លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូរសុំឥតឈប់នោះអ្នកនឹងទទួល»

«ចូរសុំឥតឈប់នោះអ្នកនឹងទទួល»

ចូរ​ចូល​ទៅ​ជិត​ព្រះ

«​ចូរ​សុំ​ឥត​ឈប់​នោះ​អ្នក​នឹង​ទទួល​»​

​«​លោក​ម្ចាស់ សូម​បង្រៀន​យើង​ឲ្យ​ចេះ​អធិដ្ឋាន​»។ (​លូកា ១១:១​) សំណូម​ពរ​នេះ​មក​ពី​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ។ ក្នុង​ចម្លើយ​របស់​លោក​យេស៊ូ លោក​បាន​លើក​ឡើង​ឧទាហរណ៍​ពីរ ដែល​បង្រៀន​យើង​ឲ្យ​ដឹង​ថា​ត្រូវ​អធិដ្ឋាន​យ៉ាង​ណា​ដើម្បី​ឲ្យ​ព្រះ​ស្ដាប់។ ប្រសិនបើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​ថា តើ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​លោក​អ្នក​ឬ​យ៉ាង​ណា លោក​អ្នក​ច្បាស់​ជា​ចាប់​អារម្មណ៍​នឹង​ចម្លើយ​របស់​លោក​យេស៊ូ។—សូម​អាន លូកា ១១:៥​-​១៣

ឧទាហរណ៍​ទី​១​ផ្ដោត​ទៅ​លើ​អ្នក​ដែល​អធិដ្ឋាន។ (​លូកា ១១:៥​-​៨​) ក្នុង​រឿង​នេះ មាន​ភ្ញៀវ​ម្នាក់​មក​ដល់​ផ្ទះ​របស់​បុរស​ម្នាក់​នៅ​ពេល​យប់​ជ្រៅ ហើយ​បុរស​នោះ​គ្មាន​អាហារ​ដើម្បី​ទទួល​ភ្ញៀវ​ទេ។ នេះ​ជា​រឿង​បន្ទាន់​សម្រាប់​អ្នក​ដែល​ទទួល​ភ្ញៀវ។ ទោះ​ជា​ពេល​នោះ​យប់​ហើយ​ក្ដី បុរស​នោះ​បាន​ទៅ​ផ្ទះ​របស់​មិត្ត​ភក្ដិ​ម្នាក់​ដើម្បី​ខ្ចី​នំ​ប៉័ង​ខ្លះ​ៗ។ ដំបូង មិត្ត​របស់​គាត់​មិន​ចង់​ក្រោក​ទៅ​បើក​ទ្វារ​ទេ ដោយ​សារ​ក្រុម​គ្រួសារ​កំពុង​ដេក​លង់​លក់​ជា​មួយ​គាត់។ ប៉ុន្តែ ដោយ​សារ​អ្នក​នោះ​ទទូច​សុំ​យ៉ាង​ខ្លាំង ទី​បំផុត​មិត្ត​របស់​គាត់​បាន​ក្រោក​ឡើង​ហើយ​ឲ្យ​អ្វី​ដែល​គាត់​ត្រូវ​ការ។ *

តើ​ឧទាហរណ៍​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​សេចក្ដី​អធិដ្ឋាន? លោក​យេស៊ូ​ចង់​ប្រាប់​យើង​ថា​យើង​ត្រូវ​ទទូច​សុំ ពោល​គឺ​សុំ​ឥត​ឈប់ រក​ឥត​ឈប់ គោះ​ទ្វារ​ឥត​ឈប់។ (​លូកា ១១:៩, ១០​) ហេតុ​អ្វី? តើ​ពាក្យ​របស់​លោក​យេស៊ូ​បង្កប់​អត្ថន័យ​ថា​ព្រះ​មិន​សូវ​ចង់​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ឬ? មិន​មែន​ទេ។ លោក​យេស៊ូ​ចង់​បញ្ជាក់​ថា ព្រះ​មិន​មែន​ដូច​មិត្ត​ភក្ដិ​ដែល​មាន​ចិត្ត​ស្ទាក់​ស្ទើរ​នោះ​ទេ តែ​លោក​ចង់​ធ្វើ​តាម​សំណូម​ពរ​ដ៏​ត្រឹម​ត្រូវ​របស់​ពួក​អ្នក​ដែល​អធិដ្ឋាន​ដោយ​ជំនឿ។ យើង​បង្ហាញ​អំពី​ជំនឿ​របស់​យើង​ដោយ​ទទូច​សុំ។ ដោយ​សុំ​ម្ដង​ហើយ​ម្ដង​ទៀត នោះ​បង្ហាញ​ថា​យើង​ពិត​ជា​ត្រូវ​ការ​អ្វី​ដែល​យើង​កំពុង​សុំ និង​ពិត​ជា​ជឿ​ថា​ព្រះ​អាច​ធ្វើ​តាម​សំណូម​ពរ​របស់​យើង បើ​សំណូម​ពរ​នោះ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។—ម៉ាកុស ១១:២៤; យ៉ូហានទី១ ៥:១៤

