ជំពូកទី២១
នៅសាលាប្រជុំក្រុងណាសារ៉ែត
-
លោកយេស៊ូអានរមូរអេសាយ
-
បណ្ដាជននៅក្រុងណាសារ៉ែតប៉ុនប៉ងសម្លាប់លោកយេស៊ូ
ពេលលោកយេស៊ូត្រឡប់មកក្រុងណាសារ៉ែតវិញ មនុស្សនៅទីនោះច្បាស់ជារំភើបចិត្តណាស់។ ជាងមួយឆ្នាំមុន លោកយេស៊ូជាជាងឈើនៅក្រុងនេះ មុនពេលដែលលោកបានទៅជួបយ៉ូហានដើម្បីទទួលការជ្រមុជទឹក។ ប៉ុន្តែ ឥឡូវនេះលោកបានត្រូវគេស្គាល់ថាជាអ្នកដែលធ្វើការអស្ចារ្យ។ ដូច្នេះ អ្នកនៅក្នុងក្រុងនោះពិតជាចង់ឃើញលោកធ្វើការអស្ចារ្យខ្លះនៅចំពោះមុខពួកគេ។
ពួកគេកាន់តែរំភើបចិត្ត ហើយមានសង្ឃឹមកាន់តែខ្លាំងឡើងៗ កាលដែលឃើញលោកយេស៊ូទៅសាលាប្រជុំតាមទម្លាប់។ នៅសាលាប្រជុំនានា«រាល់ថ្ងៃឈប់សម្រាក»មានការអធិដ្ឋាននិងការអានពីសៀវភៅម៉ូសេ។ (សកម្មភាព ១៥:២១) ម្យ៉ាងទៀត ផ្នែកខ្លះក្នុងសៀវភៅទំនាយក៏បានត្រូវអានដែរ។ ពេលលោកយេស៊ូក្រោកឈរអាន លោកទំនងជានៅចាំមុខមនុស្សជាច្រើនដែលធ្លាប់ចូលរួមសាលាប្រជុំនេះ ដោយសារលោកបានចូលរួមអស់ច្រើនឆ្នាំហើយ។ អ្នកបម្រើការនៅសាលាប្រជុំបានឲ្យរមូររបស់អ្នកប្រកាសទំនាយអេសាយដល់លោក។ លោកបានរកឃើញកន្លែងដែលរៀបរាប់អំពីអ្នកដែលព្រះយេហូវ៉ាបានរើសតាំងដោយសកម្មពលបរិសុទ្ធ។ នៅសព្វថ្ងៃនេះយើងអាចរកឃើញខទាំងនោះក្នុងបទគម្ពីរអេសាយ ៦១:១, ២។
លោកយេស៊ូបានអានអំពីបុគ្គលដែលបានត្រូវប្រកាសទុកជាមុនថា បុគ្គលនោះនឹងប្រាប់អ្នកដែលជាប់ជាឈ្លើយអំពីការដោះលែង ប្រាប់អ្នកដែលងងឹតភ្នែកអំពីការមើលឃើញឡើងវិញ និងអំពីឆ្នាំដែលព្រះយេហូវ៉ាពេញចិត្ត។ លោកយេស៊ូបានឲ្យរមូរនោះទៅអ្នកបម្រើការវិញ ហើយអង្គុយចុះ ពេលនោះមនុស្សទាំងអស់សម្លឹងមើលលោក។ រួចមក លោកមានប្រសាសន៍បន្ត ហើយបន្ថែមពាក្យដ៏សំខាន់នេះថា៖ «បទគម្ពីរដែលអ្នកទើបតែស្ដាប់ បានសម្រេចនៅថ្ងៃនេះ»។—លូកា ៤:២១
