ក្នុងន័យត្រង់ ព្រះយេហូវ៉ាប្រើរុក្ខជាតិដែលលោកបានបង្កើតដើម្បីផ្ដល់«ជីវិត ដង្ហើម . . . ដល់មនុស្សគ្រប់រូប»។ (សកម្ម. ១៧:២៥) នេះពិតជាប្រាជ្ញាដ៏គួរឲ្យអស្ចារ្យមែន!

១០, ១១. តើមេអំបៅម៉ណានិងសត្វកន្ទុំរុយបង្ហាញឲ្យឃើញនូវប្រាជ្ញារបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

១០ ប្រាជ្ញារបស់ព្រះយេហូវ៉ាក៏បានត្រូវបង្ហាញឲ្យឃើញនៅក្នុងជីវិតជាច្រើនដែលរស់នៅលើភពផែនដីដ៏អស្ចារ្យរបស់យើង។ តាមការប៉ាន់ស្មាន ចំនួនពូជនៅលើផែនដីមានប្រហែលជាលានទៅ១០០លាន។ (សូមអាន ទំនុកតម្កើង ១០៤:២៤) សូមកត់សម្គាល់នូវប្រាជ្ញារបស់ព្រះដែលបានត្រូវបង្ហាញឲ្យឃើញនៅក្នុងការគ្រោងបង្កើតខ្លះនៃជីវិតទាំងនេះ។

ភ្នែកដ៏ធំរបស់សត្វកន្ទុំរុយបង្ហាញនូវប្រាជ្ញារបស់ព្រះ រូបតូចបង្ហាញភ្នែកដែលពង្រីកឲ្យធំ (សូមមើលវគ្គ១១)

១១ ជាឧទាហរណ៍ មេអំបៅម៉ណាមានខួរក្បាលទំហំប្រហែលជាប៉ុនគ្រាប់ក្បាលប៊ិចប៉ុណ្ណោះ។ ប៉ុន្ដែ មេអំបៅនោះមានសមត្ថភាពផ្លាស់លំនៅតាមរដូវកាល ដោយហើររហូតដល់ជិត.០០០គីឡូម៉ែត្រ (.៨០០ម៉ៃល៍) ពីប្រទេសកាណាដាទៅនៅក្នុងព្រៃមួយនៃប្រទេសម៉ិចស៊ិច។ មេអំបៅនេះធ្វើដំណើរដោយមើលតាមព្រះអាទិត្យ។ តើតាមរបៀបណាមេអំបៅនេះអាចធ្វើដូច្នេះបាន ពេលព្រះអាទិត្យផ្លាស់កន្លែងនៅលើមេឃ? ព្រះយេហូវ៉ាបានគ្រោងបង្កើតខួរក្បាលដ៏តូចល្អិតរបស់វាឲ្យយល់អំពីចលនាព្រះអាទិត្យ។ ម្យ៉ាងទៀត សូមពិចារណាអំពីភ្នែករបស់សត្វកន្ទុំរុយ។ សត្វនេះមើលឃើញតាមរយៈភ្នែកធំពីរ។ ភ្នែកនីមួយមានកែវភ្នែកប្រហែលជា៣០.០០០។ ទោះជាយ៉ាងនេះក្ដី ខួរក្បាលដ៏តូចល្អិតរបស់សត្វកន្ទុំរុយអាចដឹងសញ្ញាដែលកែវភ្នែកទាំងអស់នោះបញ្ជូនមក ហើយមើលឃើញចលនាដែលនៅជុំវិញខ្លួនវាសូម្បីតែតិចតួចបំផុតក៏ដោយ។

១២, ១៣. តើអ្វីធ្វើឲ្យអ្នកកោតស្ងើចចំពោះរបៀបដែលព្រះយេហូវ៉ាបានគ្រោងបង្កើតកោសិកានៃរូបកាយរបស់អ្នក?

១២ អ្វីដែលគួរឲ្យកោតស្ងើចជាងនេះទៅទៀត គឺរបៀបដែលព្រះយេហូវ៉ាបានគ្រោងបង្កើតកោសិការបស់ភាវរស់ទាំងឡាយ។ ជាឧទាហរណ៍ រូបកាយរបស់អ្នកមានកោសិកាប្រហែលជា១០លានកោដិ។ នៅក្នុងកោសិកានីមួយទាំងនោះមានទម្រង់ដូចជាខ្សែពួរដ៏តូចល្អិតដែលហៅថាឌីអេនអេ (អាស៊ីតដេអុកស៊ីរីបូនុយក្លេអ៊ិច)។ ឌីអេនអេផ្ទុកព័ត៌មានភាគច្រើនដែលចាំបាច់សម្រាប់បង្កើតរូបកាយទាំងមូលរបស់យើង។

