លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៨១

តើលោកយេស៊ូនិងបិតាគឺតែមួយក្នុងន័យអ្វី?

តើលោកយេស៊ូនិងបិតាគឺតែមួយក្នុងន័យអ្វី?

យ៉ូហាន ១០:២២​-​៤២

  • ​«​ខ្ញុំ​និង​បិតា​នៅ​ស្ថាន​សួគ៌​គឺ​តែ​មួយ​»​

  • លោក​យេស៊ូ​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​លោក​តាំង​ខ្លួន​ជា​ព្រះ

លោក​យេស៊ូ​បាន​មក​ក្រុង​យេរូសាឡិម​ដើម្បី​ចូល​រួម​បុណ្យ​ឧទ្ទិស (​ឬ​ឆានូកា​)។ ពិធី​បុណ្យ​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ការ​សម្ពោធ​វិហារ​ម្ដង​ទៀត។ ជាង​មួយ​សតវត្សរ៍​មុន ស្តេច​សាសន៍​ស៊ីរី​ឈ្មោះ​អាន់ទីយ៉ូកឹស​ទី​៤​អេភីផាន​បាន​សង់​ទី​បូជា​លើ​ទី​បូជា​ធំ​ក្នុង​វិហារ​របស់​ព្រះ។ ប៉ុន្តែ​ក្រោយ​មក ពួក​កូន​ប្រុស​របស់​សង្ឃ​ជន​ជាតិ​យូដា​ម្នាក់​បាន​ចាប់​យក​ក្រុង​យេរូសាឡិម​វិញ។ រួច​មក ពួក​គេ​សម្ពោធ​វិហារ​នោះ​ម្ដង​ទៀត ហើយ​ប្រគល់​ជូន​ព្រះ​យេហូវ៉ា។ ចាប់​តាំង​ពី​ពេល​នោះ​មក បុណ្យ​ឧទ្ទិស​បាន​ត្រូវ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​២៥ ខែ​គីស្លេវ។ ខែ​នោះ​គឺ​នៅ​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែ​ធ្នូ។

ឥឡូវ​នេះ​គឺ​ជា​រដូវ​រងា។ កាល​ដែល​លោក​យេស៊ូ​កំពុង​ដើរ​ក្នុង​វិហារ​នា​ល្វែង​សាឡូម៉ូន នោះ​ជន​ជាតិ​យូដា​មក​ចោម​ព័ទ្ធ​លោក ហើយ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​តើ​អ្នក​នឹង​ទុក​ឲ្យ​យើង​ឆ្ងល់​ដល់​ណា​ទៀត? ប្រសិន​បើ​អ្នក​ជា​គ្រិស្ត សូម​ប្រាប់​យើង​ឲ្យ​ត្រង់​មក​»។ (​យ៉ូហាន ១០:២២​-​២៤​) តើ​លោក​យេស៊ូ​នឹង​ឆ្លើយ​តប​យ៉ាង​ណា? លោក​តប​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ប៉ុន្តែ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ជឿ​»។ លោក​យេស៊ូ​មិន​បាន​ប្រាប់​ពួក​គេ​ត្រង់​ៗ​ថា​លោក​ជា​គ្រិស្ត ដូច​ដែល​លោក​បាន​ប្រាប់​ស្ត្រីជន​ជាតិ​សាម៉ារី​នៅ​ឯ​អណ្ដូង​ទឹក​នោះ​ទេ។ (​យ៉ូហាន ៤:២៥, ២៦​) ក៏​ប៉ុន្តែ លោក​បាន​បង្ហាញ​អត្តសញ្ញាណ​របស់​លោក​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា មុន​អាប្រាហាំ​កើត​មក មាន​ខ្ញុំ​ហើយ​»។—យ៉ូហាន ៨:៥៨

លោក​យេស៊ូ​ចង់​ឲ្យ​បណ្ដា​ជន​សន្និដ្ឋាន​ដោយ​ខ្លួន​ឯង​ថា​លោក​ជា​គ្រិស្ត ដោយ​ពិចារណា​អំពី​កិច្ច​ការ​ដែល​លោក​បាន​ធ្វើ ហើយ​ប្រៀប​ធៀប​ជា​មួយ​នឹង​ទំនាយ​ដែល​បាន​ចែង​ក្នុង​បណ្ដាំ​របស់​ព្រះ​ស្តី​អំពី​កិច្ច​ការ​របស់​គ្រិស្ត។ នេះ​ជា​មូលហេតុ​ដែល​នៅ​ពេល​ខ្លះ លោក​បង្គាប់​អ្នក​កាន់​តាម​លោក​មិន​ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​ថា​លោក​ជា​មេស្ស៊ី។ ប៉ុន្តែ ឥឡូវ​នេះ​លោក​ប្រាប់​យ៉ាង​ត្រង់​ៗ​ដល់​ជន​ជាតិ​យូដា​ដែល​ប្រឆាំង​នឹង​លោក​ថា​៖ ​«​ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ​ក្នុង​នាម​បិតា​របស់​ខ្ញុំ នោះ​បញ្ជាក់​អំពី​ខ្ញុំ។ ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ជឿ​»។—យ៉ូហាន ១០:២៥, ២៦

