លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកដឹងឬទេ?

តើអ្នកដឹងឬទេ?

តើ​អ្នក​ដឹង​ឬ​ទេ?

នៅ​សម័យ​គម្ពីរ ក្រៅ​ពី​ស្រា​ទំពាំង​បាយ​ជូរ តើ​គេ​ធ្វើ​ភេសជ្ជៈ​ណា​ខ្លះ ដែល​មាន​ជាតិ​ស្រា?

ក្នុង​គម្ពីរ​មាន​ពាក្យ«ស្រា ឬ​គ្រឿង​ស្រវឹង» (ឬ«ស្រា​ទំពាំង​បាយ​ជូរ ឬ​គ្រឿង​ផឹក») ជា​ញឹក​ញាប់។ (ចោទិយកថា ១៤:២៦; លូកា ១:១៥) ពាក្យ​ដែល​ថា«គ្រឿង​ស្រវឹង»មិន​មាន​ន័យ​ថា​ភេសជ្ជៈ​ទាំង​នោះ​ផលិត​មក​ពី​ការ​ចំហុយ​យក​ញើស​ឲ្យ​ស្រក់​ចុះ​ក្នុង​តម្រង​ឲ្យ​កើត​បាន​ជា​ស្រា​ឡើយ ពី​ព្រោះ​វិធី​នេះ​មិន​ទាន់​បង្កើត​ឡើង​នៅ​សម័យ​នោះ​ទេ។ គេ​មិន​គ្រាន់​តែ​បាន​ធ្វើ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្រា​ពី​ផ្លែ​ឈើ​ដូច​ជា​ទំពាំង​បាយ​ជូរ ផ្លែ​លម៉ើ ល្វា ប៉ោម និង​ផ្លែ​ទទឹម​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ពី​ទឹក​ឃ្មុំ​ដែរ។

តាម​ពិត ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា«គ្រឿង​ស្រវឹង»ក៏​អាច​សំដៅ​ទៅ​លើ​ស្រា​បៀរ​ដែរ។ ពាក្យ​ភាសា​ហេប្រឺ​ដែល​បក​ប្រែ​ថា«គ្រឿង​ស្រវឹង»ជាប់​ទាក់​ទង​នឹង​ពាក្យ​ជន​ជាតិ​អាកាឌ​ដែល​សំដៅ​ទៅ​លើ​ស្រា​បៀរ​ដែល​គេ​ធ្វើ​ពី​ស្រូវ​បេ​ឡេ​នៅ​ស្រុក​មេសូប៉ូតាមៀ។ ស្រា​បៀរ​នោះ​មិន​សូវ​មាន​ជាតិ​ស្រា​ទេ តែ​អាច​នាំ​ឲ្យ​ស្រវឹង​បើ​ពិសា​ច្រើន​ពេក។ (សុភាសិត ២០:១) នៅ​ក្នុង​ផ្នូរ​បុរាណ​របស់​ជន​ជាតិ​អេស៊ីប គេ​បាន​រក​ឃើញ​គំរូ​ដី​ឥដ្ឋ​តូច​ៗ​នៃ​កន្លែង​ដែល​គេ​ធ្វើ​ស្រា និង​គំនូរ​អំពី​អ្នក​បិត​ស្រា។ នៅ​ស្រុក​បាប៊ីឡូន ស្រា​បៀរ​ជា​ភេសជ្ជៈ​ដែល​គេ​ពិសា​រាល់​ថ្ងៃ​នៅ​រាជវាំង​និង​ក្នុង​ផ្ទះ​អ្នក​ក្រ។ ពួក​ភីលីស្ទីន​ក៏​ចូល​ចិត្ត​ពិសា​ស្រា​បៀរ​ស្រដៀង​គ្នា​ដែរ។ នៅ​ទូទាំង​ស្រុក​ប៉ាឡេស្ទីន ពួក​បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​ថូ​ដែល​មាន​ចំពួយ​តម្រង។ ថូ​ទាំង​នោះ​ត្រង​ស្រា​បៀរ កុំ​ឲ្យ​អ្នក​ផឹក​លេប​ស្របក​ស្រូវ​បេឡេ​ដែល​គេ​ធ្វើ​ស្រា​បៀរ​នោះ។

នៅ​សម័យ​សាវ័ក​ប៉ូល ហេតុ​អ្វី​ការ​បើក​សំពៅ​នៅ​ក្នុង​អំឡុង​ពេល​ខ្លះ នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជាង​ពេល​ឯ​ទៀត?

