ការកើតជាថ្មី តើស្រេចទៅលើយើងទេ?
ការកើតជាថ្មី តើស្រេចទៅលើយើងទេ?
តើអ្នកណាធ្វើឲ្យមនុស្សកើតជាថ្មី? ពេលអ្នកផ្សាយសាសនាខ្លះដាស់តឿនអ្នកស្ដាប់ឲ្យធ្វើជាគ្រិស្តសាសនិកដែលកើតម្ដងទៀត នោះជាញយដង ពួកគេដកស្រង់ពាក្យរបស់លោកយេស៊ូដែលថា៖ «អ្នករាល់គ្នាត្រូវកើតម្ដងទៀត»។ (យ៉ូហាន ៣:៧) អ្នកផ្សាយនោះយកពាក្យទាំងនេះធ្វើជាការបញ្ជាមួយ ហើយបើនិយាយឲ្យចំទៅ ពួកគេពោលថា «ចូរកើតម្ដងទៀតចុះ!»។ យ៉ាងនេះ ពួកគេផ្សាយថា ការស្ដាប់តាមលោកយេស៊ូហើយកើតជាថ្មីគឺស្រេចទៅលើគ្រិស្តសាសនិកម្នាក់ៗ។ យោងទៅតាមការវែកញែកបែបនេះ ការកើតជាថ្មីគឺស្រេចទៅលើចិត្តយើងម្នាក់ៗ។ ប៉ុន្តែ តើទស្សនៈនេះសមស្របនឹងអ្វីដែលលោកយេស៊ូប្រាប់នីកូដេមឬទេ?
ពេលយើងអានពាក្យរបស់លោកយេស៊ូដោយយកចិត្តទុកដាក់ នោះបញ្ជាក់ថាលោកមិនបង្រៀនថាការកើតជាថ្មីអាស្រ័យទៅលើចិត្តយើងម្នាក់ៗទេ។ ហេតុអ្វីបានជាយើងអាចនិយាយដូចនេះ? ពាក្យភាសាក្រិចដែលបានបកប្រែថា «កើតម្ដងទៀត» ក៏អាចបកប្រែថា «គួរកើតពីស្ថានលើ»។ * យោងទៅតាមការបកប្រែនេះ ការកើតជាថ្មីគឺមក«ពីស្ថានលើ» ពោលគឺ«ពីស្ថានសួគ៌»ឬ«ពីបិតា»នៅស្ថានសួគ៌។ (យ៉ូហាន ១៩:១១; យ៉ាកុប ១:១៧) ត្រូវហើយ ការកើតជាថ្មីគឺមកពីព្រះ។—យ៉ូហានទី១ ៣:៩
យ៉ូហាន ១:១៣) យ៉ាងនេះ សាវ័កប៉ូលនិយាយត្រឹមត្រូវថា៖ «សូមសរសើរលោកដែលជាព្រះនិងជាបិតារបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ព្រោះដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅរបស់លោក លោកបានធ្វើឲ្យយើងកើតជាថ្មី»។—ពេត្រុសទី១ ១:៣
ដូច្នេះ បើយើងចាំថាក្នុងភាសាដើមពាក្យកើតម្ដងទៀតអាចត្រូវបកប្រែថា «ពីស្ថានលើ» នោះមិនពិបាកឲ្យយើងយល់ថា មនុស្សមិនអាចផ្ដល់កំណើតឲ្យខ្លួនឯងបានឡើយ។ សូមគិតអំពីកំណើតរបស់ខ្លួន តើអ្នកកើតមកដោយសារបានសម្រេចចិត្តខ្លួនឯងថាចង់កើតទេ? មិនមែនទេ! អ្នកកើតមកដោយសារមាតាបិតាផ្ដល់កំណើតឲ្យអ្នក។ ស្រដៀងគ្នាដែរ លុះត្រាតែព្រះដែលជាបិតានៅស្ថានសួគ៌ធ្វើឲ្យយើងកើតជាថ្មី ទើបយើងអាចកើតជាថ្មីបាន។ (តើការកើតម្ដងទៀតគឺជាបញ្ជាឬ?
មនុស្សខ្លះប្រហែលជាឆ្ងល់ថា ‹បើការកើតជាថ្មីមិនស្រេចទៅលើយើង ហេតុអ្វីបានជាលោកយេស៊ូបញ្ជាថា៖ «អ្នករាល់គ្នាត្រូវកើតម្ដងទៀត»?›។ នេះជាសំណួរល្អ។ យ៉ាងណាមិញ ប្រសិនបើពាក្យរបស់លោកយេស៊ូគឺជាបញ្ជាមែន លោកបានបង្គាប់ឲ្យយើងធ្វើអ្វីមួយដែលយើងមិនអាចធ្វើបាន។ នេះមិនសមហេតុសមផលទេ។ បើដូច្នេះ តើយើងគួរយល់យ៉ាងណាចំពោះពាក្យដែលថា អ្នកត្រូវ«កើតម្ដងទៀត»?
