លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

លោកយេស៊ូ គំរូដ៏ល្អឥតខ្ចោះដើម្បីធ្វើតាម

លោកយេស៊ូ គំរូដ៏ល្អឥតខ្ចោះដើម្បីធ្វើតាម

លោក​យេស៊ូ គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ដើម្បី​ធ្វើ​តាម

តើ​អ្នក​ចង់​ធ្វើ​ជា​មនុស្ស​ដែល​ប្រសើរ​និង​សប្បាយ​ជាង​ទេ? សាវ័ក​ពេត្រុស​ពន្យល់​នូវ​របៀប​ដែល​យើង​អាច​ធ្វើ​បាន។ គាត់​សរសេរ​ថា៖ «គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ​ទាំង​ទុក​ដំ​រាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំ​អាន​ដាន»​នៃ​លោក។ (ពេត្រុសទី១ ២:២១) ប្រាកដ​ហើយ ដោយ​មាន​ជីវិត​ដ៏​អស្ចារ្យ នោះ​លោក​យេស៊ូ​គ្រិស្ត​បាន​ធ្វើ​អ្វី​ជា​ច្រើន​ដែល​យើង​អាច​រៀន​ពី​លោក។ ដោយ​រៀន​អំពី​លោក​យេស៊ូ ហើយ​ធ្វើ​តាម​លោក​ក្នុង​ជីវិត​របស់​ខ្លួន នោះ​យើង​ប្រាកដជា​អាច​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ប្រសើរ​និង​សប្បាយ​ជាង។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​លក្ខណៈ​សម្បត្ដិ​ខ្លះៗ ដែល​បុរស​ដ៏​ឧត្តម​នេះ​មាន ព្រម​ទាំង​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​លោក។

លោក​យេស៊ូ​មាន​តុល្យ​ភាព​ក្នុង​ជីវិត។ ទោះ​បើ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​លោក​«គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល»​ក៏​ពិត​មែន តែ​លោក​មិន​មាន​ជីវិត ឬ​ជំរុញ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ជីវិត​ដ៏​តឹងរ៉ឹង​ហួស​ហេតុ​ពេក​ឡើយ។ (ម៉ាថាយ ៨:២០) លោក​បាន​ទៅ​ពិធី​ជប់​លៀង។ (លូកា ៥:២៩) អព្ភូតហេតុ​ទី​១​របស់​លោក​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ គឺ​ការ​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា​ទំពាំង​បាយ​ជូរ​ដែល​មាន​គុណ​ភាព​ល្អ​នៅ​ឯ​ពិធី​មង្គល​ការ ហើយ​ទង្វើ​នេះ​បង្ហាញ​ថា​លោក​មិន​មែន​ជា​មនុស្ស​ដែល​ចូល​គេ​មិន​ចុះ​ឬ​ជា​តាបស​ឡើយ។ (យ៉ូហាន ២:១​-​១១) ប៉ុន្តែ លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​មាន​សារៈសំខាន់​បំផុត​ចំពោះ​លោក។ លោក​មាន​ប្រសាសន៍​ថា​៖ «ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង»។—យ៉ូហាន ៤:៣៤

តើ​អ្នក​បាន​ពិនិត្យ​មើល​ជីវិត​របស់​អ្នក​ដើម្បី​រក​វិធី​ដែល​អាច​មាន​តុល្យ​ភាព​រវាង​ការ​ដេញ​តាម​ទ្រព្យ​សម្បត្ដិ និង​ការ​បណ្ដុះ​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ​ឬ​ទេ?

