លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គម្ពីរមួយដែលមានពាក្យពេចន៍ដែលមនុស្សនិយាយក្នុងជីវិតប្រចាំថ្ងៃ

គម្ពីរមួយដែលមានពាក្យពេចន៍ដែលមនុស្សនិយាយក្នុងជីវិតប្រចាំថ្ងៃ

គម្ពីរ​មួយ​ដែល​មាន​ពាក្យ​ពេចន៍​ដែល​មនុស្ស​និយាយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ

ក្នុង​សៀវភៅ​ចំណង​ជើង​ថា​ របៀប​ជ្រើស​រើស​សេចក្ដី​បក​ប្រែ​គម្ពីរ​ជា​ភាសា​អង់គ្លេស បណ្ឌិត​អាឡាន ឌូធី បាន​សរសេរ​ថា​៖ ​«​បើ​អ្នក​ជឿ​ថា​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ ដែល​ព្រះ​ផ្ដាំ​មនុស្ស​ជាតិ នោះ​មាន​ន័យ​ថា​អ្នក​ជឿ​ថា​ព្រះ​កំពុង​ទាក់​ទងនឹង​យើង។ . . . ប្រសិនបើ​សាសនា​របស់​អ្នក​មាន​ឥទ្ធិពល​លើ​អ្វី​ៗ​ទាំង​អស់​ក្នុង​ជីវិត​អ្នក នោះ​ពាក្យ​ពេចន៍​ក្នុង​[​គម្ពីរ​]​ត្រូវ​ជា​ពាក្យ​ដែល​មនុស្ស​និយាយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​»។

អស់​អ្នក​ដែល​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ​យល់​ស្រប​នឹង​ទស្សនៈ​នោះ​ទាំង​ស្រុង។ ពួក​គេ​ជឿ​អស់ពី​ចិត្ត​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​សម្រាប់​បង្រៀន កែ​តម្រង់ ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ និង​ប្រដៅ​ក្នុង​ផ្លូវ​សុចរិត​»។ (​ធីម៉ូថេទី២ ៣:១៦​) គម្ពីរ​បរិសុទ្ធ​មិន​មែន​ជា​សៀវភៅ​ធម៌​សាសនា​ដែល​ហួស​សម័យ​និង​ដែល​ឥត​ន័យ​នោះ​ទេ។ គម្ពីរ​«​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធានុភាព​»​ ដោយ​ប្រាប់​ពី​ដំណោះ​ស្រាយ​ពិត​ប្រាកដ​សម្រាប់​បញ្ហា​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ជាតិ​ជួប​ប្រទះ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ (​ហេប្រឺ ៤:១២​) ក៏​ប៉ុន្តែ សៀវភៅ​បរិសុទ្ធ​នេះ​ត្រូវ​មាន​ពាក្យ​ពេចន៍ដែល​មនុស្ស​និយាយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ទើប​អ្នក​អាន​អាច​យល់​និង​ធ្វើ​តាម​អ្វី​ក្នុង​គម្ពីរ​បាន។ យ៉ាង​ណា​មិញ អ្វីដែល​មនុស្ស​ហៅ​ថា​សញ្ញា​ថ្មី មិន​បាន​ត្រូវ​សរសេរ​ដោយ​ប្រើ​ពាក្យ​អក្សរសិល្ប៍​ភាសា​ក្រិច​ដែល​ពួក​ទស្សនវិទូ​ដូច​លោក​ប្លាតុង​បាន​ប្រើ​នោះ​ទេ។ ប៉ុន្តែ បទ​គម្ពីរ​ទាំង​នោះ​បាន​ត្រូវ​សរសេរ​ដោយ​ប្រើ​ពាក្យ​ពេចន៍​ភាសា​ក្រិច​សាមញ្ញ​ធម្មតា​ដែល​មនុស្ស​ប្រើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ជា​ភាសា​ក្រិច​ដែល​ហៅ​ថា​កូអ៊ីណេ។ ពិត​មែន គម្ពីរ​បាន​ត្រូវ​សរសេរ​ដើម្បីឲ្យ​មនុស្ស​សាមញ្ញ​ធម្មតា​អាច​អាន​ហើយ​យល់។

