លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការរារាំងមិនឲ្យមនុស្សស្គាល់នាមរបស់ព្រះ

ការរារាំងមិនឲ្យមនុស្សស្គាល់នាមរបស់ព្រះ

ការ​រា​រាំង​មិន​ឲ្យ​មនុស្ស​ស្គាល់​នាម​របស់​ព្រះ

មាន​បុគ្គល​ម្នាក់​ដែល​ចង់​រា​រាំង​លោក​អ្នក​មិន​ឲ្យ​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា និង​មិន​ឲ្យ​លោក​អ្នក​មាន​ចំណង​មេត្រី​ភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក​ទេ។ តើ​បុគ្គល​ដែល​ជា​សត្រូវ​ដ៏​អាក្រក់​នេះ​ជា​នរណា? គម្ពីរ​ពន្យល់​ថា៖ «ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​មិន​ជឿ​ទៅ​ជា​ងងឹត»។ ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​គឺ​មេ​កំណាច​សាថាន។ វា​ចង់​ទុក​ឲ្យ​លោក​អ្នក​នៅ​ក្នុង​ភាព​ងងឹត​ដើម្បី​កុំ​ឲ្យ​ចិត្ត​របស់​លោក​អ្នក​ទទួល​ការ​បំភ្លឺ​ដោយ«ចំណេះ​ដ៏​រុង​រឿង​អំពី​ព្រះ»។ សាថាន​មិន​ចង់​ឲ្យ​លោក​អ្នក​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា​ទេ។ ក៏​ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​សាថាន​ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​មនុស្ស​ទៅ​ជា​ងងឹត?—កូរិនថូស​ទី​២ ៤:៤​-​៦

សាថាន​បាន​ប្រើ​សាសនា​ក្លែង​ក្លាយ​ដើម្បី​រា​រាំង​មនុស្ស​មិន​ឲ្យ​ស្គាល់​នាម​របស់​ព្រះ។ ជា​ឧទាហរណ៍ នៅ​សម័យ​បុរាណ ជនជាតិ​យូដា​ខ្លះ​សម្រេច​ចិត្ត​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បទ​គម្ពីរ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ​ទេ ហើយ​ជ្រើស​រើស​យក​ទម្លាប់​ដែល​តម្រូវ​បណ្ដា​ជន​មិន​ឲ្យ​ប្រើ​នាម​របស់​ព្រះ។ នៅ​សតវត្សរ៍​ទី​១​នៃ​គ្រិស្ត​សករាជ អ្នក​អាន​គម្ពីរ​បរិសុទ្ធ​ឲ្យ​សាធារណជន​ស្ដាប់ ទំនង​ជា​បាន​ត្រូវ​ណែនាំ​មិន​ឲ្យ​អាន​នាម​របស់​ព្រះ​ពេល​បទ​គម្ពីរ​មាន​នាម​នោះ តែ​ឲ្យ​ជំនួស​នាម​នោះ​ដោយ​ពាក្យ​អាដូណាយ​ដែល​មាន​ន័យ​ថា«លោក​ម្ចាស់»។ លទ្ធផល​ដែល​គួរ​ឲ្យ​សោក​ស្ដាយ គឺ​ទម្លាប់​នេះ​ទំនង​ជា​នាំ​ឲ្យ​មនុស្ស​ឃ្លាត​ឆ្ងាយ​ពី​ព្រះ។ មនុស្ស​ជា​ច្រើន​មិន​បាន​ទទួល​ប្រយោជន៍​ពី​ចំណង​មេត្រី​ភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​ទេ។ ចំណែក​ឯ​លោក​យេស៊ូ​វិញ តើ​លោក​មាន​ចិត្ត​គំនិត​យ៉ាង​ណា​ចំពោះ​នាម​របស់​ព្រះ?

លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក បាន​សម្ដែង​ឲ្យ​គេ​ស្គាល់​នាម​របស់​ព្រះ

លោក​យេស៊ូ​បាន​ប្រកាស​នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​លោក​ទៅ​បិតា​របស់​លោក​ថា៖ «ខ្ញុំ​បាន​សម្ដែង​ឲ្យ . . . ស្គាល់​នាម​របស់​លោក ក៏​នឹង​សម្ដែង​ឲ្យ​ស្គាល់​ត​ទៅ​ទៀត»។ (យ៉ូហាន ១៧:២៦) នៅ​ឱកាស​ជា​ច្រើន​ដែល​លោក​យេស៊ូ​អាន ដក​ស្រង់​ឬ​ពន្យល់​ផ្នែក​នានា​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ​ដែល​មាន​នាម​ដ៏​សំខាន់​នោះ លោក​ពិត​ជា​បាន​អាន​ឬ​និយាយ​នាម​របស់​ព្រះ។ ហេតុ​នេះ លោក​យេស៊ូ​ពិត​ជា​បាន​ប្រើ​នាម​របស់​ព្រះ​ដោយ​ក្លាហាន​ដូច​អ្នក​ប្រកាស​ទំនាយ​ដែល​រស់​នៅ​មុន​លោក។ ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ បើ​មាន​ជនជាតិ​យូដា​ណា​ឈប់​ប្រើ​នាម​របស់​ព្រះ នោះ​លោក​ពិត​ជា​មិន​ធ្វើ​តាម​ទម្លាប់​របស់​ពួក​គេ​ឡើយ។ លោក​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ដល់​អ្នក​ដឹក​នាំ​សាសនា ពេល​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ទៅ​ជា​អសារ​ឥត​ការ ដោយ​សារ​ទំនៀម​ទម្លាប់​របស់​អ្នក»។—ម៉ាថាយ ១៥:៦

ក្រោយ​ពី​លោក​យេស៊ូ​ទទួល​មរណភាព​និង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​បាន​បន្ត​សម្ដែង​ឲ្យ​គេ​ស្គាល់​នាម​របស់​ព្រះ។ (សូម​មើល​ប្រអប់« តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ប្រើ​នាម​របស់​ព្រះ​ឬ​ទេ?») នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ជា​ថ្ងៃ​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​បង្កើត​ឡើង នោះ​ពេត្រុស​បាន​និយាយ​ទៅ​កាន់​មនុស្ស​មួយ​ក្រុម​ធំ​ដែល​ជា​ជនជាតិ​យូដា​និង​ពួក​អ្នក​ដែល​ចូល​សាសនា​យូដា ដោយ​ដក​ស្រង់​ទំនាយ​របស់​យ៉ូអែល​ដែល​ថា៖ «អស់​អ្នក​ណា​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹងត្រូវ​សង្គ្រោះ»។ (សកម្មភាព ២:២១; យ៉ូអែល ២:៣២) គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​ជួយ​មនុស្ស​ពី​ជាតិ​សាសន៍​ជា​ច្រើន​ឲ្យ​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា។ អាស្រ័យ​ហេតុ​នេះ​បាន​ជា​យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​និយាយ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជា​មួយ​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​ថា៖ «ព្រះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍ . . . ទៅ​លើ​ប្រជាជាតិ​នានា ដើម្បី​រើស​យក​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក»។—សកម្មភាព ១៥:១៤

