លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការកើតម្ដងទៀត តើបើកផ្លូវឲ្យព្រះសង្គ្រោះទេ?

ការកើតម្ដងទៀត តើបើកផ្លូវឲ្យព្រះសង្គ្រោះទេ?

ការ​កើត​ម្ដង​ទៀត តើ​បើក​ផ្លូវ​ឲ្យ​ព្រះ​សង្គ្រោះ​ទេ?

​«​តើ​អ្នក​បាន​កើត​ម្ដង​ទៀត​ទេ?​»។ តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​នេះ​យ៉ាង​ដូច​ម្ដេច? គ្រិស្ត​សាសនិក​រាប់​លាន​នាក់​ទូ​ទាំង​ផែនដី​នឹង​ឆ្លើយ​ខ្លាំង​ៗ​ថា​ ​«​មែន!​»។ ពួក​គេ​ជឿ​ថា​ការ​កើត​ម្ដង​ទៀត​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា​ពួក​គេ​ជា​គ្រិស្ត​សាសនិក​ពិត ហើយ​នេះ​ជា​វិធី​តែ​មួយ​គត់​ដើម្បី​ឲ្យ​ព្រះ​សង្គ្រោះ​យើង។ ពួក​គេ​យល់​ស្រប​នឹង​ទស្សនៈ​របស់​អ្នក​ដឹក​នាំ​សាសនា​ដូច​ជា​សាសនវិទូ​ម្នាក់​ឈ្មោះ​រ៉ូបឺត សា​ប្រួល ដែល​បាន​សរសេរ​ថា​៖ ​«​ប្រសិនបើ​បុគ្គល​ម្នាក់​មិន​កើត​ម្ដង​ទៀត . . . បុគ្គល​នោះ​មិន​មែន​ជា​គ្រិស្ត​សាសនិក​ឡើយ​»។

តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អស់​អ្នក​ដែល​ជឿ​ថា​ការ​កើត​ម្ដង​ទៀត​បើក​ផ្លូវ​ឲ្យ​ព្រះ​សង្គ្រោះ​អ្នក​ឬ​ទេ? បើ​មែន អ្នក​ពិត​ជា​ចង់​ជួយ​ញាតិ​សន្ដាន​និង​មិត្ត​ភក្ដិ​របស់​អ្នក​ឲ្យ​រក​ឃើញ​ហើយ​ចាប់​ផ្ដើម​ដើរ​តាម​ផ្លូវ​នោះ​ដែរ មែន​ទេ? ក៏​ប៉ុន្តែ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ដូច​នេះ ពួក​គេ​ត្រូវ​យល់​ភាព​ខុស​គ្នា​រវាង​អ្នក​ដែល​កើត​ម្ដង​ទៀត និង​អ្នក​ដែល​មិន​បាន​កើត​ម្ដង​ទៀត។ តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា​ឲ្យ​ពួក​គេ​យល់​អត្ថន័យ​នៃ​ការ​កើត​ម្ដង​ទៀត?

មនុស្ស​ជា​ច្រើន​ជឿ​ថា​ពាក្យ​«​កើត​ម្ដង​ទៀត​»​សំដៅ​ទៅ​លើ​អ្នក​ដែល​បាន​សន្យា​យ៉ាង​ស្មោះ​ដើម្បី​បម្រើ​ព្រះ​និង​គ្រិស្ត ហើយ​ជា​លទ្ធផល​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ពី​ការ​គ្មាន​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ ទៅ​ជា​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​លោក។

តើ​អ្នក​នឹង​ភ្ញាក់​ផ្អើល​ទេ បើ​ដឹង​ថា​គម្ពីរ​មិន​ឯកភាព​នឹង​ជំនឿ​នេះ? តើ​អ្នក​ចង់​ដឹង​អ្វី​ដែល​គម្ពីរ​ពិត​ជា​បង្រៀន​អំពី​ការ​កើត​ម្ដង​ទៀត​ទេ? អ្នក​នឹង​ពិត​ជា​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​យ៉ាង​ហ្មត់​ចត់​អំពី​រឿង​នេះ។ ហេតុ​អ្វី? ដោយ​សារ​ការ​យល់​ត្រឹម​ត្រូវ​អំពី​អត្ថន័យ​នៃ​ការ​កើត​ម្ដង​ទៀត​នឹង​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក ហើយ​អ្វី​ដែល​អ្នក​សង្ឃឹម​នឹង​បាន​នៅ​អនាគត។

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

ក្នុង​គម្ពីរ​ទាំង​មូល មាន​តែ​យ៉ូហាន ៣:១​-​១២​ទេ​ដែល​ប្រើ​ពាក្យ​«​កើត​ម្ដង​ទៀត​»។ កំណត់​ហេតុ​នោះ​រៀប​រាប់​ពី​ការ​សន្ទនា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​រវាង​លោក​យេស៊ូ​និង​អ្នក​នាំ​មុខ​សាសនា​ម្នាក់​ក្នុង​ទី​ក្រុង​យេរូសាឡិម។ អ្នក​អាច​អាន​កំណត់​ហេតុ​ដែល​បាន​ដក​ស្រង់​ទាំង​មូល​ពី​គម្ពីរ​ក្នុង​ប្រអប់​នៅ​ទំព័រ​នេះ ដូច្នេះ​យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​អាន​កំណត់​ហេតុ​នេះ​យ៉ាង​ដិត​ដល់។

ក្នុង​កំណត់​ហេតុ​នោះ លោក​យេស៊ូ​បាន​លើក​ចំណុច​ផ្សេង​ៗ​ពី​‹ការ​កើត​ជា​ថ្មី›។ * តាម​ពិត ការ​សន្ទនា​របស់​លោក​យេស៊ូ​ជួយ​យើង​ឲ្យ​ឆ្លើយ​សំណួរ​សំខាន់​ៗ​ទាំង​ប្រាំ​នេះ:

តើ​ការ​កើត​ជា​ថ្មី​សំខាន់​យ៉ាង​ណា?

