គ្រិស្ដសាសនិកពិតគោរពបណ្ដាំរបស់ព្រះ
គ្រិស្តសាសនិកពិតគោរពបណ្ដាំរបស់ព្រះ
«បណ្ដាំរបស់លោកជាសេចក្ដីពិត»។—យ៉ូន. ១៧:១៧
សូមរកចំណុចទាំងនេះ:
តើកិច្ចប្រជុំដែលបានធ្វើឡើងនៅទីក្រុងយេរូសាឡិមក្នុងឆ្នាំ៤៩ គ.ស.ខុសគ្នាពីកិច្ចប្រជុំរបស់ពួកគណៈដឹកនាំនៃពិភពគ្រិស្តសាសនាយ៉ាងដូចម្ដេច?
ក្នុងយុគសម័យកណ្ដាល តើអ្នកណាខ្លះដែលបានការពារសេចក្ដីពិតក្នុងគម្ពីរ?
នៅចុងសតវត្សរ៍ទី១៩ តើពួកគ្រិស្តសាសនិកស្មោះត្រង់បានប្រើវិធីអ្វីដើម្បីសិក្សាគម្ពីរ? ហើយហេតុអ្វីនេះជាវិធីដែលមានប្រសិទ្ធភាព?
១. តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក សូមរៀបរាប់អំពីអ្វីមួយដ៏សំខាន់ដែលធ្វើឲ្យសាក្សីព្រះយេហូវ៉ាខុសពីសាសនាឯទៀត។
សូមគិតអំពីពេលដែលអ្នកពិភាក្សាជាមួយសាក្សីព្រះយេហូវ៉ាជាលើកដំបូង។ តើអ្នកនឹកចាំអ្វីខ្លះអំពីការសន្ទនានោះ? មនុស្សជាច្រើននឹងឆ្លើយថា៖ ‹ខ្ញុំបានស្ងើចសរសើរសាក្សីព្រះយេហូវ៉ាដោយសារពួកគេបើកគម្ពីរដើម្បីឆ្លើយសំណួរទាំងអស់របស់ខ្ញុំ›។ ពេលដឹងអំពីគោលបំណងរបស់ព្រះសម្រាប់ផែនដី ស្ថានភាពរបស់មនុស្សស្លាប់ និងសេចក្ដីសង្ឃឹមចំពោះមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅ យើងពិតជាសប្បាយចិត្តណាស់!
២. តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យអ្នកចាត់ទុកថាគម្ពីរមានតម្លៃ?
២ ប៉ុន្តែ កាលដែលយើងបានរៀនថែមទៀត យើងទទួលស្គាល់ថាគម្ពីរមិនគ្រាន់តែឆ្លើយសំណួររបស់យើងស្តីអំពីជីវិត សេចក្ដីស្លាប់ និងអនាគតប៉ុណ្ណោះទេ។ យើងចាប់ផ្ដើមយល់ថាគម្ពីរជាសៀវភៅដែលមានប្រយោជន៍ច្រើនបំផុតក្នុងពិភពលោកនេះ។ ឱវាទដែលមានក្នុងគម្ពីរមិនចេះហួសសម័យទេ ហើយពួកអ្នកដែលធ្វើតាមយ៉ាងដិតដល់នឹងមានជីវិតដែលពោរពេញដោយសុភមង្គល និងទទួលជោគជ័យក្នុងគ្រប់ការទាំងអស់។ (សូមអាន ទំនុកតម្កើង ១:១-៣) គ្រិស្តសាសនិកពិតតែងតែទទួលស្គាល់គម្ពីរ«តាមភាពពិតនៃបណ្ដាំនោះ ពោលគឺទទួលទុកជាបណ្ដាំរបស់ព្រះ» ហើយ«មិនបានទទួលទុកជាបណ្ដាំរបស់មនុស្សទេ»។ (១ថែ. ២:១៣) ឥឡូវ យើងនឹងពិចារណាអំពីព្រឹត្ដិការណ៍ខ្លះៗក្នុងប្រវត្ដិសាស្ត្រដែលអាចជួយយើងឲ្យយល់ភាពខុសគ្នារវាងពួកអ្នកដែលពិតជាគោរពបណ្ដាំរបស់ព្រះនិងពួកអ្នកដែលមិនគោរព។
ការដោះស្រាយបញ្ហាចម្រូងចម្រាសមួយ
៣. តើបញ្ហាអ្វីអាចបំផ្លាញសាមគ្គីភាពរបស់ក្រុមជំនុំគ្រិស្តសាសនិកនៅសតវត្សរ៍ទី១? ហើយហេតុអ្វីបញ្ហានេះពិបាកដោះស្រាយ?
