លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៧

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

១​. តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

ហេតុ​អ្វី​លោក​យេស៊ូ​គឺ​ជា​ស្ដេច​ដ៏​ល្អ​បំផុត?—ម៉ាកុស ១:៤០​-​៤២

រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​មួយ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌។ រាជាណាចក្រ​របស់​ព្រះ​នឹង​ជំនួស​រដ្ឋាភិបាល​ទាំង​អស់ ហើយ​នឹង​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី។ នេះ​ជា​ដំណឹង​ល្អ​ស្ដី​អំពី​រាជាណាចក្រ​របស់​ព្រះ។ មនុស្ស​ត្រូវ​ការ​រដ្ឋាភិបាល​ដ៏​ល្អ​មួយ។ ដូច្នេះ រាជាណាចក្រ​របស់​ព្រះ​នឹង​បំពេញ​នូវ​អ្វី​ដែល​មនុស្ស​ត្រូវ​ការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​សាមគ្គី​ភាព​នៅ​ទូ​ទាំង​ផែន​ដី។—សូម​អាន ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០; ២៤:១៤

រាជាណាចក្រ​មួយ​ត្រូវ​តែ​មាន​ស្ដេច​គ្រប់​គ្រង។ ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​ដែល​ជា​បុត្រ​ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​លោក។—សូម​អាន ការ​បើក​បង្ហាញ ១១:១៥

សូម​មើល​វីដេអូ តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

២​. ហេតុ​អ្វី​លោក​យេស៊ូ​គឺ​ជា​ស្ដេច​ដ៏​ល្អ​បំផុត?

បុត្រ​របស់​ព្រះ​ជា​ស្ដេច​ដ៏​ល្អ​បំផុត ពី​ព្រោះ​លោក​សប្បុរស ហើយ​កាន់​ខ្ជាប់​តាម​អ្វី​ដែល​ត្រឹម​ត្រូវ។ (​ម៉ាថាយ ១១:២៨​-​៣០​) លោក​យេស៊ូ​ក៏​មាន​ឫទ្ធា​នុភាព​គ្រប់​គ្រាន់​ដើម្បី​ជួយ​មនុស្ស​ជាតិ​ដែរ ដោយ​សារ​លោក​នឹង​គ្រប់​គ្រង​ផែន​ដី​ពី​ស្ថាន​សួគ៌។ បន្ទាប់​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ ហើយ​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ​យេហូវ៉ា​ចាំ​រហូត​ដល់​ពេល​កំណត់។ (​ហេប្រឺ ១០:១២, ១៣​) នៅ​ទី​បំផុត ព្រះ​បាន​ឲ្យ​ឫទ្ធា​នុភាព​ដល់​លោក​ដើម្បី​ចាប់​ផ្ដើម​គ្រប់​គ្រង។—សូម​អាន ដានីយ៉ែល ៧:១៣, ១៤

៣​. តើ​អ្នក​ណា​នឹង​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ?

មនុស្ស​មួយ​ក្រុម​ដែល​ហៅ​ថា​«​ពួក​បរិសុទ្ធ​»​នឹង​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ (​ដានីយ៉ែល ៧:២៧​) ពួក​បរិសុទ្ធ​ដែល​បាន​ត្រូវ​ជ្រើស​រើស​ដំបូង គឺ​ជា​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក​យេស៊ូ។ ព្រះ​យេហូវ៉ា​នៅ​តែ​បន្ត​ជ្រើស​រើស​បុរស​និង​ស្ដ្រី​ស្មោះ​ត្រង់​ជា​ពួក​បរិសុទ្ធ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ដូច​លោក​យេស៊ូ ព្រះ​នឹង​ប្រោស​ពួក​គាត់​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ។—សូម​អាន យ៉ូហាន ១៤:១​-​៣; កូរិនថូស​ទី១ ១៥:៤២​-​៤៤

តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ឡើង​ទៅ​ស្ថាន​សួគ៌? លោក​យេស៊ូ​បាន​ហៅ​ពួក​គាត់​ថា​«​ហ្វូង​តូច​»។ (​លូកា ១២:៣២​) ពួក​គាត់​មាន​ចំនួន​ទាំង​អស់​១៤៤.០០០​នាក់។ ពួក​គាត់​នឹង​គ្រប់​គ្រង​មក​លើ​ផែន​ដី​ជា​មួយ​លោក​យេស៊ូ។—សូម​អាន ការ​បើក​បង្ហាញ ១៤:១

៤​. តើ​មាន​អ្វី​កើត​ឡើង​ពេល​លោក​យេស៊ូ​ចាប់​ផ្ដើម​គ្រប់​គ្រង?