ក៏​ប៉ុន្តែ សត្រូវ​នៃ​នាម​របស់​ព្រះ​មិន​បាន​បោះ​បង់​ចោល​គោល​បំណង​របស់​វា​ទេ។ កាល​ដែល​ពួក​សាវ័ក​បាន​ស្លាប់​អស់​ហើយ សាថាន​បាន​ចាប់​ផ្ដើម​គាំទ្រ​ភ្លាម​ៗ​នូវ​ការ​ក្បត់​ជំនឿ។ (ម៉ាថាយ ១៣:៣៨, ៣៩; ពេត្រុស​ទី​២ ២:១) ជា​ឧទាហរណ៍ គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​និពន្ធ​ល្បី​ម្នាក់​ឈ្មោះ​ចាស្ទីន​ម៉ាទើ បាន​កើត​ប្រហែល​ជា​ពេល​យ៉ូហាន​ដែល​ជា​សាវ័ក​ចុង​ក្រោយ​បាន​ស្លាប់។ ប៉ុន្តែ ចាស្ទីន​បាន​បញ្ជាក់​ក្នុង​សំណេរ​របស់​គាត់​ម្ដង​ហើយ​ម្ដង​ទៀត​ថា អ្នក​ផ្គត់​ផ្គង់​អ្វី​ៗ​ទាំង​អស់​គឺ«ព្រះ​មួយ​ដែល​មនុស្ស​មិន​បាន​ហៅ​តាម​ឈ្មោះ​ត្រឹម​ត្រូវ»។

ពេល​គ្រិស្ត​សាសនិក​ដែល​បាន​ក្បត់​ជំនឿ​បាន​ចម្លង​បទ​គម្ពីរ​ភាសាក្រិច​របស់​ពួក​គ្រិស្ត​សាសនិក តាម​មើល​ទៅ​ពួក​គេ​បាន​ដក​នាម​របស់​ព្រះ​យេហូវ៉ា​ចេញ​ពី​បទ​គម្ពីរ ហើយ​ជំនួស​នាម​នោះ​ដោយ​ពាក្យ​ភាសា​ក្រិច​ឃីរីអុស​ដែល​មាន​ន័យ​ថា«លោក​ម្ចាស់»។ បទ​គម្ពីរ​ភាសា​ហេប្រឺ​ក៏​ដូច​គ្នា​ដែរ។ ជនជាតិ​យូដា​ដែល​បាន​ក្បត់​ជំនឿ ហើយ​ជា​អ្នក​ជំនាញ​ខាង​ច្បាប់​ដែល​លែង​អាន​នាម​របស់​ព្រះ​ឮ​ៗ បាន​ជំនួស​នាម​របស់​ព្រះ​ក្នុង​បទ​គម្ពីរ​របស់​ខ្លួន​ដោយ​ពាក្យ​អាដូណាយ​ជាង​១៣០​ដង។ ម្យ៉ាង​ទៀត នៅ​ឆ្នាំ​៤០៥ គ.ស. យេរ៉ូម​បាន​បង្ហើយ​សេចក្ដី​បក​ប្រែ​មួយ​ជា​ភាសា​ឡាតាំង​ដែល​គេ​បាន​ហៅ​ថា​វូលហ្គេត។ សេចក្ដី​បក​ប្រែ​នេះ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក៏​បាន​ដក​នាម​របស់​ព្រះ​ចេញ​ដែរ។

ការ​ប៉ុន​ប៉ង​លុប​ចោល​នាម​របស់​ព្រះ​នៅ​បច្ចុប្បន្ន

សព្វ​ថ្ងៃ បណ្ឌិត​ខាង​គម្ពីរ​ដឹង​ថា​នាម​របស់​ព្រះ​យេហូវ៉ា​មាន​ជិត​៧.០០០​ដង​ក្នុង​គម្ពីរ​ទាំង​មូល។ ហេតុ​នេះ អ្នក​បក​ប្រែ​ខ្លះ​បាន​ប្រើ​នាម​របស់​ព្រះ​ដោយ​ក្លាហាន​ក្នុង​សេចក្ដី​បក​ប្រែ​ដែល​គេ​ប្រើ​ជា​ទូទៅ ដូច​ជា​គម្ពីរ​របស់​សាសនា​កាតូលិក​ឈ្មោះ គម្ពីរ​យេរូសាឡិម (Jerusalem Bible) គម្ពីរ​ឡាប៊ីប្លៀ ឡាធិណូអាម៉េរីកា​ជា​ភាសា​អេស្ប៉ាញ និង​សេចក្ដី​បក​ប្រែ​រ៉េណា វ៉ាឡេរ៉ា​ជា​ភាសា​អេស្ប៉ាញ​ដែរ។ សេចក្ដី​បក​ប្រែ​ខ្លះ​ទៀត​បក​ប្រែ​នាម​របស់​ព្រះ​ថា«យ៉ាវ៉េ»។

