លោតទៅអត្ថបទ

គន្លឹះ​សុភមង្គល​គ្រួសារ

សូម​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ​អាពាហ៍ពិពាហ៍

សូម​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ​អាពាហ៍ពិពាហ៍

ប្រពន្ធ​និយាយ​ថា​៖​«​ខ្ញុំ​សម្គាល់​ឃើញ​ថា​ពេល​ខ្លះ​មីកែល​ប្ដី​របស់​ខ្ញុំ​មិន​សូវ​រវី​រវល់​នឹង​ខ្ញុំ​ទេ ហើយ​គាត់​ក៏​មិន​សូវ​អើពើ​នឹង​កូន​ៗ​ដែរ។ a គាត់​មាន​ឫកពា​បែប​នេះ​មិន​យូរ​ក្រោយ​ពី​យើង​បាន​ភ្ជាប់​អ៊ីនធឺណិត ហើយ​ខ្ញុំ​សង្ស័យ​ថា​គាត់​បាន​មើល​រូប​អាសអាភាស​តាម​កុំព្យូទ័រ។ យប់​មួយ ក្រោយ​កូន​ៗ​ចូល​គេង ខ្ញុំ​ក៏​ជជីក​សួរ​គាត់​អំពី​រឿង​នោះ។ គាត់​សារភាព​ថា​គាត់​បាន​មើល​រូប​អាសអាភាស​តាម​វេបសាយ។ គ្រាន់​តែ​ឮ​ភ្លាម ចិត្ត​ខ្ញុំ​ខ្ទេច​ខ្ទាំ​អស់​ហើយ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា​រឿង​នេះ​កើត​ឡើង​ចំពោះ​ខ្ញុំ​ឡើយ។ តាំង​ពី​ពេល​នោះ​មក ខ្ញុំ​លែង​ទុក​ចិត្ត​គាត់​ទៀត។ ដំណាល​គ្នា​នោះ ក៏​មាន​រឿង​មួយ​ទៀត​កើត​ឡើង​ដែរ គឺ​ថ្មី​ៗ​នេះ​អ្នក​រួម​ការ​ងារ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​មាន​ចិត្ត​មក​លើ​ខ្ញុំ​»។

ប្ដី​និយាយ​ថា​៖​«​ថ្ងៃ​មួយ ម៉ារៀ​ប្រពន្ធ​របស់​ខ្ញុំ​បាន​ឃើញ​រូប​ដែល​នៅ​ជាប់​ក្នុង​កុំព្យូទ័រ ហើយ​គាត់​បាន​សួរ​ខ្ញុំ​អំពី​រឿង​នោះ។ ខ្ញុំ​ក៏​បាន​សារភាព​ថា ខ្ញុំ​បាន​មើល​រូប​អាសអាភាស​តាម​វេបសាយ។ ឮ​ដូច្នោះ នាង​ខឹង​ជា​ខ្លាំង។ ខ្ញុំ​ពិត​ជា​ខ្មាស​ខ្លួន​ឯង​ខ្លាំង​ណាស់ ហើយ​ក៏​បន្ទោស​ខ្លួន​ដែរ។ ខ្ញុំ​គិត​ថា​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​ច្បាស់​ជា​ចប់​ហើយ​»។

តើ​អ្នក​គិត​យ៉ាង​ណា តើ​អ្វី​បាន​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​ម៉ៃឃឺល​និង​ម៉ារៀ​ឈាន​ដល់​ដំណាក់​កាល​នេះ? អ្នក​ប្រហែល​ជា​គិត​ថា​មក​ពី​ម៉ៃឃឺល​បាន​មើល​រូប​អាសអាភាស។ ប៉ុន្តែ​សម្រាប់​ម៉ៃឃឺល​វិញ គាត់​ដឹង​ថា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​គាត់​ឈាន​ដល់​ចំណុច​នេះ គឺ​ដោយ​សារ​គាត់​មិន​បាន​តាំង​ចិត្ត​ស្មោះ​ចំពោះ​ប្រពន្ធ​របស់​គាត់។ b ពេល​ម៉ៃឃឺល​និង​ម៉ារៀ​ទើប​តែ​រៀប​ការ ពួក​គេ​សង្ឃឹម​ថា​ជីវិត​គូ​នឹង​ពោរ​ពេញ​ទៅ​ដោយ​សុភមង្គល និង​សប្បាយ​រីករាយ។ ប៉ុន្តែ ដូច​គូ​អាពាហ៍ពិពាហ៍​ជា​ច្រើន​ទៀត ការ​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ​អាច​នឹង​រសាយ​ទៅ ហើយ​ពួក​គេ​អាច​នឹង​អស់​ចិត្ត​ចំពោះ​គ្នា​ទៀត​ផង។

