លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ទី២

ហេតុ​អ្វី​ខ្ញុំ​ខ្វល់​ខ្វាយ​អំពី​រូប​សម្ផស្ស​របស់​ខ្ញុំ?

ហេតុ​អ្វី​ខ្ញុំ​ខ្វល់​ខ្វាយ​អំពី​រូប​សម្ផស្ស​របស់​ខ្ញុំ?

មូលហេតុ​ត្រូវ​ដឹង

ពី​ព្រោះ​មាន​អ្វី​ផ្សេង​ទៀត​ដែល​សំខាន់​ជាង​រូប​សម្ផស្ស។

តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

សូម​ស្រមៃ​គិត​អំពី​រឿង​នេះ: ពេល​នីតា​ឆ្លុះ​កញ្ចក់ នាង​ឃើញ​ថា​ខ្លួន​នាង​ធាត់។ ទោះ​ជា​ឪ​ពុក​ម្ដាយ​និង​មិត្ត​ភក្ដិ​នាង​ប្រាប់​ថា​នាង​«​ស្គម​ពេក​»​ក៏​ដោយ ក៏​នាង​និយាយ​រំលឹក​ខ្លួន​ថា​៖ ​«​ខ្ញុំ​ត្រូវ​តែ​ស្រក​គីឡូ​»។

ថ្មី​ៗ​នេះ នីតា​បាន​គិត​អំពី​របៀប​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​«​ពីរ​បី​គីឡូ​»​ទៀត​យ៉ាង​លឿន​បំផុត។ នាង​គិត​ថា​អ្វី​ដែល​នាង​ត្រូវ​ធ្វើ​គ្រាន់​តែ​បង្អត់​អាហារ​ខ្លួន​ឯង​ពីរ​បី​ថ្ងៃ . . .

បើ​ប្អូន​មាន​អារម្មណ៍​ដូច​នីតា​ដែរ តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

គិត​មុន​គូរ!

ទស្សនៈ​របស់​ប្អូន​ចំពោះ​ខ្លួន​ឯង​ប្រហែល​ជា​មិន​ត្រឹម​ត្រូវ​ទេ ហើយ​នេះ​អាច​ប្រៀប​ដូច​ជា​ប្អូន​កំពុង​ឆ្លុះ​កញ្ចក់​ប៉ោង

ការ​យក​ចិត្ត​ទុក​ដាក់​អំពី​រូប​សម្ផស្ស​របស់​ខ្លួន មិន​មែន​ជា​ការ​ខុស​ទេ។ តាម​ពិត​គម្ពីរ​បរិសុទ្ធ​ក៏​បាន​ប្រាប់​អំពី​រូបសម្បត្ដិ​ដ៏​ស្រស់​ស្អាត​របស់​បុរស​និង​ស្ត្រី​មួយ​ចំនួន​ដែរ​ដូច​ជា សារ៉ា រ៉ាជែល អ័ប៊ីកែល យ៉ូសែប និង​ដាវីឌ​ជា​ដើម។ ម្យ៉ាង​ទៀត គម្ពីរ​ចែង​ថា​ស្ត្រី​ម្នាក់​ឈ្មោះ​អ័ប៊ីសាក​«​មាន​រូប​រាង​ស្រស់​ល្អ​ណាស់​»។—ពង្សាវតារ​ក្សត្រ​ទី១ ១:៤

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យុវវ័យ​ជា​ច្រើន​គិត​អំពី​រូប​សម្ផស្ស​របស់​ពួក​គេ​ជ្រុល​ពេក នេះ​អាច​នាំ​ឲ្យ​ពួក​គេ​មាន​បញ្ហា​ជា​ច្រើន។ សូម​គិត​អំពី​រឿង​នេះ:

  • តាម​ការ​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ថា ៥៨​ភាគ​រយ​នៃ​ក្មេង​ស្រី បាន​និយាយ​ថា​ពួក​គេ​លើស​ទម្ងន់ ប៉ុន្តែ​តាម​ការ​ពិត​មាន​តែ​១៧​ភាគ​រយ​ប៉ុណ្ណោះ​ដែល​លើស​ទម្ងន់។

  • តាម​ការ​ស្រាវ​ជ្រាវ​មួយ​ទៀត​ប្រាប់​ថា តាម​ពិត​៤៥​ភាគ​រយ​នៃ​ស្ត្រី​ដែល​មិន​គ្រប់​ទម្ងន់ បាន​គិត​ថា​ខ្លួន​ធាត់​ពេក!

  • ដោយ​សារ​ចង់​ស្រក​ទម្ងន់​ខ្លាំង​ពេក យុវវ័យ​ខ្លះ​ទៅ​ជា​មាន​ជំងឺ​ខ្លាច​ធាត់។ ដូច្នេះ ពួក​គេ​លែង​មាន​របប​អាហារ​ត្រឹម​ត្រូវ រហូត​ដល់​បង្អត់​អាហារ​ខ្លួន​ឯង​ទៀត​ផង។ នេះ​អាច​បណ្ដាល​ឲ្យ​ពួក​គេ​ស្លាប់​បាន។

បើ​ប្អូន​ឃើញ​ថា​ខ្លួន​ប្អូន​ចាប់​ផ្ដើម​មាន​ជំងឺ​ខ្លាច​ធាត់ ឬ​មាន​របប​អាហារ​មិន​ត្រឹម​ត្រូវ សូម​ចាត់​វិធានការ​ភ្លាម។ ប្អូន​អាច​សុំ​យោបល់​ពី​ឪ​ពុក​ម្ដាយ​ឬ​មនុស្ស​ពេញ​វ័យ​ដែល​ប្អូន​ទុក​ចិត្ត។ គម្ពីរ​ចែង​ថា​៖ ​«​មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើត​មក​សំ​រាប់​គ្រា​លំបាក​ដែរ​»។—សុភាសិត ១៧:១៧

សម្រស់​ពិត​ប្រាកដ!