៣ កូនេលាសជាជនជាតិដទៃមិនកាត់ចុងស្បែកដែលបានត្រូវរើសតាំងមុនគេ។ ក្នុងអំឡុង១៣ឆ្នាំ ក្រោយពេលនោះមានបញ្ហាមួយបានកើតឡើងដែលអាចបំផ្លាញសាមគ្គីភាពនៃក្រុមជំនុំគ្រិស្តសាសនិក។ ជនជាតិដទៃកាន់តែច្រើនបានក្លាយទៅជាគ្រិស្តសាសនិក។ សំណួរបានចោទឡើងថា តើពួកបុរសជនជាតិដទៃត្រូវកាត់កាឡ. ២:១១-១៤
ចុងស្បែកតាមទំនៀមទម្លាប់ជនជាតិយូដាមុនពេលពួកគេទទួលការជ្រមុជទឹកឬទេ? នេះមិនមែនជាសំណួរដែលស្រួលឲ្យជនជាតិយូដាឆ្លើយនោះទេ។ ជនជាតិយូដាដែលកាន់តាមច្បាប់ម៉ូសេនឹងមិននិយាយសំណេះសំណាលគ្នាជាមួយជនជាតិដទៃឡើយ សូម្បីតែចូលក្នុងផ្ទះរបស់ពួកគេក៏មិនបានផង។ គ្រិស្តសាសនិកជនជាតិយូដាបានទទួលការបៀតបៀនយ៉ាងសាហាវដោយសារពួកគេបានចាកចេញពីសាសនាដើម។ បើពួកគ្រិស្តសាសនិកទាំងនោះទទួលជនជាតិដទៃដែលមិនកាត់ចុងស្បែក ជាបងប្អូនរួមជំនឿ នោះនឹងធ្វើឲ្យពួកគេទទួលការបៀតបៀនកាន់តែខ្លាំង។—៤. តើអ្នកណាបានចូលរួមដោះស្រាយបញ្ហានោះ? ហើយស្តីអំពីរឿងនេះ តើអ្នកឯទៀតអាចមានសំណួរអ្វី?
៤ នៅឆ្នាំ៤៩ គ.ស. ពួកសាវ័កនិងពួកបុរសចាស់ទុំនៅទីក្រុងយេរូសាឡិមដែលជាជនជាតិយូដាកាត់ចុងស្បែក ពួកគាត់បាន«ជួបជុំគ្នាដើម្បីពិភាក្សាអំពីរឿងនោះ»។ (សកម្ម. ១៥:៦) ការពិភាក្សាគ្នានោះមិនមែនជាការជជែកតវ៉ាគួរឲ្យធុញទ្រាន់អំពីចំណុចល្អិតល្អន់ដែលមិនសូវមានន័យខ្លឹមសារក្នុងការគោរពប្រណិប័តន៍នោះទេ ប៉ុន្តែជាការពិភាក្សាដ៏រស់រវើកអំពីសេចក្ដីបង្រៀនក្នុងគម្ពីរវិញ។ ពួកគាត់បានបញ្ជាក់អំពីទស្សនៈរៀងៗខ្លួនចំពោះបញ្ហានេះ។ តើពួកគាត់នឹងធ្វើការសម្រេចចិត្តដោយពឹងផ្អែកលើចំណង់ចំណូលចិត្តរបស់ខ្លួនឬមានគំនិតអគតិឬទេ? តើពួកបុរសចាស់ទុំទាំងនោះបានពន្យារពេលក្នុងការសម្រេចចិត្តរហូតដល់ស្ថានភាពនៅក្នុងប្រទេសអ៊ីស្រាអែលបានល្អប្រសើរជាងសម្រាប់គ្រិស្តសាសនិកឬទេ? តើពួកគាត់នឹងខំកែសម្រួលរហូតដល់រកមតិដែលទាំងអស់គ្នាយល់ស្របឬទេ?
៥. តើមានលក្ខណៈសំខាន់អ្វីខ្លះដែលធ្វើឲ្យការប្រជុំនៅទីក្រុងយេរូសាឡិមក្នុងឆ្នាំ៤៩ គ.ស.ខុសគ្នាពីការប្រជុំរបស់គណៈដឹកនាំនៃពិភពគ្រិស្តសាសនានៅច្រើនសតវត្សរ៍ក្រោយមក?
៥ សព្វថ្ងៃនេះ គណៈដឹកនាំក្នុងពិភពគ្រិស្តសាសនាច្រើនតែខំរកអ្នកគាំទ្រ ឬកែសម្រួលរហូតដល់រកមតិដែលទាំងអស់គ្នាយល់ស្រប។ ក៏ប៉ុន្តែ ការប្រជុំគ្នានៅទីក្រុងយេរូសាឡិមនោះ មិនមានការខំកែសម្រួលឬរកអ្នកគាំទ្រឲ្យបោះឆ្នោតឲ្យឡើយ។ ម្យ៉ាងទៀត ពួកគេបានធ្វើការសម្រេចចិត្តមួយជាឯកច្ឆន្ទ។ តើពួកគាត់អាចធ្វើដូច្នេះយ៉ាងដូចម្ដេច? ទោះជាពួកគាត់ជឿជាក់លើទស្សនៈរបស់ខ្លួនក៏ដោយ ពួកគាត់ទាំងអស់គ្នាបានគោរពបណ្ដាំរបស់ព្រះ និងបទគម្ពីរបរិសុទ្ធ ដែលជាដំណោះស្រាយចំពោះបញ្ហានេះ។—សូមអាន ទំនុកតម្កើង ១១៩:៩៧-១០១
៦, ៧. តើបទគម្ពីរបានជួយដោះស្រាយបញ្ហាស្តីអំពីការកាត់ចុងស្បែកយ៉ាងដូចម្ដេច?