ប៉ុន្មាន​ឆ្នាំ​មក​នេះ តើ​អ្នក​មាន​អារម្មណ៍​ថា​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​ជា​មួយ​គូ​កាន់​តែ​ចុះ​ខ្សោយ​ទៅ​ៗ​ទេ? តើ​អ្នក​ចង់​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​រឹង​មាំ​ឡើង​វិញ​ឬ​ទេ? បើ​ចង់ អ្នក​ត្រូវ​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​បី​ដូច​ត​ទៅ​៖ តើ​ការ​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ​មាន​ន័យ​យ៉ាង​ណា? តើ​មាន​ស្ថានភាព​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ការ​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ​កាន់​តែ​ខ្សោយ​ទៅ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​ការ​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ?

តើ​ការ​តាំង​ចិត្ត​ស្មោះ​មាន​ន័យ​យ៉ាង​ណា?

បើ​អ្នក​ពន្យល់​ពាក្យ​នេះ តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា? មនុស្ស​ជា​ច្រើន​និយាយ​ថា​ពួក​គេ​នៅ​ស្មោះ​ចំពោះ​គូ​ព្រោះ​តែ​ភារកិច្ច។ ជា​ឧទាហរណ៍ ប្ដី​ប្រពន្ធ​ខ្លះ​នៅ​ស្មោះ​ជា​មួយ​នឹង​គ្នា​ដោយ​សារ​តែ​កូន ឬ​ពីព្រោះ​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​ដែល​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​អាពាហ៍ពិពាហ៍។ (​ដើម​កំណើត ២:២២​-​២៤​) គួរ​ឲ្យ​សរសើរ​ណាស់​ដែល​មាន​បំណង​ចិត្ត​បែប​នេះ។ បំណង​ចិត្ត​នេះ​នឹង​ជួយ​ប្ដី​ប្រពន្ធ​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ៗ​ដែល​មាន​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។ ប៉ុន្តែ​ដើម្បី​មាន​សុភមង្គល គូ​អាពាហ៍ពិពាហ៍​មិន​គ្រាន់​តែ​ត្រូវ​គិត​អំពី​ភារកិច្ច​ប៉ុណ្ណោះ​ទេ តែ​មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​ពួក​គេ​ត្រូវ​គិត​ដែរ។

ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​អាពាហ៍ពិពាហ៍​ដើម្បី​ឲ្យ​ប្ដី​ប្រពន្ធ​សប្បាយ​និង​ស្កប់​ចិត្ត​ក្នុង​ចំណង​ស្នេហ៍​របស់​ពួក​គេ។ ហើយ​លោក​ចង់​ឲ្យ​ប្ដី​«​សប្បាយ​រីករាយ​ជា​មួយ​នឹង​ប្រពន្ធ[​របស់​គាត់​]​»​ ហើយ​សម្រាប់​ប្រពន្ធ​វិញ លោក​ចង់​ឲ្យ​នាង​ស្រឡាញ់​ប្ដី និង​ទទួល​បាន​អារម្មណ៍​ថា​ប្ដី​ក៏​ស្រឡាញ់​នាង​ដូច​រូប​កាយ​របស់​គាត់​ដែរ។ (​សុភាសិត ៥:១៨; អេភេសូរ ៥:២៨​) អ្វី​ដែល​សំខាន់​ដើម្បី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍ គឺ​ប្ដី​ប្រពន្ធ​ត្រូវ​រៀន​ឲ្យ​ចេះ​ទុក​ចិត្ត​គ្នា។ ហើយ​សំខាន់​មួយ​ទៀត គឺ​ពួក​គេ​ក៏​ត្រូវ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ឲ្យ​នៅ​រឹង​មាំ​និង​យូរ​អង្វែង​ដែរ។ ពេល​ប្ដី​ប្រពន្ធ​ទុក​ចិត្ត​គ្នា​និង​សហការ​គ្នា នោះ​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា។ ហើយ​ការ​តាំង​ចិត្ត​ស្មោះ​ជា​មួយ​គ្នា​នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង​ដែរ។ ពេល​ពួក​គេ​ធ្វើ​ដូច្នេះ ពួក​គេ​នឹង​កាន់​តែ​ស្និទ្ធ​ស្នាល​គ្នា​ដូច​គម្ពីរ​ចែង គឺ​ទាំង​ពីរ​នាក់​ប្រៀប​ដូច​ជា​«​សាច់​ឈាម​តែ​មួយ​»។—ម៉ាថាយ ១៩:៥

ហេតុ​នេះ​ហើយ យើង​អាច​ប្រៀប​ប្រដូច​ការ​តាំង​ចិត្ត​ស្មោះ​ទៅ​នឹង​ការ​រៀប​ឥដ្ឋ​ដើម្បី​សាង​សង់​ផ្ទះ។ ដើម្បី​ឲ្យ​ឥដ្ឋ​ជាប់​គ្នា យើង​ត្រូវ​ការ​ស៊ីម៉ង់ត៍ ទឹក និង​ខ្សាច់។ ស្រដៀង​គ្នា​ដែរ ការ​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ​ក៏​មាន​កត្តា​បី​បូក​បញ្ចូល​គ្នា​ដែរ គឺ​ភារកិច្ច ការ​ទុក​ចិត្ត និង​ចំណង​មិត្តភាព។ ប៉ុន្តែ តើ​អ្វី​អាច​ធ្វើ​ឲ្យ​ចំណង​នោះ​ចុះ​ខ្សោយ?

តើ​មាន​ការ​ពិបាក​អ្វី​ខ្លះ?

ការ​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ​តម្រូវ​ឲ្យ​ខំ​ព្យាយាម​និង​លះ​បង់​ប្រយោជន៍​ខ្លួន។ អ្នក​ប្រហែល​ជា​ត្រូវ​លះ​បង់​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ដើម្បី​គូ​របស់​អ្នក។ ប៉ុន្តែ ការ​សម្រប​ទៅ​តាម​បំណង​ចិត្ត​របស់​អ្នក​ណា​ម្នាក់ គឺ​មិន​សូវ​មាន​គេ​ចង់​ធ្វើ​ប៉ុន្មាន​ទេ ហើយ​អ្នក​ខ្លះ​ថែម​ទាំង​ខឹង​ទៀត​ផង ជា​ពិសេស​ពេល​ដែល​ពួក​គេ​គិត​ថា‹តើ​នេះ​មាន​ប្រយោជន៍​អី​ចំពោះ​ខ្ញុំ›។ ប៉ុន្តែ សូម​សួរ​ខ្លួន​ថា‹តើ​ខ្ញុំ​ស្គាល់​មនុស្ស​ប៉ុន្មាន​នាក់​ដែល​គិត​តែ​ពី​ប្រយោជន៍​ខ្លួន ហើយ​មាន​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍?›។ តាម​មើល​ទៅ មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ ហេតុ​អ្វី? ពីព្រោះ​មនុស្ស​ដែល​គិត​តែ​ពី​ប្រយោជន៍​ខ្លួន នឹង​មិន​ព្យាយាម​តាំង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​គូ​ទេ បើ​គាត់​ត្រូវ​លះ​បង់​ប្រយោជន៍​របស់​គាត់ ហើយ​ជា​ពិសេស​បើ​ការ​លះ​បង់​នោះ​មិន​បាន​ទទួល​ផល​អ្វី​មក​វិញ។ ដូច្នេះ មិន​ថា​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា​តាំង​ពី​ដំបូង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ បើ​ពួក​គេ​មិន​រក្សា​ចិត្ត​ស្មោះ​ចំពោះ​គ្នា​ទេ នោះ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​នឹង​ទៅ​ជា​ល្វីង​ជូរ​ចត់​មិន​ខាន។

