លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៨

‹មាន​តែ​ទ្រង់​ដែល​ស្មោះ​ត្រង់›

‹មាន​តែ​ទ្រង់​ដែល​ស្មោះ​ត្រង់›

១, ២​. ហេតុ​អ្វី​អាច​និយាយ​ថា​ស្ដេច​ដាវីឌ​ស្គាល់​ច្បាស់​ណាស់​នូវ​ភាព​ឥត​ស្មោះ​ត្រង់?

ស្ដេច​ដាវីឌ​ស្គាល់​ភាព​ឥត​ស្មោះ​ត្រង់​ច្បាស់​ណាស់។ ក្នុង​រជ្ជកាល​ដ៏​ជ្រួល​ច្របល់​របស់​ទ្រង់ មាន​ពេល​មួយ​ដែល​មនុស្ស​ខ្លះ​ជា​សាសន៍​របស់​ទ្រង់​បាន​ឃុប​ឃិត​គ្នា​បង្កើត​ផែនការ​សម្ងាត់​ដើម្បី​ប្រឆាំង​ទ្រង់។ ម្យ៉ាង​ទៀត មនុស្ស​ខ្លះ​ដែល​ក្បត់​ទ្រង់​នោះ​គឺ​ជា​មនុស្ស​ជំនិត​របស់​ទ្រង់​តែ​ម្ដង។ សូម​គិត​អំពី​មីកា​ល ជាយា​ទី​មួយ​របស់​ដាវីឌ។ ដើម​ដំបូង​ព្រះ​នាង​មីកា​ល‹ស្រឡាញ់​ដាវីឌ​ណាស់› ហើយ​ប្រាកដ​ជា​បាន​គាំ​ទ្រ​ការ​គ្រប់​គ្រង​របស់​ដាវីឌ។ ប៉ុន្ដែ ក្រោយ​មក​ព្រះ​នាង«ក៏​មាន​ព្រះ​ទ័យ​ប្រមាថ​មើល​ងាយ​ដល់​ទ្រង់» រហូត​ដល់​ចាត់​ទុក​ដាវីឌ«ដូច​ជា​មនុស្ស​ចោល​ម្សៀត​ណា​មួយ»។—សាំយូអែលទី១ ១៨:២០; សាំយូអែលទី២ ៦:១៦, ២០

ក៏​មាន​លោក​អ័ហ៊ី​ថូ​ផែ​ល​ដែរ ដែល​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​ដាវីឌ។ ឱវាទ​របស់​អ័ហ៊ី​ថូ​ផែ​ល​ត្រូវ​គេ​ឲ្យ​តម្លៃ​ដោយ​ចាត់​ទុក​ដូច​ជា​បន្ទូល​របស់​ព្រះ​យេហូវ៉ា​តែ​ម្ដង។ (សាំយូអែលទី២ ១៦:២៣) ប៉ុន្ដែ ក្រោយ​មក មនុស្ស​ជំនិត​ដែល​ដាវីឌ​ទុក​ចិត្ដ​នេះ​បាន​ប្រែ​ទៅ​ជា​ក្បត់​ទ្រង់​និង​ចូល​ដៃ​ជា​មួយ​ជន​បះបោរ​ប្រឆាំង។ ហើយ​តើ​អ្នក​ណា​ជា​មេ​ផ្ដើម​ផែនការ​ក្បត់​នេះ? គឺ​អាប់សាឡំម​រាជបុត្រា​របស់​ដាវីឌ​តែ​ម្ដង! រាជបុត្រា​ដ៏​លាក់​កំណួច​ជា​មនុស្ស​ឱកាស​និយម​នេះ​ចេះ​តែ«ទាក់​ចិត្ដ​ពួក​ជន​ជាតិ​អ៊ីស្រាអែល» ហើយ​ចង់​ដណ្ដើម​អំណាច​ដោយ​តាំង​ខ្លួន​ធ្វើ​ជា​ស្ដេច។ ការ​បះបោរ​របស់​អាប់សាឡំម​បាន​មាន​សន្ទុះ​រឹត​តែ​ខ្លាំង​រហូត​ដល់​ស្ដេច​ដាវីឌ​ត្រូវ​រត់​គេច​ខ្លួន​ដើម្បី​សង្គ្រោះ​ព្រះ​ជន្ម​របស់​ទ្រង់។—សាំយូអែល​ទី​២ ១៥:១​-​៦, ១២​-​១៧

៣​. តើ​ដាវីឌ​មាន​ទំនុក​ចិត្ដ​អ្វី?

តើ​នៅ​មាន​អ្នក​ណា​ដែល​នៅ​តែ​ស្មោះ​ត្រង់​នឹង​ដាវីឌ​ឬ​ទេ? ក្នុង​គ្រប់​ទាំង​ទុក្ខ​វេទនា​របស់​ដាវីឌ​ទ្រង់​ជ្រាប​ថា មាន​បុគ្គល​ម្នាក់​ដែល​នៅ​តែ​ស្មោះ​ត្រង់​មែន។ តើ​បុគ្គល​នោះ​ជា​នរណា? គឺ​ព្រះ​យេហូវ៉ា​តែ​ម្ដង។ ដាវីឌ​បាន​ពោល​អំពី​ព្រះ​យេហូវ៉ា​ថា៖«ព្រះ​អង្គ​សំ​ដែង​ព្រះ​ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​មាន​ចិត្ដ​ស្មោះ​ត្រង់»។ (សាមូអែល​ទី​២ ២២:២៦, ខ.ស.) តើ​ភាព​ស្មោះ​ត្រង់​ជា​អ្វី? ហើយ​តើ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​គំរូ​ឧត្ដម​បំផុត​ស្ដី​អំពី​គុណ​សម្បត្ដិ​នេះ​យ៉ាង​ដូច​ម្ដេច?

តើ​ភាព​ស្មោះ​ត្រង់​ជា​អ្វី?