រាជាណាចក្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤។ * ក្នុង​នាម​ជា​ស្ដេច សកម្មភាព​ដំបូង​របស់​លោក​យេស៊ូ​គឺ​បោះ​ទម្លាក់​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​មក​ផែន​ដី។ សាថាន​ខឹង​យ៉ាង​ខ្លាំង ហើយ​វា​កំពុង​បង្ក​ឲ្យ​មាន​បញ្ហា​នៅ​ពេញ​ផែន​ដី។ (​ការ​បើក​បង្ហាញ ១២:៧​-​១០, ១២​) តាំង​ពី​ពេល​នោះ​មក មនុស្ស​ជាតិ​មាន​ទុក្ខ​វេទនា​កាន់​តែ​ច្រើន​ឡើង​ៗ។ សង្គ្រាម ការ​អត់​ឃ្លាន រោគ​រាត​ត្បាត និង​រញ្ជួយ​ដី​គឺ​ជា​«​សញ្ញា​សម្គាល់​»​ដែល​បង្ហាញ​ថា រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​កិច្ច​ការ​ទាំង​អស់​នៅ​ផែន​ដី​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។—សូម​អាន លូកា ២១:៧, ១០, ១១, ៣១

៥​. តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​អ្វី​ខ្លះ?

តាម​រយៈ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក រាជាណាចក្រ​របស់​ព្រះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ក្រុម​ធំ​ពី​គ្រប់​ប្រជា​ជាតិ​មាន​សាមគ្គី​ភាព​រួច​ទៅ​ហើយ។ មនុស្ស​រាប​សា​រាប់​លាន​នាក់​បាន​ក្លាយ​ទៅ​ជា​ពល​រដ្ឋ​នៃ​រាជាណាចក្រ​របស់​ព្រះ​ដោយ​មាន​លោក​យេស៊ូ​ជា​ស្ដេច។ រាជាណាចក្រ​របស់​ព្រះ​នឹង​ការ​ពារ​ពួក​គេ ពេល​ដែល​ព្រះ​បំផ្លាញ​របៀប​របប​នៃ​ពិភព​លោក​អាក្រក់​នៅ​សម័យ​នេះ។ ដូច្នេះ អស់​អ្នក​ដែល​ចង់​ទទួល​ប្រយោជន៍​ពី​រាជាណាចក្រ​របស់​ព្រះ ពួក​គេ​គួរ​រៀន​ធ្វើ​ជា​ពល​រដ្ឋ​ដែល​ចេះ​ស្តាប់​បង្គាប់​លោក​យេស៊ូ។—សូម​អាន ការ​បើក​បង្ហាញ ៧:៩, ១៤, ១៦, ១៧

ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​គោល​បំណង​ដើម​ដែល​លោក​មាន​ចំពោះ​មនុស្ស​ជាតិ។ ផែន​ដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។ នៅ​ទី​បំផុត លោក​យេស៊ូ​នឹង​ប្រគល់​រាជាណាចក្រ​នេះ​ដល់​បិតា​លោក​វិញ។ (​កូរិនថូស​ទី១ ១៥:២៤​-​២៦​) តើ​លោក​អ្នក​ចង់​ប្រាប់​អំពី​រាជាណាចក្រ​របស់​ព្រះ​ដល់​នរណា​ម្នាក់​ដែល​លោក​អ្នក​ស្គាល់​ឬ​ទេ?—សូម​អាន ទំនុក​តម្កើង ៣៧:១០, ១១, ២៩

 

^ វគ្គ 6 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​ទំនាយ​ក្នុង​គម្ពីរ​បាន​បញ្ជាក់​អំពី​ឆ្នាំ​១៩១៤ សូម​មើល​កំណត់​នៅ​ចុង​សៀវភៅ​លេខ​២២​នៃ​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី?