ជំពូកទី១១៤
គ្រិស្តទទួលអំណាចហើយវិនិច្ឆ័យចៀមនិងពពែ
-
លោកយេស៊ូលើកឧទាហរណ៍អំពីចៀមនិងពពែ
នៅលើភ្នំដើមអូលីវ លោកយេស៊ូទើបតែបានលើកឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ១០នាក់និងឧទាហរណ៍អំពីថាលិន។ ដូច្នេះ តើលោកបញ្ចប់ការឆ្លើយតបយ៉ាងណាចំពោះសំណួររបស់ពួកសាវ័កស្តីអំពីវត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ? លោកធ្វើដូច្នេះ ដោយលើកឧទាហរណ៍មួយចុងក្រោយគឺអំពីចៀមនិងពពែ។
លោកយេស៊ូចាប់ផ្ដើមរៀបរាប់ថា៖ «ពេលដែលកូនមនុស្សមកប្រកបដោយសិរីរុងរឿង ហើយមានទេវតាទាំងឡាយមកជាមួយដែរ នោះលោកនឹងអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក»។ (ម៉ាថាយ ២៥:៣១) លោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់ថា លោកជាបុគ្គលដ៏សំខាន់ក្នុងឧទាហរណ៍នេះ។ ជារឿយៗ លោកហៅខ្លួនលោកថាជា«កូនមនុស្ស»។—ម៉ាថាយ ៨:២០; ៩:៦; ២០:១៨, ២៨
តើឧទាហរណ៍នេះនឹងកើតឡើងនៅពេលណា? គឺនៅពេលដែលលោកយេស៊ូ«មកប្រកបដោយសិរីរុងរឿង»ជាមួយនឹងបណ្ដាទេវតា ហើយលោកនឹងអង្គុយលើ«បល្ល័ង្កដ៏រុងរឿងរបស់លោក»។ ម្យ៉ាងទៀត លោកធ្លាប់មានប្រសាសន៍រួចហើយថា៖ «កូនមនុស្សមកលើពពកនៅលើមេឃដោយមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ»ជាមួយនឹងបណ្ដាទេវតារបស់លោក។ តើកូនមនុស្សនឹងមកនៅពេលណា? គឺ«បន្ទាប់ពីទុក្ខវេទនានៅគ្រានោះភ្លាម»។ (ម៉ាថាយ ២៤:២៩-៣១; ម៉ាកុស ១៣:២៦, ២៧; លូកា ២១:២៧) ដូច្នេះ ឧទាហរណ៍នេះនឹងកើតឡើងនៅពេលដែលលោកយេស៊ូមកប្រកបដោយសិរីរុងរឿងនាពេលអនាគត។ នៅពេលនោះ តើលោកនឹងធ្វើអ្វី?
លោកយេស៊ូពន្យល់ថា៖ «ពេលដែលកូនមនុស្សមក . . . ប្រជាជាតិទាំងឡាយនឹងត្រូវប្រមូលមកនៅមុខលោក រួចលោកនឹងញែកមនុស្សចេញពីគ្នា ដូចគង្វាលម្នាក់ញែកចៀមចេញពីពពែ។ លោកនឹងដាក់ចៀមនៅខាងស្ដាំដៃ តែពពែនៅខាងឆ្វេងដៃ»។—ម៉ាថាយ ២៥:៣១-៣៣
ការញែកចៀមទៅខាងស្ដាំដៃបញ្ជាក់ថាចៀមទាំងនោះទទួលការពេញចិត្តពីលោក។ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ថា៖ «រួចមក ស្តេចនឹងមានប្រសាសន៍ទៅកាន់អ្នកនៅខាងស្ដាំលោកថា៖ ‹អ្នកដែលទទួលពរពីបិតាខ្ញុំអើយ! ចូរមកទទួលរាជាណាចក្រដែលបានត្រូវរៀបចំឲ្យអ្នករាល់គ្នាតាំងពីកំណើតពិភពលោកម៉ាថាយ ២៥:៣៤) ហេតុអ្វីចៀមទទួលការពេញចិត្តពីស្តេច?