៤, ៥​. (ក) តើ«ភាព​ស្មោះ​ត្រង់»ជា​អ្វី? (ខ) តើ​ភាព​គួរ​ឲ្យ​ទុក​ចិត្ដ​នៃ​របស់​របរ​ដែល​គ្មាន​ជីវិត គឺ​ខុស​គ្នា​ពី​ភាព​ស្មោះ​ត្រង់​ដែល​មនុស្ស​ម្នាក់​បង្ហាញ​យ៉ាង​ដូច​ម្ដេច?

«ភាព​ស្មោះ​ត្រង់»ដែល​ត្រូវ​រៀប​រាប់​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ គឺ​ជា​សេចក្ដី​សប្បុរស​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មាន​ចំពោះ​បុគ្គល​ណា​មួយ រហូត​ដល់​គោល​បំណង​ដែល​មាន​សំរាប់​បុគ្គល​នោះ​បាន​សម្រេច។ មនុស្ស​ស្មោះ​ត្រង់​ក៏​ជា​មនុស្ស​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែរ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែល​អ្នក​តែង​ទំនុក​ដំកើង​បាន​ហៅ​ព្រះ​ចន្ទ​ជា«ទី​សំ​គាល់​ស្មោះ​ត្រង់​ដែល​នៅ​លើ​មេឃ» ដោយ​សារ​ព្រះ​ចន្ទ​រះ​ជា​រៀង​រាល់​យប់​ជា​ទៀង​ទាត់​នោះ។ (ទំនុក​ដំកើង ៨៩:៣៧) នេះ​បាន​ន័យ​ថា​យើង​អាច​ទុក​ចិត្ដ​ព្រះ​ចន្ទ​បាន។ ប៉ុន្ដែ ព្រះ​ចន្ទ​មិន​អាច​ស្មោះ​ត្រង់​ដូច​ជា​មនុស្ស​ម្នាក់​ស្មោះ​ត្រង់​នោះ​ទេ។ ហេតុ​អ្វី? ពីព្រោះ​ភាព​ស្មោះ​ត្រង់​គឺ​ជា​លក្ខណៈ​មួយ​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​របស់​របរ​ដែល​គ្មាន​ជីវិត​មិន​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​បាន​ទេ។

ព្រះ​ចន្ទ​ហៅ​ថា​សាក្សី​ដ៏​ស្មោះ​ត្រង់ ប៉ុន្ដែ​មាន​តែ​សត្ដនិករ​មាន​ជីវិត​និង​សតិ​សម្បជញ្ញៈ​ទេ​ដែល​ពិត​ជា​អាច​បង្ហាញ​ភាព​ស្មោះ​ត្រង់​ដូច​ព្រះ​យេហូវ៉ា

តាម​អត្ថ​ន័យ​ដែល​ទាក់​ទង​ខាង​វិញ្ញាណ​វិញ ភាព​ស្មោះ​ត្រង់​ប្រកប​ដោយ​ភាព​កក់​ក្ដៅ។ ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់​បញ្ជាក់​ថា​មាន​ចំណង​មិត្ដភាព​រវាង​បុគ្គល​ដែល​ជា​អ្នក​បង្ហាញ​គុណ​សម្បត្ដិ​នេះ​និង​បុគ្គល​ដែល​ជា​អ្នក​ទទួល​នោះ។ ភាព​ស្មោះ​ត្រង់​បែប​នេះ​គឺ​មិន​ប្រែ​ប្រួល​ទេ​មិន​ដូច​រលក​សមុទ្រ​ដែល​ត្រូវ​បក់​បោក​ចុះ​ឡើង​ដោយ​ខ្យល់​ពី​គ្រប់​ទិស​ទី​នោះ។ ផ្ទុយ​ទៅ​វិញ​ភាព​ស្មោះ​ត្រង់ ឬ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ គឺ​ឋិត​ថេរ​និង​មាន​កម្លាំង​អាច​ឈ្នះ​ពាន​ពារ​ឧបសគ្គ​ធំ​បំផុត។

៦​. (ក) តើ​ភាព​ស្មោះ​ត្រង់​គឺ​កម្រ​មាន​យ៉ាង​ណា​ក្នុង​ចំណោម​មនុស្ស​ជាតិ? ហើយ​តើ​ព្រះ​គម្ពីរ​បញ្ជាក់​ចំណុច​នេះ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​អ្វី​ជា​វិធី​ល្អ​បំផុត​ដើម្បី​រៀន​ដឹង​ថា​ភាព​ស្មោះ​ត្រង់​រួម​បញ្ចូល​អ្វី​ខ្លះ? ហើយ​ហេតុ​អ្វី?

គឺ​ពិត​មែន​ដែល​ថា សព្វ​ថ្ងៃ​នេះ​ភាព​ស្មោះ​ត្រង់​បែប​នេះ​កម្រ​មាន​ណាស់។ ជា​ការ​ធម្មតា​ទេ​ដែល​មនុស្ស​ជិត​ស្និទ្ធ«នាំ​ឲ្យ​វិនាស​ខ្លួន»ទៅ​វិញ​ទៅ​មក​នោះ។ ករណី​រត់​ចោល​គូ​អាពាហ៍ពិពាហ៍​មាន​ច្រើន​ជាង​មុនៗ​ទៀត។ (សុភាសិត ១៨:២៤; ម៉ាឡាគី ២:១៤​-​១៦) ការ​ក្បត់​គឺ​មាន​ជា​ធម្មតា​ដល់​ម៉្លេះ​ដែល​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​ព្យាការី​មីកា​ដែល​និយាយ​ថា៖«គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់[«ស្មោះ​ត្រង់», ព.ថ.] នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ»។ (មីកា ៧:២) ទោះ​ជា​មនុស្ស​ជាតិ​មិន​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ជា​ញឹក​ញយ​ក៏​ដោយ តែ​ភាព​ស្មោះ​ត្រង់​ជា​លក្ខណៈ​ដ៏​អស្ចារ្យ​មួយ​របស់​ព្រះ​យេហូវ៉ា។ ការ​ពិត វិធី​ល្អ​បំផុត​ដែល​យើង​អាច​រៀន​ដឹង​ថា​ភាព​ស្មោះ​ត្រង់​រួម​បញ្ចូល​អ្វី​ខ្លះ នោះ​គឺ​ដោយ​ពិចារណា​នូវ​របៀប​ព្រះ​យេហូវ៉ា​បង្ហាញ​លក្ខណៈ​ដ៏​ឧត្ដម​នេះ​ដែល​ជា​ផ្នែក​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។

ភាព​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម​បាន

៧, ៨​. ហេតុ​អ្វី​អាច​និយាយ​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​ស្មោះ​ត្រង់?