គម្ពីរ​បាន​ប្រាប់​ការ​ពិត​មួយ​ដែល​ថា ជីវិត​អាពាហ៍ពិពាហ៍​គឺ​តម្រូវ​ឲ្យ​មាន​ការ​ខំ​ព្យាយាម។ គម្ពីរ​ថា​៖​«​បុរស​ដែល​រៀប​ការ​ហើយ ខ្វល់​ខ្វាយ​អំពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ពិភព​លោក​នេះ ពោល​គឺ​របៀប​ដែល​គាត់​អាច​ធ្វើ​ឲ្យ​ប្រពន្ធ​ពេញ​ចិត្ត​»។ រីឯ​«​ស្ត្រី​ដែល​រៀប​ការ​ហើយ ខ្វល់​ខ្វាយ​អំពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ពិភព​លោក​នេះ ពោល​គឺ​របៀប​ដែល​នាង​អាច​ធ្វើ​ឲ្យ​ប្ដី​ពេញ​ចិត្ត​»។ (​កូរិនថូស​ទី១ ៧:៣៣, ៣៤​) គួរ​ឲ្យ​ស្ដាយ​ណាស់ សូម្បី​តែ​គូ​អាពាហ៍ពិពាហ៍​ដែល​លះ​បង់​ប្រយោជន៍​ដើម្បី​គូ នៅ​តែ​មិន​ដឹង​ថា​គូ​ខ្វល់​ខ្វាយ​អំពី​រឿង​អ្វី​ខ្លះ ហើយ​ពួក​គេ​ក៏​មិន​តែង​តែ​ឲ្យ​តម្លៃ​ចំពោះ​ការ​លះ​បង់​របស់​គូ​ដែរ។ ពេល​ដែល​គូ​អាពាហ៍ពិពាហ៍​មិន​ឲ្យ​តម្លៃ​គ្នា នោះ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ទំនង​ជា​មាន​«​ការ​លំបាក​»​ច្រើន​ជាង។—កូរិនថូស​ទី១ ៧:២៨

បើ​អាពាហ៍ពិពាហ៍​របស់​អ្នក​គឺ​ដើម្បី​គេច​ផុត​ពី​គ្រា​ពិបាក និង​ដើម្បី​ជិត​ស្និទ្ធ​នៅ​គ្រា​សប្បាយ នោះ​អ្នក​ត្រូវ​បណ្ដុះ​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​អាពាហ៍ពិពាហ៍​របស់​អ្នក​ថា​ចំណង​នោះ​មិន​មែន​តែ​មួយ​រយៈ​ពេល​ខ្លី​ទេ តែ​គឺ​គង់​វង្ស​និង​យូរ​អង្វែង។ តើ​អ្នក​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​បែប​នេះ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​តាម​របៀប​ណា​អ្នក​អាច​លើក​ទឹក​ចិត្ត​គូ​របស់​អ្នក​ឲ្យ​រក្សា​ចិត្ត​ស្មោះ​ចំពោះ​អ្នក?

របៀប​ពង្រឹង​ការ​តាំង​ចិត្ត​ស្មោះ

កត្តា​សំខាន់​មួយ​គឺ​ធ្វើ​តាម​ដំបូន្មាន​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ដោយ​ចិត្ត​រាប​ទាប។ ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​និង​គូ​របស់​អ្នក​នឹង​«​ទទួល​ប្រយោជន៍​»។ (​អេសាយ ៤៨:១៧​) ឥឡូវ សូម​ឲ្យ​យើង​ពិចារណា​ជំហាន​ពីរ​យ៉ាង។