១៣ តើឌីអេនអេផ្ទុកព័ត៌មានបានច្រើនប៉ុន្មាន? សូមប្រៀបធៀបសមត្ថភាពផ្ទុកព័ត៌មានរបស់ឌីអេនអេមួយក្រាមនិងស៊ីឌីមួយ។ ស៊ីឌី មួយអាចផ្ទុកព័ត៌មានទាំងអស់នៅក្នុងវចនានុក្រមមួយ ហើយអ្វីដែលគួរឲ្យកោតស្ងើចគឺដោយសារស៊ីឌីនោះគ្រាន់តែជាថាសស្ដើងមួយធ្វើពីប្លាស្ទិកប៉ុណ្ណោះ។ ប៉ុន្ដែ គ្រាន់តែឌីអេនអេមួយក្រាមអាចផ្ទុកព័ត៌មានបានច្រើនស្មើនឹងស៊ីឌីមួយសែនកោដិ! ម្យ៉ាងទៀត ឌីអេនអេស្ងួតមួយស្លាបព្រាកាហ្វេអាចផ្ទុកព័ត៌មានច្រើនគ្រប់គ្រាន់ដើម្បីបង្កើតមនុស្សទាំងអស់ដែលរស់នៅសព្វថ្ងៃនេះបានរហូតដល់៣៥០ដង!

១៤. តើរបកគំហើញរបស់អ្នកវិទ្យាសាស្ដ្រធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណាចំពោះព្រះយេហូវ៉ា?

១៤ ស្ដេចដាវីឌបានរៀបរាប់អំពីព័ត៌មានដែលចាំបាច់សម្រាប់បង្កើតរូបកាយមនុស្សថាបានត្រូវកត់ទុកនៅក្នុងសៀវភៅមួយក្នុងន័យធៀប។ ពេលគាត់និយាយអំពីព្រះយេហូវ៉ា គាត់បានពោលថា«ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់ គឺអស់ទាំងថ្ងៃអាយុ ដែលបានដំរូឲ្យទូលបង្គំរស់នៅ ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ»។ (ទំនុក. ១៣៩:១៦) យើងយល់មូលហេតុដែលដាវីឌបានត្រូវជំរុញចិត្ដឲ្យសរសើរព្រះយេហូវ៉ា ពេលគាត់បានពិចារណាអំពីរបៀបដែលរូបកាយរបស់គាត់បានត្រូវបង្កើតមក។ របកគំហើញរបស់អ្នកវិទ្យាសាស្ដ្រនៅប៉ុន្មានឆ្នាំនេះបានធ្វើឲ្យយើងកោតស្ងើចថែមទៀត ពេលយើងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបង្កើតយើង។ របកគំហើញទាំងនេះផ្ដល់មូលហេតុថែមទៀតឲ្យយើងយល់ស្របនឹងអ្នកតែងទំនុកតម្កើងដែលបានសរសេរអំពីព្រះយេហូវ៉ាថា«ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ។ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ»។ (ទំនុក. ១៣៩:១៤) អ្វីទាំងអស់ដែលព្រះបានបង្កើតដែលនៅជុំវិញយើងជាភ័ស្ដុតាងដែលបញ្ជាក់ថាពិតជាមានព្រះមែន!

ចូរជួយអ្នកទៀតឲ្យសរសើរតម្កើងព្រះដែលមានជីវិតរស់នៅ

១៥, ១៦. () តើតាមរបៀបណាសៀវភៅរបស់យើងបានជំរុញមនុស្សឲ្យតម្លៃចំពោះសមត្ថភាពរបស់ព្រះយេហូវ៉ាក្នុងការបង្កើត? () តើផ្នែកមួយណាក្នុងសៀវភៅស្ដើងជីវិតទាំងឡាយ ដែលអ្នកចាប់អារម្មណ៍ជាងគេ?