ព្រះ​គម្ពីរ​ចែង​អំពី​ព្រះ​យេហូវ៉ា​ថា៖«មាន​តែ​ទ្រង់​១​ដែល​បរិសុទ្ធ[«ស្មោះ​ត្រង់», ព.ថ.]»។ (វិវរណៈ ១៥:៤) តើ​ទ្រង់​បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​យ៉ាង​ដូច​ម្ដេច? តើ​មនុស្ស​ជាតិ​និង​ទេវតា​មិន​ធ្លាប់​បង្ហាញ​ភាព​ស្មោះ​ត្រង់​បាន​យ៉ាង​ប្រសើរ​ទេ​ឬ? (យ៉ូប ១:១; វិវរណៈ ៤:៨) ហើយ​ចុះ​ព្រះ​យេស៊ូ​គ្រីស្ទ​វិញ? ទ្រង់​ជា«អ្នក​ស្មោះ​ត្រង់»ទី​មួយ​របស់​ព្រះ មែន​ទេ? (ទំនុក​ដំកើង ១៦:១០, ព.ថ.) ដូច្នេះ ហេតុ​អ្វី​អាច​និយាយ​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​ស្មោះ​ត្រង់​នោះ?

ទី​មួយ ចូរ​នឹក​ចាំ​ថា ភាព​ស្មោះ​ត្រង់​គឺ​ជា​លក្ខណៈ​មួយ​នៃ​សេចក្ដី​ស្រឡាញ់។ ដោយ​ព្រោះ«ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង» ទ្រង់​គឺ​ជា​គំរូ​ឧត្ដម​បំផុត​ស្ដី​អំពី​សេចក្ដី​ស្រឡាញ់ ដូច្នេះ​គឺ​គ្មាន​អ្នក​ណា​ដែល​អាច​បង្ហាញ​ភាព​ស្មោះ​ត្រង់​ឲ្យ​បាន​គ្រប់​លក្ខណៈ​ជាង​ព្រះ​យេហូវ៉ា​ឡើយ។ (យ៉ូហានទី១ ៤:៨, កំណែ​ជា​អក្សរ​ទ្រេត) ការ​ពិត មនុស្ស​និង​ទេវតា​អាច​យក​តម្រាប់​តាម​គុណ​សម្បត្ដិ​របស់​ព្រះ ប៉ុន្ដែ​មាន​តែ​ព្រះ​យេហូវ៉ា​ដែល​មាន​ភាព​ស្មោះ​ត្រង់​បំផុត។ ដោយ​សារ​ទ្រង់​ជា«ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​ចាស់​បុរាណ»នោះ ទ្រង់​ធ្លាប់​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​យូរ​ជាង​សត្ដនិករ​ឯ​ទៀត មិន​ថា​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែន​ដី​ក្ដី។ (ដានីយ៉ែល ៧:៩) ដូច្នេះ ព្រះ​យេហូវ៉ា​គឺ​ស្មោះ​ត្រង់​បំផុត។ ទ្រង់​បង្ហាញ​គុណ​សម្បត្ដិ​នេះ​ដល់​កំរិត​ដែល​គ្មាន​អ្នក​ណា​អាច​ធ្វើ​ដូច​បាន​ឡើយ។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះៗ។

៩​. តើ​ព្រះ​យេហូវ៉ា«ស្មោះ​ត្រង់​ក្នុង​គ្រប់​ទាំង​កិច្ច​ការ​របស់​ទ្រង់»យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា«សប្បុរស[«ស្មោះ​ត្រង់», ព.ថ.]ក្នុង​គ្រប់​ទាំង​កិច្ច​ការ​របស់​ទ្រង់»។ (ទំនុក​ដំកើង ១៤៥:១៧) តើ​យ៉ាង​ដូច​ម្ដេច? ទំនុក​ដំកើង​១៣៦​មាន​ចម្លើយ។ ក្នុង​ទំនុក​នោះ មាន​រៀប​រាប់​អំពី​ករណី​នៃ​ការ​សង្គ្រោះ​ជា​ច្រើន​ដោយ​ព្រះ​យេហូវ៉ា ដូច​ជា​ការ​សង្គ្រោះ​ពួក​អ៊ីស្រាអែល​យ៉ាង​អស្ចារ្យ​នៅ​សមុទ្រ​ក្រហម​ជា​ដើម។ គួរ​ឲ្យ​កត់​សម្គាល់​មែន ខ​និមួយ​ៗ​ក្នុង​ទំនុក​នេះ​មាន​ឃ្លា​ថា៖«ដ្បិត​សេចក្ដី​សប្បុរស[ឬ​ភាព​ស្មោះ​ត្រង់]របស់​ទ្រង់​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប» ដើម្បី​សង្កត់​ធ្ងន់​ទៅ​លើ​សេចក្ដី​ក្នុង​ខ​ទាំង​នោះ។ ទំនុក​នេះ​មាន​ក្នុង​សំនួរ​សំរាប់​រំពឹង​គិត​នៅ​ទំព័រ​២៨៩។ នៅ​ពេល​អ្នក​អាន​ខ​ទាំង​នេះ អ្នក​ពិត​ជា​នឹង​កោត​ស្ងើច​នឹង​វិធី​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​រាស្ដ្រ​ទ្រង់។ គឺ​ពិត​ណាស់​ដែល​ថា​ព្រះ​យេហូវ៉ា​បង្ហាញ​ភាព​ស្មោះ​ត្រង់​ចំពោះ​អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ទ្រង់ ដោយ​ស្តាប់​នូវ​ការ​អំពាវ​នាវ​របស់​ពួក​គេ​ក្នុង​ការ​សុំ​ជំនួយ និង​ដោយ​ចាត់​វិធានការ​ជួយ​នៅ​ពេល​កំណត់។ (ទំនុក​ដំកើង ៣៤:៦) សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​បំរើ​ទ្រង់​មិន​ដែល​រសាយ​ដរាប​ណា​ដែល​ពួក​គេ​នៅ​ស្មោះ​ត្រង់​នឹង​ទ្រង់។