លោក​យេស៊ូ​ជា​បុគ្គល​ស្រួល​ជួប​ស្រួល​ទាក់​ទង។ គម្ពីរ​ពិពណ៌នា​ពី​លោក​យេស៊ូ​ថា​ជា​បុរស​ម្នាក់​ដែល​មាន​អារម្មណ៍​កក់​ក្ដៅ​និង​រាក់​ទាក់។ កាល​ដែល​មនុស្ស​មក​ជម្រាប​លោក​អំពី​បញ្ហា​ដែល​ខ្លួន​មាន ឬ​សួរ​សំណួរ​ដែល​ធ្វើ​ឲ្យ​គំនិត​វល់ នោះ​លោក​មិន​មាន​អារម្មណ៍​មួម៉ៅ​ទេ។ នៅ​ពេល​មួយ​មាន​ហ្វូង​មនុស្ស​ព័ទ្ធ​ជុំ​វិញ​លោក ស្រាប់​តែ​ស្ត្រី​ម្នាក់​ដែល​រង​ទុក្ខ​វេទនា​អស់​រយៈ​ពេល​១២​ឆ្នាំ​មក​ហើយ បាន​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក ដោយ​សង្ឃឹម​ថា​នឹង​ជា​សះ​ស្បើយ​ពី​ជំងឺ​របស់​នាង។ មនុស្ស​ឯ​ទៀត​ប្រហែលជា​គិត​ថា​នាង​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង តែ​លោក​មិន​ច្រាន​នាង​ចោល​ទេ។ ផ្ទុយ​ទៅ​វិញ​លោក​បាន​ពោល​ដ៏​សប្បុរស​ថា​៖ «កូន​ស្រី​អើយ សេចក្ដី​ជំនឿ​នាង​បាន​ជួយ​សង្គ្រោះ​នាង​ហើយ»។ (ម៉ាកុស ៥:២៥​-​៣៤) សូម្បី​តែ​ក្មេង​តូចៗ​ក៏​មាន​អារម្មណ៍​ស្រួល​ពេល​នៅ​ជា​មួយ​លោក​ដែរ ដោយ​ដឹង​ថា​លោក​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់។ (ម៉ាកុស ១០:១៣​-​១៦) លោក​សន្ទនា​ដោយ​ឥត​លាក់​លៀម​និង​ដោយ​ស្លូតបូត​ជា​មួយ​សិស្ស​របស់​លោក។ ពួក​គាត់​មិន​ស្ទាក់​ស្ទើរនឹង​ជម្រាប​លោក​ពី​អ្វី​ដែល​មាន​ក្នុង​ចិត្ត​ឡើយ។—ម៉ាកុស ៦:​៣០​-​៣២

តើ​ស្រួល​ឲ្យ​អ្នក​ឯ​ទៀត​មក​និយាយ​ជា​មួយ​អ្នក​ឬ​ទេ?

លោក​ចេះ​យល់​ចិត្ត​និង​មាន​ចិត្ត​អាណិត​អាសូរ។ គុណធម៌​មួយ​ដ៏​ល្អ​របស់​លោក​យេស៊ូ គឺ​សមត្ថភាព​គិត​ថា​អ្នក​ឯ​ទៀត​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា យល់​អារម្មណ៍​ពួក​គេ និង​ផ្ដល់​ជំនួយ​តែ​ម្ដង។ សាវ័ក​យ៉ូហាន​រៀប​រាប់​ថា ពេល​លោក​យេស៊ូ​ឃើញ​ម៉ា​រា​យំ​ដោយ​សារ​ប្អូន​ប្រុស​របស់​នាង ឈ្មោះ​ឡា​សារ​ស្លាប់ នោះ​លោក​«មាន​សេចក្ដី​រំជួល ទាំង​ក្នាញ់»​ក្នុង​ចិត្ត ហើយ​«ក៏​ព្រះ​កន្សែង»​ឬ​យំ​ដែរ។ ពួក​ទស្សនិកជន​នៅ​ទី​នោះ​អាច​ឃើញ​យ៉ាង​ច្បាស់​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង ដែល​លោក​យេស៊ូ​មាន​ចំពោះ​ក្រុម​គ្រួសារ​របស់​ឡា​សារ ជា​សេចក្ដី​ស្រឡាញ់​ដែល​លោក​បង្ហាញ​ដល់​អ្នក​ឯ​ទៀត​ដោយ​ឥត​ខ្មាស​ទេ។ ក្រោយ​មក​ពេល​លោក​ប្រោស​មិត្ត​សម្លាញ់​របស់​លោក​ឲ្យ​រស់​ឡើង​វិញ នោះ​ពិត​ជា​ការ​បង្ហាញ​ចិត្ត​អាណិត​អាសូរ​មែន!—យ៉ូហាន ១១:​៣៣​-​៤៤