៦ បទគម្ពីរដែលជួយដោះស្រាយបញ្ហានោះមាននៅក្នុងសៀវភៅអេម៉ុស ៩:១១, ១២។ បទគម្ពីរនោះបានត្រូវដកស្រង់នៅសកម្មភាព ១៥:១៦, ១៧ ដោយចែងថា៖ «ខ្ញុំនឹងត្រឡប់មក ហើយខ្ទមរបស់ដាវីឌដែលបានរលំ ខ្ញុំនឹងសង់ឡើងវិញ ក៏នឹងសង់ពីសំណល់បាក់បែក ហើយនឹងដំឡើងវាឡើងវិញ ដើម្បីឲ្យអស់អ្នកដែលនៅសល់ពីបណ្ដាជននេះ អាចស្វែងរកព្រះយេហូវ៉ាអស់ពីចិត្តជាមួយនឹងមនុស្សគ្រប់ជាតិសាសន៍ ដែលបានត្រូវហៅដោយឈ្មោះរបស់ខ្ញុំ។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា»។
៧ អ្នកប្រហែលជាជំទាស់ថា៖ ‹ប៉ុន្តែ បទគម្ពីរនេះមិនបាននិយាយថាជនជាតិដទៃដែលទៅជាអ្នកជឿមិនចាំបាច់កាត់ចុងស្បែកទេ›។ ពិតមែនតែខនោះមិននិយាយចំៗ ប៉ុន្តែ គ្រិស្តសាសនិកដែលជាជនជាតិយូដាបានយល់ថា ខនោះបញ្ជាក់អំពីរឿងនោះមែន។ ពួកគាត់មិនបានចាត់ទុកជនជាតិដទៃដែលកាត់ចុងស្បែកជា‹មនុស្សជាតិសាសន៍›ផ្សេងនោះទេ តែចាត់ទុកជាបងប្អូនរួមជំនឿវិញ។ (និក្ខ. ១២:៤៨, ៤៩) ជាឧទាហរណ៍ យោងទៅតាមសេចក្ដីបកប្រែភាសាក្រិចនៃបទគម្ពីរភាសាហេប្រឺដែលហៅថាសេបធួជីន សៀវភៅនាងអេសធើរ ៨:១៧បានចែងថា៖ «ពួកសាសន៍ដទៃជាច្រើននាក់បានកាត់ចុងស្បែក ហើយបានចូលសញ្ជាតិយូដា»។ (Bagster’s version) អាស្រ័យហេតុនេះ ពេលពួកគាត់អានបទគម្ពីរដែលទាយទុកថាអស់អ្នកដែលនៅសល់ពីបណ្ដាជនអ៊ីស្រាអែល (ជនជាតិយូដា និងពួកអ្នកដែលកាត់ចុងស្បែកចូលសាសនាយូដា) ជាមួយនឹង«មនុស្សគ្រប់ជាតិសាសន៍» (ជនជាតិដទៃដែលមិនកាត់ចុងស្បែក) នឹងក្លាយទៅជារាស្ត្រតែមួយរបស់ព្រះ នោះពួកគាត់បានយល់ច្បាស់ថា ជនជាតិដទៃមិនចាំបាច់កាត់ចុងស្បែកដើម្បីក្លាយទៅជាគ្រិស្តសាសនិកទេ។
៨. ហេតុអ្វីពួកគាត់ត្រូវការចិត្តក្លាហានដើម្បីធ្វើការសម្រេចចិត្ត?
៨ បណ្ដាំរបស់ព្រះនិងសកម្មពលរបស់លោកបានដឹកនាំគ្រិស្តសាសនិកស្មោះត្រង់ទាំងនោះឲ្យ«ព្រមចិត្តគ្នា»។ (សកម្ម. ១៥:២៥) ទោះជាការសម្រេចចិត្តនោះនឹងទំនងជាធ្វើឲ្យគ្រិស្តសាសនិកជនជាតិ យូដាជួបការបៀតបៀនថែមទៀតក្ដី ពួកអ្នកស្មោះត្រង់ទាំងនោះបានគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដែលមានមូលដ្ឋានលើបទគម្ពីរ។—សកម្ម. ១៦:៤, ៥
ភាពខុសគ្នាដែលគួរឲ្យកត់សម្គាល់
៩. តើអ្វីជាកត្ដាដ៏ធំមួយដែលបានបំពុលដល់ការគោរពប្រណិប័តន៍ពិត? ហើយតើសេចក្ដីបង្រៀនដ៏សំខាន់មួយណាដែលបានត្រូវគេនិយាយបង្ខុស?