១០​. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ភាព​ស្មោះ​ត្រង់​ស្ដី​អំពី​ខ្នាត​តម្រា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១០ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បង្ហាញ​ភាព​ស្មោះ​ត្រង់​ចំពោះ​អ្នក​បំរើ​ទ្រង់​ដោយ​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​របស់​ទ្រង់​ជា​និច្ច។ ទ្រង់​មិន​ដូច​មនុស្ស​ជាតិ​ដែល​ផ្លាស់​ប្ដូរ​គំនិត​ជា​និច្ច​និង​ត្រូវ​ដឹក​នាំ​ដោយ​សន្ទុះ​ចិត្ដ​ឬ​មនោសញ្ចេតនា​នោះ​ទេ ដ្បិត​ទ្រង់​មិន​ដែល​ប្រែ​ប្រួល​ក្នុង​ទស្សនៈ​របស់​ទ្រង់​ចំពោះ​សេចក្ដី​ល្អ​និង​សេចក្ដី​អាក្រក់​នោះ​ឡើយ។ តាំង​ពី​រាប់​សិប​ពាន់​ឆ្នាំ​មុន ទស្សនៈ​របស់​ទ្រង់​ចំពោះ​មន្ដអាគម ការ​ថ្វាយ​បង្គំ​រូប​ព្រះ និង​ឃាតកម្ម​មិន​បាន​ប្រែ​ប្រួល​ទេ។ តាម​រយៈ​ព្យាការី​អេសាយ ទ្រង់​មាន​បន្ទូល​ថា៖«រហូត​អស់​មួយ​ជីវិត[របស់​អ្នក] យើង​មិន​ប្រែ​ប្រួល​ឡើយ»។ (អេសាយ ៤៦:៤, ខ.ស.) ដូច្នេះ​យើង​អាច​មាន​ទំនុក​ចិត្ដ​ថា យើង​នឹង​ទទួល​ប្រយោជន៍​ដោយ​អនុវត្ដ​តាម​ការ​ណែនាំ​ដ៏​ច្បាស់​លាស់​ខាង​សីលធម៌ ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។—អេសាយ ៤៨:១៧​-​១៩

១១​. សូម​ឲ្យ​ឧទាហរណ៍​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​បង្ហាញ​ភាព​ស្មោះ​ត្រង់​ដោយ​បំពេញ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់។

១១ ព្រះ​យេហូវ៉ា​ក៏​បង្ហាញ​ភាព​ស្មោះ​ត្រង់​ដោយ​ប្រព្រឹត្ដ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​ដែរ។ នៅ​ពេល​ទ្រង់​ទាយ​អ្វី​មួយ នោះ​នឹង​កើត​ឡើង​ជាក់​ជា​ពុំ​ខាន។ ហេតុ​នេះ​ហើយ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖‹ពាក្យ​យើង ដែល​ចេញ​ពី​មាត់​យើង​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​យើង​វិញ ដោយ​ឥត​កើត​ផល . . . គឺ​នឹង​ធ្វើ​សំ​រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ដ​យើង ហើយ​នឹង​ចំរើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​យើង​ចាត់​ទៅ​ធ្វើ​នោះ›។ (អេសាយ ៥៥:១១) ដោយ​បំពេញ​ទៅ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​យ៉ាង​ស្មោះ​ត្រង់ នោះ​ព្រះ​យេហូវ៉ា​បង្ហាញ​ភាព​ស្មោះ​ត្រង់​ចំពោះ​រាស្ដ្រ​ទ្រង់។ ទ្រង់​មិន​ទុក​ឲ្យ​គេ​រង់​ចាំ​ដោយ​សង្ឃឹម​ថា​ពួក​គេ​នឹង​ទទួល​បាន​អ្វី​ដែល​ទ្រង់​នឹង​មិន​ប្រទាន​នោះ​ទេ។ ក្នុង​រឿង​នេះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ល្អ​ឥត​ខ្ចោះ​ដល់​ម៉្លេះ ដែល​អ្នក​បំរើ​របស់​ទ្រង់​ឈ្មោះ​យ៉ូស្វេ​អាច​និយាយ​ថា៖«ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​សន្យា​ដល់​ពួក​វង្ស​អ៊ីស្រាអែល នោះ​បាន​សំ​រេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ»។ (យ៉ូស្វេ ២១:៤៥) ដូច្នេះ យើង​អាច​មាន​ទំនុក​ចិត្ដ​ថា ព្រះ​យេហូវ៉ា​មិន​ដែល​នាំ​ឲ្យ​យើង​ខក​ចិត្ដ​ដោយ​ខាន​បំពេញ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​នោះ​ទេ។—អេសាយ ៤៩:២៣; រ៉ូម ៥:៥

១២, ១៣​. តើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា«ស្ថិត​ស្ថេរ​នៅ​ជា​ដរាប»ក្នុង​ន័យ​អ្វី​ខ្លះ?