ក្នុង​បំណង​នោះ សេចក្ដី​បក​ប្រែ​ទំនើប​ៗ​មួយ​ចំនួន​បាន​ត្រូវ​បោះពុម្ព​ជា​ភាសា​ផ្សេង​ៗ​នៅ​ឆ្នាំ​ថ្មី​ៗ​នេះ។ បើ​និយាយ​ទូទៅ សេចក្ដី​បក​ប្រែ​ទាំង​នោះ​បាន​ជួយ​ច្រើន ដោយ​ផ្ដល់​លទ្ធភាព​ឲ្យ​មនុស្ស​ទូទៅ​អាច​ទទួល​គម្ពីរ​បាន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សេចក្ដី​បក​ប្រែ​ថ្មី​ៗ​ជា​ច្រើន​គឺ​អន់​ណាស់ បើ​គិត​អំពី​ការ​បក​ប្រែ​យ៉ាង​ត្រឹម​ត្រូវ​ដោយ​មិន​លម្អៀង ហើយ​ការ​បក​ប្រែ​ដោយ​ប្រើ​ពាក្យ​តែ​មួយ​សម្រាប់​អត្ថន័យ​តែ​មួយ។ ជា​ឧទាហរណ៍ គម្ពីរ​មាន​សេចក្ដី​បង្រៀន​ច្បាស់​លាស់​ស្តី​អំពី​អ្វីដែល​កើត​ឡើង​ក្រោយ​យើង​ស្លាប់ អំពី​នាម​របស់​ព្រះ​ដ៏​ពិត និង​អំពី​ព្រលឹង​មនុស្ស។ ក៏​ប៉ុន្តែ​សេចក្ដី​បក​ប្រែ​ខ្លះ​ធ្វើ​ឲ្យ​សេចក្ដី​បង្រៀន​ដ៏​ច្បាស់​លាស់​ទាំង​នេះ ទៅ​ជា​មិន​ច្បាស់​ទៅ​វិញ។

ហេតុ​នេះ អស់​អ្នក​ដែល​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ ពិត​ជា​ពេញ​ចិត្ត​ណាស់ ដោយ​សារ​អាច​ទទួល​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ដែល​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ។ សាក្សី​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ពី​ការ​ចេញ​គម្ពីរ​សេចក្ដី​បក​ប្រែ​ទំនើប​នេះ​នា​ថ្ងៃ​សុក្រ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០០៨ នៅ​មហាសន្និបាត​ដែល​មាន​ប្រធាន​ថា ​«​សកម្ម​ពល​របស់​ព្រះ​ដឹក​នាំ​យើង​»។ ដោយសារ​សេចក្ដី​បក​ប្រែ​នេះ​មិន​ទទួល​ឥទ្ធិពល​ពី​ជំនឿ​សាសនា​ណា​មួយ សេចក្ដី​បក​ប្រែ​នេះ​មាន​អត្ថន័យ​ត្រឹម​ត្រូវ​បំផុត។ ដូច្នេះ អ្នក​ដែល​អាន​គម្ពីរ​នេះ​មាន​លទ្ធភាព​យល់​ច្បាស់​និង​យ៉ាង​ស៊ី​ជម្រៅ​ដល់​កម្រិត​មួយ​ដែល​ពី​មុន​មាន​តែ​អ្នក​ចេះ​ភាសា​បុរាណ​អាច​យល់​បាន។ ប៉ុន្តែ​អ្នក​ប្រហែលជា​ឆ្ងល់​ថា តើ​អ្នក​ណា​បាន​បក​ប្រែ​គម្ពីរ​យ៉ាង​ល្អ​ដូច្នេះ?

ពួក​អ្នក​បក​ប្រែ​ដែល​បាន​លើក​តម្កើង​ព្រះ

ពិត​មែន​តែ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ជា​សេចក្ដី​បក​ប្រែ​ថ្មី​សម្រាប់​អ្នក​ដែល​ចេះ​ភាសា​ខ្មែរ តែ​តាម​ពិត​គម្ពីរ​នោះ​មាន​តាំង​ពី​ឆ្នាំ​១៩៥០​មក​ម្ល៉េះ។ នៅ​ឆ្នាំ​នោះ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មីបាន​ចេញ​ជា​ភាសា​អង់គ្លេស ហើយ​បាន​ត្រូវ​បោះពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ ដែល​ជា​សមាគម​គម្ពីរ​អន្តរជាតិ​មួយ​ដែល​បោះពុម្ព​គម្ពីរ​យូរ​ឆ្នាំ​មក​ហើយ។ ចំណង​ជើង​សេចក្ដី​បក​ប្រែ​ថ្មី​នេះ ជា​លក្ខណៈ​មួយ​ក្នុង​ចំណោម​លក្ខណៈ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​សេចក្ដី​បក​ប្រែ​នេះ​ខុស​ប្លែក​ពី​សេចក្ដី​បក​ប្រែ​ឯ​ទៀត ដោយ​លះ​ចោល​យ៉ាង​ក្លាហាន​នូវ​ទំនៀម​ទម្លាប់​ដែល​ជា​ការ​បែងចែក​គម្ពីរ​ជា​«​សញ្ញា​ចាស់​»​និង​«​សញ្ញា​ថ្មី​»។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​១៩៥០ ចែង​ថា​៖ ​«​សមាជិក​ទាំង​ប៉ុន្មាន​នៃ​គណៈកម្មាធិការ​បក​ប្រែ​បាន​បញ្ជាក់​ថា ពួក​គាត់​ចង់ . . . រក្សា​អនាមិកភាព ហើយ​ជា​ពិសេស​មិន​ចង់​ឲ្យ​មាន​ការ​បោះពុម្ព​ផ្សាយ​ឈ្មោះ​របស់​ពួក​គាត់​កាល​ដែល​ពួក​គាត់​នៅ​រស់ ឬ​ក្រោយ​ពី​ពួក​គាត់​ស្លាប់​ក្ដី។ គោល​បំណង​នៃ​ការ​បក​ប្រែ​គម្ពីរ​នេះ​គឺ​ដើម្បី​លើក​តម្កើង​នាម​របស់​ព្រះ​ដ៏​ពិត ដែល​មាន​ជីវិត​រស់​នៅ​»។

សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ ជា​គម្ពីរ​ទាំង​មូល​ក្នុង​សៀវភៅ​មួយ​ក្បាល បាន​ចេញ​នៅ​ឆ្នាំ​១៩៦១។ ហើយ​ទោះ​ជា​ឈ្មោះ​របស់​ពួក​អ្នក​បក​ប្រែ​ទាំង​នោះ​មិន​បាន​ត្រូវ​ប្រកាស​រហូត​ដល់​ថ្ងៃ​នេះ​ក៏​ដោយ ក៏​បំណង​ចិត្ត​និង​ភក្ដីភាព​របស់​ពួក​អ្នក​បក​ប្រែ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់​ណាស់។ បុព្វកថា​គម្ពីរ​ទាំង​មូល​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ ដែល​បាន​ត្រូវ​បោះពុម្ព​នៅ​ឆ្នាំ​១៩៨៤​ចែង​ថា​៖ ​«​ការ​បក​ប្រែ​បទ​គម្ពីរ​បរិសុទ្ធ​មាន​ន័យ​ថា ត្រូវ​បញ្ជាក់​គំនិត​និង​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ ជាភាសា​ផ្សេង។ . . . ក្នុង​នាម​ជា​អ្នក​កោត​ខ្លាច​និង​ស្រឡាញ់​ព្រះ​ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​បរិសុទ្ធ ពួក​អ្នក​បក​ប្រែ​គម្ពីរ​នេះ យល់​ថា​ខ្លួន​មាន​ភារកិច្ច​ពិសេស​ដែល​ត្រូវ​បំពេញ​ដើម្បី​ព្រះ ពោល​គឺ ត្រូវ​បញ្ជាក់​គំនិត​និង​សេចក្ដី​ប្រកាស​របស់​លោក​ឲ្យ​បាន​ត្រឹម​ត្រូវ​បំផុត​»។

យើង​ដឹង​ថា​គណៈកម្មាធិការ​បក​ប្រែ​មាន​បំណង​ចិត្ត​ល្អ ក៏​ប៉ុន្តែ តើ​ពួក​គាត់​ពិត​ជា​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឬ? បណ្ឌិត​ខ្លះ​ដែល​មិន​ពេញ​ចិត្ត​ប្រកែក​ថា បើ​មិន​ប្រាប់​ឈ្មោះ​និង​កម្រិត​វប្បធម៌​របស់​ពួក​អ្នក​បក​ប្រែ នោះ​គ្មាន​អ្នក​ណា​គួរ​ទទួល​ស្គាល់​ឬ​យក​គម្ពីរ​នោះ​ប្រើ​ជា​ការ​នោះ​ទេ តែ​គួរ​ចាត់​ទុក​ជា​ស្នា​ដៃ​របស់​ពួក​អ្នក​ដែល​ខ្វះ​សមត្ថភាព។ ក៏​ប៉ុន្តែ មិន​មែន​បណ្ឌិត​ទាំង​អស់​គាំទ្រ​គំនិត​មិន​សម​ហេតុ​ផល​នោះ​ទេ។ អាឡេន ឌូទី​បាន​សរសេរ​ថា​៖ ​«​ប្រសិនបើ​យើង​ដឹង​ថា​អ្នក​ណាបាន​បក​ប្រែ​ឬ​បោះពុម្ព​សេចក្ដី​បក​ប្រែ​គម្ពីរ​ណា​មួយ តើ​នោះ​ជួយ​ឲ្យ​យើង​សម្រេច​ថា​សេចក្ដី​បក​ប្រែ​នោះ​ល្អ ឬ​ក៏​មិន​ល្អ​នោះ​ឬ? មិន​មែន​ទេ។ បើ​ចង់​ដឹង គ្មាន​វិធី​ណា​ប្រសើរ​ជាង​ការ​ពិចារណា​មើល​លក្ខណៈ​នៃ​សេចក្ដី​បក​ប្រែ​នីមួយ​ៗ​តែ​ម្ដង​»។ *

