លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការកើតជាថ្មី តើក្នុងបំណងអ្វី?

ការកើតជាថ្មី តើក្នុងបំណងអ្វី?

ការ​កើត​ជា​ថ្មី តើ​ក្នុង​បំណង​អ្វី?

មនុស្ស​ជា​ច្រើន​ជឿ​ថា​យើង​ត្រូវ​កើត​ម្ដង​ទៀត​ទើប​អាច​មាន​ជីវិត​រស់​ជា​រៀង​រហូត​បាន។ ប៉ុន្តែ សូម​កត់​សម្គាល់​អ្វី​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​បំណង​នៃ​ការ​កើត​ជា​ថ្មី។ លោក​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​មិន​កើត​ម្ដង​ទៀត អ្នក​នោះ​មិន​អាច​ឃើញ​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ​»។ (​យ៉ូហាន ៣:៣​) យ៉ាង​នេះ មនុស្ស​ត្រូវ​កើត​ម្ដង​ទៀត​ដើម្បី​អាច​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​បាន មិន​មែន​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ។ មនុស្ស​ខ្លះ​ប្រហែលជា​ប្រកែក​ថា​៖ ‹ប៉ុន្តែ តើ​ឃ្លា​ទាំង​ពីរ​នេះ ពោល​គឺ​ការ​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ និង​ការ​ទទួល​សេចក្ដី​សង្គ្រោះ សំដៅ​ទៅ​លើ​រង្វាន់​តែ​មួយ​ទេ?›។ មិន​មែន​ទេ! ដើម្បី​យល់​ភាព​ខុស​គ្នា មុន​ដំបូង​សូម​ឲ្យ​យើង​ពិចារណា​អត្ថន័យ​នៃ​ពាក្យ​«​រាជាណាចក្រ​របស់​ព្រះ​»។

រាជាណាចក្រ​ជា​រដ្ឋាភិបាល​មួយ ដូច្នេះ ពាក្យ​«​រាជាណាចក្រ​របស់​ព្រះ​»​ មាន​ន័យ​ថា ​«​រដ្ឋាភិបាល​របស់​ព្រះ​»។ គម្ពីរ​បង្រៀន​ថា​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​‹កូន​មនុស្ស› ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ ហើយ​ក៏​មាន​អ្នក​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត​ដែរ។ (​ដានីយ៉ែល ៧:១, ១៣, ១៤; ម៉ាថាយ ២៦:៦៣, ៦៤​) ម្យ៉ាង​ទៀត សាវ័ក​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​ថា​អ្នក​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​បាន​ត្រូវ​យក​ពី​«​គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា គ្រប់​ពូជ​សាសន៍ និង​គ្រប់​ប្រជាជាតិ​»​ ហើយ​នឹង​«​ធ្វើ​ជា​ស្តេច​គ្រប់​គ្រង​លើ​ផែនដី​»។ (​ការ​បើក​បង្ហាញ ៥:៩, ១០; ២០:៦​) បណ្ដាំ​របស់​ព្រះ​បាន​បង្ហាញ​ថា​អស់​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​ស្តេច​មាន​ចំនួន​១៤៤.០០០​នាក់​ដែល​ជា​«​ហ្វូង​តូច​»​«​បាន​ត្រូវ​ទិញ​ពី​ផែនដី​»។—លូកា ១២:៣២; ការ​បើក​បង្ហាញ ១៤:១,

តើ​រាជាណាចក្រ​របស់​ព្រះ​គ្រប់​គ្រង​ពី​កន្លែង​ណា? ​«​រាជាណាចក្រ​របស់​ព្រះ​»​ក៏​បាន​ត្រូវ​ហៅ​ថា ​«​រាជាណាចក្រ​ស្ថាន​សួគ៌​»​ដែរ។ ដូច្នេះ នេះ​បង្ហាញ​ថា​លោក​យេស៊ូ​និង​ស្តេច​ឯ​ទៀត​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌។ (​លូកា ៨:១០; ម៉ាថាយ ១៣:១១​) យ៉ាង​នេះ រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​ដែល​មាន​លោក​យេស៊ូ​គ្រិស្ត​និង​អ្នក​គ្រប់​គ្រង​ជា​មួយ​លោក ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​មនុស្ស​ជាតិ។

បើ​ដូច្នេះ តើ​លោក​យេស៊ូ​បង្កប់​អត្ថន័យ​អ្វី​ពេល​លោក​មាន​ប្រសាសន៍​ថា មនុស្ស​ត្រូវ​កើត​ម្ដង​ទៀត​ដើម្បី​«​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​»​? លោក​ចង់​បញ្ជាក់​ថា​មនុស្ស​ត្រូវ​កើត​ម្ដង​ទៀត​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​នៅ​ស្ថាន​សួគ៌។ បើ​និយាយ​ឲ្យ​ស្រួល​យល់​វិញ បំណង​នៃ​ការ​កើត​ជា​ថ្មី​គឺ​ដើម្បី​រៀប​ចំ​មនុស្ស​មួយ​ចំនួន​ឲ្យ​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌។

រហូត​មក​ដល់​ពេល​នេះ យើង​បាន​រៀន​ថា​ការ​កើត​ជា​ថ្មី​មាន​សារៈ​សំខាន់​ណាស់ គឺ​ស្រេច​លើ​ព្រះ ហើយ​ព្រះ​កំពុង​រៀប​ចំ​មនុស្ស​មួយ​ក្រុម​ឲ្យ​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌។ ក៏​ប៉ុន្តែ តើ​មនុស្ស​កើត​ជា​ថ្មី​យ៉ាង​ដូច​ម្ដេច?

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៧]

បំណង​នៃ​ការ​កើត​ជា​ថ្មី​គឺ​ដើម្បី​រៀប​ចំ​មនុស្ស​មួយ​ក្រុម​ឲ្យ​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌

[រូបភាព​នៅ​ទំព័រ​៧]

រាជាណាចក្រ​របស់​ព្រះ​មាន​លោក​យេស៊ូ​គ្រិស្ត និង​អ្នក​គ្រប់​គ្រង​ជា​មួយ​លោក​ដែល​បាន​ត្រូវ​រើស​ពី​ចំណោម​មនុស្ស​ជាតិ