១៥ អស់ជាច្រើនឆ្នាំមកហើយ ទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) បានជួយមនុស្សរាប់លាននាក់ឲ្យរៀនអំពីព្រះតាមរយៈអ្វីដែលលោកបានបង្កើត។ ជាឧទាហរណ៍ ទស្សនាវដ្ដីនេះដែលចេញនៅខែកញ្ញា ឆ្នាំ២០០៦មានចំណងជើងថា «តើមានអ្នកបង្កើតទេ?»។ គោលបំណងនៃទស្សនាវដ្ដីលេខពិសេសនេះគឺដើម្បីជួយពួកអ្នកដែលជឿលើទ្រីស្ដីនៃការវិវត្ដន៍ ឬសេចក្ដីបង្រៀនដែលថាព្រះបានបង្កើតអ្វីទាំងអស់ក្នុងរយៈពេលថ្ងៃ។ ស្ដីអំពីទស្សនាវដ្ដីលេខពិសេសនេះ បងស្រីម្នាក់បានសរសេរទៅការិយាល័យសាខាសហរដ្ឋអាម៉េរិកថា«ពេលដែលមានការរៀបចំចែកទស្សនាវដ្ដីលេខពិសេសនេះ យើងបានទទួលលទ្ធផលល្អណាស់។ ស្ដ្រីម្នាក់បានសុំ២០ច្បាប់។ គាត់ជាគ្រូបង្រៀនជីវវិទ្យា ហើយចង់ចែកឲ្យសិស្សរបស់គាត់ម្នាក់មួយច្បាប់»។ បងប្រុសម្នាក់បានសរសេរថា«ខ្ញុំបានចាប់ផ្ដើមផ្សព្វផ្សាយនៅជិតឆ្នាំ១៩៥០ ហើយឥឡូវខ្ញុំមានអាយុជិត៧៥ឆ្នាំហើយ ប៉ុន្ដែខ្ញុំមិនដែលសប្បាយនឹងការផ្សព្វផ្សាយដូចនៅខែដែលយើងចែកទស្សនាវដ្ដីភ្ញាក់រឭក! លេខពិសេសនេះទេ»។

១៦ នៅប៉ុន្មានឆ្នាំនេះ លេខភាគច្រើននៃទស្សនាវដ្ដីភ្ញាក់រឭក! មានអត្ថបទដែលមានចំណងជើងថា «តើមានអ្នកគ្រោងបង្កើតទេ?»។ អត្ថបទខ្លីទាំងនេះលើកបញ្ជាក់អំពីវិស្វកម្មដ៏គួរឲ្យកោតស្ងើចនេះ ដែលយើងឃើញក្នុងអ្វីដែលព្រះបានបង្កើត ហើយបញ្ជាក់អំពីរបៀបដែលមនុស្សបានខំធ្វើតាមអ្នកដែលគ្រោងបង្កើតដ៏អស្ចារ្យ។ យើងបានទទួលព័ត៌មានបន្ថែមដើម្បីជួយសរសើរតម្កើងព្រះ ពីសៀវភៅស្ដើងដែលមានចំណងជើងថា តើជីវិតទាំងឡាយមានអ្នកបង្កើតទេ? ដែលចេញនៅឆ្នាំ២០១០។ រូបភាពនិងរូបគំនូរស្អាតក្នុងសៀវភៅនេះបានត្រូវរៀបចំឡើងដើម្បីជំរុញយើងឲ្យតម្លៃចំពោះសមត្ថភាពរបស់ព្រះយេហូវ៉ាក្នុងការបង្កើត។ សំណួរនៅចុងអត្ថបទនីមួយជួយអ្នកអានឲ្យពិចារណាអំពីព័ត៌មានដែលគាត់ទើបនឹងអាន។ តើអ្នកបានរីករាយនឹងប្រើសៀវភៅស្ដើងនេះ ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ពេលផ្សព្វផ្សាយជាសាធារណៈ ឬក្រៅផ្លូវការទេ?

១៧, ១៨. () ឪពុកម្ដាយទាំងឡាយ តើអ្នកអាចជួយពង្រឹងទំនុកចិត្ដរបស់កូនទៅលើសមត្ថភាពរបស់ពួកគេដើម្បីការពារជំនឿរបស់ខ្លួនយ៉ាងដូចម្ដេច? () តើតាមរបៀបណាអ្នកបានប្រើសៀវភៅស្ដើងអំពីការបង្កើតនៅក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់អ្នក?

