ភាគទី៧
តើលោកយេស៊ូជាអ្នកណា?
ព្រះយេហូវ៉ាបានចាត់លោកយេស៊ូឲ្យមកផែនដី។ យ៉ូហានទី១ ៤:៩
បើយើងចង់ឲ្យព្រះយេហូវ៉ាពេញចិត្តនឹងយើង នោះយើងត្រូវស្ដាប់បុគ្គលសំខាន់មួយទៀត។ ជាយូរមុននឹងព្រះយេហូវ៉ាបង្កើតអាដាម លោកបានបង្កើតបុគ្គលវិញ្ញាណខ្លាំងក្លាមួយរូបនៅស្ថានសួគ៌។
ក្រោយមក ព្រះយេហូវ៉ាបានចាត់បុគ្គលនោះឲ្យកើតនៅក្រុងបេថ្លេហិមជាកូនរបស់ក្រមុំបរិសុទ្ធម្នាក់ឈ្មោះម៉ារៀ។ នាងដាក់ឈ្មោះកូននោះថា យេស៊ូ។—យ៉ូហាន ៦:៣៨
កាលដែលលោកយេស៊ូជាមនុស្សនៅផែនដី លោកបានបង្ហាញគុណសម្បត្តិដូចព្រះយ៉ាងល្អឥតខ្ចោះ។ លោកយេស៊ូសប្បុរស បង្ហាញសេចក្ដីស្រឡាញ់ ហើយស្រួលទាក់ទង។ លោកបានបង្រៀនសេចក្ដីពិតអំពីព្រះយេហូវ៉ាដោយចិត្តក្លាហាន។
ពេត្រុសទី១ ២:២១-២៤
លោកយេស៊ូបានធ្វើអំពើល្អ តែមនុស្សបានស្អប់លោក។អ្នកដឹកនាំសាសនាបានស្អប់លោកយេស៊ូ ពីព្រោះលោកបានបង្ហាញឲ្យឃើញថាអ្វីដែលពួកគេបង្រៀនគឺមិនពិត ហើយថាការប្រព្រឹត្តរបស់ពួកគេគឺអាក្រក់។
លោកយេស៊ូក៏បានធ្វើឲ្យមនុស្សឈឺជាសះស្បើយ ហើយបានប្រោសមនុស្សស្លាប់មួយចំនួនឲ្យរស់ឡើងវិញ។
អ្នកដឹកនាំសាសនាបានបញ្ចុះបញ្ចូលជនជាតិរ៉ូម ឲ្យវាយលោកយេស៊ូ ហើយសម្លាប់លោក។