គួរ​ឲ្យ​ស្ដាយ​ណាស់​ថា សាសនា​ជា​ច្រើន​ដែល​ឧបត្ថម្ភ​ការ​បក​ប្រែ​គម្ពីរ​បាន​បង្ខំ​បណ្ឌិត​គម្ពីរ​ឲ្យ​ដក​នាម​របស់​ព្រះ​ចេញ​ពី​ការ​បក​ប្រែ​របស់​ពួក​គេ។ ជា​ឧទាហរណ៍ ក្នុង​សំបុត្រ​មួយ​របស់​វ៉ាទីកង់​ចុះ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០០៨ ដែល​ជូន​ទៅ​ប្រធាន​នានា​នៃ​មហា​សន្និបាត​របស់​អ្នក​ដឹក​នាំ​ដែល​មាន​ឋានៈ​ខ្ពស់​ក្នុង​សាសនា​កាតូលិក បាន​សរសេរ​ថា៖ «នៅ​ពេល​ថ្មី​ៗ​នេះ ទម្លាប់​ហៅ​ឈ្មោះ​ដ៏​ត្រឹម​ត្រូវ​នៃ​ព្រះ​របស់​អ៊ីស្រាអែល​បាន​ជ្រាប​ចូល​បន្ដិច​ម្ដង​ៗ»។ សំបុត្រ​នេះ​ណែនាំ​ថា៖ «មិន​ត្រូវ​អាន​ឬ​ប្រើ . . . នាម​របស់​ព្រះ​ទេ»។ បន្ថែម​ទៅ​ទៀត «ចំពោះ​ការ​បក​ប្រែ​គម្ពីរ​ទៅ​ជា​ភាសា​បច្ចុប្បន្ន . . . នាម​របស់​ព្រះ​ដែល​តំណាង​ដោយ​អក្សរ​បួន​តួ​ដែល​ហៅ​ថា​តេត្រាក្រាម នោះ​ត្រូវ​បក​ប្រែ​ដោយ​ប្រើ​ពាក្យ​អាដូណាយ​ឬ​ឃីរីអុស ដែល​មាន​ន័យ​ថា‹លោក​ម្ចាស់›»។ គឺ​ច្បាស់​ណាស់ សេចក្ដី​បង្គាប់​នេះ​របស់​វ៉ាទីកង់​មាន​គោល​បំណង​ឲ្យ​មនុស្ស​ឈប់​ប្រើ​នាម​របស់​ព្រះ។

សាសនា​ប្រូតេស្តង់​ក៏​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​នាម​របស់​ព្រះ​យេហូវ៉ា​ដែរ។ អ្នក​នាំ​ពាក្យ​សម្រាប់​ការ​បក​ប្រែ​គម្ពីរ​ដែល​សាសនា​ប្រូតេស្តង់​បាន​ឧបត្ថម្ភ​ឈ្មោះ​ញូវ​អ៊ីនធឺណេសិនណូល​វើសិន ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ជា​ភាសា​អង់គ្លេស​នៅ​ឆ្នាំ​១៩៧៨​បាន​និយាយ​ថា៖ «យេហូវ៉ា​ជា​នាម​របស់​ព្រះ ហើយ​យើង​គួរ​ប្រើ​នាម​នោះ​ក្នុង​សេចក្ដី​បក​ប្រែ​របស់​យើង។ ប៉ុន្តែ យើង​បាន​ចំណាយ​២.២២៥.០០០​ដុល្លារ​អាម៉េរិក​សម្រាប់​សេចក្ដី​បក​ប្រែ​នេះ ដូច្នេះ​បើ​យើង​បក​ប្រែ​ឃ្លា​ដូច​ជា​ទំនុក​តម្កើង​ទី​២៣​ថា‹យ៉ាវ៉េ​ជា​គង្វាល​របស់​ខ្ញុំ› នោះ​យើង​ពិត​ជា​បង្ហិន​លុយ​មែន​ព្រោះ​គ្មាន​នរណា​នឹង​ប្រើ​គម្ពីរ​របស់​យើង​ទេ»។