នៅ​ពេល​មួយ​ផ្សេង​ទៀត បុរស​ម្នាក់​ដែល​រង​ទុក្ខ​ដោយ​សារ​ជំងឺ​ឃ្លង់ ជា​ជំងឺ​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម ហើយ​ត្រូវ​តែ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​បណ្ដា​ជន បាន​អង្វរ​លោក​យេស៊ូ​ថា​៖ ‹ឱ​លោក​ម្ចាស់​អើយ បើ​លោក​ចង់ លោក​អាច​នឹង​ប្រោស​ឲ្យ​ខ្ញុំ​ជា​ស្អាត​បាន›។ ប្រតិកម្ម​របស់​លោក​យេស៊ូ​ពិត​ជា​គួរ​ឲ្យ​កក់​ក្ដៅ​ក្នុង​ចិត្ត​ណាស់ ដោយ​គម្ពីរ​រៀប​រាប់​ទៀត​ថា​៖ ‹លោក​ក៏​លូក​ដៃ​ទៅ​ពាល់​គាត់​ដោយ​និយាយ​ថា «ខ្ញុំ​ចង់​ដែរ។ ចូរ​ឲ្យ​ជា​ស្អាត​ចុះ»›។ (ម៉ាថាយ ៨:២, ៣) លោក​យេស៊ូ​មិន​គ្រាន់តែ​ប្រោស​មនុស្ស​ឲ្យ​ជា​ដើម្បី​សម្រេច​ទំនាយ​ប៉ុណ្ណោះ​ឡើយ។ លោក​មាន​ចិត្ត​ចង់​ជូត​ទឹក​ភ្នែក​ពី​ភ្នែក​ពួក​គេ​ចេញ។ គ្រប់​ទាំង​អ្វី​ដែល​លោក​បាន​ប្រព្រឹត្ត នោះ​ត្រូវ​បាន​ណែនាំ​ដោយ​ពាក្យ​សម្ដី​មួយ​ក្នុង​ចំណោម​ពាក្យ​ល្បីល្បាញ​ទាំង​អស់​របស់​លោក ដែល​ថា​៖ «[បើ]​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ»។—លូកា ៦:៣១

តើ​ការ​ប្រព្រឹត្ត​របស់​អ្នក​បង្ហាញ​ការ​អាណិត​អាសូរ​ចំពោះ​អ្នក​ដទៃ ដែល​កំពុង​ឆ្លង​កាត់​ស្ថានការណ៍​ដ៏​ពិបាក​ឬ​ទេ?