ជាមត៌កចុះ›»។ (ស្តេចពន្យល់ថា៖ «កាលខ្ញុំឃ្លាន អ្នករាល់គ្នាបានឲ្យខ្ញុំបរិភោគ កាលខ្ញុំស្រេក អ្នករាល់គ្នាបានឲ្យខ្ញុំផឹក កាលអ្នករាល់គ្នាមិនធ្លាប់ស្គាល់ខ្ញុំ អ្នករាល់គ្នាបានទទួលខ្ញុំយ៉ាងរាក់ទាក់ កាលខ្ញុំគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានឲ្យសម្លៀកបំពាក់ដល់ខ្ញុំ កាលខ្ញុំឈឺ អ្នករាល់គ្នាបានថែទាំខ្ញុំ ហើយកាលខ្ញុំជាប់គុក អ្នករាល់គ្នាបានមកឯខ្ញុំ»។ នៅពេលដែលចៀមទាំងនេះ ឬ«មនុស្សសុចរិត»សួរថាតាមរបៀបណាពួកគេបានធ្វើកិច្ចការល្អទាំងនេះ ស្តេចមានប្រសាសន៍ទៅពួកគេថា៖ «ដោយសារអ្នករាល់គ្នាបានធ្វើការទាំងនោះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនរបស់ខ្ញុំ នោះក៏ដូចជាបានធ្វើដល់ខ្ញុំដែរ»។ (ម៉ាថាយ ២៥:៣៥, ៣៦, ៤០, ៤៦) ពួកគេមិនបានធ្វើការល្អទាំងនេះនៅស្ថានសួគ៌ទេ ពីព្រោះនៅទីនោះគ្មានអ្នកដែលឈឺ ឬស្រេកឃ្លានឡើយ។ ដូច្នេះ ពួកគេប្រាកដជាបានធ្វើការល្អទាំងនេះចំពោះបងប្អូនរបស់គ្រិស្តនៅផែនដី។
ចុះយ៉ាងណាវិញពពែដែលបានត្រូវញែកទៅខាងឆ្វេងដៃ? លោកយេស៊ូមានប្រសាសន៍ថា៖ «បន្ទាប់មក លោក[ស្តេច]នឹងមានប្រសាសន៍ទៅអ្នកនៅខាងឆ្វេងលោកថា៖ ‹ពួកអ្នកត្រូវបណ្ដាសាអើយ! ចូរចេញពីខ្ញុំទៅ ហើយទៅក្នុងភ្លើងដែលឆេះជារៀងរហូត ដែលបានត្រូវបម្រុងទុកសម្រាប់មេកំណាចនិងបណ្ដាទេវតារបស់វា។ ព្រោះខ្ញុំបានឃ្លាន តែអ្នករាល់គ្នាមិនបានឲ្យខ្ញុំបរិភោគទេ ខ្ញុំបានស្រេក តែអ្នករាល់គ្នាក៏មិនបានឲ្យខ្ញុំផឹកដែរ។ កាលអ្នករាល់គ្នាមិនធ្លាប់ស្គាល់ខ្ញុំ អ្នកមិនបានទទួលខ្ញុំយ៉ាងរាក់ទាក់ឡើយ។ កាលខ្ញុំគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាមិនបានឲ្យសម្លៀកបំពាក់ដល់ខ្ញុំទេ ខ្ញុំបានឈឺហើយជាប់គុក តែអ្នករាល់គ្នាមិនបានថែទាំខ្ញុំឡើយ›»។ (ម៉ាថាយ ២៥:៤១-៤៣) ការវិនិច្ឆ័យនេះពិតជាសមត្រឹមត្រូវមែន ពីព្រោះមនុស្សដែលប្រៀបដូចជាពពែមិនបានប្រព្រឹត្តល្អចំពោះបងប្អូនរបស់គ្រិស្តនៅផែនដី ដូចអ្វីដែលពួកគេត្រូវធ្វើឡើយ។
ពួកសាវ័កយល់ថាការសម្រេចសេចក្ដីក្នុងការវិនិច្ឆ័យនេះនឹងមិនផ្លាស់ប្ដូរឡើយ តែនឹងនៅស្ថិតស្ថេរជារៀងរហូតវិញ។ ហេតុអ្វីពួកគាត់ដឹងដូច្នេះ? ពីព្រោះលោកយេស៊ូប្រាប់ពួកគាត់ថា៖ «ហើយលោក[ស្តេច]នឹងឆ្លើយដោយពោលពាក្យថា៖ ‹ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ដោយសារអ្នករាល់គ្នាមិនបានធ្វើការទាំងនោះដល់អ្នកតូចណាម្នាក់ក្នុងចំណោមអ្នកទាំងនេះ នោះក៏ដូចជាមិនបានធ្វើដល់ខ្ញុំដែរ›។ ហើយអ្នកទាំងនោះនឹងទទួលសេចក្ដីស្លាប់ជារៀងរហូត តែមនុស្សសុចរិតនឹងបានជីវិតដែលគ្មានទីបញ្ចប់»។—ម៉ាថាយ ២៥:៤៥, ៤៦
ការឆ្លើយតបរបស់លោកយេស៊ូធ្វើឲ្យពួកអ្នកកាន់តាមលោកមានអ្វីជាច្រើនដែលត្រូវគិត ហើយក៏ជួយពួកគាត់ឲ្យពិចារណាអំពីចិត្តគំនិតនិងការប្រព្រឹត្តរបស់ពួកគាត់ដែរ។