ពួក​អ្នក​អាន​រាប់​ពាន់​នាក់​បាន​ធ្វើ​ដូច្នោះ។ មក​ដល់​ថ្ងៃ​នេះ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ១៥៤.០០០.០០០​ក្បាល​បាន​ត្រូវ​បោះពុម្ព​ពេញ​ផែនដី ជា​លក្ខណៈ​គម្ពីរ​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​នៃ​គម្ពីរ ហើយ​មាន​ជា​៧៧​ភាសា។ តើ​ពួក​អ្នក​អាន​បាន​ឃើញ​ថា​សេចក្ដី​បក​ប្រែ​នោះ​មាន​លក្ខណៈ​អ្វី​ខ្លះ?

សេចក្ដី​បក​ប្រែ​ដែល​ញែក​នាម​ព្រះ​ចេញ​ជា​បរិសុទ្ធ

នៅ​ម៉ាថាយ ៦:៩ លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​បិតា​របស់​យើង ដែល​នៅ​ស្ថាន​សួគ៌ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ ក៏​ប៉ុន្តែ ក្នុង​សេចក្ដី​បក​ប្រែ​ភាគ​ច្រើន ព្រះ​គ្មាន​នាម​ទេ ហើយ​ត្រូវ​សម្គាល់​ដោយ​ឋានន្តរ​«​ព្រះ​»​ឬ​«​ម្ចាស់​»​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ ក្នុង​ឯកសារ​គម្ពីរ​ដើម​គឺ​មិន​ដូច្នោះ​ទេ។ ជិត​៧.០០០​ដង​ក្នុង​ឯកសារ​គម្ពីរ​ដើម​ជា​ភាសា​ហេប្រឺ ព្រះ​បាន​ត្រូវ​សម្គាល់​យ៉ាង​ច្បាស់​ដោយ​នាម​របស់​លោក​ផ្ទាល់ គឺ​«​ព្រះ​យេហូវ៉ា​»។ (​និក្ខមនំ ៣:១៥; ទំនុកតម្កើង ៨៣:១៨​) នៅ​ឆ្នាំ​ក្រោយ​ៗ ជន​ជាតិ​យូដា​ឈប់​ប្រើ​នាម​របស់​ព្រះ​ដោយ​សារ​មាន​អបិយជំនឿ​ដែល​នាំ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច។ បន្ទាប់​ពី​ពួក​សាវ័ក​របស់​លោក​យេស៊ូ​បាន​ស្លាប់​ទៅ អបិយជំនឿ​នេះ​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​ពេញ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ (​សូម​ពិនិត្យបន្ថែម សកម្មភាព ២០:២៩, ៣០; ធីម៉ូថេទី១ ៤:១​) ពួក​អ្នក​ចម្លង​បទ​គម្ពីរ​ភាសា​ក្រិច​ចាប់​ផ្ដើម​ប្ដូរ​នាម​ព្រះ​យេហូវ៉ា ដែល​ជា​នាម​របស់​ព្រះ​ផ្ទាល់ ដាក់​ពាក្យ​ភាសា​ក្រិច​ឃីរីអុស ដែល​មាន​ន័យ​ថា​ ​«​ម្ចាស់​»​ ឬ​ទីអុស ដែល​មាន​ន័យ​ថា​ ​«​ព្រះ​»។

ជា​ការ​ល្អ​ណាស់​ដែល​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី បាន​ដាក់​បញ្ចូល​នាម​របស់​ព្រះ​យេហូវ៉ា​មក​វិញ​យ៉ាង​ក្លាហាន​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច​របស់​គ្រិស្ត​សាសនិក(​«​សញ្ញា​ថ្មី​»​)។ នាម​នោះ​មាន​២៣៧​ដង។ ការ​ដាក់​បញ្ចូល​នាម​របស់​ព្រះ​មក​វិញ​ក្នុង​គម្ពីរ មិន​មែន​មក​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​អ្នក​បក​ប្រែ​ទេ តែ​មាន​មូលដ្ឋាន​លើ​ការ​សិក្សា​ស្រាវជ្រាវ​ដិត​ដល់ ដោយ​ផ្អែក​លើ​ប្រភព​ព័ត៌មាន​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ លូកា ៤:១៨​ដក​ស្រង់​ពី​អេសាយ ៦១:១។ ក្នុង​ឯកសារ​គម្ពីរ​ដើម​ជា​ភាសា​ហេប្រឺ ខ​នៅ​អេសាយ​មាន​នាម​ព្រះ​យេហូវ៉ា។ * ដូច្នេះ គឺជា​ការ​សមរម្យ ដែល​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី លូកា ៤:១៨​បាន​ត្រូវ​បក​ប្រែ​ថា​៖ ​«​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ាសណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​លោក​បាន​រើស​តាំង​ខ្ញុំ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ក្រី​ក្រ​»។