លោក​យេស៊ូ​ចេះ​យោគ​យល់​និង​ចេះ​វិភាគ។ ទោះ​បើ​លោក​ជា​មនុស្ស​ដែល​មិន​ចេះ​ប្រព្រឹត្ត​ខុស​ក៏​ពិត​មែន តែ​លោក​យេស៊ូ​មិន​ដែល​តម្រូវ​ឲ្យ​អ្នក​ដទៃ​មាន​ភាព​ល្អ​ឥត​ខ្ចោះ ឬ​មិន​ដែល​ប្រព្រឹត្ត​ថា​ខ្លួន​ខ្ពស់​ជាង​ពួក​គេ​ទេ។ ណា​មួយ​ទៀត លោក​ក៏​មិន​ដែល​ប្រព្រឹត្ត​ដោយ​មិន​យល់​មិន​ដឹង​ពី​រឿង​ទាំង​អស់​ជា​មុន​សិន​ឡើយ។ នៅ​ពេល​មួយ «នៅ​ក្រុង​នោះ​មាន​ស្ត្រី​ម្នាក់​ដែល​មាន​បាប»​បាន​បង្ហាញ​ជំនឿ​និង​ការ​ដឹង​គុណ​ចំពោះ​លោក​យេស៊ូ ដោយ​សម្រក់​ទឹក​ភ្នែក​ទៅ​លើ​ជើង​លោក រួច​យក​សក់​នាង​មក​ជូត។ លោក​យេស៊ូ​អនុញ្ញាត​ឲ្យ​នាង​ធ្វើ​ដូច្នេះ ហើយ​នេះ​នាំ​ឲ្យ​ម្ចាស់​ផ្ទះ​ភ្ញាក់​ផ្អើល​ទាំង​ថ្កោល​ទោស​នាង​យ៉ាង​ខ្លាំង។ ដោយ​យោគ​យល់​ដល់​ចិត្ត​ស្មោះ​របស់​នាង នោះ​លោក​យេស៊ូ​មិន​បាន​ថ្កោល​ទោស​អំពើ​ខុស​ឆ្គង​របស់​នាង​ឡើយ។ ផ្ទុយ​ទៅ​វិញ​លោក​មាន​ប្រសាសន៍​ថា​៖ «សេចក្ដី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ!»។ ដោយ​សារ​លោក​យេស៊ូ​តប​ឆ្លើយ​យ៉ាង​កក់​ក្ដៅ ប្រហែលជា​នេះ​ជំរុញ​ទឹក​ចិត្ត​ស្ត្រី​នោះ​ឲ្យ​លះ​បង់​គន្លង​ជីវិត​ចាស់​របស់​ខ្លួន។—លូកា ៧:៣៧​-​៥០

តើ​អ្នក​មាន​ឈ្មោះ​ជា​អ្នក​ដែល​ឆាប់​សរសើរ​ហើយ​យឺត​នឹង​ថ្កោល​ទោស​ឬ​ទេ?

លោក​មិន​ចេះ​រើស​មុខ ហើយ​ចេះ​គោរព។ លោក​យេស៊ូ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ពិសេស​ចំពោះ​សិស្ស​ម្នាក់​ឈ្មោះ​យ៉ូហាន។ នេះ​ប្រហែលជា​ដោយ​សារ​ពួក​គាត់​មាន​បុគ្គលិក​លក្ខណៈ​ដូច​គ្នា ហើយ​ប្រហែលជា​ជាប់​សាច់​ញាតិ​នឹង​គ្នា​ផង។ * យ៉ាង​ណា​ក្ដី លោក​មិន​បាន​កាន់​ជើង ឬ​មាន​ចិត្ត​លំ​អៀង​ចំពោះ​យ៉ូហាន​ជាង​សិស្ស​ឯ​ទៀត​ឡើយ។ (យ៉ូហាន ១៣:​២៣) តាម​ការ​ពិត ពេល​យ៉ូហាន​និង​បង​ប្រុស​របស់​គាត់​ឈ្មោះ​យ៉ាកុប សុំ​ឲ្យ​ពួក​គាត់​មាន​ឋានៈ​ល្អ​ជាង​គេ​នៅ​ឯ​រាជាណាចក្រ​របស់​ព្រះ នោះ​លោក​យេស៊ូ​បាន​ឆ្លើយ​ថា​៖ «ដែល​អង្គុយ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំ​រាប់​តែ​អ្នក​ណា ដែល​ទី​នោះ​បាន​រៀប​ចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»។—ម៉ាកុស ១០:៣៥​-​៤០