ដោយ​សារ​មាន​ខ្យល់​ខ្លាំង សំពៅ​ដែល​សាវ័ក​ប៉ូល​ធ្វើ​ដំណើរ​ត្រូវ​បើក​អស់​ពេល​ជា​ច្រើន​ទៅ​ទិស​ខាង​លិច​តាម​ឆ្នេរ​តំបន់​អាស៊ី។ កំណត់​ហេតុ​គម្ពីរ​ចែង​ថា​មក​ដល់​កន្លែង​មួយ​សំពៅ«អាច​មាន​គ្រោះ​ថ្នាក់​បើ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ពី​ព្រោះ​ថ្ងៃ​តម​អាហារ​និង​ជម្រះ​ការ​ខុស​ឆ្គង​បាន​កន្លង​ផុត​ទៅ​ហើយ»។ ប៉ូល​បាន​ប្រាប់​អ្នក​ធ្វើ​ដំណើរ​ជា​មួយ​គាត់​ថា បើ​ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ពួក​គេ​នឹង​ទទួល​ការ​បាត់​បង់​យ៉ាង​សម្បើម «មិន​ត្រឹម​តែ​ទំនិញ​និង​សំពៅ​ប៉ុណ្ណោះ​ទេ តែ​ទាំង​ជីវិត​របស់[ពួក​គេ]ផង»។—សកម្មភាព ២៧:៤​-​១០

ថ្ងៃ​តម​អាហារ​និង​ជម្រះ​ការ​ខុស​ឆ្គង​ត្រូវ​ចំ​ចុង​ខែ​កញ្ញា​ឬ​ដើម​ខែ​តុលា។ នាវិក​ជន​ជាតិ​រ៉ូម​ដឹង​ថា​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ដល់​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ជា​ទូទៅ​មាន​សុវត្ថិភាព។ ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ការ​បើក​សំពៅ​ជា​ការ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ហើយ​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​១០ ខែ​មីនា គេ​គិត​ថា​លែង​ធ្វើ​ដំណើរ​តាម​សមុទ្រ​ពី​ព្រោះ​អាច​មាន​គ្រោះ​ថ្នាក់​ខ្លាំង។ មូលហេតុ​មួយ​គឺ​អស្ថិរភាព​នៃ​ធាតុ​អាកាស​ដូច​បាន​បញ្ជាក់​ក្នុង​បទ​ពិសោធន៍​របស់​សាវ័ក​ប៉ូល។ (សកម្មភាព ២៧:១៣​-​៤៤) អ្នក​បើក​សំពៅ​អាច​ប្រឈម​មុខ​នឹង​ខ្យល់​ព្យុះ​ធំ​ៗ​ព្រម​ទាំង​ការ​ពិបាក​បើក​បរ​សំពៅ។ ពពក​បាំង​ព្រះ​អាទិត្យ​នៅ​ពេល​ថ្ងៃ ហើយ​បាំង​ផ្កាយ​នៅ​ពេល​យប់។ អ័ព្ទ​និង​ភ្លៀង​ក៏​ធ្វើ​ឲ្យ​គេ​ពិបាក​ឃើញ ហើយ​បាំង​អ្វី​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សំពៅ។

[រូប​ភាព​នៅ​ទំព័រ​១៣]

គំរូ​ដប​ស្រា​បៀរ នៅ​ប្រទេស​អេស៊ីប ដែល​គេ​ធ្វើ​ពី​ឈើ

[អ្នក​ផ្ដល់​សិទ្ធិ​នៅ​ទំព័រ​១៣]

Erich Lessing/Art Resource, NY

[រូប​ភាព​នៅ​ទំព័រ​១៣]

សំពៅ​ជន​ជាតិ​រ៉ូម​សម្រាប់​ដឹក​ទំនិញ ប្រហែល​នៅ ឆ្នាំ​១០០​-​២០០​គ.ស.

[អ្នក​ផ្ដល់​សិទ្ធិ​នៅ​ទំព័រ​១៣]

Pictorial Archive (Near Eastern History) Est.