ហេតុ​អ្វី​ពួក​គេ​មិន​ជឿ​ថា​លោក​យេស៊ូ​ជា​គ្រិស្ត? លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ជឿ ព្រោះ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​ទេ។ ចៀម​របស់​ខ្ញុំ​ស្ដាប់​សំឡេង​របស់​ខ្ញុំ ខ្ញុំ​ស្គាល់​ពួក​គេ ហើយ​ពួក​គេ​មក​តាម​ខ្ញុំ។ ខ្ញុំ​ក៏​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​ពួក​គេ ហើយ​ពួក​គេ​នឹង​មិន​ដែល​ត្រូវ​បំផ្លាញ ក៏​នឹង​គ្មាន​អ្នក​ណា​ឆក់​យក​ពួក​គេ​ពី​ដៃ​ខ្ញុំ​ឡើយ។ អ្វី​ដែល​បិតា​របស់​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ គឺ​ជា​អ្វី​ដែល​មាន​តម្លៃ​ជាង​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​»។ បន្ទាប់​មក លោក​យេស៊ូ​ប្រាប់​ពួក​គេ​អំពី​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ជា​មួយ​នឹង​បិតា ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​និង​បិតា​នៅ​ស្ថាន​សួគ៌​គឺ​តែ​មួយ​»។ (​យ៉ូហាន ១០:២៦​-​៣០​) នៅ​ពេល​នោះ លោក​យេស៊ូ​នៅ​ផែន​ដី ហើយ​បិតា​លោក​នៅ​ស្ថាន​សួគ៌ ដូច្នេះ​លោក​មិន​មាន​ន័យ​ថា លោក​និង​បិតា​គឺ​តែ​មួយ​ក្នុង​ន័យ​ត្រង់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​នឹង​បិតា​គឺ​តែ​មួយ​ក្នុង​ន័យ​ថា លោក​ទាំង​ពីរ​មាន​សាមគ្គី​ភាព ហើយ​មាន​គោល​បំណង​តែ​មួយ។

ប្រសាសន៍​របស់​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​ខឹង​យ៉ាង​ខ្លាំង។ ដូច្នេះ ម្ដង​នេះ​ទៀត ពួក​គេ​រើស​ដុំ​ថ្ម​បម្រុង​គប់​លោក។ ក៏​ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​ភ័យ​ខ្លាច​ឡើយ។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​បាន​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន​ពី​បិតា​នៅ​ស្ថាន​សួគ៌។ ក្នុង​ការ​ទាំង​នោះ តើ​ការ​មួយ​ណា​ជា​ហេតុ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​គប់​ខ្ញុំ?​»។ ជន​ជាតិ​យូដា​ឆ្លើយ​ថា​៖ ​«​យើង​មិន​មែន​គប់​អ្នក​ដោយ​សារ​ការ​ល្អ​ណា​មួយ​ទេ ប៉ុន្តែ​ដោយ​សារ​អ្នក​ប្រមាថ​ព្រះ ព្រោះ​អ្នក . . . បាន​តាំង​ខ្លួន​ជា​ព្រះ​មួយ​វិញ​»។ (​យ៉ូហាន ១០:៣១​-​៣៣​) លោក​យេស៊ូ​មិន​ធ្លាប់​អះអាង​ថា​លោក​ជា​ព្រះ​ទេ។ ដូច្នេះ ហេតុ​អ្វី​ពួក​គេ​ចោទ​ប្រកាន់​លោក​បែប​នេះ?

លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​ថា​លោក​មាន​ឫទ្ធានុភាព តែ​ជន​ជាតិ​យូដា​ជឿ​ថា​មាន​តែ​ព្រះ​មួយ​គត់​ដែល​មាន​ឫទ្ធានុភាព។ ជា​ឧទាហរណ៍ ស្តី​អំពី​«​ចៀម​»​ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ក៏​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​ពួក​គេ​»។ នេះ​ជា​អ្វី​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​ឡើយ។ (​យ៉ូហាន ១០:២៨​) ប៉ុន្តែ ជន​ជាតិ​យូដា​មិន​អើពើ​នឹង​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ធ្លាប់​ប្រាប់​ពួក​គេ​ថា លោក​បាន​ទទួល​ឫទ្ធានុភាព​ពី​បិតា​របស់​លោក។