លោក​យេស៊ូ​តែង​តែ​គោរព​អ្នក​ដទៃ។ លោក​មិន​រើស​មុខ​ទេ សូម្បី​តែ​មនុស្ស​ដែល​នៅ​ជុំ​វិញ​លោក​រើស​មុខ​ក៏​ដោយ។ ជា​ឧទាហរណ៍ ជា​ទូទៅ​នៅ​សម័យ​នោះ ស្ត្រី​ត្រូវ​បាន​ប្រព្រឹត្ត​និង​ចាត់​ទុក​ថា​ជា​ទាប​ជាង​បុរស។ ក៏​ប៉ុន្តែ លោក​យេស៊ូ​កត់​សម្គាល់​ថា​ស្ត្រី​សម​នឹង​ទទួល​ការ​គោរព ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រព្រឹត្ត​ដោយ​ថ្លៃ​ថ្នូរ​ចំពោះ​ពួក​គេ។ លើក​ដំបូង​ដែល​លោក​បាន​ប្រាប់​អ្នក​ឯ​ទៀត​យ៉ាង​ចំៗ​ថា​លោក​ជា​មេស្ស៊ី នោះ​គឺ​ដល់​ស្ត្រី​ម្នាក់​ដែល​ជា​សាសន៍​សា​ម៉ា​រី មិន​មែន​ជា​ជន​ជាតិ​យូដា​ទេ។ នៅ​សម័យ​នោះ បណ្ដា​ជន​យូដា​ស្អប់​សាសន៍​សាម៉ារី​ខ្លាំង​ណាស់ ព្រម​ទាំង​មិន​ជម្រាប​សួរ​ពួក​គេ​ទៀត​ផង។ (យ៉ូហាន ៤:៧​-​២៦) ណា​មួយ​ទៀត ក្រោយ​ពី​លោក​បាន​រស់​ឡើង​វិញ គឺជា​ស្ត្រី​ដែល​លោក​យេស៊ូ​ផ្ដល់​កិត្ដិយស​ឲ្យ​ឃើញ​លោក​មុន​គេ​បង្អស់។—ម៉ាថាយ ២៨:៩, ១០

តើ​អ្នក​មិន​រើស​មុខ​ក្នុង​ការ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដែល​មក​ពី​សាសន៍ មាន​ភេទ និយាយ​ភាសា ឬ​ជាតិ​ផ្សេង​ទេ?

លោក​យក​ចិត្ត​ទុក​ដាក់​នឹង​ភារកិច្ច​ជា​កូន​និង​ជា​បង។ តាម​មើល​ទៅ ឪពុក​ចិញ្ចឹម​របស់​លោក​យេស៊ូ​ឈ្មោះ​យ៉ូសែប បាន​ស្លាប់​ពេល​លោក​យេស៊ូ​នៅ​ជំទង់​នៅ​ឡើយ។ ប្រហែលជា​លោក​យេស៊ូ​ចិញ្ចឹម​ម្ដាយ​នឹង​ប្អូនៗ​ប្រុស​ស្រី​របស់​លោក​ដោយ​ធ្វើ​ជា​ជាង​ឈើ។ (ម៉ាកុស ៦:៣) មុន​ដែល​ផុត​ដង្ហើម លោក​បាន​ប្រគល់​ភារកិច្ច​ឲ្យ​យ៉ូហាន​ថែ​ទាំ​ម្ដាយ​របស់​លោក។—យ៉ូហាន ១៩:២៦, ២៧

តើ​អ្នក​អាច​យក​តម្រាប់​តាម​លោក​យេស៊ូ​ដោយ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​ក្រុម​គ្រួសារ​ដូច​លោក​បាន​ធ្វើ​នោះ​ទេ?