ការពិនិត្យមើលពាក្យនេះក្នុងភាសាដើមបង្ហាញថា នេះមិនមែនជាបញ្ជាទេ។ ផ្ទុយទៅវិញ ពាក្យនេះជាឃ្លាធម្មតា។ ដូច្នេះ ពេលលោកយេស៊ូមានប្រសាសន៍ថា អ្នកត្រូវ«កើតម្ដងទៀត» នោះលោកប្រាប់ពីការពិតមួយ មិនមែនជាបញ្ជាទេ។ ស្តីអំពីប្រសាសន៍របស់លោកយេស៊ូ សេចក្ដីបកប្រែមួយទៀតចែងថា៖ «គឺចាំបាច់ឲ្យអ្នកកើតពីស្ថានលើ»។—យ៉ូហាន ៣:៧, Modern Young’s Literal Translation
ដើម្បីបង្ហាញភាពខុសគ្នារវាងឃ្លាបញ្ជានិងឃ្លាធម្មតា សូមគិតអំពីការប្រៀបធៀបមួយដូចតទៅនេះ: សូមគិតអំពីទីក្រុងដែលមានសាលារៀនមួយចំនួន។ ក្នុងចំណោមសាលាទាំងនោះ មានតែសាលារៀនមួយសម្រាប់ក្មេងជនជាតិភាគតិចដែលរស់នៅឆ្ងាយពីទីក្រុង។ ថ្ងៃមួយ ក្មេងជំទង់ម្នាក់ដែលមិនមែនជាជនជាតិភាគតិច ប្រាប់នាយកសាលាថា៖ «ខ្ញុំចង់ចុះឈ្មោះនៅសាលានេះ»។ នាយកសាលាប្រាប់ក្មេងនោះថា៖ «ដើម្បីចុះឈ្មោះបាន ប្អូនត្រូវជាជនជាតិភាគតិច»។ ពាក្យរបស់នាយកសាលាមិនមែនជាបញ្ជាទេ។ គាត់មិនបង្គាប់ក្មេងជំទង់នោះថា «ឯងត្រូវតែជាជនជាតិភាគតិច!»។ ផ្ទុយទៅវិញ នាយកសាលាចង់និយាយថា៖ «ដើម្បីចុះឈ្មោះបាន គឺចាំបាច់ឲ្យប្អូនជាជនជាតិភាគតិច»។ នាយកសាលាគ្រាន់តែប្រាប់ពីការពិតមួយ ពោលគឺតម្រូវការដើម្បីចូលរៀននៅសាលានោះ។ ស្រដៀងគ្នាដែរ ពេលលោកយេស៊ូមានប្រសាសន៍ថា៖ «អ្នករាល់គ្នាត្រូវកើតម្ដងទៀត» នោះលោកគ្រាន់តែប្រាប់ពីការពិត គឺតម្រូវការដើម្បី«ចូលក្នុងរាជាណាចក្ររបស់ព្រះ»។
ប៉ុន្តែ រាជាណាចក្ររបស់ព្រះជាប់ពាក់ព័ន្ធនឹងចំណុចមួយទៀតដែលទាក់ទងនឹងការកើតជាថ្មី។ ចំណុចនេះទាក់ទងនឹងសំណួរដែលថា តើកើតម្ដងទៀតគឺក្នុងបំណងអ្វី? ការដឹងចម្លើយចំពោះសំណួរនេះគឺសំខាន់ចាំបាច់ដើម្បីឲ្យយើងយល់យ៉ាងត្រឹមត្រូវនូវអត្ថន័យនៃការកើតម្ដងទៀត។
[កំណត់សម្គាល់]
^ វគ្គ 3 សេចក្ដីបកប្រែគម្ពីរមួយចំនួនក៏បានបកប្រែយ៉ូហាន ៣:៣ ដូចនេះដែរ។ ជាឧទាហរណ៍ សេចក្ដីបកប្រែគម្ពីរតាមន័យត្រង់ បកប្រែខនេះថា៖ «ប្រសិនបើមនុស្សមិនទទួលកំណើតពីស្ថានលើ នោះគាត់មិនអាចឃើញរាជាណាចក្ររបស់ព្រះបានឡើយ»។
[រូបភាពនៅទំព័រ៦]
ពេលមាតាបិតាផ្ដល់កំណើតឲ្យយើង និងពេលកើតជាថ្មីដូចបានរៀបរាប់ក្នុងគម្ពីរ តើទាំងពីរនេះមានភាពស្រដៀងគ្នាយ៉ាងណា?