លើស​ពី​នេះ​ទៅ​ទៀត នៅ​អាម៉េរិក​ឡា​ទីន សាសនា​ខ្លះ​បាន​រា​រាំង​បណ្ដា​ជន​មិន​ឲ្យ​ស្គាល់​នាម​របស់​ព្រះ។ ទី​ប្រឹក្សា​ខាង​ការ​បក​ប្រែ​គម្ពីរ​សម្រាប់​សមាគម​គម្ពីរ​មួយ (United Bible Societies) ឈ្មោះ​ស្ទីវិន វត់ បាន​សរសេរ​ថា៖ «ការ​ជជែក​ត​ទល់​គ្នា​មិន​ឈប់​ឈរ​ក្នុង​ចំណោម​អ្នក​កាន់​សាសនា​ប្រូតេស្តង់​នៅ​អាម៉េរិក​ឡា​ទីន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​នាម​យេហូវ៉ា . . . គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែល​សាសនា​ធំមួយ​ដែល​កាន់​តែ​ចម្រើន​ឡើង​ឈ្មោះ​ភិន្ដាកុស​ថ្មី . . . បាន​ស្រដី​ថា​ពួក​គេ​ចង់​ប្រើ​សេចក្ដី​បក​ប្រែ​រ៉េណា វ៉ាឡេរ៉ា​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​១៩៦០ តែ​មិន​ចង់​ឲ្យ​មាន​នាម​យេហូវ៉ា​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ចង់​ប្រើ​ពាក្យ​សេញ​រ​ដែល​មាន​ន័យ​ថា[លោក​ម្ចាស់]»។ យោង​ទៅ​តាម​ស្ទីវិន វត់ ដំបូង​សមាគម​គម្ពីរ​នោះ​មិន​ព្រម​ធ្វើ​តាម​សំណើ​នេះ​ទេ តែ​ក្រោយ​មក​ពួក​គេ​សុខ​ចិត្ត​ធ្វើ​តាម​វិញ ហើយ​បោះ​ពុម្ព​ផ្សាយ​សេចក្ដី​បក​ប្រែ​រ៉េណា វ៉ាឡេរ៉ា​មួយ​ដែល«គ្មាន​ពាក្យ​យេហូវ៉ា»។