លោក​យេស៊ូ​ជា​មិត្ត​ស្មោះ​ត្រង់។ លោក​យេស៊ូ​ជា​មិត្ត​ដ៏​ល្អ​អស្ចារ្យ។ តើ​ល្អ​អស្ចារ្យ​យ៉ាង​ដូច​ម្ដេច? លោក​មិន​បោះបង់​មិត្ត​សម្លាញ់​របស់​លោក​ចោល​ដោយ​សារ​ពួក​គាត់​ធ្វើ​ខុស​ទេ សូម្បី​តែ​ធ្វើ​ខុស​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ។ សិស្ស​របស់​លោក​មិន​បាន​ប្រព្រឹត្ត​តាម​អ្វី​ដែល​លោក​ចង់​ឲ្យ​ពួក​គាត់​ប្រព្រឹត្ត​រាល់​តែ​ដង​ទេ។ ប៉ុន្តែ លោក​បាន​បង្ហាញ​ថា​លោក​ជា​មិត្ត​សម្លាញ់​របស់​ពួក​គាត់ ដោយ​គិត​អំពី​លក្ខណៈ​សម្បត្ដិ​ល្អៗ​របស់​ពួក​គាត់ ជា​ជាង​សន្មត​ថា​ពួក​គាត់​មាន​បំណង​អាក្រក់។ (ម៉ាកុស ៩:៣៣​-​៣៥; លូកា ២២:២៤​-​២៧) លោក​មិន​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​តាម​ទស្សនៈ​របស់​លោក​ឡើយ តែ​អញ្ជើញ​ពួក​គាត់​ឲ្យ​បញ្ចេញ​យោបល់​តាម​ចិត្ត​ខ្លួន​វិញ។—ម៉ាថាយ ១៦:​១៣​-​១៥

សំខាន់​បំផុត លោក​យេស៊ូ​ស្រឡាញ់​មិត្ត​សម្លាញ់​របស់​លោក។ (យ៉ូហាន ១៣:១) តើ​លោក​ស្រឡាញ់​ពួក​គេ​ដល់​កម្រិត​ណា? លោក​មាន​ប្រសាសន៍​ថា​៖ «គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្ដូរ​ជីវិត​ជំនួស​ពួក​សំ​ឡាញ់​របស់​ខ្លួន​នោះ​ទេ»។ (យ៉ូហាន ១៥:១៣) តើ​មនុស្ស​ម្នាក់​អាច​ផ្ដល់​អ្វី​ដែល​មាន​តម្លៃ​ជាង​ជីវិត​របស់​ខ្លួន​ចំពោះ​មិត្ត​សម្លាញ់​ឬ​ទេ?

តើ​អ្នក​នៅ​ជា​មិត្ត​ស្មោះ​ត្រង់ ទោះ​ជា​អ្នក​ដទៃ​ធ្វើ​ឲ្យ​អ្នក​ក្ដៅ​ក្រហាយ​ឬ​ទាស់​ចិត្ត​ទេ?

លោក​មាន​ចិត្ត​ក្លាហាន និង​ជា​បុរស​ដែល​ចេះ​ទទួល​ខុស​ត្រូវ។ លោក​យេស៊ូ​មាន​លក្ខណៈ​សម្បត្ដិ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​រូបភាព​ដែល​ជាង​គំនូរ​ខ្លះ​បាន​គូរ​ពី​ទ្រង់។ សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​បាន​ពិពណ៌នា​ពី​លោក​ថា​ជា​បុរស​ដែល​ខ្លាំងក្លា​ហើយ​មាំ​មួន។ អស់​ពីរ​ដង​ដែល​លោក​យេស៊ូ​បាន​ដេញ​អ្នក​លក់ និង​ទំនិញ​របស់​ពួក​គេ​ចេញ​ពី​ព្រះ​វិហារ។ (ម៉ាកុស ១១:១៥​-​១៧; យ៉ូហាន ២:១៤​-​១៧) កាល​ដែល​ហ្វូង​មនុស្ស​មក​ចាប់​លោក​«យេស៊ូវ ជា​អ្នក​ស្រុក​ណា​សា​រ៉ែត» នោះ​លោក​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ដោយ​ក្លាហាន និង​ដើម្បី​ការពារ​សិស្ស​របស់​លោក ដោយ​ពោល​ពាក្យ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ «គឺ​ខ្ញុំ​នេះ​ហើយ។ ដូច្នេះ បើ​អ្នក​រាល់​គ្នា​រក​ខ្ញុំ នោះ​ចូរ​បើក​ឲ្យ​អ្នក​ទាំង​នេះ​ទៅ​ចុះ»។ (យ៉ូហាន ១៨:៤​-​៩) ក្នុង​រយៈ​ពេល​ដែល​លោក​យេស៊ូ​ត្រូវ​បាន​ជាប់​ឃុំឃាំង​និង​ពេល​គេ​ធ្វើ​បាប​នោះ លោក​បង្ហាញ​សេចក្ដី​ក្លាហាន។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប៉ុនទាស​ពីឡាត់​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​ជា​បុរស​ដ៏​អស្ចារ្យ​និង​ឥត​ចេះ​ខ្លាច។—យ៉ូហាន ១៩:៤, ៥