១៧ ឪពុកម្ដាយទាំងឡាយ តើអ្នកបានពិចារណាអំពីសៀវភៅស្ដើងដែលមានរូបស្អាតនេះជាមួយនឹងកូនរបស់អ្នកនៅក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់អ្នកទេ? ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកនឹងជួយកូនរបស់អ្នកឲ្យតម្លៃចំពោះព្រះរបស់យើងដែលមានជីវិតរស់នៅ។ ប្រហែលជាអ្នកមានកូនជំទង់ដែលកំពុងរៀននៅវិទ្យាល័យ។ ពួកអ្នកដែលបង្រៀនទ្រឹស្ដីនៃការវិវត្ដន៍ដែលជាទ្រឹស្ដីមិនពិត ព្យាយាមធ្វើ ឲ្យពួកគេជឿលើទ្រឹស្ដីនោះ។ អ្នកវិទ្យាសាស្ដ្រ គ្រូបង្រៀន កម្មវិធីទូរទស្សន៍អំពីធម្មជាតិ សូម្បីតែភាពយន្ដផ្សេងក៏ផ្សាយគំនិតថាការវិវត្ដន៍ជាហេតុការណ៍ពិតដែរ។ អ្នកអាចជួយកូនជំទង់របស់អ្នកឲ្យចេះការពារជំនឿពីការឃោសនាបែបនេះដោយប្រើសៀវភៅស្ដើងមួយទៀតដែលមានចំណងជើងថា សំណួរសំខាន់ប្រាំយ៉ាងស្ដីអំពីដើមកំណើតនៃជីវិត ជាភាសាអង់គ្លេស ដែលបានចេញនៅឆ្នាំ២០១០ដែរ។ ដូចសៀវភៅស្ដើងជីវិតទាំងឡាយ សៀវភៅនេះលើកទឹកចិត្ដប្អូនវ័យក្មេងឲ្យបណ្ដុះឲ្យមាន«គំនិតវាងវៃ»សមត្ថភាពរិះគិត។ (សុភ. ២:១០, ១១) សៀវភៅនេះបង្រៀនពួកគេឲ្យស្វែងយល់ថា អ្វីដែលពួកគេរៀននៅសាលាពិតជាសមហេតុសមផលមិនមែន។

ឪពុកម្ដាយទាំងឡាយ ចូរត្រៀមលក្ខណៈឲ្យកូនអ្នកការពារជំនឿរបស់ពួកគេ (សូមមើលវគ្គ១៧)

១៨ សៀវភៅស្ដើង សំណួរសំខាន់ប្រាំយ៉ាងស្ដីអំពីដើមកំណើតនៃជីវិត បានត្រូវរៀបចំឡើងដើម្បីជួយនិស្សិតឲ្យពិចារណាការផ្សាយព័ត៌មានថាអ្នកវិទ្យាសាស្ដ្របានរកឃើញហ្វូស៊ីលរបស់សត្វផ្សេងដែលបង្ហាញថាទ្រឹស្ដីអំពីការវិវត្ដន៍គឺជាការពិត។ សៀវភៅនេះលើកទឹកចិត្ដពួកគេឲ្យពិចារណាថាការផ្សាយព័ត៌មានបែបនេះពិតជាបញ្ជាក់ថាមនុស្សបានវិវត្ដមកពីសត្វមិនមែន។ សៀវភៅនេះក៏បង្រៀនពួកគេដែរអំពីរបៀបឆ្លើយនឹងការអះអាងដែលថាអ្នកវិទ្យាសាស្ដ្របានរកភ័ស្ដុតាងក្នុងមន្ទីរពិសោធន៍ដែលបង្ហាញថាជីវិតអាចកើតមកដោយឯកឯង។ ឪពុកម្ដាយទាំងឡាយ បើអ្នកប្រើសៀវភៅស្ដើងទាំងនេះ អ្នកអាចជួយពង្រឹងទំនុកចិត្ដរបស់កូនទៅលើសមត្ថភាពរបស់ពួកគេដើម្បីឆ្លើយទៅអ្នកដែលទាមទារឲ្យពួកគេប្រាប់អំពីមូលហេតុដែលពួកគេជឿថាមានអ្នកបង្កើត។—សូមអាន ពេត្រុសទី១ ៣:១៥

១៩. តើយើងទាំងអស់គ្នាមានឯកសិទ្ធិអ្វី?

១៩ យើងអាចរៀនច្រើនអំពីគុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ពេលយើងអានអំពីអ្វីដែលលោកបានបង្កើត នៅក្នុងសៀវភៅដែលយើងទទួលពីអង្គការរបស់លោក។ នេះជាភ័ស្ដុតាងត្រឹមត្រូវដែលនាំឲ្យយើងពោលពាក្យសរសើរដល់ព្រះរបស់យើង។ (ទំនុក. ១៩:១, ២) យើងមានឯកសិទ្ធិជូនព្រះយេហូវ៉ា ដែលជាអ្នកបង្កើតអ្វីទាំងអស់ នូវកិត្ដិយសនិងសិរីរុងរឿងដែលលោកពិតជាសមនឹងទទួលមែន!—១ធី. ១:១៧

^ ???? 3 ដើម្បីទទួលព័ត៌មានថែមទៀតអំពីរបៀបពន្យល់មនុស្សដែលជឿថាព្រះបានបង្កើតអ្វីទាំងអស់ក្នុងរយៈពេលថ្ងៃ សូមមើលទំព័រ២៤-២៨នៃសៀវភៅស្ដើងតើជីវិតទាំងឡាយមានអ្នកបង្កើតទេ?