ការ​លុប​ចោល​នាម​របស់​ព្រះ​ចេញ​ពី​បណ្ដាំ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​លោក ហើយ​ដាក់​ជំនួស​ដោយ​ពាក្យ«លោក​ម្ចាស់» នេះ​រា​រាំង​អ្នក​អាន​មិន​ឲ្យ​ស្គាល់​ព្រះ​ច្បាស់។ ការ​ដាក់​ជំនួស​បែប​នេះ​បណ្ដាល​ឲ្យ​មាន​ការ​យល់​ច្រឡំ។ ជា​ឧទាហរណ៍ អ្នក​អាន​មិន​អាច​ដឹង​ទេ​ថា ពាក្យ«លោក​ម្ចាស់»សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា​ឬ​ក៏​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក។ យ៉ាង​នេះ ក្នុង​បទ​គម្ពីរ​ដែល​សាវ័ក​ពេត្រុស​បាន​ដក​ស្រង់​ពាក្យ​របស់​ដាវីឌ​ដែល​ពោល​ថា៖ «ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​លោក​ម្ចាស់​របស់​ខ្ញុំ[លោក​យេស៊ូ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ]ថា៖ ‹ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ›»។ ប៉ុន្តែ សេចក្ដី​បក​ប្រែ​ជា​ច្រើន​បក​ប្រែ​ឃ្លា​នេះ​ថា៖ «ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​នឹង​ព្រះ​អម្ចាស់​នៃ​ទូល​បង្គំ»។ (សកម្មភាព ២:៣៤; កិច្ច​ការ ២:៣៤, សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ) បន្ថែម​ទៅ​ទៀត ក្នុង​សំណេរ​របស់​ដាវីឌ ឃ្លា​ញ​ដែល​មាន​ចំណង​ជើង​ថា«យ៉ាវ៉េ​និង​ព្រះ​នៃ​ជំនឿ​របស់​គ្រិស្ត​សាសនិក» គាត់​បាន​គូស​បញ្ជាក់​ថា៖ «លទ្ធផល​មួយ​នៃ​ការ​ដក​នាម​យ៉ាវ៉េ​ចេញ​ពី​គំនិត​របស់​គ្រិស្ត​សាសនិក​គឺ មនុស្ស​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​គ្រិស្ត​វិញ»។ ហេតុ​នេះ មនុស្ស​ជា​ច្រើន​ដែល​ទៅ​វិហារ​មិន​សូវ​ដឹង​ទេ​ថា បុគ្គល​ដែល​លោក​យេស៊ូ​បាន​អធិដ្ឋាន​ទៅ​នោះ គឺ​ជា​ព្រះ​ដ៏​ពិត​ដែល​មាន​ឈ្មោះ​យេហូវ៉ា។

ស្តី​អំពី​ព្រះ សាថាន​បាន​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​មនុស្ស​ទៅ​ជា​ងងឹត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​អ្នក​អាច​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់។

លោក​អ្នក​អាច​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា​បាន

យើង​ដឹង​ប្រាកដ​ថា សាថាន​បាន​វាយ​ប្រហារ​នាម​របស់​ព្រះ ហើយ​វា​ឆ្លាត​ក្នុង​ការ​ប្រើ​សាសនា​ក្លែង​ក្លាយ​ដើម្បី​ធ្វើ​ដូច្នេះ។ ក៏​ប៉ុន្តែ ការ​ពិត​គឺ​ថា គ្មាន​អំណាច​ណា​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ដែល​អាច​រា​រាំង​ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត មិន​ឲ្យ​សម្ដែង​ឲ្យ​ពួក​អ្នក​ដែល​ចង់​ដឹង​សេចក្ដី​ពិត​អំពី​លោក ស្គាល់​នាម​របស់​លោក ហើយ​ស្គាល់​គោល​បំណង​ដ៏​អស្ចារ្យ​របស់​លោក​ចំពោះ​មនុស្ស​ដែល​ស្មោះ​ត្រង់​ឡើយ។

សាក្សី​ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត​ជួយ​លោក​អ្នក​ចូល​ទៅ​ជិត​ព្រះ​តាម​រយៈ​ការ​សិក្សា​គម្ពីរ។ ពួក​គេ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដែល​បាន​ជម្រាប​ព្រះ​ថា៖ «ខ្ញុំ​បាន​សម្ដែង​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក»។ (យ៉ូហាន ១៧:២៦) កាល​ដែល​លោក​អ្នក​ពិចារណា​អំពី​បទ​គម្ពីរ​ដែល​បង្ហាញ​ពី​តួ​នាទី​ផ្សេង​ៗ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ផ្ដល់​ពរ​ដល់​មនុស្សជាតិ នោះ​លោក​អ្នក​នឹង​ស្គាល់​លក្ខណៈ​ជា​ច្រើន​ដ៏​ប្រសើរ​នៃ​បុគ្គលិក​លក្ខណៈ​របស់​លោក។