ការ​បក​ប្រែ​ដូច្នេះ ក៏​ជួយ​អ្នក​អាន​ឲ្យ​ឃើញ​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​តែ​មួយ​របស់​លោក​គឺ​ខុស​គ្នា។ ជា​ឧទាហរណ៍ សេចក្ដី​បក​ប្រែ​ភាគ​ច្រើន​បក​ប្រែ​ម៉ាថាយ ២២:៤៤​ថា​៖ ​«​ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ព្រះ​អម្ចាស់​»។ ប៉ុន្តែ តើ​អ្នក​ណា​កំពុង​មាន​ប្រសាសន៍​ទៅ​អ្នក​ណា? តាម​ការ​ពិត បទ​គម្ពីរ​នេះ​ដក​ស្រង់​ពី​ទំនុក​តម្កើង ១១០:១ ដែល​មាន​នាម​របស់​ព្រះ​ក្នុង​ឯកសារ​គម្ពីរ​ដើម​ជា​ភាសា​ហេប្រឺ។ ហេតុ​នេះ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី បក​ប្រែ​ខ​នេះ​ថា​៖ ​«​ព្រះ​យេហូវ៉ា មាន​ប្រសាសន៍​ទៅ​កាន់​ម្ចាស់​ខ្ញុំ​ថា​៖ ‹ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​សត្រូវ​របស់​អ្នក​នៅ​ក្រោម​បាត​ជើង​អ្នក›​»។ ការ​យល់​ថា​បទ​គម្ពីរ​បញ្ជាក់​ភាព​ខុស​គ្នា​រវាង​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​មិន​មែន​ជា​រឿង​ដែល​ទាក់​ទង​នឹង​ការ​បក​ប្រែ​ប៉ុណ្ណោះ​ទេ។ (​ម៉ាកុស ១៣:៣២; យ៉ូហាន ៨:១៧, ១៨; ១៤:២៨​) ការ​យល់​ដឹង​នោះ​គឺ​ចាំ​បាច់​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ។ សកម្មភាព ២:២១​ចែង​ថា​៖ ​«​អស់​អ្នក​ណា​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ​»។

សេចក្ដី​បក​ប្រែ​ត្រឹម​ត្រូវ​និង​ច្បាស់

សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី មាន​លក្ខណៈ​ល្អ​ៗ​ឯ​ទៀត​ដែរ។ ឯកសារ​គម្ពីរ​ភាសា​ក្រិច​របស់​វេស្កត់​និង​ហ៊ត់​ដែល​បាន​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឲ្យ​មាន​គុណ​ភាព​ខ្ពស់ បាន​ត្រូវ​ជ្រើស​រើស​យក​មក​ធ្វើ​ជា​មូល​ដ្ឋាន​នៃ​សេចក្ដី​បក​ប្រែ​ជា​ភាសា​អង់គ្លេស។ ពួក​អ្នក​បក​ប្រែ​បាន​ធ្វើ​ការ​ផ្ចិត​ផ្ចង់​ដើម្បី​បក​ប្រែ​ឯកសារ​គម្ពីរ​ភាសា​ក្រិច​ឲ្យ​បាន​ត្រឹម​ត្រូវ​បំផុត ហើយ​ដើម្បីឲ្យ​ចំ​ៗ​បំផុត ដោយ​ប្រើ​ពាក្យ​ស្រួល​យល់​និង​ទំនើប។ ការ​បក​ប្រែ​ដូច្នេះ​មិន​គ្រាន់តែ​រក្សា​ស្ទីល​សរសេរ​នៃ​ឯកសារ​គម្ពីរ​ដើម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឲ្យ​យល់​ច្រើន​ណាស់​អំពី​គម្ពីរ។