តើ​ការ​កើត​ជា​ថ្មី​ស្រេច​ទៅ​លើ​យើង​ចង់​ឬ​មិន​ចង់​ឬ?

តើ​កើត​ជា​ថ្មី​ក្នុង​បំណង​អ្វី?

តើ​មនុស្ស​កើត​ម្ដង​ទៀត​យ៉ាង​ដូច​ម្ដេច?

ព្រះ​និង​មនុស្ស​ដែល​បាន​កើត​ជា​ថ្មី​តើ​ត្រូវ​អ្វី​នឹង​គ្នា?

សូម​ឲ្យ​យើង​ពិចារណា​សំណួរ​ទាំង​នេះ​ម្ដង​មួយ​ៗ។

[កំណត់​សម្គាល់]

^ វគ្គ 8 ពាក្យ​«​កើត​ជា​ថ្មី​»​មាន​នៅ​ក្នុង​សៀវភៅ​ពេត្រុសទី១ ១:៣, ២៣។ ពាក្យ​នេះ​ក៏​សំដៅ​ទៅ​លើ​ការ​«​កើត​ម្ដង​ទៀត​»​ដែរ។ ពាក្យ​ទាំង​ពីរ​នេះ​មក​ពី​កិរិយាសព្ទ​ជា​ភាសា​ក្រិច​ដែល​អាន​ថា​យិនណេអូ (​gen·naʹo​)។

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​៤]

«​អ្នក​រាល់​គ្នា​ត្រូវ​កើត​ម្ដង​ទៀត​»​

​«​មាន​បុរស​ផារិស៊ី​ម្នាក់​ឈ្មោះ​នីកូដេម ដែល​ជា​អ្នក​គ្រប់​គ្រង​ម្នាក់​របស់​ជន​ជាតិ​យូដា។ គាត់​មក​ជួប​លោក​នៅ​ពេល​យប់ ហើយ​ជម្រាប​ថា​៖ ‹រ៉ាប៊ី យើង​ដឹង​ថា​លោក​ជា​អ្នក​បង្រៀន​ដែល​មក​ពី​ព្រះ ព្រោះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​សញ្ញា​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​លោក​ធ្វើ លុះ​ត្រា​តែ​ព្រះ​នៅ​ជា​មួយ​នឹង​អ្នក​នោះ›។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា អ្នក​ណា​ដែល​មិន​កើត​ម្ដង​ទៀត អ្នក​នោះ​មិន​អាច​ឃើញ​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ›។ នីកូដេម​សួរ​លោក​ថា​៖ ‹តើ​បុរស​វ័យ​ចាស់​ម្នាក់​អាច​កើត​ម្ដង​ទៀត​ដូច​ម្ដេច​បាន? គាត់​មិន​អាច​ចូល​ក្នុង​ផ្ទៃ​ម្ដាយ​ម្ដង​ទៀត​ហើយ​កើត​មក​បាន​ឡើយ មែន​ទេ?›។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា គ្មាន​អ្នក​ណា​អាច​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​កើត​ពី​ទឹក​និង​ពី​សកម្ម​ពល​របស់​ព្រះ។ អ្វី​ដែល​កើត​ពី​សាច់​ឈាម​គឺជា​កូន​មនុស្ស ហើយ​អ្វី​ដែល​កើត​ពី​សកម្ម​ពល​របស់​ព្រះ​គឺជា​កូន​ព្រះ។ កុំ​ឲ្យ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​កើត​ម្ដង​ទៀត​ធ្វើ​ឲ្យ​អ្នក​ឆ្ងល់​ឡើយ។ ខ្យល់​បក់​ទៅ​ទិស​ណា​ក៏​បាន ហើយ​អ្នក​ឮ​សូរ​ខ្យល់ តែ​មិន​ដឹង​ថា​ខ្យល់​នោះ​មក​ពី​ណា​និង​កំពុង​បក់​ទៅ​ណា​ទេ។ អស់​អ្នក​ដែល​កើត​ពី​សកម្ម​ពល​របស់​ព្រះ​ក៏​ដូច្នោះ​ដែរ›។ នីកូដេម​តប​ទៅ​លោក​ថា​៖ ‹តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?›។ លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ‹តើ​អ្នក​ជា​អ្នក​បង្រៀន​ជន​ជាតិ​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ? ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា យើង​និយាយ​អំពី​អ្វី​ដែល​យើង​ដឹង ក៏​ធ្វើ​ការ​បញ្ជាក់​អំពី​អ្វី​ដែល​យើង​បាន​ឃើញ ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ការ​បញ្ជាក់​ពី​យើង​ទេ។ ប្រសិនបើ​អ្នក​រាល់​គ្នា​មិន​ជឿ​ពេល​ដែល​ខ្ញុំ​ប្រាប់​នូវ​អ្វី​ដែល​ទាក់​ទង​នឹង​ផែនដី​ទៅ​ហើយ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដូច​ម្ដេច​បាន បើ​ខ្ញុំ​ប្រាប់​នូវ​អ្វី​ដែល​ទាក់​ទង​នឹង​ស្ថាន​សួគ៌​វិញ?›​»។—យ៉ូហាន ៣:១​-​១២