ពេល​ដឹង​ថា​ខ្លួន​ត្រូវ​ធ្វើ​អ្វី តើ​អ្នក​ប្រព្រឹត្ត​ដោយ​ដាច់​ខាត​និង​ក្លាហាន​ឬ​ទេ?

លក្ខណៈ​សម្បត្ដិ​ទាំង​នេះ​និង​លក្ខណៈ​សម្បត្ដិ​ឯ​ទៀត​ជា​មូលហេតុ​ដែល​លោក​យេស៊ូ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ។ ប្រសិនបើ​យើង​អនុញ្ញាត​ឲ្យ​កិរិយា​ប្រព្រឹត្ត​របស់​លោក​មាន​ឥទ្ធិពល​មក​លើ​យើង នោះ​យើង​នឹង​ជា​មនុស្ស​ដែល​ប្រសើរ​ហើយ​សប្បាយ​ជាង។ នេះ​ជា​មូលហេតុ​ដែល​សាវ័ក​ពេត្រុស​ដាស់​តឿន​យើង​ឲ្យ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់។ តើ​អ្នក​ព្យាយាម​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់​ឬ​ទេ?

មិន​ត្រឹម​តែ​ជា​គំរូ​ដើម្បី​ធ្វើ​តាម​ប៉ុណ្ណោះ​ទេ

លោក​យេស៊ូ​មិន​ត្រឹម​តែ​ជា​គំរូ​ដើម្បី​ឲ្យ​យើង​ធ្វើ​តាម​ប៉ុណ្ណោះ​ឡើយ។ លោក​បាន​ពោល​ថា​៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរ​បី​តា​បាន​ឡើយ»។ (យ៉ូហាន ១៤:​៦) ក្រៅ​ពី​ប្រាប់​សេចក្ដី​ពិត​អំពី​ព្រះ ដែល​បើក​ផ្លូវ​ឲ្យ​មនុស្ស​ជាតិ​អាច​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ លោក​យេស៊ូ​ក៏​បាន​បើក​ឱកាស​ឲ្យ​អស់​អ្នក​ដែល​ស្មោះ​ត្រង់​ទទួល​ជីវិត​ដែរ។—យ៉ូហាន ៣:១៦

ស្តី​អំពី​ឱកាស​ដើម្បី​ទទួល​ជីវិត លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង»។ (ម៉ាថាយ ២០:​២៨) ដោយ​បូជា​ជីវិត​ខ្លួន លោក​យេស៊ូ​បាន​ស្ថាបនា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឲ្យ​មនុស្ស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ តើ​យើង​ម្នាក់ៗ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍​ពី​របៀប​រៀប​ចំ​នោះ? លោក​យេស៊ូ​ពន្យល់​ថា​៖ «នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។—យ៉ូហាន ១៧:៣