ម្ល៉ោះ​ហើយ ដើម្បី​បដិសេធ​ការ​ចោទ​ប្រកាន់​មិន​ពិត​របស់​ជន​ជាតិ​យូដា លោក​យេស៊ូ​សួរ​ពួក​គេ​ថា​៖ ​«​ច្បាប់​របស់​អ្នក​រាល់​គ្នា[​នៅ​ទំនុក​តម្កើង ៨២:៦​]ចែង​ថា​៖ ‹ខ្ញុំ​បាន​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​សុទ្ធសឹងតែ​ជា​ព្រះ​»​› មែន​ទេ? ប្រសិន​បើ​ពួក​អ្នក​ដែល​បណ្ដាំ​របស់​ព្រះ​បាន​ផ្ដន្ទា​ទោស បាន​ត្រូវ​ហៅ​ថា‹ព្រះ› . . . នោះ​តើ​អ្នក​រាល់​គ្នា​និយាយ​មក​ខ្ញុំ ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​ញែក​ជា​បរិសុទ្ធ​និង​ចាត់​ឲ្យ​ចូល​មក​ក្នុង​ពិភព​លោក​នេះ​ថា​៖ ‹អ្នក​ប្រមាថ​ព្រះ› ដោយ​សារ​ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​ជា​បុត្រ​របស់​ព្រះ​ឬ?​»។—យ៉ូហាន ១០:៣៤​-​៣៦

ពិត​ណាស់ សូម្បី​តែ​បណ្ដាំ​របស់​ព្រះ​ក៏​ហៅ​ចៅ​ក្រម​មនុស្ស​ដែល​មិន​យុត្ដិធម៌​ថា​«​ព្រះ​»​ដែរ។ ដូច្នេះ ហេតុ​អ្វី​ជន​ជាតិ​យូដា​ចាប់​កំហុស​លោក​យេស៊ូ​ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​បុត្រ​របស់ព្រះ​»​? ហេតុ​នេះ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ជឿ​ជាក់ លោក​យេស៊ូ​លើក​បញ្ជាក់​អំពី​ចំណុច​មួយ​ថា​៖ ​«​ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ​ការ​របស់​បិតា​ខ្ញុំ​ទេ នោះ​កុំ​ជឿ​ខ្ញុំ។ ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​ធ្វើ​ការ​របស់​បិតា​ខ្ញុំ​មែន ចូរ​ជឿ​ដោយ​សារ​ការ​ទាំង​នោះ ទោះ​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ក៏​ដោយ ដើម្បី​អ្នក​រាល់​គ្នា​អាច​ដឹង​ហើយ​ជឿ​រហូត​ថា បិតា​នៅ​ស្ថាន​សួគ៌​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​រួប​រួម​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌​ដែរ​»។—យ៉ូហាន ១០:៣៧, ៣៨

ពេល​ជន​ជាតិ​យូដា​ឮ​ដូច្នេះ នោះ​ពួក​គេ​ខំ​ចាប់​លោក​យេស៊ូ តែ​លោក​បាន​គេច​ផុត​ពី​ពួក​គេ​ម្ដង​ទៀត។ រួច​មក លោក​បាន​ចេញ​ពី​ក្រុង​យេរូសាឡិម ហើយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទន្លេ​យ៉ូដាន់ ឆ្ពោះ​ទៅ​ត្រើយ​ម្ខាង​ទៀត​ជា​កន្លែង​ដែល​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​គេ​ជិត​បួន​ឆ្នាំ​មុន។ តាម​មើល​ទៅ កន្លែង​នេះ​គឺ​មិន​សូវ​ឆ្ងាយ​ប៉ុន្មាន​ពី​ភាគ​ខាង​ត្បូង​នៃ​ចុង​សមុទ្រ​កាលីឡេ​ទេ។

នៅ​ទី​នោះ មនុស្ស​ជា​ច្រើន​បាន​ទៅ​ឯ​លោក​យេស៊ូ ហើយ​ក៏​តាំង​និយាយ​ថា​៖ ​«​ពិត​មែន​តែ​យ៉ូហាន​មិន​បាន​ធ្វើ​សញ្ញា​សម្គាល់​ណា​មួយ ប៉ុន្តែ​អ្វី​ៗ​ទាំង​ប៉ុន្មាន​ដែល​យ៉ូហាន​បាន​និយាយ​អំពី​បុរស​ម្នាក់​នេះ​គឺ​ពិត​ទាំង​អស់​»។ (​យ៉ូហាន ១០:៤១​) ដូច្នេះ ជន​ជាតិ​យូដា​ជា​ច្រើន​ចាប់​ផ្ដើម​ជឿ​លើ​លោក​យេស៊ូ។