លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការខំរកសេចក្ដីណែនាំដែលមានប្រយោជន៍

ការខំរកសេចក្ដីណែនាំដែលមានប្រយោជន៍

ការ​ខំ​រក​សេចក្ដីណែនាំ​ដែល​មាន​ប្រយោជន៍

ប្រសិនបើ​លោក​អ្នក​ចង់​បាន​ការ​ណែនាំ នោះ​មិន​ពិបាក​រក​ទេ ព្រោះ​មាន​ការ​ណែនាំ​ច្រើន​ណាស់​សព្វ​ថ្ងៃ​នេះ។ ផ្នែក​ផលិត​សៀវភៅ​ជំនួយ​សម្រាប់​ជួយ​ខ្លួន​ឯង ជា​វិស័យ​មួយ​ដែល​មាន​សម្ទុះ​រីក​ចម្រើន​ជាង​គេ​ក្នុង​ពិភព​លោក។ នៅ​ប្រទេស​អង់គ្លេស អាម៉េរិក​ឡាទីន ជប៉ុន និង​សហរដ្ឋអាម៉េរិក ដែល​ជា​ប្រទេស​មាន​វប្បធម៌​ខុស​ពី​គ្នា នោះ​សៀវភៅ​ជំនួយ​សម្រាប់​ជួយ​ខ្លួន​ឯង​ជា​សៀវភៅ​ដែល​លក់​ដាច់​ជាង​គេ។ កម្មវិធី​ទូរទស្សន៍ សិក្ខាសាលា និង​វីដេអូ​ដែល​ជា​ជំនួយ​សម្រាប់​ជួយ​ខ្លួន​ឯង ក៏​ជា​វិស័យ​ដែល​កំពុង​ពេញ​និយម​ដែរ។ អ្វី​ៗ​ទាំង​នោះ​ជា​ទី​ចូល​ចិត្ត​របស់​មហាជន​ពី​ព្រោះ​វាបំផុស​គំនិត​ឲ្យ​គិត​ថា អ្នក​អាច​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​សួរ​មតិ​យោបល់​របស់​ពួក​ចិត្ត​វិទូ អ្នក​ជូន​ឱវាទ​អំពី​អាពាហ៍ពិពាហ៍ ឬ​អ្នក​បង្រៀន​សាសនា​ឡើយ។ តើ​សៀវភៅ​ជំនួយ​ទាំង​នោះ​រៀប​រាប់​អំពី​រឿង​អ្វី​ខ្លះ?

រឿង​ខ្លះ​ៗ​ដែល​មនុស្ស​និយម​ជាង​គេ​មាន​ដូច​ជា វិធី​បំពេញ​បំណង​ជីវិត​ខ្លួន របៀប​បាន​ស្នេហា​ដូច​ចិត្ត​ប៉ង ហើយ​វិធី​ចិញ្ចឹម​អប់រំ​កូន។ រឿង​ឯ​ទៀត​ដែល​មនុស្ស​និយម​ចូល​ចិត្ត​មាន វិធី​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត ទុក្ខ​ព្រួយ ឬ​ផល​វិបាក​ដែល​មក​ពី​ការ​លែង​លះ​គ្នា​ជា​ដើម។ មនុស្ស​ក៏​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​ការ​ណែនាំ​អំពីវិធី​បោះបង់​ចោល​ទម្លាប់​បរិភោគ​ច្រើន​ជ្រុល ជក់​បារី និង​ផឹក​ស្រា​ច្រើន​ពេក។ តើ​យោបល់​ទាំង​នោះ​មាន​ប្រយោជន៍​ទេ? ជួនកាល​មាន​ប្រយោជន៍ តែ​មាន​ភាគ​តិច​ណាស់។ ដូច្នេះ យក​ល្អ​ឲ្យ​យើង​ពិចារណា​ការ​ព្រមាន​ក្នុង​គម្ពីរ​ដែល​ថា​៖ ​«​មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង​វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន​»។—សុភាសិត ១៤:១៥

សៀវភៅ​ជំនួយ​សម្រាប់​ជួយ​ខ្លួន​ឯង មិន​មែន​ដូច​សៀវភៅ​ដែល​បង្រៀន​អំពី​កុំព្យូទ័រ គណនេយ្យ ឬ​ភាសា​បរទេស​ឡើយ។ សៀវភៅ​ដែល​បង្រៀន​មុខ​វិជ្ជា​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​ឆាប់​ចេះ ដោយ​មិន​ចាំ​បាច់​ចំណាយ​ថវិកា​ច្រើន​ដូច​រៀន​នៅ​សាលា​ទេ។ ប៉ុន្តែ សៀវភៅ​ជំនួយ​សម្រាប់​ជួយ​ខ្លួន​ឯង​គឺ​ខុស​ស្រឡះ​ពី​នេះ សូម្បីតែ​សៀវភៅ​ទាំង​នោះ​ទាក់​ទង​នឹង​ពាណិជ្ជកម្ម អាពាហ៍ពិពាហ៍ ការ​ចិញ្ចឹម​អប់រំ​កូន ឬ​សុខភាព​ផ្លូវ​ចិត្ត​ក៏​ដោយ។ ធម្មតា សៀវភៅ​ជំនួយ​ទាំង​នោះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​ឬ​ការ​ប្រព្រឹត្ត។ ដូច្នេះ គប្បីឲ្យ​យើង​សួរ​ថា ‹តើ​អ្នក​ណា​ជូន​យោបល់​នេះ? តើ​អ្នក​នោះ​បាន​ព័ត៌មាន​ពី​ណា​មក?›។

