ជំពូកទី៤៦
ជាដោយគ្រាន់តែពាល់សម្លៀកបំពាក់លោកយេស៊ូ
ម៉ាថាយ ៩:១៨-២២ ម៉ាកុស ៥:២១-៣៤ លូកា ៨:៤០-៤៨
-
ស្ត្រីម្នាក់បានជាដោយពាល់សម្លៀកបំពាក់លោកយេស៊ូ
ដំណឹងអំពីលោកយេស៊ូត្រឡប់មកពីតំបន់ដេកាប៉ូលវិញ បានឮដល់ជនជាតិយូដាដែលរស់នៅឆ្នេរខាងជើងឆៀងខាងលិចនៃសមុទ្រកាលីឡេ។ មនុស្សជាច្រើនទំនងជាបានឮអំពីការអស្ចារ្យរបស់លោកដែលបានធ្វើឲ្យខ្យល់និងសមុទ្រស្ងប់វិញនាពេលមុននោះ ហើយអ្នកខ្លះទៀតប្រហែលជាដឹងថាលោកបានបណ្ដេញវិញ្ញាណកំណាចចេញពីបុរសម្នាក់ផងដែរ។ ដូច្នេះ «មនុស្សមួយក្រុមធំ»បានមូលគ្នានៅឆ្នេរសមុទ្រ ដែលទំនងជាស្ថិតក្នុងតំបន់កាពើណិម ដើម្បីស្វាគមន៍លោក។ (ម៉ាកុស ៥:២១) ពេលលោកយេស៊ូឡើងពីទូក បណ្ដាជនបានរំភើបចិត្តជាខ្លាំង ដោយសារពួកគេកំពុងរង់ចាំទទួលលោក។
ក្នុងចំណោមក្រុមមនុស្សនោះ មានបុរសម្នាក់ដែលចង់ជួបលោកយេស៊ូខ្លាំងណាស់។ គាត់ឈ្មោះយ៉ែរ៉ូស ជាអ្នកទទួលខុសត្រូវសាលាប្រជុំមួយ ដែលប្រហែលជានៅក្នុងក្រុងកាពើណិម។ ពេលគាត់ឃើញលោកយេស៊ូមកដល់ គាត់ក៏លំឱនកាយពីមុខលោក ហើយបានអង្វរលោកជាច្រើនដងថា៖ «កូនស្រីរបស់ខ្ញុំឈឺធ្ងន់ណាស់។ សូមលោកអញ្ជើញមកដាក់ដៃលើនាង ដើម្បីឲ្យនាងបានជាឡើងវិញ ហើយអាចរស់បាន»។ (ម៉ាកុស ៥:២៣) យ៉ែរ៉ូសមានកូនស្រីតែមួយគត់ អាយុប្រហែលជា១២ឆ្នាំ ហើយគាត់ស្រឡាញ់កូននោះខ្លាំងណាស់ ដូច្នេះតើលោកយេស៊ូនឹងធ្វើយ៉ាងណាចំពោះការអង្វរសុំរបស់គាត់?—លូកា ៨:៤២
លោកបានធ្វើតាមការអង្វរសុំរបស់យ៉ែរ៉ូស ដោយធ្វើដំណើរទៅផ្ទះរបស់គាត់ មនុស្សជាច្រើនដែលធ្វើដំណើរជាមួយនឹងលោកមានចិត្តរំភើប ហើយសង្ឃឹមថាពួកគេអាចមើលឃើញលោកធ្វើអព្ភូតហេតុមួយទៀត។ ប៉ុន្តែ ក្នុងចំណោមនោះមានស្ត្រីជនជាតិយូដាម្នាក់ដែលមិនបានគិតអំពីរឿងទាំងនោះទេ នាងគិតតែអំពីជំងឺរបស់នាងវិញ។ រឿងរបស់ស្ត្រីនោះបានធ្វើឲ្យលោកក្ដួលចិត្តជាខ្លាំង។ ហេតុអ្វី?
