សំណួរពីយុវវ័យ
តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីយកឈ្នះការអៀនខ្មាស?
ចំណុចមិនល្អ៖ ការអៀនខ្មាសអាចរារាំងប្អូនពីការរាប់អានមិត្តភក្តិនិងមានបទពិសោធន៍ល្អៗ។
ចំណុចល្អ៖ ការអៀនខ្មាសមិនតែងតែអាក្រក់ទេ។ អារម្មណ៍នេះអាចជួយប្អូនឲ្យគិតពិចារណាមុននឹងនិយាយ ហើយអាចជួយឲ្យចេះសង្កេតមើលនិងចេះស្ដាប់យ៉ាងយកចិត្តទុកដាក់។
ចំណុចគួរដឹង៖ ការអៀនខ្មាសមិនមែនជាលក្ខណៈដែលមានរហូតទេ ដូច្នេះប្អូនអាចគ្រប់គ្រងអារម្មណ៍នោះបាន។ អត្ថបទនេះនឹងបង្ហាញប្អូនអំពីរបៀបគ្រប់គ្រងអារម្មណ៍នោះ។
ស្គាល់អ្វីដែលប្អូនខ្លាច
ការអៀនខ្មាសអាចធ្វើឲ្យប្អូនខ្លាចពេលដែលប្អូនដឹងថាប្អូនត្រូវនិយាយទល់មុខនឹងអ្នកណាម្នាក់។ ជាលទ្ធផល ប្អូនប្រហែលជាផ្ដាច់ខ្លួនពីអ្នកឯទៀត ប្រៀបដូចជាប្អូននៅម្នាក់ឯងក្នុងបន្ទប់ងងឹត។ នោះគួរឲ្យខ្លាចណាស់។ ប៉ុន្តែ បើប្អូនស្គាល់អ្វីដែលប្អូនខ្លាច ប្រហែលប្អូនឃើញថានោះមិនគួរឲ្យខ្លាចដូចប្អូនគិតទេ។ សូមពិចារណាឧទាហរណ៍បី។
ការខ្លាច ទី១: «ខ្ញុំមិនដឹងថាត្រូវនិយាយអំពីអ្វីទេ»។
ការពិត៖ អ្នកឯទៀតប្រហែលជាមិនសូវចាំអ្វីដែលប្អូននិយាយទេ តែពួកគេចាំទង្វើរបស់ប្អូនចំពោះពួកគេ។ ប្អូនអាចគ្រប់គ្រងការខ្លាចរបស់ប្អូនដោយរៀនឲ្យចេះស្ដាប់ច្រើនជាង គឺដោយយកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្វីដែលអ្នកឯទៀតនិយាយ។
សូមពិចារណា៖ តើប្អូនចូលចិត្តមិត្តភក្តិបែបណា មិត្តដែលនិយាយឥតឈប់ឬមិត្តដែលពូកែស្ដាប់?
ការខ្លាច ទី២: «អ្នកឯទៀតនឹងគិតថាខ្ញុំគួរឲ្យធុញ»។
ការពិត៖ អ្នកឯទៀតនឹងមានទស្សនៈផ្សេងៗចំពោះប្អូនមិនថាប្អូនជាមនុស្សអៀនខ្មាសឬមិនអៀនខ្មាសក៏ដោយ។ ប៉ុន្តែ ប្អូនអាចគ្រប់គ្រងការខ្លាចរបស់ប្អូនបាន។ បើប្អូនបង្ហាញឲ្យពួកគេឃើញថាប្អូនជាមនុស្សបែបណា នោះពួកគេនឹងមានទស្សនៈល្អជាងចំពោះប្អូន។
សូមពិចារណា៖ បើប្អូនគិតថាគ្រប់គ្នាកំពុងគិតមិនល្អមកលើប្អូន នោះប្រហែលជាប្អូនទេដែលវិនិច្ឆ័យអ្នកឯទៀតដោយសន្និដ្ឋានថាពួកគេមិនចូលចិត្តប្អូន។
ការខ្លាច ទី៣: «ខ្ញុំនឹងខ្មាសគេបើខ្ញុំនិយាយអ្វីមួយខុស»។
ការពិត៖ រឿងនេះអាចកើតឡើងចំពោះយើងគ្រប់គ្នា។ ប្អូនអាចគ្រប់គ្រងការខ្លាចដោយចាត់ទុកការនិយាយខុស ជាឱកាសដើម្បីបង្ហាញថាប្អូនមិនគិតថាខ្លួនល្អឥតខ្ចោះទេ។
សូមពិចារណា៖ ប្អូនច្បាស់ជាសប្បាយពេលនៅជាមួយអ្នកដែលទទួលស្គាល់ថាខ្លួនមិនល្អឥតខ្ចោះ មែនទេ?