៩ សាវ័កប៉ូលបានទាយទុកថាក្រោយពីពួកសាវ័កស្លាប់អស់ ជំនឿរបស់គ្រិស្តសាសនិកនឹងត្រូវបំពុលដោយសេចក្ដីបង្រៀនមិនពិត។ (សូមអាន ថែស្សាឡូនិចទី២ ២:៣, ៧) ក្នុងចំណោមពួកអ្នកដែលនឹងមិនទ្រាំស្ដាប់«សេចក្ដីបង្រៀនដែលមានប្រយោជន៍» ក៏មានអ្នកខ្លះដែលទទួលខុសត្រូវក្នុងក្រុមជំនុំដែរ។ (២ធី. ៤:៣) ប៉ូលបានព្រមានពួកអ្នកចាស់ទុំនៅសម័យគាត់ថា៖ «ពីចំណោមអ្នករាល់គ្នានឹងមានបុរសខ្លះក្រោកឡើងនិយាយបង្ខុសសេចក្ដីពិត ដើម្បីអូសទាញពួកអ្នកកាន់តាមឲ្យទៅតាមខ្លួនវិញ»។ (សកម្ម. ២០:៣០) សៀវភៅមួយបានពណ៌នាអំពីមូលហេតុមួយដែលនាំឲ្យគ្រិស្តសាសនិកខ្លះនិយាយបង្ខុស ពោលគឺ៖ «គ្រិស្តសាសនិកដែលបានត្រូវបង្ហាត់បង្រៀនតាមទស្សនវិជ្ជារបស់ជនជាតិក្រិចបានប្រើសេចក្ដីបង្រៀនទាំងនោះដើម្បីពន្យល់ជំនឿរបស់ពួកគេ។ នេះធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនជាអ្នកចេះដឹង ហើយពួកគេគិតថានេះអាចធ្វើឲ្យពួកអ្នកដែលមានកម្រិតវប្បធម៌ខ្ពស់និងមិនមែនជាគ្រិស្តសាសនិក ព្រមដូរសាសនា»។ (The New Encyclopædia Britannica) សេចក្ដីបង្រៀនដ៏សំខាន់មួយដែលបានត្រូវបំពុលដោយសាសនាមិនពិតគឺទាក់ទងនឹងលោកយេស៊ូ។ គម្ពីរបានហៅលោកយេស៊ូថាបុត្ររបស់ព្រះ ប៉ុន្តែអ្នកដែលស្រឡាញ់ទស្សនវិជ្ជារបស់ជនជាតិក្រិចប្រកែកដាច់ខាតថាលោកយេស៊ូជាព្រះទៅវិញ។
១០. ដើម្បីដឹងថាលោកយេស៊ូជាអ្នកណា តើពួកមេដឹកនាំសាសនាអាចស្វែងរកចម្លើយតាមរបៀបណា?
១០ នៅពេលក្រោយមក ពួកមេដឹកនាំសាសនាបានជជែកតវ៉ាអំពីសេចក្ដីបង្រៀននេះក្នុងកិច្ចប្រជុំមួយចំនួនរបស់គណៈដឹកនាំនៃពិភពគ្រិស្តសាសនា។ ពួកគេអាចដោះស្រាយបញ្ហានេះបានយ៉ាងស្រួលដោយស្វែងរកចម្លើយក្នុងគម្ពីរ ប៉ុន្តែពួកគេភាគច្រើនមិនបានធ្វើដូច្នេះទេ។ តាមពិត ពួកគេភាគច្រើនបានធ្វើការសម្រេចចិត្តដោយខ្លួនឯងរួចទៅហើយ មុនពេលពួកគេមកដល់ការប្រជុំនោះ ហើយគ្មានអ្វីដែលអាចធ្វើឲ្យពួកគេផ្លាស់ប្ដូរគំនិតបានឡើយ។ ក្នុងសេចក្ដីប្រកាសនៅកិច្ចប្រជុំទាំងនោះ ពួកគេកម្រដកស្រង់ពីគម្ពីរណាស់!
១១. តើពួកគេបានឲ្យតម្លៃប៉ុណ្ណាទៅលើពាក្យសំដីរបស់ពួកមេដឹកនាំសាសនា? ហើយហេតុអ្វី?