១. ចាត់​ទុក​អាពាហ៍ពិពាហ៍​របស់​អ្នក​ជា​អ្វី​ដ៏​សំខាន់។

សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ (​ភីលីព ១:១០​) តាម​ទស្សនៈ​ព្រះ របៀប​ដែល​ប្ដី​និង​ប្រពន្ធ​ប្រព្រឹត្ត​ចំពោះ​គ្នា​គឺ​ពិត​ជា​សំខាន់​ណាស់។ ពេល​ប្ដី​ឲ្យ​កិត្តិយស​ប្រពន្ធ នោះ​ព្រះ​ក៏​ឲ្យ​កិត្តិយស​ប្ដី​ដែរ។ ហើយ​ពេល​ដែល​ប្រពន្ធ​គោរព​ប្ដី នោះ​នាង​«​មាន​តម្លៃ​ថ្លៃ​ណាស់​ចំពោះ​ព្រះ​»។—ពេត្រុស​ទី១ ៣:១​-​៤,

តើ​អាពាហ៍ពិពាហ៍​របស់​អ្នក​សំខាន់​យ៉ាង​ណា​ចំពោះ​អ្នក? តាម​ធម្មតា ពេល​យើង​ចាត់​ទុក​អ្វី​មួយ​ថា​សំខាន់ នោះ​យើង​នឹង​ចំណាយ​ពេល​យ៉ាង​ច្រើន​ទៅ​លើ​អ្វី​នោះ។ សូម​សួរ​ខ្លួន​ថា​៖‹អស់​ជា​ច្រើន​ខែ​មក​នេះ តើ​ខ្ញុំ​បាន​លៃ​ទុក​ពេល​ច្រើន​ប៉ុន​ណា​ដើម្បី​ចំណាយ​ជា​មួយ​នឹង​គូ​ខ្ញុំ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​បញ្ជាក់​ឲ្យ​គូ​ខ្ញុំ​ដឹង​ថា​យើង​នៅ​តែ​ស្រឡាញ់​គ្នា?›។ បើ​អ្នក​មិន​សូវ​ចំណាយ​ពេល​ឬ​មិន​ចំណាយ​ពេល​សោះ​ជា​មួយ​គូ នោះ​គូ​អ្នក​ពិបាក​ជឿ​ថា​អ្នក​នៅ​ស្មោះ​ជា​មួយ​គាត់។

តើ​គូ​របស់​អ្នក​គិត​ថា​អ្នក​នៅ​ស្មោះ​ជា​មួយ​គាត់​ទេ? តើ​អ្នក​អាច​ដឹង​យ៉ាង​ដូច​ម្ដេច?

សូម​សាក​ល្បង​ធ្វើ​តាម​វិធី​នេះ​៖ សូម​កត់​លើ​ក្រដាស​មួយ​អំពី​អ្វី​សំខាន់​ប្រាំ​យ៉ាង​ដូច​ជា​៖ លុយ ការ​ងារ អាពាហ៍ពិពាហ៍ ការ​កម្សាន្ដ និង​មិត្ត​ភក្ដិ។ រួច​មក សូម​ដាក់​លេខ​រៀង​ដែល​អ្នក​គិត​ថា​គូ​របស់​អ្នក​នឹង​ចាត់​ទុក​ថា​សំខាន់​ជាង​គេ​និង​មួយ​ណា​សំខាន់​បន្ត​បន្ទាប់។ ក្រោយ​នោះ សូម​ឲ្យ​គូ​ធ្វើ​ដូច​គ្នា​ដែរ។ ពេល​ធ្វើ​រួច សូម​ប្ដូរ​ក្រដាស​នោះ​ជា​មួយ​គូ។ បើ​គូ​របស់​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មិន​សូវ​ចំណាយ​ពេល​វេលា​គ្រប់​គ្រាន់​ជា​មួយ​គាត់​ទេ សូម​គិត​អំពី​អ្វី​ដែល​អ្នក​គួរ​កែ​ប្រែ​ដើម្បី​អ្នក​អាច​ពង្រឹង​ការ​តាំង​ចិត្ត​ស្មោះ​ចំពោះ​គ្នា។ ម្យ៉ាង​ទៀត សូម​សួរ​ខ្លួន​ថា​៖‹តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​ចំពោះ​អ្វី​ដែល​គូ​ខ្ញុំ​ចាត់​ទុក​ថា​សំខាន់?›។