១២ ដូច​ដែល​យើង​បាន​កត់​សម្គាល់​មុន​នោះ ព្រះ​គម្ពីរ​ចែង​ថា​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា«ស្ថិត​ស្ថេរ​នៅ​ជា​ដរាប»។ (ទំនុក​ដំកើង ១៣៦:១) តើ​ដោយ​ដូច​ម្ដេច? ហេតុ​មួយ​គឺ ពេល​ព្រះ​យេហូវ៉ា​អត់​ឱន​ទោស​បាប​នោះ ទ្រង់​លែង​គិត​ពី​បាប​នោះ​ត​ទៅ​ទៀត។ ដូច​ដែល​ជំពូក​២៦​ពន្យល់​នោះ ព្រះ​យេហូវ៉ា​មិន​មែន​លើក​ឡើង​នូវ​បាប​ពី​អតីតកាល​ដែល​ត្រូវ​បាន​អត់​ឱន​ទោស​ឲ្យ​រួច​ហើយ​នោះ​ទេ។ ដោយ​ព្រោះ«គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ» យើង​ម្នាក់ៗ​គួរ​ជា​មនុស្ស​កតញ្ញូ​ដោយ​សារ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប។—រ៉ូម ៣:២៣

១៣ ប៉ុន្ដែ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប​ក្នុង​ន័យ​មួយ​ទៀត​ដែរ។ បន្ទូល​របស់​ទ្រង់​ចែង​ថា​មនុស្ស​សុចរិត«នឹង​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោន​ឡើយ ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់»។ (ទំនុក​ដំកើង ១:៣) សូម​គិត​អំពី​ដើម​ឈើ​មួយ​ដែល​ធំ​ត្រសុំត្រសាយ​មាន​ស្លឹក​មិន​ចេះ​ស្រពោន​នោះ! គឺ​ដូច​គ្នា​ដែរ​បើ​យើង​ពិត​ជា​ព្យាយាម​អាន​និង​ធ្វើ​តាម​បន្ទូល​របស់​ព្រះ នោះ​យើង​នឹង​មាន​ជីវិត​យូរ​អង្វែង​ប្រកប​ដោយ​សេចក្ដី​សុខ​ថែម​ទាំង​បង្កើត​ផល​ទៀត​ផង។ ពរ​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ដល់​អស់​អ្នក​ដែល​បំរើ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់​គឺ​ជា​ពរ​ដែល​មាន​ជា​និរន្ដរ៍។ ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត​ដែល​ព្រះ​យេហូវ៉ា​នឹង​នាំ​ឲ្យ​មាន​នោះ មនុស្ស​ជាតិ​ដែល​ស្តាប់​បង្គាប់​ពិត​ជា​នឹង​ពិសោធ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ទ្រង់​ជា​ដរាប។—វិវរណៈ ២១:៣, ៤

ព្រះ​យេហូវ៉ា​នឹង‹មិន​ដែល​បោះបង់​ចោល​អ្នក​ស្មោះ​ត្រង់​នឹង​ទ្រង់​ឡើយ›

១៤​. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​កតញ្ញូ​ធម៌​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​អ្នក​បំរើ​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១៤ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​បាន​សម្ដែង​នូវ​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់។ ដោយ​សារ​ព្រះ​យេហូវ៉ា​មិន​ចេះ​ប្រែ​ប្រួល​ទេ នោះ​ភាព​ស្មោះ​ត្រង់​ដែល​ទ្រង់​បង្ហាញ​ចំពោះ​អ្នក​ដែល​មាន​ភក្ដីភាព​នឹង​ទ្រង់​គឺ​នឹង​មាន​ជា​រៀង​រហូត។ អ្នក​តែង​ទំនុក​ដំកើង​បាន​សរសេរ​ថា៖ «យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះ​បង់​ចោល ឬ​ពូជ​ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ។ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​សេចក្ដី​យុត្ដិធម៌ ក៏​មិន​ដែល​បោះបង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់[ឬ«អ្នក​ស្មោះ​ត្រង់​នឹង​ទ្រង់», ព.ថ.]ឡើយ»។ (ទំនុក​ដំកើង ៣៧:២៥, ២៨) ពិត​ណាស់ ក្នុង​នាម​ជា​អ្នក​បង្កើត នោះ​ព្រះ​យេហូវ៉ា​គួរ​នឹង​ទទួល​ការ​ថ្វាយ​បង្គំ​ពី​យើង។ (វិវរណៈ ៤:១១) យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​ទ្រង់​ស្មោះ​ត្រង់​នោះ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​ប្រព្រឹត្ដ​របស់​យើង​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភក្ដីភាព។—ម៉ាឡាគី ៣:១៦, ១៧

១៥​. សូម​ពន្យល់​នូវ​របៀប​ដែល​ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​សាសន៍​អ៊ីស្រាអែល​បង្ហាញ​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់។