តើប្អូនដឹងទេ? អ្នកខ្លះគិតថាពួកគេមិនមែនជាមនុស្សអៀនទេ ហើយអាចមានមិត្តភក្ដិច្រើន ព្រោះពួកគេចូលចិត្តផ្ញើសារ។ ប៉ុន្តែ ដើម្បីអាចមានមិត្តភាពជាមួយបុគ្គលណាម្នាក់ ពួកគេក៏ត្រូវសន្ទនាដោយផ្ទាល់ដែរ។ លោកស្រីហ្សេរី ថឺកឺល ដែលជាអ្នកជំនាញខាងចិត្តសាស្ត្រនិងខាងបច្ចេកវិទ្យា បានសរសេរថា៖«ពេលយើងឃើញមុខនិងឮសំឡេងគ្នា នោះទើបជាការសន្ទនាពិតមែន»។ a
គម្រោងអនុវត្ត
កុំប្រៀបធៀប។ ទោះជាប្អូនជាមនុស្សអៀនខ្មាសក៏ដោយ ប្អូនមិនចាំបាច់ព្យាយាមទៅជាមនុស្សពូកែនិយាយទេ។ ផ្ទុយទៅវិញ ប្អូនអាចគ្រប់គ្រងអារម្មណ៍នោះបាន ដើម្បីកុំឲ្យវារារាំងប្អូនពីការរាប់អានមិត្តភក្តិនិងមានបទពិសោធន៍ល្អៗ។
ប្អូនអាលីស្យាបានរៀបរាប់ថា៖«ការសន្ទនាមិនចាំបាច់វែងអន្លាយទេ ហើយក៏មិនចាំបាច់ត្រូវលេចធ្លោក្នុងពិធីជប់លៀងដែរ។ យើងគ្រាន់តែណែនាំខ្លួនឲ្យអ្នកឯទៀតស្គាល់ឬសួរសំណួរធម្មតាពីរបីប៉ុណ្ណោះ»។
គោលការណ៍គម្ពីរ៖«ចូរឲ្យម្នាក់ៗពិនិត្យមើលការប្រព្រឹត្តរបស់ខ្លួន រួចគ្រប់គ្នានឹងមានហេតុត្រេកអរអំពីខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត»។—កាឡាទី ៦:៤
ចេះសង្កេត។ សូមមើលរបៀបដែលអ្នកឯទៀតសន្ទនាជាមួយគ្នា។ តើអ្វីធ្វើឲ្យការសន្ទនារបស់ពួកគេរលូន? ហើយអ្វីធ្វើឲ្យមិនរលូន? តើមានចំណុចល្អណាខ្លះដែលប្អូនអាចបណ្ដុះឲ្យមានដូចពួកគាត់?
ប្អូនអេរ៉ុនបានរៀបរាប់ថា៖«សូមសង្កេតមើលនិងរៀនតាមអ្នកដែលឆាប់មានមិត្តភក្ដិ។ សូមមើលរបៀបដែលពួកគេប្រព្រឹត្តនិងអ្វីដែលពួកគេនិយាយ ពេលពួកគេជួបនរណាម្នាក់ជាលើកដំបូង»។
គោលការណ៍គម្ពីរ៖«ដូចដែកសំលៀងដែក មិត្តភក្ដិជួយគ្នាទៅវិញទៅមកឲ្យរីកចម្រើន»។—សុភាសិត ២៧:១៧
សួរសំណួរ។ ធម្មតា មនុស្សចូលចិត្តប្រាប់ពីទស្សនៈរបស់ខ្លួនចំពោះរឿងផ្សេងៗ ដូច្នេះការសួរសំណួរគឺជាវិធីល្អដើម្បីចាប់ផ្ដើមការសន្ទនា។ ម្យ៉ាងទៀត នោះក៏ធ្វើឲ្យអ្នកឯទៀតមិនផ្ដោតអារម្មណ៍មកលើយើងខ្លាំងពេកដែរ។
ប្អូនអេឡាណឺបានរៀបរាប់ថា៖«ការគិតទុកជាមុនអំពីអ្វីដែលយើងចង់និយាយនិងចង់សួរ។ ព្រោះនោះអាចជួយយើងមិនឲ្យបារម្ភច្រើនពេក។ ជាឧទាហរណ៍ មុនចូលរួមកម្មវិធីណាមួយ យើងអាចគិតអំពីសំណួរឬរឿងមួយចំនួនដើម្បីនិយាយ។ ការធ្វើដូចនោះនឹងជួយយើងមិនតានតឹងពេកពេលជួបមនុស្សថ្មី»។
គោលការណ៍គម្ពីរ៖«ចូរបន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតតែអំពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះទេ»។—ភីលីព ២:៤
a ពីសៀវភៅReclaiming Conversation។