២. ជៀស​វាង​ពី​ទង្វើ​និង​ចិត្ត​គំនិត​មិន​ស្មោះ​ត្រង់។

លោក​យេស៊ូ​បាន​ប្រាប់​ថា​៖​«​អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី​រហូត​ដល់​កើត​មាន​ចិត្ត​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ត​រួច​ហើយ​»។ (​ម៉ាថាយ ៥:២៨​) ពេល​ដែល​បុគ្គល​ម្នាក់​រួម​ដំណេក​ជា​មួយ​នឹង​អ្នក​ដែល​មិន​មែន​ជា​គូ​របស់​ខ្លួន គាត់​កំពុង​បំផ្លាញ​ចំណង​អាពាហ៍ពិពាហ៍​របស់​គាត់ ហើយ​គម្ពីរ​ក៏​ប្រាប់​ដែរ​ថា ការ​ប្រព្រឹត្ត​នេះ​ជា​មូលដ្ឋាន​នៃ​ការ​លែង​លះ​គ្នា។ (​ម៉ាថាយ ៥:៣២​) ប៉ុន្តែ ពាក្យ​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​នៅ​ខាង​លើ​បង្ហាញ​ថា ការ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​អាច​មាន​ក្នុង​ចិត្ត​របស់​បុគ្គល​ម្នាក់​អស់​រយៈ​ពេល​ជា​យូរ មុន​នឹង​គាត់​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ ដូច្នេះ ការ​មាន​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​គឺ​ជា​ការ​ផិត​ក្បត់​ម្យ៉ាង។

ដើម្បី​រក្សា​ចិត្ត​ស្មោះ​ចំពោះ​គូ​អាពាហ៍ពិពាហ៍ សូម​តាំង​ចិត្ត​មិន​មើល​រូប​អាសអាភាស​ជា​ដាច់​ខាត។ មនុស្ស​ជា​ច្រើន​ប្រហែល​ជា​និយាយ​ផ្សេង​ៗ​អំពី​រូប​អាសអាភាស ទោះ​ជា​គេ​ប្រាប់​បែប​ណា​ក៏​ដោយ តាម​ពិត​រូប​អាសអាភាស​គឺ​ជា​ថ្នាំ​ពុល​ដែល​បំផ្លាញ​ចំណង​អាពាហ៍ពិពាហ៍។ ប្រពន្ធ​ម្នាក់​ដែល​ប្ដី​នាង​មាន​ទម្លាប់​មើល​រូប​អាសអាភាស បាន​ប្រាប់​អំពី​អារម្មណ៍​របស់​នាង​ថា​៖​«​ប្ដី​របស់​ខ្ញុំ​ប្រាប់​ថា ការ​មើល​រូប​អាសអាភាស​ជួយ​បន្ថែម​រសជាតិ​ទៅ​លើ​ស្នេហា​របស់​យើង។ ប៉ុន្តែ សម្រាប់​ខ្ញុំ​វិញ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គ្មាន​តម្លៃ​ទេ ហើយ​ទោះ​ជា​មាន​ខ្ញុំ​ក៏​គាត់​មិន​ឆ្អែត​ឆ្អន់​ឡើយ។ ពេល​ប្ដី​ខ្ញុំ​មើល​រូប​អាសអាភាស​ម្ដង​ៗ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ក្រៅ​ពី​គេង​យំ​»។ តើ​អ្នក​គិត​ថា​បុរស​ម្នាក់​នេះ​កំពុង​តែ​ពង្រឹង​ការ​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ ឬ​ក៏​គាត់​កំពុង​តែ​បំផ្លាញ​ចំណង​អាពាហ៍ពិពាហ៍​របស់​គាត់​ទៅ​វិញ? តើ​អ្នក​គិត​ថា​ការ​ប្រព្រឹត្ត​របស់​គាត់​ជួយ​ប្រពន្ធ​គាត់​ឲ្យ​នៅ​ស្មោះ​ចំពោះ​គាត់​ទេ? តើ​គាត់​កំពុង​ប្រព្រឹត្ត​ចំពោះ​នាង​ដូច​ជា​មនុស្ស​ដែល​គាត់​ស្រឡាញ់​ឬ​ទេ?

