ជំនឿមិនពិតទី៦: ព្រះពេញចិត្ដនឹងការប្រើរូបព្រះក្នុងការគោរពប្រណិប័តន៍
ជំនឿមិនពិតទី៦: ព្រះពេញចិត្តនឹងការប្រើរូបព្រះក្នុងការគោរពប្រណិប័តន៍
តើអ្វីជាប្រភពដើមនៃជំនឿមិនពិតនោះ? «គ្រិស្តសាសនិកសម័យដើមមិនធ្លាប់ប្រើរូបព្រះក្នុងការគោរពប្រណិប័តន៍ទេ . . . គេចាប់ផ្ដើមប្រើរូបព្រះក្នុងគ្រិស្តសាសនានៅសតវត្សរ៍ទី៤និង៥ ដោយអាងទ្រឹស្តីថា មនុស្សអវិជ្ជាអាចរៀនគ្រិស្តសាសនាបានល្អជាង បើប្រើរូបព្រះជាជាងប្រើសៀវភៅឬស្ដាប់សុន្ទរកថា» (Cyclopedia of Biblical, Theological, and Ecclesiastical Literature, by McClintock and Strong, Volume 4, pages 503 and 504)។
តើគម្ពីរបង្រៀនយ៉ាងណា? «កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្ដិតាម»។ (និក្ខមនំ ២០:៤, ៥) នៅសតវត្សរ៍ទី១ សាវ័កយ៉ូហានបានសរសេរទៅកាន់គ្រិស្តសាសនិកថា៖ «កូនៗអើយ! ចូរជៀសចេញពីរូបព្រះ»។—យ៉ូហានទី១ ៥:២១
និកាយគ្រិស្តសាសនាជាច្រើនអះអាងថា ការប្រើរូបព្រះគ្រាន់តែជាវិធីលើកកិត្ដិយសជូនព្រះដែលរូបនោះតំណាងប៉ុណ្ណោះ។ តើនេះជាការពិតទេ? សព្វវចនាធិប្បាយមួយបានចែងថា៖ «ប្រហែលជាមុនដំបូងគេច្រើនតែប្រើរូបព្រះក្នុងការបង្រៀន និងដើម្បីដាក់តាំងលម្អ។ នេះជាវិធីវែកញែករបស់គេដើម្បីគាំទ្រការប្រើរូបព្រះ។ ប៉ុន្តែបើនិយាយឲ្យត្រង់ទៅ មិនយូរក្រោយមក រូបព្រះត្រូវបានគេគោរពបូជា។ ជាពិសេសរូបភាពសាសនា ដែលក្នុងគ្រិស្តសាសនានិកាយអូធូដុក្សបានត្រូវគេប្រើដើម្បីគោរពបូជា» (The Encyclopedia of Religion)។ ប៉ុន្តែ គឺសមត្រឹមត្រូវណាស់ដែលអ្នកប្រកាសទំនាយម្នាក់ឈ្មោះអេសាយបានសួរដូចនេះថា៖ «តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ?»។—អេសាយ ៤០:១៨, ខ.ស.
សូមអានបទគម្ពីរ: អេសាយ ៤៤:១៣-១៩; សកម្មភាព ១០:២៥, ២៦; ១៧:២៩; កូរិនថូសទី២ ៥:៧
ការពិត:
ព្រះមិនពេញចិត្តនឹងការប្រើរូបព្រះ ក្នុងការគោរពប្រណិប័តន៍ទេ
បដិសេធជំនឿមិនពិត កាន់ខ្ជាប់នឹងសេចក្ដីពិត
ដោយបានពិនិត្យយ៉ាងសង្ខេបនូវជំនឿមិនពិតខ្លះៗ ដែលនិកាយគ្រិស្តសាសនាជាច្រើនបង្រៀន តើយើងអាចសន្និដ្ឋានអ្វី? «រឿងព្រេងប្រឌិតដោយដំរិះ»ទាំងនេះ មិនអាចប្រៀបស្មើនឹងសេចក្ដីពិតក្នុងគម្ពីរដែលសម្រាលទុក្ខ ហើយស្រួលយល់ទេ។—ពេត្រុសទី២ ១:១៦, សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ
ដូច្នេះសូមកុំស្ទាក់ស្ទើរប្រៀបធៀបបណ្ដាំរបស់ព្រះ ដែលជាប្រភពនៃសេចក្ដីពិត ជាមួយនឹងអ្វីដែលអ្នកបានរៀន។ ពេលធ្វើដូច្នេះ សូមមានទស្សនៈទូលំទូលាយ។ (យ៉ូហាន ១៧:១៧) បន្ទាប់មក អ្នកនឹងពិសោធដោយផ្ទាល់នូវអ្វីដែលបានត្រូវសន្យាក្នុងគម្ពីរថា៖ ‹អ្នកនឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងរំដោះអ្នកឲ្យមានសេរីភាព›។—យ៉ូហាន ៨:៣២
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៩]
Pictorial Archive (Near Eastern History) Est.