១១ ហេតុអ្វីពួកគេមិនបានពិចារណាអំពីអ្វីដែលចែងក្នុងគម្ពីរ? បណ្ឌិតឆាល ហ្វ្រីមែន បានឆ្លើយថាពេលពួកអ្នកដែលជឿថាលោកយេស៊ូជាព្រះ «ឃើញប្រសាសន៍ជាច្រើនរបស់លោកដែលបង្កប់អត្ថន័យឲ្យដឹងថាលោកមានឋានៈទាបជាងព្រះដែលជាបិតា នោះពួកគេពិបាករកភ័ស្តុតាងមកបញ្ជាក់ពីទស្សនៈរបស់ពួកគេណាស់»។ ជាលទ្ធផល ពួកគេបានយកទំនៀមទម្លាប់របស់ពិភពគ្រិស្តសាសនា និងមតិរបស់មេដឹកនាំសាសនាជំនាន់ក្រោយ មកជំនួសសៀវភៅដំណឹងល្អទាំងបួនវិញ។ រហូតមកដល់សព្វថ្ងៃនេះ បព្វជិតសាសនាជាច្រើននាក់ឲ្យតម្លៃទៅលើពាក្យសំដីរបស់ពួកមេដឹកនាំសាសនាច្រើនជាងបណ្ដាំរបស់ព្រះ! បើអ្នកធ្លាប់ពិគ្រោះអំពីសេចក្ដីបង្រៀននៃព្រះបីអង្គរួមគ្នាជាព្រះតែមួយជាមួយអ្នកដែលទទួលការបង្ហាត់បង្រៀនខាងសាសនា នោះអ្នកប្រហែលជាកត់សម្គាល់ចំណុចនេះ។
១២. តើអធិរាជមានឥទ្ធិពលមិនល្អទៅលើអ្វី?
១២ ចំណុចដែលគួរឲ្យកត់សម្គាល់មួយដែលមាននៅក្នុងអង្គប្រជុំទាំងនោះ គឺអធិរាជនៃចក្រភពរ៉ូមក៏បានលូកដៃចូលដែរ។ ស្តីអំពីរឿងនេះ សាស្ដ្រាចារ្យម្នាក់ឈ្មោះរីឆឺដ អ៊ី រូបេនស្តេន បានសរសេរអំពីអង្គប្រជុំនៅទីក្រុងណៃស៊ីយ៉ាថា៖ «អធិរាជខន់ស្ទែនធីនបានឲ្យគុណបំណាច់[ដល់អភិបាល] និងបានធ្វើឲ្យពួកគេក្លាយទៅជាអ្នកមានស្តុកស្តម្ភហួសពីការនឹកស្មាន។ មិនដល់មួយឆ្នាំផង អធិរាជថ្មីនោះបានប្រគល់វិហារ ការងារ និងកិត្ដិយសឲ្យពួកគេវិញ . . . គាត់បានឲ្យបព្វជិតគ្រិស្តសាសនាទទួលកិត្ដិយសដែលធ្លាប់តែឲ្យដល់សង្ឃរបស់សាសនាផ្សេង»។ ជាលទ្ធផល «អធិរាជខន់ស្ទែនធីនអាចបញ្ចេញឥទ្ធិពលខ្លាំងទៅលើការសម្រេចចិត្តរបស់អង្គប្រជុំនោះ ប្រហែលជាអាចរហូតដល់សម្រេចចិត្តជំនួសអង្គប្រជុំនៅទីក្រុងណៃស៊ីយ៉ាទៀតផង»។ ឆាល ហ្វ្រីមែនបានបញ្ជាក់ថា៖ «ចាប់ពីពេលនោះ ពួកអធិរាជអាចលូកដៃក្នុងអង្គប្រជុំពិភពគ្រិស្តសាសនា មិនគ្រាន់តែដើម្បីធ្វើឲ្យពិភពគ្រិស្តសាសនារឹងមាំប៉ុណ្ណោះទេ តែក៏ដើម្បីមានឥទ្ធិពលទៅលើសេចក្ដីបង្រៀនរបស់ពួកគេទៀតផង»។—សូមអាន យ៉ាកុប ៤:៤
១៣. តាមទស្សនៈរបស់អ្នក ហេតុអ្វីមេដឹកនាំសាសនាមិនព្រមទទួលសេចក្ដីពិតដ៏ច្បាស់លាស់ដែលមានក្នុងគម្ពីរ?
១៣ ពួកមេដឹកនាំសាសនាមិនអាចទទួលស្គាល់ថាលោកយេស៊ូគ្រិស្តជាបុត្ររបស់ព្រះនោះទេ តែមនុស្សសាមញ្ញមិនមែនដូច្នេះឡើយ។ នេះគឺដោយសារមនុស្សសាមញ្ញយល់យ៉ាងច្បាស់ ហើយទទួលស្គាល់អ្វីដែលពួកគេបានអានពីបទគម្ពីរ។ ផ្ទុយទៅវិញ ពួកមេដឹកនាំសាសនាចង់បានទ្រព្យសម្បត្ដិនិងអំណាចដែលអធិរាជអាចប្រគល់ឲ្យពួកគេ ដូច្នេះពួកគេមិនអើពើនឹងគម្ពីរឡើយ។ ក្រេកួរី ពីតំបន់នីសាដែលជាសាសនវិទូនៅសម័យនោះ បានរិះគន់មនុស្សសាមញ្ញធម្មតាដូចជាអ្នកលក់ខោអាវ អ្នកដូរប្រាក់ អ្នកលក់គ្រឿងក្រអូប និងអ្នកបម្រើដែលនិយាយអំពីរឿងសាសនា។ ក្រេកួរីមិនពេញចិត្តដោយសារមនុស្សសាមញ្ញធម្មតាជាច្រើនពន្យល់ថា ព្រះដែលជាបិតានិងបុត្ររបស់លោកគឺមិនដូចគ្នាទេ និងពន្យល់ថាបិតាគឺខ្ពង់ខ្ពស់ជាងបុត្រ ហើយថាបុត្រនោះបានត្រូវបង្កើតមក។ មនុស្សសាមញ្ញធម្មតាអាចពន្យល់សេចក្ដីពិតទាំងនេះដោយប្រើគម្ពីរបាន។ នេះជាអ្វីដែលក្រេកួរីពីតំបន់នីសា និងមេដឹកនាំសាសនាឯទៀតមិនបានធ្វើទេ។ ពួកគេគួរតែស្ដាប់តាមមនុស្សសាមញ្ញធម្មតា!