យ៉ូប​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​បាន​បង្ហាញ​ចិត្ត​ស្មោះ​ចំពោះ​ប្រពន្ធ​គាត់ និង​ចំពោះ​ព្រះ​ដោយ‹ធ្វើ​កិច្ច​ព្រម​ព្រៀង​នឹង​ភ្នែក​របស់​គាត់›។ គាត់​បាន​ប្ដេជ្ញា​ចិត្ត​ថា​មិន‹សម្លឹង​មើល​ស្ត្រី​ឯ​ទៀត​ដោយ​បំណង​ចិត្ត​មិន​ត្រឹម​ត្រូវ​ឡើយ›។ (​យ៉ូប ៣១:១​) តើ​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​យ៉ូប​យ៉ាង​ដូច​ម្ដេច?

ក្រៅ​ពី​ជៀស​វាង​មើល​រូប​អាសអាភាស អ្នក​ក៏​ត្រូវ​ការ​ពារ​ចិត្ត​ពី​អ្វី​ផ្សេង​ៗ​ទាក់​ទង​នឹង​ការ​ស្និទ្ធ​ស្នាល​ដែល​មិន​សមរម្យ​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ។ មនុស្ស​ជា​ច្រើន​គិត​ថា​ការ​ចែ​ចង់​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ដល់​ចំណង​អាពាហ៍ពិពាហ៍​ទេ។ ប៉ុន្តែ បណ្ដាំ​របស់​ព្រះ​ព្រមាន​យើង​ថា​៖​«​ឯ​ចិត្ត គឺ​ពូកែ​បញ្ឆោត​លើស​អ្វី​ៗ​ទាំង​អស់ ហើយ​ក៏​អាក្រក់​ក្រៃ​លែង។ តើ​អ្នក​ណា​អាច​ស្គាល់​បាន​ទៅ?​»។ (​យេរេមា ១៧:៩​) តើ​ចិត្ត​របស់​អ្នក​ល្បួង​អ្នក​ទេ? សូម​សួរ​ខ្លួន​ថា​៖‹តើ​ខ្ញុំ​គួរ​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្នក​ណា​ច្រើន​ជាង គូ​របស់​ខ្ញុំ​ឬ​អ្នក​ផ្សេង​ដែល​មាន​ភេទ​ផ្ទុយ? តើ​ខ្ញុំ​ប្រាប់​អ្វី​ល្អ​ៗ​ដល់​អ្នក​ណា​មុន​គេ គូ​របស់​ខ្ញុំ​ឬ​នរណា​ម្នាក់​ទៀត? បើ​គូ​របស់​ខ្ញុំ​សុំ​ខ្ញុំ​កុំ​ឲ្យ​ជិត​ស្និទ្ធ​ជា​មួយ​មនុស្ស​ភេទ​ផ្ទុយ តើ​ខ្ញុំ​នឹង​មាន​ប្រតិកម្ម​បែប​ណា? តើ​ខ្ញុំ​អាក់​អន់​ចិត្ត​ឬ​ខ្ញុំ​សប្បាយ​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់?›។