ជួនកាល​អ្នក​ជំនាញ​មិន​ប្រមូល​បាន​ភស្តុ​តាង​ត្រឹម​ត្រូវ ដើម្បី​គាំទ្រ​យោបល់​របស់​ពួក​គេ​ទេ។ ក្នុង​សៀវភៅ​របស់​អ្នក​ជំនាញ​ខ្លះ ពួកគេ​សរសេរ​យោបល់​ណា​ដែល​ធ្វើ​ឲ្យ​សៀវភៅ​នោះ​លក់​ដាច់​ជាង​គេ ដោយ​ដឹង​ថា​ពួក​គេ​អាច​បាន​កម្រៃ​យ៉ាង​ច្រើន បើឲ្យ​យោបល់​ដែល​ត្រូវ​ចិត្ត​មនុស្ស។ ជា​ឧទាហរណ៍ នៅ​ប្រទេស​មួយ ផ្នែក​ផលិត​សៀវភៅ​ជំនួយ​សម្រាប់​ជួយ​ខ្លួន​ឯង​រក​កម្រៃ​បាន​ជាង​៨​ពាន់​លាន​ដុល្លារ​រៀង​រាល់​ឆ្នាំ!

តើ​សៀវភៅ​ជំនួយ​សម្រាប់​ជួយ​ខ្លួន​ឯង​មាន​ប្រយោជន៍​ប៉ុណ្ណា?

ពេល​លោក​អ្នក​រក​ការ​ណែនាំ​ក្នុង​សៀវភៅ​ជំនួយ នោះ​លោក​អ្នក​សង្ឃឹម​ថា​នឹង​បាន​យោបល់​ដែល​មាន​ប្រយោជន៍។ ប៉ុន្តែ ជួនកាល​លោក​អ្នក​នឹង​ប្រទះ​ឃើញ​សេចក្ដី​ពន្យល់​ដែល​សើ​ៗ​ ឬ​ទ្រឹស្តី​ដែល​ស្រពេចស្រពិល។ បើ​និយាយ​ទូទៅ សៀវភៅ​ណែនាំ​ទាំង​នោះ​ប្រាប់​ថា​៖ ‹បើ​អ្នក​ជឿ​ជាក់​ថា​នឹង​បាន​អ្វី​មួយ នោះ​អ្នក​នឹង​បាន​ដូច​បំណង។ មិន​ថា​អ្នក​ចង់​បាន​លុយ​កាក់ សុខភាព​ល្អ ឬ​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត​ក៏​ដោយ នោះ​អ្នក​គង់តែ​នឹង​ទទួល បើ​អ្នក​ជឿ​ជាក់​ថា​នឹង​បាន​មែន›។ តើ​ការ​ណែនាំ​បែប​នោះ​មាន​ប្រយោជន៍​ទេ? តើ​នេះ​នឹង​ជួយ​លោក​អ្នក​ឲ្យ​ប្រឈម​មុខ​នឹង​ភាព​បរាជ័យ​នៃ​ជីវិត និង​តថភាព​ជាក់​ស្តែង​ក្នុង​ជីវិត​ទេ?

ជា​ឧទាហរណ៍ សូម​គិត​អំពី​សៀវភៅ​ពេញ​និយម​មួយ​ចំនួន​ដែល​មាន​យោបល់​អំពី​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ និង​អាពាហ៍ពិពាហ៍។ តើ​សៀវភៅ​ទាំង​នោះ​ជួយ​ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​មាន​សុភមង្គល​និង​មិន​បែក​គ្នា​ទេ? មិន​មែន​គ្រប់​ករណី​ទេ។ មាន​សៀវភៅ​ជំនួយ​មួយ​អំពី​ស្នេហា ចេញ​នៅ​អាម៉េរិក​ឡាទីន​ហើយ​សៀវភៅ​នោះ​លក់​ដាច់​ភ្លាម​ៗ។ អ្នក​វាយ​តម្លៃ​ម្នាក់​ប្រាប់​ថា អ្នក​និពន្ធ​សៀវភៅ​នោះ​«​ពន្យល់​អ្នក​អាន​អំពីវិធីឲ្យ​តម្លៃ​ខ្លួន ហើយ​វិធី​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​ល្អូកល្អើន​ជា​មួយ​អ្នក​ដទៃ​»។ អ្នក​និពន្ធ​អះអាង​ថា យើង​ធ្វើ​បាប​ខ្លួន​ឯង​ប្រសិនបើ​យើង​អស់​និស្ស័យ​នឹង​គេ​ហើយ តែ​នៅ​តែ​បន្ត​ធ្វើ​ជា​ដៃ​គូ​របស់​គេ។ នេះ​បង្កប់​អត្ថន័យ​ថា អ្វី​សំខាន់​បំផុត​គឺ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ឯង​បាន​សប្បាយ​ចិត្ត ជា​ជាង​ប្រឈម​មុខ​នឹង​បញ្ហា ហើយ​ខំ​ដោះ​ស្រាយ​បញ្ហា​នោះ​វិញ។