ជា​ឧទាហរណ៍ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ព្យាយាម​បញ្ជាក់​អត្ថន័យ​ខុស​គ្នា​រវាង​ពាក្យ​ភាសា​ក្រិច​នីមួយ​ៗ​ សូម្បីតែ​ពេល​ពាក្យ​ទាំង​នោះ​ខុស​គ្នា​តែ​បន្ដិច​ក៏​ដោយ។ ក្នុង​ភាសា​ជា​ច្រើន​សព្វ​ថ្ងៃនេះ កិរិយាសព្ទ​ឬ​ពាក្យ​ដែល​បញ្ជាក់​អំពើ​ឬ​សកម្មភាព​ណា​មួយ ប្រែ​ទម្រង់​ទៅ​តាម​ពេល​វេលា​ដែល​អំពើ​នោះ​កើត​ឡើង គឺថា​អតីតកាល បច្ចុប្បន្នកាល ឬ​អនាគត​កាល។ កិរិយាសព្ទ​ភាសា​ក្រិច​ក៏​បញ្ជាក់​ពីបែប​អំពើ​នោះ​ដែរ គឺថា​អំពើដែល​កើត​ឡើង​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ អំពើដែល​បាន​ចប់​រួច​ហើយ ឬ​អំពើដែល​កំពុង​បន្ត។ សូម​គិត​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ៦:៣៣។ ពាក្យ​ភាសា​ក្រិច​«​ស្វែងរក​»​សំដៅ​ទៅ​សកម្មភាព​ដែល​បន្ត។ ដូច្នេះ អត្ថន័យ​ពេញ​លេញ​នៃ​ប្រសាសន៍​របស់​លោក​យេស៊ូ​ត្រូវ​បញ្ជាក់​ដោយ​ការ​បក​ប្រែ​ថា​៖ ​«​ចូរ​បន្ត​ស្វែងរក រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក​»។ ស្រដៀង​គ្នា​ដែរ ម៉ាថាយ ៧:៧ បាន​ត្រូវ​បក​ប្រែ​ថា​៖ ​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ ចូរ​គោះ​ទ្វារ​ឥត​ឈប់ នោះ​ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ​»។—សូម​មើល រ៉ូម ១:៣២; ៦:២; កាឡាទី ៥:១៥

សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​បក​ប្រែ​ពាក្យ​សំខាន់​ៗ​ដោយ​ប្រើ​ពាក្យ​ដូច​គ្នា​រាល់​ដង។ ជា​ឧទាហរណ៍ ពាក្យ​ភាសា​ក្រិច​ថា​យូសេបៀរ បាន​ត្រូវ​បក​ប្រែ​ថា ​«​ភក្ដីភាព​ចំពោះ​ព្រះ​»​រាល់​ដង។ យ៉ាង​នេះ ពួក​អ្នក​អាន​អាច​ឆាប់​យល់​ថា​ការ​មាន​ភក្ដីភាព​ចំពោះ​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ។—សកម្មភាព ៣:១២; ធីម៉ូថេទី១ ២:២; ទីតុស ១:១; ពេត្រុសទី២ ១:៦

ការ​ចែក​ជូន​បណ្ដាំ​របស់​ព្រះ​ពេញ​ផែនដី

ការ​បោះពុម្ព​បទ​គម្ពីរ​ភាសា​ក្រិច​របស់​គ្រិស្ត​សាសនិក​ជា​ភាសា​ខ្មែរ​គ្រាន់តែ​ជា​ដំណាក់​កាល​ដើម​ដំបូង​ប៉ុណ្ណោះ​ទេ។ មាន​គម្រោង​បក​ប្រែ​គម្ពីរ​ទាំង​មូល​នៅ​ពេល​ក្រោយ។ ក៏​ប៉ុន្តែ តើ​អ្នក​អាន​អាច​ទុក​ចិត្ត​ថា​សេចក្ដី​បក​ប្រែ​ភាសា​ខ្មែរ​មាន​ភាព​ត្រឹម​ត្រូវ​និង​មាន​ពាក្យ​មួយ​សម្រាប់​អត្ថន័យ​មួយ ដូច​សេចក្ដី​បក​ប្រែ​ភាសា​អង់គ្លេស​បាន​ទេ?