អ្វី​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ស្រស់​ស្អាត​ពិត​ប្រាកដ​នោះ គឺ​គុណ​សម្បត្ដិ​ឬ​បុគ្គលិក​លក្ខណៈ​ល្អ​របស់​គាត់ មិន​មែន​សម្បក​ក្រៅ​របស់​គាត់​ទេ។ សូម​ពិចារណា​អំពី​បុរស​ម្នាក់​នៅ​សម័យ​បុរាណ​ឈ្មោះ​អាប់សាឡំម ដែល​ជា​កូន​របស់​ស្តេច​ដាវីឌ។ គម្ពីរ​ចែង​ថា​៖

​«​គ្មាន​អ្នក​ណា​ដែល​គួរ​សរសើរ ឲ្យ​ស្មើ​នឹង​អាប់សាឡំម ពី​ដំណើរ​ទ្រង់​មាន​រូប​ល្អ​នោះ​ទេ . . . [​ទ្រង់​]ឥត​មាន​ខ្ចោះ​ត្រង់​ណា​សោះ​»។—សាំយូអែល​ទី២ ១៤:២៥

ក៏​ប៉ុន្តែ បុរស​វ័យ​ក្មេង​នោះ​ពោរ​ពេញ​ទៅ​ដោយ​អំណួត មហិច្ឆតា និង​ការ​បោក​បញ្ឆោត! ម្ល៉ោះ​ហើយ គម្ពីរ​មិន​បាន​ពណ៌នា​ថា​អាប់សាឡំម​មាន​គុណ​សម្បត្ដិ​អ្វី​ខ្លះ​នោះ​ទេ គ្រាន់​តែ​ប្រាប់​ថា​គាត់​ជា​បុរស​មិន​ស្មោះ​ត្រង់ និង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ឃាតកម្ម។

ដោយ​មាន​មូលហេតុ​ត្រឹម​ត្រូវ គម្ពីរ​ប្រាប់​យើង​នូវ​យោបល់​នេះ:

ចូរ​«​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​»។—កូឡុស ៣:១០

​«​កុំ​ឲ្យ​សម្រស់​របស់​អ្នក​រាល់​គ្នា​ជា​សម្រស់​សម្បក​ក្រៅ​ឡើយ . . . តែ​ចូរ​ឲ្យ​សម្រស់​របស់​អ្នក​រាល់​គ្នា​ជា​អ្វី​ក្នុង​ចិត្ត​វិញ​»។—ពេត្រុស​ទី១ ៣:៣, ៤

ការ​ចង់​ឲ្យ​ខ្លួន​មាន​រូប​សម្រស់​ស្អាត​មិន​ខុស​ទេ តែ​អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត​គឺ​បុគ្គលិក​លក្ខណៈ​របស់​ប្អូន។ នៅ​ទី​បំផុត លក្ខណៈ​ល្អ​របស់​ប្អូន​នឹង​ទាក់​ទាញ​ចិត្ត​អ្នក​ឯ​ទៀត មិន​មែន​រាង​កាយ​មាំ​មួន ឬ​រូប​ឆោម​របស់​ប្អូន​នោះ​ឡើយ! យុវនារី​ម្នាក់​ឈ្មោះ​ភីលីសា​ប្រាប់​ថា​៖ ​«​រូប​ស្អាត​អាច​ទាក់​ទាញ​អារម្មណ៍​គេ​ភ្លាម តែ​គុណ​សម្បត្ដិ​និង​លក្ខណៈ​ល្អ​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ចាំ​មិន​ភ្លេច​»។

សូម​ប្រាប់​អំពី​ទស្សនៈ​របស់​ប្អូន

តើ​ប្អូន​ច្រើន​តែ​តូច​ចិត្ត​នឹង​រូបសម្បត្ដិ​ខ្លួន​ឬ​ទេ?

តើ​ប្អូន​ធ្លាប់​គិត​ចង់​កែ​សម្ផស្ស​ឬ​តម​អាហារ​ហួស​ប្រមាណ​ដើម្បី​ឲ្យ​រាង​ស្អាត​ឬ​ទេ?

បើ​អាច​ធ្វើ​បាន តើ​ប្អូន​ចង់​កែ​អ្វី​ខ្លះ​នៃ​រាង​កាយ​របស់​ប្អូន? (​ជ្រើស​រើស​អ្វី​ៗ​ដែល​ចង់​កែ​)

  • ភ្នែក

  • ច្រមុះ

  • សក់

  • រាង

  • ចិញ្ចើម

  • ស្បែក

បើ​ប្អូន​ឆ្លើយ​ថា​មែន​ចំពោះ​សំណួរ​ទី១​និង​ទី២ ព្រម​ទាំង​ជ្រើស​រើស​បី​ដង​ឬ​ច្រើន​ជាង​ក្នុង​សំណួរ​ទី៣ សូម​គិត​អំពី​យោបល់​នេះ: អ្នក​ឯ​ទៀត​ទំនង​ជា​មិន​គិត​អវិជ្ជមាន​អំពី​ប្អូន​ដូច​ប្អូន​គិត​ចំពោះ​ខ្លួន​ឯង​នោះ​ទេ។ គឺ​ជា​ការ​ងាយ​ស្រួល​ណាស់​ឲ្យ​ប្អូន​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​អំពី​រូប​សម្ផស្ស​របស់​ខ្លួន។—សាំយូអែល​ទី១ ១៦:៧