«ស្រូវសាលី»និង«ស្រងែ»ដុះជាមួយគ្នា
១៤. ហេតុអ្វីយើងអាចសន្និដ្ឋានថា តាំងពីសតវត្សរ៍ទី១មកតែងតែមានគ្រិស្តសាសនិកពិតដែលបានត្រូវរើសតាំងនៅលើផែនដី?
១៤ ក្នុងឧទាហរណ៍របស់លោកយេស៊ូ លោកបានបញ្ជាក់ថាតាំងពីសតវត្សរ៍ទី១តែងតែមានគ្រិស្តសាសនិកពិតដែលបានត្រូវរើសតាំងនៅលើផែនដី។ លោកបានប្រៀបធៀបពួកគេទៅនឹង«ស្រូវសាលី»ដែលដុះក្នុងចំណោម«ស្រងែ»។ (ម៉ាថ. ១៣:៣០) ពិតមែនហើយ យើងមិនអាចនិយាយដោយប្រាកដថាមនុស្សមួយក្រុមណាតំណាងដោយស្រូវសាលីនោះទេ តែយើងអាចជឿជាក់ថាគឺតែងតែមានមនុស្សខ្លះដែលបានការពារបណ្ដាំរបស់ព្រះដោយចិត្តក្លាហាន ហើយបានបកអាក្រាតសេចក្ដីបង្រៀនរបស់ពិភពគ្រិស្តសាសនាដែលមិនស្របតាមគម្ពីរ។ សូមឲ្យយើងពិចារណាអំពីឧទាហរណ៍ខ្លះៗ។
១៥, ១៦. សូមរៀបរាប់អំពីមនុស្សខ្លះដែលបានគោរពបណ្ដាំរបស់ព្រះ។
១៥ អភិបាលភូមិភាគទីក្រុងលីយ៉ុងនៃប្រទេសបារាំង(ឆ្នាំ៧៧៩-ឆ្នាំ៨៤០ គ.ស.) បាននិយាយប្រឆាំងនឹងការប្រើរូបសំណាកក្នុងការគោរពប្រណិប័តន៍ព្រះ និងក្នុងវិហារដែលគេឧទ្ទិសដល់ពួកសន្តឬពួកបរិសុទ្ធ ថែមទាំងការមិនធ្វើតាមគម្ពីរក្នុងការប្រព្រឹត្ត និងក្នុងការគោរពប្រណិប័តន៍ព្រះ។ អភិបាលក្លូឌាសដែលរស់នៅជំនាន់នោះក៏បានបដិសេធទំនៀមទម្លាប់ក្នុងពិភពគ្រិស្តសាសនា ហើយក៏ជំទាស់នឹងទម្លាប់ដែលអធិដ្ឋានទៅពួកបរិសុទ្ធនិងការគោរពបូជារបស់ផ្សេងៗ។ នៅសតវត្សរ៍ទី១១ លោកប៊ឺរេងហ្គារីសដែលជាជំនួយការរបស់អភិបាលទីក្រុងទួរនៃប្រទេសបារាំងបានត្រូវគេបណ្ដេញចោលពីវិហារដោយសារគាត់មិនជឿសេចក្ដីបង្រៀនដែលថាក្នុងពិធីអភិបូជា នំប៉័ងនិងស្រាដែលជាតំណាងនោះក្លាយទៅជាសាច់និងឈាមមែនទែនរបស់លោកយេស៊ូ។ បន្ថែមទៅទៀត គាត់បានបង្រៀនថាមនុស្សត្រូវឲ្យតម្លៃចំពោះគម្ពីរខ្លាំងជាងទំនៀមទម្លាប់របស់ពិភពគ្រិស្តសាសនា។
១៦ នៅសតវត្សរ៍ទី១២ មានមនុស្សពីរនាក់ទៀតដែលបានស្រឡាញ់សេចក្ដីពិតក្នុងគម្ពីរ គឺភីធើដែលមកពីតំបន់ប៊្រូយ និងហេនរីពីទីក្រុងឡូសាន។ ភីធើបានឈប់ធ្វើជាបូជាចារ្យ ពីព្រោះគាត់យល់ថាបទគម្ពីរមិនគាំទ្រអ្វីដែលសាសនាកាតូលិកបង្រៀនអំពីការ
ជ្រមុជទឹកឲ្យទារក ការអធិដ្ឋានឲ្យមនុស្សស្លាប់ ការគោរពរូបឈើឆ្កាង និងសេចក្ដីបង្រៀនដែលថាក្នុងពិធីអភិបូជា នំប៉័ងនិងស្រាក្លាយទៅជាសាច់និងឈាមរបស់លោកយេស៊ូ។ ក្នុងឆ្នាំ១១៤០ ភីធើបានត្រូវគេសម្លាប់ដោយសារជំនឿរបស់គាត់។ ហេនរីដែលជាអ្នកបួស គាត់បាននិយាយប្រឆាំងនឹងអំពើពុករលួយក្នុងពិភពគ្រិស្តសាសនា ថែមទាំងរបៀបគោរពប្រណិប័តន៍ដែលខុសពីបទគម្ពីរ។ គាត់បានត្រូវគេចាប់ខ្លួនក្នុងឆ្នាំ១១៤៨ និងដាក់គុកអស់មួយជីវិត។១៧. តើវ៉ាលដូនិងអ្នកកាន់តាមរបស់គាត់បានធ្វើអ្វីដ៏សំខាន់?