អ្នក​អាន​អាច​ទុក​ចិត្ត​បាន​មែន ពីព្រោះ​កិច្ចការ​បក​ប្រែ​បាន​ត្រូវ​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​ដោយ​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា។ ពួក​គាត់​បាន​បង្ហាញ​ប្រាជ្ញា ដោយ​សម្រេច​ថា វិធី​ប្រសើរ​បំផុត​ដើម្បី​បក​ប្រែ​គម្ពីរ​ជា​ភាសា​បរទេស​គឺ​ដោយ​ប្រើ​បង​ប្អូន​មួយ​ក្រុម​ជា​ជាង​បង​ប្អូន​តែ​ម្នាក់។ ដូច្នេះ ក្រុម​សម្រាប់​បក​ប្រែ​គម្ពីរ​បាន​ត្រូវ​រៀប​ចំ​ឡើង​នៅ​ប្រទេស​មួយ​ចំនួន​ពេញ​ផែនដី។ ផ្នែក​ផ្ដល់​ជំនួយ​ខាង​ការ​បក​ប្រែ​បាន​ត្រូវ​រៀប​ចំ​ឡើង​នៅ​មន្ទីរ​ចាត់​ការ​របស់​សាក្សី​ព្រះ​យេហូវ៉ា នាទី​ក្រុង​ប៊្រុគ្លីន នៅ​រដ្ឋ​ញូវ​យ៉ក ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​ទាំង​នោះ ឆ្លើយ​សំណួរ និង​ធានា​ថា​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី គ្រប់​ភាសា​បញ្ជាក់​អត្ថន័យ​ស្រប​គ្នា។ ម្យ៉ាង​ទៀត ជំនួយ​ដ៏​ល្អ​មួយ​បាន​ត្រូវ​រៀប​ចំ​ដែរ គឺ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ជួយ​ពួក​អ្នក​បក​ប្រែ​គម្ពីរ។ តែ​កុំ​ច្រឡំ​ឡើយ ការ​បក​ប្រែ​គម្ពីរ​តម្រូវ​ឲ្យ​ពួក​អ្នក​បក​ប្រែ​ខំ​ប្រឹង​ខ្នះខ្នែង​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ប្រព័ន្ធ​កុំព្យូទ័រ​នោះ​បាន​ជួយ​យ៉ាង​ច្រើន​ក្នុង​ការ​សម្រួល​កិច្ចការ​ពាក់​ព័ន្ធ​នឹង​គោលដៅ​ខ្ពង់​ខ្ពស់​ដែល​ក្រុម​សម្រាប់​បក​ប្រែ​គម្ពីរ​នីមួយ​ៗ​បាន​ត្រូវ​តម្រូវ​ឲ្យ​សម្រេច​នោះ ពោល​គឺ ការ​បក​ប្រែ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ឲ្យ​មាន​ភាព​ត្រឹម​ត្រូវ​និង​ដោយ​ប្រើ​ពាក្យ​តែ​មួយ​សម្រាប់​អត្ថន័យ​តែ​មួយ ដូច​ក្នុង​សេចក្ដី​បក​ប្រែ​ភាសា​អង់គ្លេស។ លក្ខណៈ​មួយ​នៃ​ប្រព័ន្ធ​កុំព្យូទ័រ​សម្រាប់​ការ​បក​ប្រែ​នោះ គឺ​ការ​បញ្ជាក់​របៀប​ដែល​សេចក្ដី​បក​ប្រែ​ភាសា​អង់គ្លេស​បក​ប្រែ​ពាក្យ​ភាសា​ហេប្រឺ​និង​ភាសា​ក្រិច​នីមួយ​ៗ។ នេះ​ជួយ​ពួក​អ្នក​បក​ប្រែ​យ៉ាង​ច្រើន​ក្នុង​ការ​ជ្រើស​រើស​ពាក្យ​សម្រាប់​ភាសា​របស់​ពួក​គេ។

ប្រសិនបើ​ពិចារណា​មើល​ផល​ដែល​កើត​ចេញ​ពី​ការ​រៀប​ចំ​ទាំង​អស់​នេះ យើង​អាច​ឃើញ​ច្បាស់​ថា ការ​រៀប​ចំ​ទាំង​នោះ​បាន​ជោគជ័យ​មែន។ យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ពិនិត្យ​មើល​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ អ្នក​អាច​ទទួល​មួយ​ក្បាល​ពី​អ្នក​បោះពុម្ព​ទស្សនាវដ្ដី​នេះ។ អ្នក​ក៏​នឹង​ពេញ​ចិត្ត​នឹង​លក្ខណៈ​ពិសេស​ជា​ច្រើន​ឯ​ទៀត​របស់​គម្ពីរ​នេះ ដូច​ជា​អក្សរ​ច្បាស់​ហើយ​ស្រួល​មើល អក្សរ​នៅ​លើរឹម​ទំព័រ ដែល​ជួយ​អ្នក​ឆាប់​រក​ឃើញ​ខ​គម្ពីរ​ដែល​អ្នក​ស្គាល់ ផែនទីដែល​មាន​ព័ត៌មាន​ល្អិត​ល្អន់ និង​សេចក្ដី​ពន្យល់​បន្ថែម​ដែល​អ្នក​ច្បាស់​ជា​នឹង​អាន​ដោយ​ជក់​ចិត្ត។ សំខាន់​បំផុត អ្នក​រាល់​គ្នា​អាច​អាន​គម្ពីរ​នេះ​ដោយ​ជំនឿ​ទុក​ចិត្ត​ថា គម្ពីរ​នេះ​បញ្ជាក់​យ៉ាង​ត្រឹម​ត្រូវ​នូវ​ប្រសាសន៍​របស់​ព្រះ​ដោយ​ប្រើ​ពាក្យ​ពេចន៍ដែល​មនុស្ស​និយាយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