ពិត​មែន​តែ​សៀវភៅ​ជំនួយ​ផ្សេង​ៗ ប្រហែលជា​មាន​ការ​ណែនាំ​ខ្លះ​ដែល​មាន​ប្រយោជន៍ ប៉ុន្តែ​ការ​ណែនាំ​ឯ​ទៀត​ប្រហែលជា​នាំ​ឲ្យ​បង់​ប្រយោជន៍​វិញ។ អ្នក​ជំនាញ​ម្នាក់​ជូន​យោបល់​ដែល​មាន​ប្រយោជន៍​ស្តី​អំពី​រឿង​ណា​មួយ រីឯ​យោបល់​ផ្សេង​ទៀត​របស់​គាត់​បែរ​ជា​ធ្វើ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ធំ​ឡើង។ យោបល់​ក្នុង​សៀវភៅ​ណែនាំ​ទាំង​នោះ​មាន​ច្រើន​រាប់​មិន​អស់ ហើយ​ច្រើន​តែ​ផ្ទុយ​គ្នា​ទៀត។ យើង​ពិត​ជា​គ្មាន​លទ្ធភាព​សាក​ធ្វើ​តាម​យោបល់​ទាំង​អស់​នោះ​បាន​ទេ។ ដូច្នេះ តើ​លោក​អ្នក​អាច​ទុក​ចិត្ត​ការ​ណែនាំ​របស់​អ្នក​ណា? សូម​សួរ​ខ្លួន​ឯង​ថា ‹តើ​អ្នក​និពន្ធ​នោះ​ឲ្យ​យោបល់​ដោយ​ផ្អែក​លើ​ព័ត៌មាន​ដែល​គាត់​បាន​ស្រាវជ្រាវ​យ៉ាង​ហ្មត់​ចត់ ឬ​ក៏​គ្រាន់តែ​ផ្អែក​លើ​ការ​យល់​ឃើញ​របស់​ខ្លួន​ប៉ុណ្ណោះ? តើ​ការ​ចង់​បាន​ប្រាក់​ឬ​ឈ្មោះ​ល្បី​បាន​ប៉ះពាល់​ដល់​យោបល់​ដែល​អ្នក​និពន្ធ​នោះ​សរសេរ​ក្នុង​សៀវភៅ​ទេ?›។

មាន​សៀវភៅ​មួយ​ដែល​បាន​ផ្ដល់​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍​តាំង​ពី​យូរ​យារ​មក​ហើយ នោះ​គឺ​គម្ពីរ​បរិសុទ្ធ។ គម្ពីរ​មិន​ត្រឹម​តែ​មាន​ការ​ណែនាំ​ល្អ​ៗ​អំពី​រឿង​ជា​ច្រើន​ដែល​ត្រូវ​ពន្យល់​ក្នុង​សៀវភៅ​ជំនួយ​ប៉ុណ្ណោះ តែ​ក៏​មាន​ការ​ណែនាំ​អំពី​រឿង​ជា​ច្រើន​ឯ​ទៀត​ដែរ។ គម្ពីរ​បាន​ជំរុញ​ទឹក​ចិត្ត​មនុស្ស​រាប់​លាន​នាក់​ឲ្យ​ធ្វើ​តាម​ដំបូន្មាន​ដែល​ថា​៖ ​«​ត្រូវ​ឲ្យ​ឥទ្ធិពល​ថ្មី​កាន់កាប់​គំនិត​របស់​អ្នក​រាល់​គ្នា​វិញហើយ​ត្រូវ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​»។ (​អេភេសូរ ៤:២៣, ២៤​) គម្ពីរ​ជួយ​យើង​ឲ្យ​យល់​ធ្លុះ​ធ្លាយ​អំពី​ដើម​ហេតុ​នៃ​បញ្ហា​របស់​យើង ហើយ​ក៏​បង្រៀន​យើង​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ផង។ សំខាន់​បំផុត គម្ពីរ​ជំរុញ​ទឹក​ចិត្ត​យើង​យ៉ាង​ខ្លាំង​ឲ្យ​ធ្វើ​អ្វីដែល​ត្រឹម​ត្រូវ ដោយ​បញ្ជាក់​មូលហេតុ​ដែល​ការ​ធ្វើ​ដូច្នោះ​មាន​ប្រយោជន៍។ អត្ថបទ​បន្ទាប់​នឹង​ពន្យល់​រឿង​នេះ។