មេរៀនទី៣៥
ហាណាអធិដ្ឋានសុំមានកូនប្រុស
បុរសជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះអេលកាណា មានប្រពន្ធពីរនាក់ ម្នាក់ឈ្មោះហាណា ហើយម្នាក់ទៀតឈ្មោះផេនីណា។ ប៉ុន្តែ គាត់ស្រឡាញ់ហាណាច្រើនជាង។ ផេនីណាមានកូនច្រើន តែហាណាគ្មានកូនទេ ដូច្នេះផេនីណាចំអកមើលងាយហាណាគ្រប់ពេលវេលា។ ជារៀងរាល់ឆ្នាំ អេលកាណានាំក្រុមគ្រួសារទាំងមូលទៅគោរពប្រណិប័តន៍ព្រះ នៅឯវិហារក្នុងក្រុងស៊ីឡូរ។ កាលដែលពួកគេនៅទីនោះ អេលកាណាបានសង្កេតឃើញហាណាប្រពន្ធជាទីស្រឡាញ់ កំពុងសោកសៅជាខ្លាំង។ គាត់លួងលោមនាងថា៖ ‹កុំយំអីហាណា អូននៅមានបង។ បងស្រឡាញ់អូន›។
បន្ទាប់មក ហាណាបានចេញទៅអធិដ្ឋានតែម្នាក់ឯង។ នាងអធិដ្ឋានទាំងទឹកភ្នែក អង្វរសុំព្រះយេហូវ៉ាឲ្យជួយនាង។ នាងសន្យាថា៖ ‹ឱព្រះយេហូវ៉ា បើលោកឲ្យខ្ញុំមានកូនប្រុសមួយ ខ្ញុំនឹងឲ្យកូននៅបម្រើលោកអស់មួយជីវិត›។
ពេលសម្ដេចសង្ឃអេលីឃើញហាណាយំអណ្ដឺតអណ្ដក គាត់គិតថានាងស្រវឹងស្រា។ ប៉ុន្តែ ហាណានិយាយថា៖ ‹មិនមែនទេលោកម្ចាស់ ខ្ញុំមិនបានផឹកស្រាទេ។ ខ្ញុំពិបាកចិត្តខ្លាំងណាស់ បានជាខ្ញុំកំពុងជម្រាបព្រះយេហូវ៉ាអំពីទុក្ខលំបាករបស់ខ្ញុំ›។ កាលអេលីដឹងថាខ្លួនយល់ខុស គាត់ប្រាប់នាងថា៖ ‹សូមឲ្យព្រះធ្វើតាមសំណូមពររបស់នាង›។ ដូច្នេះ ហាណាមានអារម្មណ៍ធូរស្រាលជាងមុន រួចនាងក៏ត្រឡប់ទៅវិញ។ មិនដល់មួយឆ្នាំផង នាងមានកូន
ប្រុសមួយ ហើយដាក់ឈ្មោះថាសាំយូអែល។ តើអ្នកអាចស្រមៃឃើញហាណាសប្បាយចិត្តខ្លាំងយ៉ាងណាទេ?ហាណាមិនភ្លេចពាក្យសន្យារបស់នាងចំពោះព្រះយេហូវ៉ាឡើយ។ បន្ទាប់ពីនាងផ្ដាច់ដោះសាំយូអែលភ្លាម នាងក៏នាំកូនឲ្យទៅបម្រើនៅឯវិហាររបស់ព្រះ។ នាងជម្រាបអេលីថា៖ ‹នេះជាកូនប្រុសដែលខ្ញុំបានអធិដ្ឋានសុំ។ កូននេះជារបស់ព្រះយេហូវ៉ាអស់មួយជីវិត›។ អេលកាណានិងហាណាទៅលេងសាំយូអែលរាល់ឆ្នាំ ហើយតែងតែមានអាវថ្មីឲ្យកូនជានិច្ច។ ក្រោយមក ព្រះយេហូវ៉ាបានឲ្យហាណាមានកូនប្រុសបីនាក់ និងកូនស្រីពីរនាក់ទៀត។
«ចូរសុំឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ»។—ម៉ាថាយ ៧:៧