[កំណត់​សម្គាល់]

^ វគ្គ 9 គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា នៅ​លើ​ក្រប​សេចក្ដី​បក​ប្រែ​នៃ​គម្ពីរ​មួយ​ផ្សេង​ទៀត (​Ref​erence Edition (​1971​) of the New American Standard Bible​) មាន​អក្សរ​ថា​៖ ​«​យើង​មិន​បាន​បញ្ចេញ​ឈ្មោះ​បណ្ឌិត​ណា​មួយ​ជា​ទី​សំ​អាង ពីព្រោះ​យើង​ជឿ​ថា​មនុស្ស​ត្រូវ​វាយ​តម្លៃ​បណ្ដាំ​របស់​ព្រះ​ដោយ​មើល​លក្ខណៈ​នៃ​គម្ពីរ​តែ​ម្ដង​»។

^ វគ្គ 13 ពិត​មែន​តែ​បទ​គម្ពីរ​ហេប្រឺ​ដែល​មាន​ក្នុង​អ្វីដែល​មនុស្ស​ហៅ​ថា​សញ្ញា​ថ្មី បាន​ត្រូវ​ដក​ស្រង់​ពី​សេចក្ដី​បក​ប្រែ​សេបធួជីន​ភាសា​ក្រិច ហើយ​ដោយ​សារ​ច្បាប់​ចម្លង​នៃ​សេបធួជីនដែល​បាន​ចេញ​ក្រោយ​មក​គ្មាន​នាម​របស់​ព្រះ នោះ​បណ្ឌិត​ជា​ច្រើន​ប្រកែក​ថា​មិន​ត្រូវ​ដាក់​នាម​ព្រះ​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ដែរ។ ក៏​ប៉ុន្តែ​ច្បាប់​ចម្លង​សេបធួជីនចាស់​បំផុត​មាន​នាម​យេហូវ៉ា​ជា​អក្សរ​ហេប្រឺ។ នេះ​ជា​ទី​សំ​អាង​ជាក់​ច្បាស់​មួយ​ដែល​គាំទ្រ​ការ​ដាក់​បញ្ចូល​នាម​ព្រះ​មក​វិញ​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច។

[រូបភាព​នៅ​ទំព័រ​១៨]

លក្ខណៈ​ផ្សេង​ៗ​នៃសេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី:

ពួក​អ្នក​បក​ប្រែ​បាន​ ធ្វើ​ការ​ផ្ចិត​ផ្ចង់​ដើម្បី​បក​ប្រែ​ឯកសារ​គម្ពីរ​ភាសា​ក្រិច​ឲ្យ​បាន​ត្រឹម​ត្រូវ​បំផុត ហើយ​ដើម្បីឲ្យ​ចំ​ៗ​បំផុត ដោយ​ប្រើ​ពាក្យ​ស្រួល​យល់​និង​ទំនើប

[រូបភាព​នៅ​ទំព័រ​១៨]

ធីម៉ូថេទី១ ៣:១៦​ក្នុង​គម្ពីរ​ស៊ីណាយ ​ពី​សតវត្សរ៍ទី៤ គ.ស.។

អក្សរ​ច្បាស់​ហើយ​ស្រួល​មើល​ធ្វើ​ឲ្យ​យើង​សប្បាយ​អាន​គម្ពីរ

អក្សរ​នៅ​លើរឹម​ទំព័រ ជួយ​យើង​ឆាប់​រក​ឃើញ​ខ​គម្ពីរ​ ដែល​យើង​ស្គាល់

ផែនទីដែល​មាន​ព័ត៌មាន​ល្អិត​ល្អន់​ជួយ​អ្នក​អាន​យល់​កាន់​តែ​ច្រើន​អំពីកន្លែង​ផ្សេង​ៗ​នៅ​សម័យ​គម្ពីរ

[រូបភាព​នៅ​ទំព័រ​១៧]

ពួក​អ្នក​សរសេរ​គម្ពីរ ដូច​សាវ័ក​ប៉ូល បាន​សរសេរ​ដោយ​ប្រើ​ពាក្យ​ពេចន៍ដែល​មនុស្ស​និយាយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ

[រូបភាព​នៅ​ទំព័រ​២០]

ភាព​ច្បាស់​ស្រួល​យល់​នៃ​«​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​»​ ​មាន​ប្រយោជន៍​ច្រើន​ណាស់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