យ៉ូប​ដែល​ជា​បុព្វ​បុរស​ដ៏​ស្មោះ​ត្រង់​នៃ​សាសន៍​អ៊ីស្រាអែល មាន‹មិត្រ​ភាព​ជា​មួយ​ព្រះ› ហើយ​លោក​អ្នក​ក៏​អាច​មាន​មិត្តភាព​ជា​មួយ​ព្រះ​ដែរ។ (យ៉ូប ២៩:៤) ដោយ​មាន​ចំណេះ​អំពី​បណ្ដាំ​របស់​ព្រះ លោក​អ្នក​អាច​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា។ ចំណេះ​បែប​នេះ​នឹង​ពង្រឹង​ទំនុក​ចិត្ត​លោក​អ្នក​ថា ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ស្រប​តាម​អត្ថន័យ​នៃ​នាម​របស់​លោក​ដែល​ថា«ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា»។ (និក្ខមនំ ៣:១៤, ព.ថ.) ដូច្នេះ ព្រះ​ប្រាកដ​ជា​នឹង​សម្រេច​សេចក្ដី​សន្យា​ដ៏​ល្អ​ទាំង​អស់​របស់​លោក​ចំពោះ​មនុស្សជាតិ។

[ប្រអប់/រូប​ភាព​នៅ​ទំព័រ​៦]

 តើ​គ្រិស្ត​សាសនិក នៅ​សតវត្សរ៍​ទី​១ ប្រើ​នាម​របស់​ព្រះ​ឬ​ទេ?

ក្នុង​អំឡុង​សម័យ​នៃ​ពួក​សាវ័ក​របស់​លោក​យេស៊ូ​នៅ​សតវត្សរ៍​ទី​១ គ.ស. ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​បង្កើត​ឡើង​នៅ​ប្រទេស​ជា​ច្រើន។ សមាជិក​នៃ​ក្រុម​ជំនុំ​ទាំង​នោះ​បាន​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​ដើម្បី​សិក្សា​បទ​គម្ពីរ។ តើ​បទ​គម្ពីរ​ដែល​គ្រិស្ត​សាសនិក​ប្រើ​នៅ​សតវត្សរ៍​ទី​១ មាន​នាម​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?

នៅ​សម័យ​នោះ ភាសា​ក្រិច​បាន​ក្លាយ​ទៅ​ជា​ភាសា​អន្តរជាតិ ម្ល៉ោះ​ហើយ​ក្រុម​ជំនុំ​ជា​ច្រើន​ប្រើ​ឯកសារ​គម្ពីរ​សេបធួជីន​ភាសា​ក្រិច​ដែល​បាន​បង្ហើយ​នៅ​សតវត្សរ៍​ទី​២ មុន​គ.ស. ដែល​ជា​សេចក្ដី​បក​ប្រែ​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ។ បណ្ឌិត​ខ្លះ​ខាង​គម្ពីរ​អះអាង​ថា តាំង​ពី​ពេល​ឯកសារ​គម្ពីរ​សេបធួជីន​បាន​ត្រូវ​បក​ប្រែ​មក ឯកសារ​គម្ពីរ​នោះ​តែង​តែ​ជំនួស​នាម​របស់​ព្រះ​ដោយ​ឋានៈ​ឃីរីអុស ដែល​ជា​ពាក្យ​ភាសា​ក្រិច​ដែល​មាន​ន័យ​ថា«លោក​ម្ចាស់»។ ប៉ុន្តែ មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​នេះ​គឺ​មិន​មែន​ជា​ការ​ពិត​ទេ។