១៧ មិនយូរមុនឬក្រោយភីធើដែលមកពីតំបន់ប៊្រូយ បានត្រូវគេដុតទាំងរស់ដោយសារគាត់ហ៊ានរិះគន់ពិភពគ្រិស្តសាសនា នោះមានមនុស្សម្នាក់កើតមក ដែលក្រោយមកគាត់មានតួនាទីដ៏សំខាន់ក្នុងការផ្សាយសេចក្ដីពិតក្នុងគម្ពីរ។ ត្រកូលរបស់គាត់គឺវ៉ាលដេស ឬវ៉ាលដូ។ * មិនដូចភីធើដែលមកពីតំបន់ប៊្រូយ និងហេនរីពីទីក្រុងឡូសាន វ៉ាលដូជាមនុស្សធម្មតា តែគាត់ឲ្យតម្លៃខ្ពស់ទៅលើគម្ពីរដោយសុខចិត្តលះបង់ទ្រព្យសម្បត្ដិរបស់គាត់ ហើយបានចាត់ចែងបកប្រែផ្នែកខ្លះៗក្នុងគម្ពីរទៅជាភាសាមួយដែលគេនិយមនិយាយនៅភាគអាគ្នេយ៍នៃប្រទេសបារាំង។ មនុស្សខ្លះបានរំភើបចិត្តពេលអានសេចក្ដីពិតក្នុងគម្ពីរជាភាសារបស់ខ្លួនរហូតដល់ពួកគេសុខចិត្តលះបង់ទ្រព្យសម្បត្ដិរបស់ពួកគេ និងប្រើជីវិតដើម្បីផ្សព្វផ្សាយសេចក្ដីពិតក្នុងគម្ពីរដល់មនុស្សឯទៀត។ បុរសនិងស្ត្រីដែលមានចិត្តខ្នះខ្នែងទាំងនោះ ក្រោយមកបានត្រូវគេហៅថាអ្នកកាន់តាមវ៉ាលដូ។ ពិភពគ្រិស្តសាសនាមិនពេញចិត្តនឹងការផ្សព្វផ្សាយរបស់ពួកគេសោះ។ ក្នុងឆ្នាំ១១៨៤ ពួកគេបានត្រូវសម្ដេចប៉ាបបណ្ដេញចេញពីសាសនា និងអភិបាលមិនអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញទេ។ តាមពិត នេះបានជួយពួកគេឲ្យពង្រីកកិច្ចការផ្សព្វផ្សាយនៅតំបន់ផ្សេងៗទៀត។ នៅទីបំផុត ពួកអ្នកកាន់តាមវ៉ាលដូ ភីធើដែលមកពីតំបន់ប៊្រូយ និងហេនរីពីទីក្រុងឡូសាន រួមទាំងមនុស្សឯទៀតដែលដកខ្លួនចេញពីនិកាយសាសនាផ្សេងៗបានផ្សព្វផ្សាយនៅតំបន់ជាច្រើនក្នុងទ្វីបអឺរ៉ុប។ មនុស្សខ្លះទៀតដែលការពារសេចក្ដីពិតក្នុងគម្ពីរបានឃើញមាននៅជំនាន់ជាច្រើនក្រោយសម័យនោះដូចជា: ចន វ៉ាយឃ្លីហ្វ (ប្រហែលឆ្នាំ១៣៣០-ឆ្នាំ១៣៨៤) វីលៀម ធីនដេល (ប្រហែលឆ្នាំ១៤៩៤-ឆ្នាំ១៥៣៦) ហេនរី គ្រូរ (ឆ្នាំ១៧៨១-ឆ្នាំ១៨៦២) និង ចូច ស្ទ័រ (ឆ្នាំ១៧៩៦-ឆ្នាំ១៨៧៩)។
«បណ្ដាំរបស់ព្រះមិនជាប់ចំណងទេ»
១៨. ក្នុងសតវត្សរ៍ទី១៩ តើសិស្សគម្ពីរដ៏ស្មោះត្រង់បានប្រើវិធីអ្វីដើម្បីសិក្សាគម្ពីរ? ហើយហេតុអ្វីនេះជាវិធីដែលមានប្រសិទ្ធភាព?