ស្ត្រីជនជាតិយូដានេះបានរងទុក្ខអស់១២ឆ្នាំហើយ ដោយសារមានជំងឺធ្លាក់ឈាម។ នាងបានទទួលការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយនាងក៏បានចំណាយធនធានខ្លួនអស់រលីង តែមិនបានទទួលប្រយោជន៍អ្វីសោះ ផ្ទុយទៅវិញនាំឲ្យជំងឺរបស់នាង«កាន់តែធ្ងន់»។—ម៉ាកុស ៥:២៦
អ្នកអាចយល់ថាជំងឺរបស់នាងមិនគ្រាន់តែធ្វើឲ្យសុខភាពនាងចុះខ្សោយប៉ុណ្ណោះទេ តែក៏ធ្វើឲ្យនាងអាម៉ាស់មុខដែរ។ ហេតុអ្វី? តាមធម្មតាអ្នកដែលមានជំងឺនោះមិនប្រាប់ជាសាធារណៈអំពីជំងឺរបស់ខ្លួនឡើយ។ បន្ថែមទៅទៀត តាមច្បាប់ម៉ូសេស្ត្រីដែលមករដូវ បានត្រូវចាត់ទុកថាមិនស្អាត។ បើអ្នកណាម្នាក់ពាល់នាង ឬសម្លៀកបំពាក់ដែលនាងពាក់ក្នុងពេលមានរដូវ អ្នកនោះត្រូវសម្អាតខ្លួន ហើយបោកសម្លៀកបំពាក់ ព្រមទាំងនៅមិនស្អាតរហូតដល់ល្ងាច។—លេវីវិន័យ ១៥:២៥-២៧
ស្ត្រីនេះបាន«ឮអ្វីដែលមនុស្សនិយាយអំពីលោកយេស៊ូ» ដូច្នេះឥឡូវនាងក៏ទៅរកលោក។ ដោយសារនាងមានជំងឺនោះ នាងបានបន្លំចូលក្នុងក្រុមមនុស្ស ហើយពោលក្នុងចិត្តថា៖ «បើខ្ញុំគ្រាន់តែពាល់សម្លៀកបំពាក់ក្រៅរបស់លោក នោះខ្ញុំនឹងជា»។ ពេលនាងពាល់សម្លៀកបំពាក់ក្រៅរបស់លោក រំពេចនោះ នាងឈប់ធ្លាក់ឈាម! រួចនាងមានអារម្មណ៍ថា ‹បានជាសះស្បើយពីជំងឺដែលបានធ្វើឲ្យនាងរងទុក្ខ›។—ម៉ាកុស ៥:២៧-២៩
បន្ទាប់មក លោកយេស៊ូសួរថា៖ «តើអ្នកណាបានពាល់ខ្ញុំ?»។ ពេលបានឮដូច្នេះ តើអ្នកគិតថាស្ត្រីនោះមានអារម្មណ៍យ៉ាងណា? ពេលនោះពេត្រុសឆ្លើយ ដោយហាក់ដូចជាចង់បន្ទោសលោកយេស៊ូថា៖ «លោកគ្រូ បណ្ដាជនកំពុងព័ទ្ធជុំវិញហើយប្រជ្រៀតលោក»។ បើដូច្នេះ ហេតុអ្វីលោកយេស៊ូសួរថា«អ្នកណាបានពាល់ខ្ញុំ»? រួចលោកពន្យល់ថា«មានអ្នកណាម្នាក់ពាល់ខ្ញុំព្រោះខ្ញុំដឹងខ្លួនថាមានឫទ្ធានុភាពចេញពីខ្ញុំទៅ»។—លូកា ៨:៤៥, ៤៦
កាលស្ត្រីនោះឃើញថា លោកបានកត់សម្គាល់អ្វីដែលនាងបានធ្វើ នោះនាងបានមកទាំងញាប់ញ័រ ហើយក្រាបនៅមុខលោក ក៏រៀបរាប់នៅមុខមនុស្សទាំងអស់អំពីជំងឺរបស់នាង និងរបៀបដែលនាងបានជាសះស្បើយក្នុងមួយរំពេច។ ដោយចិត្តសប្បុរស លោកយេស៊ូសម្រាលទុក្ខនាងដោយមានប្រសាសន៍ថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខចុះ ហើយសូមឲ្យនាងបានជាសះស្បើយពីជំងឺដែលបានធ្វើឲ្យរងទុក្ខ»។—ម៉ាកុស ៥:៣៤
នេះបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលដែលព្រះបានជ្រើសរើសឲ្យគ្រប់គ្រងជាស្តេចមកលើផែនដី គឺជាបុគ្គលដែលមានសេចក្ដីអាណិតមេត្ដា កក់ក្ដៅ និងដែលយកចិត្តទុកដាក់ចំពោះមនុស្ស ថែមទាំងមានឫទ្ធានុភាពជួយពួកគេផងដែរ!