នៅ​ទំព័រ​នេះ បំណែក​ទាំង​នេះ​គឺ​មក​ពី​ផ្នែក​ខ្លះ​ៗ​នៃ​ឯកសារ​គម្ពីរ​សេបធួជីន​ភាសា​ក្រិច ដែល​មាន​តាំង​ពី​សតវត្សរ៍​ទី​១ មុន​គ.ស.។ បំណែក​ទាំង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​នាម​របស់​ព្រះ​យេហូវ៉ា ដែល​បាន​ត្រូវ​តំណាង​ដោយ​អក្សរ​បួន​តួ​ជា​ភាសា​ហេប្រឺ יהוה (យ​ហ​វ​ហ) ឬ​តេត្រាក្រាម​នៅ​ក្នុង​ឯកសារ​ភាសា​ក្រិច។ សាស្ដ្រាចារ្យ​ម្នាក់​ឈ្មោះ​ជោច ហាវឺដ បាន​សរសេរ​ថា៖ «យើង​មាន​គម្ពីរ​សេបធួជីន​ភាសា​ក្រិច​បី​ដែល​បាន​ចម្លង​តាំង​ពី​មុន​សម័យ​ពួក​គ្រិស្ត​សាសនិក​មក។ ក្នុង​គម្ពីរ​ទាំង​បី​នោះ តេត្រាក្រាម​ឬ​អក្សរ​បួន​តួ​មិន​បាន​បក​ប្រែ​ជា​ឃីរីអុស សូម្បី​តែ​មួយ​ដង​ក៏​មិន​មាន​ដែរ តែ​តាម​ពិត​តេត្រាក្រាម​ឬ​អក្សរ​បួន​តួ​នោះ​គឺ​មិន​បាន​បក​ប្រែ​សោះ។ ឥឡូវ​យើង​អាច​ប្រាកដ​ជិត​មួយ​រយ​ភាគ​រយ​ថា មុន ក្នុង​អំឡុង និង​ក្រោយ​សតវត្សរ៍​ទី​១ គ.ស. ជនជាតិ​យូដា​មាន​ទម្លាប់​សរសេរ​នាម​របស់​ព្រះ . . . ក្នុង​ឯកសារ​ភាសា​ក្រិច​នៃ​បទ​គម្ពីរ» (Biblical Archaeology Review)។

តើ​ពួក​សាវ័ក​និង​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ប្រើ​នាម​របស់​ព្រះ​ក្នុង​សំណេរ​របស់​ពួក​គេ​ឬ​ទេ? សាស្ដ្រាចារ្យ​ជោច ហាវឺដ​បាន​កត់​សម្គាល់​ថា៖ «ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី​១ គ.ស. បាន​ប្រើ​និង​ដក​ស្រង់​ពី​ឯកសារ​គម្ពីរ​សេបធួជីន។ ពេល​ឯកសារ​គម្ពីរ​នេះ​មាន​នាម​របស់​ព្រះ​ជា​អក្សរ​ហេប្រឺ នោះ​អ្នក​សរសេរ​គម្ពីរ​សញ្ញា​ថ្មី​ពិត​ជា​បាន​បញ្ចូល​តេត្រាក្រាម​ឬ​អក្សរ​បួន​តួ​ក្នុង​ការ​ដក​ស្រង់​របស់​ពួក​គេ»។

អាស្រ័យ​ហេតុ​នេះ យើង​អាច​សន្និដ្ឋាន​ដោយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​អាច​អាន​នាម​របស់​ព្រះ​ក្នុង​សេចក្ដី​បក​ប្រែ​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ និង​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។

[អ្នក​ផ្ដល់​សិទ្ធិ]

All photos: Société Royale de Papyrologie du Caire

[រូប​ភាព​នៅ​ទំព័រ​៤, ៥]

បំណែក​មួយ​ដែល​មាន​នាម​របស់​ព្រះ​ក្នុង​រមូរ​អេសាយ​នៅ​សមុទ្រ​ស្លាប់

[រូប​ភាព​នៅ​ទំព័រ​៤]

Shrine of the Book, Photo © The Israel Museum, Jerusalem

[រូប​ភាព​នៅ​ទំព័រ​៧]

សាសនា​គ្រិស្ត​បាន​លុប​ចោល​នាម​របស់​ព្រះ​ដោយ​សារ​ទម្លាប់​ជនជាតិ​យូដា​ឬ​ដោយ​សារ​ចង់​បាន​កម្រៃ

[រូប​ភាព​នៅ​ទំព័រ​៨]

លោក​យេស៊ូ​បាន​ទុក​គំរូ​ល្អ​ដោយ​បាន​សម្ដែង​ឲ្យ​គេ​ស្គាល់​នាម​របស់​ព្រះ