ត្រូវ​ហើយ ការ​ក្រេប​ជញ្ជក់​យក​ចំណេះ​អំពី​លោក​យេស៊ូ យក​តម្រាប់​តាម​គន្លង​ជីវិត​របស់​លោក ព្រម​ទាំង​មាន​ជំនឿ​លើ​ការ​បូជា​ជីវិត​របស់​លោក នោះ​គឺ​ជា​តម្រូវ​ការ​ដើម្បី​ឲ្យ​យើង​ទទួល​ជីវិត​រស់​នៅ​ជា​រៀង​រហូត។ យើង​សូម​អញ្ជើញ​លោក​អ្នក​ចំណាយ​ពេល​ដើម្បី​សិក្សា​ប្រភព​នៃ​ចំណេះ​បែប​នោះ ពោល​គឺ​គម្ពីរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​អញ្ជើញ​លោក​អ្នក​ឲ្យ​ព្យាយាម​ធ្វើ​តាម​អ្វី​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ ដូច​លោក​យេស៊ូ​បាន​ធ្វើ​ដែរ។ *

ជីវិត​ដែល​ជា​គំរូ​របស់​លោក​យេស៊ូ បង្រៀន​យើង​នូវ​លក្ខណៈ​សម្បត្ដិ​ដែល​យើង​គួរ​មាន។ ការ​បូជា​ជីវិត​របស់​លោក​អាច​រំដោះ​យើង​ចេញ​ពី​អំពើ​ខុស​ឆ្គង និង​សេចក្ដី​ស្លាប់​ដែល​ជា​ឈ្នួល​នៃ​អំពើ​ខុស​ឆ្គង​នោះ។ (រ៉ូម ៦:២៣) ប្រសិនបើ​លោក​យេស៊ូ​គ្រិស្ត​មិន​មាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ទេ នោះ​ជីវិត​របស់​យើង​នឹង​គួរ​ឲ្យ​សោកស្ដាយ​មែន! សូម​កុំ​ឲ្យ​កង្វល់​និង​ការ​ថប់​បារម្ភ​អំពី​ជីវិត នាំ​ឲ្យ​អ្នក​លែង​គិត​ពិចារណា ព្រម​ទាំង​ធ្វើ​តាម​គំរូ​របស់​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ គឺ​លោក​យេស៊ូ​គ្រិស្ត​ឡើយ។

[កំណត់​សម្គាល់]

^ វគ្គ 12 ម្ដាយ​របស់​យ៉ូហាន​ឈ្មោះ​សា​ឡូ​មេ ប្រហែល​ត្រូវ​ជា​បង​ប្អូន​បង្កើត​នឹង​ម៉ា​រា​ដែល​ជា​ម្ដាយ​របស់​លោក​យេស៊ូ។ សូម​ពិនិត្យ​បន្ថែម ម៉ាថាយ ២៧:៥៥, ៥៦; ម៉ាកុស ១៥:៤០; និង​យ៉ូហាន ១៩:២៥

^ វគ្គ 26 ដើម្បី​ទទួល​ព័ត៌មាន​យ៉ាង​ល្អិត​ល្អន់​អំពី​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែនដី សូម​មើល​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ។ បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​៧]

◼ លោក​យេស៊ូ​មិន​ចេះ​រើស​មុខ ហើយ​ចេះ​គោរព​មនុស្ស​ទាំង​អស់

◼ លោក​ជា​មិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ទី​មរណៈ

◼ លោក​មាន​ចិត្ត​ក្លាហាន

តើ​អ្នក​ព្យាយាម​ដើរ​តាម​លំ​អាន​ដាន​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់​ទេ?

[រូបភាព​នៅ​ទំព័រ​៥]

លោក​យេស៊ូ​មាន​តុល្យ​ភាព​ក្នុង​ជីវិត . . .

ជា​បុគ្គល​ស្រួល​ជួប​ស្រួល​ទាក់​ទង . . .

មាន​ចិត្ត​អាណិត​អាសូរ