១៥ ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​សប្បុរស​ដ៏​ស្មោះ នោះ​ទ្រង់​ជួយ​រាស្ដ្រ​របស់​ទ្រង់​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ពេល​ពួក​គេ​កំពុង​តែ​ជួប​លំបាក។ អ្នក​តែង​ទំនុក​ដំកើង​ប្រាប់​យើង​ថា៖«ព្រះ​អង្គ​នឹង​ថែ​រក្សា​អាយុ​ជីវិត​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គ ព្រះ​អង្គ​ដោះ​លែង​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់»។ (ទំនុក​តម្កើង ៩៧:១០, ខ.ស.) សូម​ពិចារណា​នូវ​ការ​ប្រព្រឹត្ដ​របស់​ទ្រង់​ចំពោះ​សាសន៍​អ៊ីស្រាអែល។ ក្រោយ​ទ្រង់​បាន​សង្គ្រោះ​ពួក​គេ​ដោយ​អព្ភូតហេតុ​នៅ​សមុទ្រ​ក្រហម នោះ​សាសន៍​អ៊ីស្រាអែល​បាន​បន្លឺ​សម្លេង​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា​ថា៖«ដោយ​សារ​សេចក្ដី​សប្បុរស[ឬ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់]​របស់​ទ្រង់ នោះ​ទ្រង់​បាន​នាំ​រាស្ដ្រ​ដែល​ទ្រង់​លោះ»។ (និក្ខមនំ ១៥:១៣) ព្រះ​យេហូវ៉ា​ពិត​ជា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដោយ​សង្គ្រោះ​ពួក​គេ​នៅ​សមុទ្រ​ក្រហម។ ហេតុ​នេះ​ម៉ូសេ​បាន​ប្រាប់​សាសន៍​អ៊ីស្រាអែល​ថា៖‹ព្រះ​យេហូវ៉ា​ទ្រង់​មិន​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ឬ​រើស​អ្នក ដោយ​ព្រោះ​អ្នក​មាន​គ្នា​ច្រើន​ជាង​សាសន៍​ឯ​ទៀត​នោះ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ជា​សាសន៍​តិច​ជាង​សាសន៍​ទាំង​អស់ គឺ​ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ទ្រង់​ស្រឡាញ់​អ្នក​រាល់​គ្នា​វិញ ហើយ​ដោយ​ព្រោះ​ទ្រង់​ចង់​កាន់​តាម​សេចក្ដី​សម្បថ​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​អ្នក បាន​ជា​ទ្រង់​នាំ​អ្នក​ចេញ​មក ដោយ​ព្រះ​ហស្ដ​ដ៏​មាន​ព្រះ​ចេស្តា ហើយ​បាន​លោះ​អ្នក​ពី​ផ្ទះ​ពួក​បាវ​បំរើ គឺ​ពី​កណ្ដាប់​ដៃ​នៃ​ផារ៉ូ ជា​ស្ដេច​ស្រុក​អេស៊ីព្ទ​មក›។—ចោទិយកថា ៧:៧, ៨

១៦, ១៧​. (ក) តើ​សាសន៍​អ៊ីស្រាអែល​បង្ហាញ​ចិត្ដ​រមិល​គុណ​គួរ​ឲ្យ​ស្អប់​យ៉ាង​ដូច​ម្ដេច? យ៉ាង​ណា​ក៏​ដោយ តើ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​ពួក​គេ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​សាសន៍​អ៊ីស្រាអែល​ភាគ​ច្រើន​បាន​បង្ហាញ​យ៉ាង​ណា​ថា ពួក​គេ​មិន​អាច«កែ»ខ្លួន​បាន​នោះ​ឡើយ? ហើយ​តើ​គំរូ​នេះ​ជា​ការ​ព្រមាន​ចំពោះ​យើង​យ៉ាង​ដូច​ម្ដេច?

១៦ គឺ​ពិត​មែន​ដែល​ថា​សាសន៍​អ៊ីស្រាអែល​ទូទៅ​មិន​បាន​ដឹង​គុណ​ព្រះ​យេហូវ៉ា​ចំពោះ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ទ្រង់​ឡើយ ដ្បិត​ក្រោយ​ពួក​គេ​ត្រូវ​បាន​សង្គ្រោះ«គង់​តែ​គេ​នៅ​តែ​ធ្វើ​បាប​នឹង[ព្រះ​យេហូវ៉ា]ទៀត ជា​ការ​បះបោរ​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត»។ (ទំនុក​ដំកើង ៧៨:១៧) រាប់​សត​វត្ស​ក្រោយ​មក ពួក​គេ​បះបោរ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា​នឹង​បែរ​ទៅ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ​និង​ប្រព្រឹត្ដ​តាម​សាសនា​ក្លែង​ក្លាយ​ដែល​នាំ​ឲ្យ​តែ​ស្មោកគ្រោក​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​បាន​ចោល​កិច្ច​ព្រម​ព្រៀ​ង​របស់​ទ្រង់​ទេ។ ផ្ទុយ​ទៅ​វិញ តាម​រយៈ​ព្យាការី​យេរេមា ព្រះ​យេហូវ៉ា​បាន​អង្វរ​រាស្ដ្រ​ទ្រង់​ថា៖«ឱ​អ៊ីស្រាអែល​ដែល​បាន​បះបោរ​អើយ! . . . យើង​នឹង​មិន​បំភ័យ​អ្នក​ដោយ​ទឹក​មុខ​យើង​ទេ ដ្បិត​យើង​ស្មោះ​ត្រង់»។ (យេរេមា ៣:១២, ព.ថ.) ប៉ុន្ដែ ដូច​ដែល​បាន​កត់​សម្គាល់​នៅ​ជំពូក​ទី​២៥​នោះ ការ​អង្វរ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ភាគ​ច្រើន​រំជួល​ចិត្ដ​កែ​ខ្លួន​នោះ​ទេ។ ពិត​ណាស់ «គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល​ងាយ​ដល់​ព្រះ​បន្ទូល​ទ្រង់ ព្រម​ទាំង​ឡកឡឺយ​ឲ្យ​ពួក​ហោរា​ទ្រង់​វិញ»។ តើ​អ្វី​ជា​លទ្ធផល? នៅ​ទី​បំផុត​«សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ​ទាល់​តែ​រក​កែ​ខៃ​មិន​បាន​ឡើយ»។—របាក្សត្រទី២ ៣៦:១៥, ១៦

១៧ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​រឿង​នេះ? គឺ​មេ​រៀន​ថា​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​មិន​បាំង​ព្រះ​នេត្រ​ទ្រង់​ឬ​ធ្វើ​ឲ្យ​ទ្រង់​ឆោត​ទេ។ គឺ​ជា​ការ​ពិត​ដែល​ថា ព្រះ​យេហូវ៉ា​‹មាន​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​បរិបូរ› ហើយ​ថា​ទ្រង់​រីក​រាយ​នឹង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ពេល​ដែល​សមរម្យ។ ប៉ុន្ដែ តើ​អ្វី​កើត​ឡើង​នៅ​ពេល​អ្នក​ដែល​ធ្វើ​ខុស​បង្ហាញ​ភាព​រឹង​ចចេស​មិន​ព្រម​ប្រែ​ពី​សេចក្ដី​ទុច្ចរិត​នោះ? ក្នុង​ករណី​នេះ ព្រះ​យេហូវ៉ា​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ទ្រង់​និង​កាត់​ទោស​ពួក​គេ។ ដូច​ម៉ូសេ​បាន​ជំ​រាប​ហើយ​នោះ«[ព្រះ​យេហូវ៉ា]មិន​រាប់​មនុស្ស​មាន​ទោស​ទុក​ជា​ឥត​ទោស​ឡើយ»។—និក្ខមនំ ៣៤:៦, ៧

