តើអ្វីធ្វើឲ្យជីវិតមានន័យខ្លឹមសារ?
ចម្លើយពីគម្ពីរ
យើងប្រហែលជាមានចម្ងល់អំពីអត្ថន័យនៃជីវិត ហើយចង់ដឹងថា ហេតុអ្វីមនុស្សកើតមក? ឬតើជីវិតមានគោលបំណងអ្វី? គម្ពីរប្រាប់ថាជីវិតយើងមានគោលបំណង គោលបំណងនោះគឺការកសាងមិត្តភាពជាមួយនឹងព្រះ។ សូមពិចារណាសេចក្ដីពិតជាមូលដ្ឋានខ្លះក្នុងគម្ពីរ៖
ព្រះជាអ្នកបង្កើត។ គម្ពីរចែងថា៖«[ព្រះ]ជាអ្នកបង្កើតយើង ហើយយើងជារបស់លោក»។—ចម្រៀងសរសើរព្រះ ១០០:៣; ការបើកបង្ហាញ ៤:១១
ព្រះបានបង្កើតអ្វីៗទាំងអស់ដោយមានគោលបំណង នេះរួមបញ្ចូលទាំងគោលបំណងសម្រាប់មនុស្សផងដែរ។—អេសាយ ៤៥:១៨
ព្រះបានបង្កើតមនុស្សឲ្យមានការ‹ស្រេកឃ្លានចំពោះការណែនាំពីលោក› ដែលរួមបញ្ចូលនូវការចង់ដឹងអំពីអត្ថន័យនៃជីវិត។ (ម៉ាថាយ ៥:៣) លោកចង់ឲ្យយើងធ្វើតាមការចង់ដឹងនោះ។—ចម្រៀងសរសើរព្រះ ១៤៥:១៦
យើងអាចបំពេញនូវការស្រេកឃ្លានចំពោះការណែនាំពីព្រះ ដោយបង្កើតមិត្តភាពជាមួយនឹងលោក។ ចំពោះអ្នកខ្លះ ការមានមិត្តភាពជាមួយនឹងព្រះ ស្ដាប់ទៅគឺមិនអាចទៅរួចទេ។ ប៉ុន្តែ គម្ពីរលើកទឹកចិត្តយើងថា៖«ចូរចូលទៅជិតព្រះ នោះលោកនឹងចូលមកជិតអ្នករាល់គ្នា»។—យ៉ាកុប ៤:៨; ២:២៣
ដើម្បីធ្វើជាមិត្តរបស់ព្រះ យើងត្រូវរស់នៅស្របតាមគោលបំណងរបស់លោក។ តើលោកមានគោលបំណងអ្វី? ក្នុងគម្ពីរនៅសៀវភៅអ្នកទូន្មាន ១២:១៣ ចែងថា៖«ចូរគោរពកោតខ្លាចព្រះពិត ហើយធ្វើតាមបញ្ញត្តិរបស់លោកជានិច្ច ព្រោះនេះជាកាតព្វកិច្ចទាំងមូលរបស់មនុស្ស»។—គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
នៅអនាគត ពេលដែលលោកបំបាត់ចោលទុក្ខវេទនាគ្រប់បែបយ៉ាង លោកនឹងផ្ដល់នូវជីវិតដែលគ្មានទីបញ្ចប់ដល់មិត្តរបស់លោក ពោលគឺអស់អ្នកដែលគោរពប្រណិប័តន៍លោក។ ពេលនោះយើងនឹងមានជីវិតសប្បាយរីករាយក្រៃលែងតាមគោលបំណងដើមរបស់លោក។—ចម្រៀងសរសើរព្រះ ៣៧:១០, ១១