បណ្ដាជននឹកអស្ចារ្យក្នុងចិត្តដោយសារ«សម្ដីពីរោះដែលចេញពីមាត់លោក» ហើយពួកគេនិយាយគ្នាថា៖ «អ្នកនេះជាកូនម្នាក់របស់យ៉ូសែប មែនទេ?»។ ប៉ុន្តែ លោកយេស៊ូដឹងថាពួកគេចង់ឃើញលោកធ្វើការអស្ចារ្យដូចដែលពួកគេបានឮ ដូច្នេះលោកមានប្រសាសន៍បន្តថា៖ «អ្នករាល់គ្នាច្បាស់ជានឹងនិយាយពាក្យនេះដាក់ខ្ញុំថា៖ ‹គ្រូពេទ្យ ចូរធ្វើឲ្យខ្លួនអ្នកបានជាសះស្បើយ› ហើយនិយាយថា៖ ‹អ្វីៗដែលយើងបានឮថាកើតឡើងនៅក្រុងកាពើណិម ចូរធ្វើនៅទីនេះ គឺក្នុងស្រុកកំណើតអ្នកដែរ›»។ (លូកា ៤:២២, ២៣) ពួកអ្នកជិតខាងរបស់លោកយេស៊ូទំនងជាគិតថាការធ្វើឲ្យជា គួរតែចាប់ផ្ដើមធ្វើនៅស្រុកកំណើតជាមុនសិន ដើម្បីឲ្យអ្នកនៅស្រុករបស់ខ្លួនទទួលប្រយោជន៍។ ដូច្នេះ ពួកគេប្រហែលជាគិតថាលោកយេស៊ូមិនបានឲ្យតម្លៃចំពោះពួកគេទេ។
លោកយេស៊ូស្គាល់គំនិតរបស់ពួកគេ ម្ល៉ោះហើយលោកក៏លើកឡើងនូវព្រឹត្ដិការណ៍ខ្លះក្នុងប្រវត្ដិសាស្ត្រជនជាតិអ៊ីស្រាអែល។ លោកលើកឡើងថា នៅសម័យអេលីយ៉ា មានស្ត្រីមេម៉ាយជាច្រើននៅស្រុកអ៊ីស្រាអែល ប៉ុន្តែអេលីយ៉ាមិនបានត្រូវចាត់ឲ្យទៅជួបពួកគេណាម្នាក់ទេ។ ផ្ទុយទៅវិញ គាត់បានទៅជួបស្ត្រីមេម៉ាយម្នាក់ដែលមិនមែនជាជនជាតិអ៊ីស្រាអែល នៅក្រុងសេរ៉ាផាតជិតក្រុងស៊ីដូន ហើយនៅទីនោះអេលីយ៉ាបានធ្វើអព្ភូតហេតុដើម្បីជួយសង្គ្រោះជីវិតស្ត្រីនោះនិងកូនរបស់គាត់។ (ពង្សាវតារក្សត្រទី១ ១៧:៨-១៦) ម្យ៉ាងទៀត នៅសម័យអេលីសេ មានអ្នកកើតជំងឺឃ្លង់ជាច្រើននៅស្រុកអ៊ីស្រាអែល តែអ្នកប្រកាសទំនាយនេះបានធ្វើឲ្យណាម៉ានតែម្នាក់គត់ដែលជាជនជាតិស៊ីរីជាសះស្បើយ។—ពង្សាវតារក្សត្រទី២ ៥:១, ៨-១៤
ក្រោយពីពួកគេឮលោកយេស៊ូមានប្រសាសន៍ដូច្នេះ ពួកគេប្រហែលជាគិតថា លោកយេស៊ូកំពុងនិយាយសំដៅមកលើពួកគេ ហើយថាលោកយេស៊ូកំពុងបកអាក្រាតចិត្តគំនិតដែលគិតតែពីប្រយោជន៍ខ្លួននិងការខ្វះជំនឿរបស់ពួកគេ។ ដូច្នេះ តើពួកគេមានប្រតិកម្មយ៉ាងណា? ពួកអ្នកនៅក្នុងសាលាប្រជុំចាប់ផ្ដើមខឹង ហើយក្រោកឡើងចាប់ទាញលោកយេស៊ូចេញពីក្រុង។ ពួកគេយកលោកទៅចំណោតភ្នំក្រុងណាសារ៉ែត ហើយប៉ុនប៉ងបោះទម្លាក់លោកទៅក្រោម។ ប៉ុន្តែ លោកយេស៊ូបានគេចរួចពីពួកគេ ហើយចេញទៅដោយសុវត្ថិភាព។ ឥឡូវ លោកយេស៊ូកំពុងធ្វើដំណើរទៅក្រុងកាពើណិមដែលនៅភាគខាងជើងឆៀងខាងលិចនៃឆ្នេរសមុទ្រកាលីឡេ។