១៨, ១៩​. (ក) តើ​ការ​ដាក់​ទោស​មនុស្ស​ទុច្ចរិត​បង្ហាញ​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ភាព​ស្មោះ​ត្រង់​ចំពោះ​អ្នក​បំរើ​ទ្រង់​ដែល​ត្រូវ​បាន​បៀត​បៀន​រហូត​ដល់​ស្លាប់​នោះ​តាម​របៀប​ណា?

១៨ ពេល​ព្រះ​ដាក់​ទោស​មនុស្ស​ទុច្ចរិត នេះ​ជា​ការ​ប្រព្រឹត្ដ​ដែល​បង្ហាញ​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់​ដែរ។ តើ​យ៉ាង​ដូច​ម្ដេច? ហេតុ​មួយ​គឺ​ត្រូវ​បញ្ជាក់​នៅ​សៀវភៅ​វិវរណៈ ពេល​ទ្រង់​បញ្ជា​ទេវតា​ទាំង​ប្រាំ​ពីរ​រូប​ថា៖«ចូរ​ចាក់​សេចក្ដី​ឃោរ​ឃៅ​របស់​ព្រះ ដែល​នៅ​ក្នុង​ចាន​ទាំង​៧ ទៅ​លើ​ផែន​ដី​ទៅ!»។ នៅ​ពេល​ទេវតា​ទី​បី​ចាក់​ពី​ចាន​របស់​ខ្លួន«ទៅ​ក្នុង​ទន្លេ នឹង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន» នោះ​ប្រែ​ទៅ​ជា​ឈាម​ទាំង​អស់​វិញ។ រួច​ទេវតា​នោះ​ទូល​ព្រះ​យេហូវ៉ា​ថា៖«ឱ​ព្រះ​ដ៏​គង់​នៅ ហើយ​បាន​គង់​នៅ​តាំង​តែ​ពី​ដើម​រៀង​មក[«និង​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់», ព.ថ.]អើយ! ដែល​ទ្រង់​បាន​ជំនុំ​ជំ​រះ​កាត់​ទោស​ដូច្នេះ នោះ​សុចរិត​ហើយ ដ្បិត​គេ​បាន​កំចាយ​ឈាម​នៃ​ពួក​បរិសុទ្ធ នឹង​ពួក​ហោរា ហើយ​ទ្រង់​បាន​ប្រទាន​ឈាម​ឲ្យ​គេ​ផឹក គេ​គួរ​មាន​ទោស​ដូច្នេះ​ហើយ»។—វិវរណៈ ១៦:១​-​៦

ដោយ​ភាព​ស្មោះ​ត្រង់ ព្រះ​យេហូវ៉ា​នឹង​នឹក​ចាំ​ហើយ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នូវ​អស់​អ្នក​ដែល​បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់

១៩ សូម​កត់​សម្គាល់​ថា​ការ​ប្រកាស​អំពី​ក្ដី​ជំនុំ​ជំ​រះ​នោះ ទេវតា​នេះ​ហៅ​ព្រះ​យេហូវ៉ា​ថា«ព្រះ​ដ៏​ស្មោះ​ត្រង់»។ ហេតុ​អ្វី? ពីព្រោះ​ដោយ​បំផ្លាញ​ចោល​មនុស្ស​ទុច្ចរិត ព្រះ​យេហូវ៉ា​បង្ហាញ​ភាព​ស្មោះ​ត្រង់​ចំពោះ​អ្នក​បំរើ​ទ្រង់ ដែល​ពួក​គេ​ជា​ច្រើន​នាក់​ត្រូវ​បាន​បៀតបៀន​រហូត​ដល់​ស្លាប់។ ដោយ​ក្ដី​ស្មោះ​ត្រង់ ព្រះ​យេហូវ៉ា​រក្សា​អ្នក​ទាំង​នេះ​ក្នុង​សេចក្ដី​នឹក​ចាំ​របស់​ទ្រង់​ដូច​ជា​ពួក​គេ​មាន​ជីវិត​រស់​នៅ​ឡើយ។ អ្នក​ស្មោះ​ភក្ដី​ទាំង​នេះ​ដែល​បាន​ស្លាប់​ទៅ​ហើយ​ទ្រង់​ចង់​ឃើញ​ម្ដង​ទៀត​ណាស់ ហើយ​ព្រះ​គម្ពីរ​បញ្ជាក់​ថា​គោល​បំណង​របស់​ទ្រង់​គឺ​ប្រទាន​រង្វាន់​ដល់​អ្នក​ទាំង​នេះ​ដែល​ជា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (យ៉ូប ១៤:១៤, ១៥) ព្រះ​យេហូវ៉ា​មិន​ភ្លេច​អ្នក​ស្មោះ​ត្រង់​របស់​ទ្រង់​ដោយ​ព្រោះ​តែ​ពួក​គេ​ស្លាប់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ«ចំពោះ​ព្រះ​អង្គ មនុស្ស​ទាំង​អស់[នេះ]រស់»។ (លូកា ២០:៣៧, ៣៨, ខ.ស.) ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ប្រោស​អ្នក​ទាំង​នេះ​ឲ្យ​រស់​ឡើង​វិញ នេះ​ជា​ភស្ដុ​តាង​ដ៏​រឹង​មាំ​ណាស់​ដែល​បញ្ជាក់​ថា ទ្រង់​ស្មោះ​ត្រង់។