១៨ ទោះជាខំអស់ពីសមត្ថភាពក៏ដោយ អ្នកដែលប្រឆាំងនឹងសេចក្ដីពិតក្នុងគម្ពីរមិនអាចរារាំងមនុស្សមិនឲ្យផ្សព្វផ្សាយដំណឹងនេះបានទេ។ ធីម៉ូថេទី២ ២:៩ ចែងថា៖ «បណ្ដាំរបស់ព្រះមិនជាប់ចំណងទេ»។ ក្នុងឆ្នាំ១៨៧០ មនុស្សមួយក្រុមដែលជាសិស្សគម្ពីរដ៏ស្មោះត្រង់បានចាប់ផ្ដើមស្វែងរកសេចក្ដីពិត។ តើពួកគេសិក្សាយ៉ាងណា? ពួកគេម្នាក់នឹងលើកឡើងសំណួរមួយ។ ពួកគេនឹងពិភាក្សាគ្នាអំពីសំណួរនោះ ហើយមើលបទគម្ពីរទាំងអស់ដែលទាក់ទងនឹងចំណុចនោះ។ នៅទីបំផុត ពេលដែលពួកគេយល់ស្របគ្នាអំពីរបៀបដែលបទគម្ពីរទាំងនោះទាក់ទងគ្នា នោះពួកគេនឹងប្រាប់ចម្លើយជាផ្លូវការ ហើយសរសេរទុក។ ការសិក្សាតាមរបៀបនេះជាវិធីដ៏ល្អ ពីព្រោះពួកគេបានធ្វើតាមគំរូរបស់ពួកសាវ័កនិងបុរសចាស់ទុំនៅសតវត្សរ៍ទី១។ នេះពិតជាលើកទឹកចិត្តយើងណាស់ ពេលដែលដឹងថាបុរសស្មោះត្រង់ទាំងនោះដែលជាសាក្សីព្រះយេហូវ៉ានៅជំនាន់ដើមបានស្រាវជ្រាវឲ្យប្រាកដថា ជំនឿរបស់ពួកគេមានមូលដ្ឋានលើបណ្ដាំរបស់ព្រះទាំងស្រុង។
១៩. តើបទគម្ពីរប្រចាំឆ្នាំ២០១២ជាអ្វី? ហើយហេតុអ្វីបទគម្ពីរនេះសមរម្យ?
១៩ គម្ពីរនៅតែជាមូលដ្ឋានសម្រាប់ជំនឿរបស់យើង។ ដោយនឹកចាំអំពីចំណុចនេះ គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាបានជ្រើសរើសបទគម្ពីរប្រចាំឆ្នាំ២០១២ ជាប្រសាសន៍របស់លោកយេស៊ូដែលពោលឡើងដោយមានទំនុកចិត្តថា៖ «បណ្ដាំរបស់លោកជាសេចក្ដីពិត»។ (យ៉ូន. ១៧:១៧) ដោយសារមនុស្សគ្រប់រូបដែលចង់ទទួលការពេញចិត្តពីព្រះ ត្រូវរស់នៅស្របតាមសេចក្ដីពិត សូមឲ្យយើងទាំងអស់គ្នាខំប្រឹងឲ្យបណ្ដាំរបស់ព្រះដឹកនាំយើងជានិច្ច។
[កំណត់សម្គាល់]
^ វគ្គ 17 វ៉ាលដេសធ្លាប់ត្រូវគេហៅថាពីយែរ វ៉ាលដេស ឬភីធើ វ៉ាលដូ ប៉ុន្តែយើងមិនអាចដឹងពិតប្រាកដថាឈ្មោះរបស់គាត់ជាអ្វីទេ។
[សំណួរសម្រាប់វគ្គនីមួយៗ]
[ឃ្លាអក្សរធំនៅទំព័រ១២]
បទគម្ពីរប្រចាំឆ្នាំ២០១២គឺ: «បណ្ដាំរបស់លោកជាសេចក្ដីពិត»។—យ៉ូន. ១៧:១៧
[រូបភាពនៅទំព័រ១១]
វ៉ាលដូ
[រូបភាពនៅទំព័រ១១]
វ៉ាយឃ្លីហ្វ
[រូបភាពនៅទំព័រ១១]
ធីនដេល
[រូបភាពនៅទំព័រ១១]
គ្រូរ
[រូបភាពនៅទំព័រ១១]
ស្ទ័រ