ឧទាហរណ៍​ទី​២​ផ្ដោត​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»។ (​ទំនុកតម្កើង ៦៥:២​) លោក​យេស៊ូ​សួរ​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ជា​ឪពុក បើ​កូន​សុំ​ត្រី តើ​មាន​អ្នក​ណា​ម្នាក់​នឹង​ឲ្យ​សត្វ​ពស់​មួយ​ទៅ​កូន ជា​ជាង​ឲ្យ​ត្រី​មួយ​ទេ? ឬ​បើ​កូន​សុំ​ស៊ុត​មួយ តើ​នឹង​ឲ្យ​ខ្ទួយ​មួយ​ទៅ​កូន​ទេ?​»។ ចម្លើយ​គឺ​ច្បាស់​ណាស់​ថា ឪពុក​ដែល​ស្រឡាញ់​កូន​មិន​ឲ្យ​អ្វី​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កូន​នោះ​ទេ។ បន្ទាប់​មក លោក​យេស៊ូ​បាន​ពន្យល់​ឧទាហរណ៍​នោះ​ថា បើ​ឪពុក​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​«​ចេះ​ឲ្យ​របស់​ល្អ​»​ទៅ​កូន​របស់​ខ្លួន ​«​ទម្រាំ​តែ​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ លោក​ប្រាកដជា​នឹង​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​»​ជា​អំណោយ​ដ៏​ល្អ​បំផុត ដល់​កូន​ៗ​នៅ​ផែនដី​ដែល​សុំ​ពី​លោក​ជា​មិន​ខាន! *លូកា ១១:១១​-​១៣; ម៉ាថាយ ៧:១១

តើ​ឧទាហរណ៍​នេះ​បង្រៀន​យើង​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»​? លោក​យេស៊ូ​ចង់​ជួយ​យើង​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន ហើយ​លោក​ចង់​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​កូន​ៗ​យ៉ាង​ខ្លាំង។ ម្ល៉ោះ​ហើយ អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​អាច​មាន​អារម្មណ៍​ស្រួល​អធិដ្ឋាន​អំពី​សំណូម​ពរ​ដែល​មាន​ក្នុង​ចិត្ត​របស់​ពួក​គេ។ ដោយ​ដឹង​ថា​លោក​ចង់​ឲ្យ​អ្វី​ដ៏​ល្អ​បំផុត​ដល់​ពួក​គេ នោះ​ពួក​គេ​ស្រួល​ទទួល​ចម្លើយ​ចំពោះ​សំណូម​ពរ​នោះ ទោះ​ជា​ចម្លើយ​មិន​ដូច​ជា​អ្វី​ដែល​ពួក​គេ​រំពឹង​ទុក​ក៏​ដោយ។ *

លោក​អ្នក​អាច​អាន:

លូកា ៧​-​២១

[​កំណត់​សម្គាល់​]

^ វគ្គ 4 ឧទាហរណ៍​របស់​លោក​យេស៊ូ​បញ្ជាក់​អំពី​ទំនៀម​ទម្លាប់​និង​សកម្មភាព​ពិត​ដែល​មាន​នៅ​សម័យ​នោះ។ ជន​ជាតិ​យូដា​មាន​ទស្សនៈ​ថា​ការ​បង្ហាញ​ភាព​រាក់​ទាក់​គឺជា​ភារកិច្ច​ដ៏​សំខាន់។ ក្រុម​គ្រួសារ​មួយ​ដុត​នំ​ប៉័ង​ល្មម​សម្រាប់​តែ​មួយ​ថ្ងៃ ដូច្នេះ​បើ​នំ​ប៉័ង​របស់​គាត់​អស់ ជា​ធម្មតា​គាត់​អាច​ខ្ចី​ពី​អ្នក​ឯ​ទៀត​បាន។ ម្យ៉ាង​ទៀត បើ​ពួក​គេ​ក្រី​ក្រ ក្រុម​គ្រួសារ​ទាំង​មូល​គេង​ផ្ទាល់​ដី​ក្នុង​បន្ទប់​តែ​មួយ។

^ វគ្គ 6 លោក​យេស៊ូ​ប្រើ​ជា​ញឹក​ញយ​នូវ​ពាក្យ​«​ទម្រាំ​តែ​»​ ជា​របៀប​ពណ៌​នា​ពី​អ្វី​តិច​ទៅ​អ្វី​ច្រើន។

^ វគ្គ 7 ដើម្បី​រៀន​ថែម​ទៀត​ថា​ត្រូវ​អធិដ្ឋាន​យ៉ាង​ណា​ដើម្បី​ឲ្យ​ព្រះ​ស្ដាប់ សូម​មើល ជំពូក​ទី​១៧ ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១១​]

ព្រះ​ចង់​ធ្វើ​តាម​សំណូម​ពរ​ដ៏​ត្រឹម​ត្រូវ​របស់​ពួក​អ្នក​ដែល​អធិដ្ឋាន​ដោយ​ជំនឿ