បឺណាត លូអ៊ីមិស (ខាង​ឆ្វេង) និង​វ៉ូលកាង ឃូសារ៉ូ (កណ្ដាល) ត្រូវ​បាន​ពួក​ណាត្ស៊ី​ប្រហារ​ជីវិត

ម៉ូសេ ញ៉ាមូស៊ូអា (ខាង​ស្ដាំ) ត្រូវ​គណៈ​បក្ស​នយោបាយ​សម្លាប់​ដោយ​លំពែង

សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​បើក​ផ្លូវ​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ

២០​. តើ«ពួក​គ្រឿង​ប្រដាប់​ដែល​គួរ​នឹង​សេចក្ដី​មេត្ដា​ករុណា»ជា​អ្នក​ណា? ហើយ​តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ភាព​ស្មោះ​ត្រង់​ចំពោះ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

២០ តាំង​ពី​ដើម​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​យ៉ាង​អស្ចារ្យ​ចំពោះ​មនុស្ស​ជាតិ​ដែល​ភក្ដី។ ការ​ពិត អស់​រាប់​ពាន់​ឆ្នាំ​ព្រះ​យេហូវ៉ា​បាន‹ទ្រាំទ្រ​ដោយ​អំណត់​ជា​យូរ​មក​ហើយ​នូវ​គ្រឿង​ប្រដាប់​គួរ​នឹង​ក្រោធ ដែល​រៀប​ចំ​ឡើង​សំរាប់​តែ​ត្រូវ​បំផ្លាញ›។ ហេតុ​អ្វី? «ទ្រង់​ចង់​បើក​ឲ្យ​ពួក​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្ដី​មេត្ដា​ករុណា ដែល​ទ្រង់​បាន​រៀប​ចំ​ជា​មុន បាន​ស្គាល់​សេចក្ដី​វិសេស​នៃ​សិរី​ល្អ​ដ៏​បរិបូរ​របស់​ទ្រង់​វិញ»។ (រ៉ូម ៩:២២, ២៣) «ពួក​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្ដី​មេត្ដា​ករុណា» គឺ​ជា​មនុស្ស​មាន​ចិត្ដ​គំនិត​ត្រឹម​ត្រូវ​ដែល​ត្រូវ​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ ដើម្បី​ទៅ​ជា​អ្នក​គ្រង​មរ​ត​ក​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ (ម៉ាថាយ ១៩:២៨) ដោយ​បើក​ផ្លូវ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​សំរាប់​ពួក​គ្រឿង​ប្រដាប់​ដែល​គួរ​នឹង​សេចក្ដី​មេត្ដា​ករុណា នោះ​ព្រះ​យេហូវ៉ា​នៅ​ស្មោះ​ត្រង់​នឹង​អ័ប្រាហាំ​ដែល​ទ្រង់​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀ​ង​សន្យា​នឹង​គាត់​ថា៖‹គ្រប់​ទាំង​សាសន៍​នៅ​ផែន​ដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​អ្នក ពីព្រោះ​អ្នក​បាន​ស្តាប់​តាម​ពាក្យ​យើង›។—លោកុប្បត្ដិ ២២:១៨

ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ស្មោះ​ត្រង់ នោះ​អស់​អ្នក​បំរើ​ភក្ដី​របស់​ទ្រង់​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិត​និង​គួរ​ឲ្យ​ទុក​ចិត្ដ​សំរាប់​អនាគត

២១​. (ក) តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះ​ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»ដែល​មាន​សេចក្ដី​សង្ឃឹម​រួច​រស់​ផុត​ពី«គ្រា​វេទនា​យ៉ាង​ធំ»ដោយ​ដូច​ម្ដេច? (ខ) តើ​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ជំរុញ​ទឹក​ចិត្ដ​អ្នក​ឲ្យ​ធ្វើ​យ៉ាង​ណា?

២១ ព្រះ​យេហូវ៉ា​បង្ហាញ​ភាព​ស្មោះ​ត្រង់​ស្រដៀង​គ្នា​នេះ​ចំពោះ«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែល​មាន​សេចក្ដី​សង្ឃឹម​រួច​រស់​ផុត​ពី«គ្រា​វេទនា​យ៉ាង​ធំ»ហើយ​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី​មនោ​រម្យ។ (វិវរណៈ ៧:៩, ១០, ១៤) ទោះ​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​គឺ​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ដោយ ព្រះ​យេហូវ៉ា​បង្ហាញ​ភាព​ស្មោះ​ត្រង់​ដោយ​ផ្ដល់​លទ្ធភាព​ឲ្យ​ពួក​គេ​ទទួល​ជីវិត​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី​មនោ​រម្យ។ តើ​ទ្រង់​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​តាម​រយៈ​តម្លៃ​លោះ ដែល​ជា​ការ​បង្ហាញ​ដ៏​ឧត្ដម​បំផុត​នូវ​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា។ (យ៉ូហាន ៣:១៦; រ៉ូម ៥:៨) ភាព​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ទាក់​ទាញ​ចិត្ដ​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចង់​បាន​សេចក្ដី​សុចរិត។ (យេរេមា ៣១:៣) តើ​អ្នក​មិន​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ជា​មួយ​ព្រះ​យេហូវ៉ា​ដោយ​សារ​ភាព​ស្មោះ​ត្រង់​ដ៏​ជ្រាល​ជ្រៅ​ដែល​ទ្រង់​បាន​បង្ហាញ​ហើយ​នឹង​បង្ហាញ​ទៀត​ទេ​ឬ? ដោយ​សារ​យើង​ចង់​ចូល​ទៅ​ជិត​ព្រះ​នោះ ចូរ​យើង​ប្រព្រឹត្ដ​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដោយ​ប្ដេជ្ញា​យ៉ាង​ម៉ឺង​ម៉ាត់​ដើម្បី​បំរើ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់​ដែរ។