សូម​សាក​ល្បង​ធ្វើ​តាម​វិធី​នេះ​៖ បើ​អ្នក​ឃើញ​ថា​អ្នក​ស្និទ្ធ​ស្នាល​ជា​មួយ​បុគ្គល​ណា​ម្នាក់​ដែល​មិន​មែន​ជា​គូ​របស់​អ្នក សូម​ដាក់​កម្រិត​ទៅ​លើ​ទំនាក់​ទំនង​ជា​មួយ​គាត់ សូម​ទាក់​ទង​នឹង​គាត់​នៅ​ពេល​ដែល​ចាំ​បាច់​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ សូម​គិត​ពី​គុណ​សម្បត្តិ​ល្អ​ៗ​របស់​គូ។ (​សុភាសិត ៣១:២៩​) សូម​នឹក​ឡើង​វិញ​នូវ​មូលហេតុ​ដែល​អ្នក​ចាប់​ចិត្ត​ស្រឡាញ់​គូ​របស់​អ្នក។ សូម​សួរ​ខ្លួន​ថា​៖‹តើ​គូ​របស់​ខ្ញុំ​លែង​មាន​គុណ​សម្បត្តិ​ទាំង​នោះ​ឬ​ក៏​ខ្ញុំ​លែង​ឃើញ​គុណ​សម្បត្តិ​ទាំង​នោះ​ហើយ?›។

ចាត់​វិធានការ​មុន

ម៉ៃឃឺល​និង​ម៉ារៀ​ដែល​បាន​រៀប​រាប់​ខាង​លើ​សម្រេច​ចិត្ត​សុំ​យោបល់​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់។ ពិត​មែន​ថា​ការ​ស្វែង​រក​យោបល់​ជា​ជំហាន​ទី១​មែន តែ​ការ​ព្រម​ទទួល​ស្គាល់​បញ្ហា និង​ការ​ស្វែង​រក​ជំនួយ បាន​ជួយ​ពួក​គាត់​ឲ្យ​ដោះ​ស្រាយ​បញ្ហា។ ម៉ៃឃឺល​និង​ម៉ារៀ​បាន​ឃើញ​ច្បាស់​ថា​ពួក​គាត់​ត្រូវ​តាំង​ចិត្ត​ស្មោះ​នឹង​គ្នា ហើយ​ខំ​ព្យាយាម​ធ្វើ​តាម​ការ​តាំង​ចិត្ត​នោះ។

មិន​ថា​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​រឹង​មាំ​ឬ​រកាំ​រកូស​ក្ដី គូ​របស់​អ្នក​ត្រូវ​ដឹង​ថា​អ្នក​កំពុង​តាំង​ចិត្ត​ស្មោះ​នឹង​គាត់ ហើយ​ថា​អ្នក​ចង់​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​មាន​សុភមង្គល។ សូម​ព្យាយាម​ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​ឲ្យ​គូ​របស់​អ្នក​ដឹង​អំពី​ការ​តាំង​ចិត្ត​របស់​អ្នក។ តើ​អ្នក​សុខ​ចិត្ត​ធ្វើ​ដូច្នោះ​ទេ?

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ប្ដូរ។

b ថ្វី​ត្បិត​តែ​គំរូ​នៅ​ខាង​លើ​ជា​បុរស​ដែល​មើល​រូប​អាសអាភាស​ក៏​ពិត​មែន តែ​បើ​ស្ត្រី​បាន​មើល​រូប​អាសអាភាស ក៏​បង្ហាញ​ថា​នាង​ខ្វះ​ការ​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ​ដែរ។

សូម​សួរ​ខ្លួន​ថា . . .

  • តើ​ខ្ញុំ​អាច​កាត់​បន្ថយ​សកម្មភាព​អ្វី​ខ្លះ​ដើម្បី​ខ្ញុំ​អាច​ចំណាយ​ពេល​ច្រើន​ជាង​ជា​មួយ​គូ​របស់​ខ្ញុំ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​គូ​ខ្ញុំ​អាច​ប្រាកដ​ចិត្ត​ថា​ខ្ញុំ​កំពុង​ព្យាយាម​តាំង​ចិត្ត​ស្មោះ​នឹង​គាត់?

[រូប​ភាព]

លៃ​ទុក​ពេល​ជា​មួយ​គូ​របស់​អ្នក

[រូប​ភាព]

ទង្វើ​និង​ចិត្ត​គំនិត​មិន​ស្មោះ​ត្រង់​ផ្ដើម​ចេញ​ពី​ចិត្ត