តើរាជាណាចក្ររបស់ព្រះជាអ្វី?
ចម្លើយពីគម្ពីរ
រាជាណាចក្ររបស់ព្រះជារដ្ឋាភិបាលពិតប្រាកដមួយ ដែលព្រះយេហូវ៉ាបានស្ថាបនាឡើង។ ក្នុងគម្ពីរ«រាជាណាចក្ររបស់ព្រះ»ក៏បានត្រូវហៅថា«រាជាណាចក្រស្ថានសួគ៌»ដែរ ព្រោះរាជាណាចក្រព្រះគ្រប់គ្រងពីស្ថានសួគ៌។ (ម៉ាកុស ១:១៤, ១៥; ម៉ាថាយ ៤:១៧) រាជាណាចក្រព្រះមានផ្នែកជាច្រើនដូចជារដ្ឋាភិបាលរបស់មនុស្សដែរ តែរាជាណាចក្រព្រះប្រសើរជាងរដ្ឋាភិបាលទាំងនោះគ្រប់ផ្នែកទាំងអស់។
អ្នកគ្រប់គ្រង។ ព្រះបានតែងតាំងលោកយេស៊ូគ្រិស្តជាស្ដេចនៃរាជាណាចក្រព្រះ ហើយព្រះបានឲ្យអំណាចដល់លោកច្រើនជាងអ្នកគ្រប់គ្រងណាទាំងអស់ដែលជាមនុស្ស។ (ម៉ាថាយ ២៨:១៨) លោកយេស៊ូប្រើអំណាចនេះសម្រាប់តែអ្វីដែលល្អប៉ុណ្ណោះ ដោយសារលោកបានបង្ហាញភ័ស្តុតាងរួចហើយថាលោកជាអ្នកគ្រប់គ្រងដែលគួរឲ្យទុកចិត្តនិងមានចិត្តអាណិតអាសូរ។ (ម៉ាថាយ ៤:២៣; ម៉ាកុស ១:៤០, ៤១; ៦:៣១-៣៤; លូកា ៧:១១-១៧) ក្រោមការណែនាំរបស់ព្រះ លោកយេស៊ូបានជ្រើសរើសមនុស្សពីគ្រប់ជាតិសាសន៍ឲ្យ«ធ្វើជាស្ដេចគ្រប់គ្រងលើផែនដី»ជាមួយនឹងលោកនៅស្ថានសួគ៌។—ការបើកបង្ហាញ ៥:៩, ១០
រយៈពេលគ្រប់គ្រង។ ខុសពីរដ្ឋាភិបាលរបស់មនុស្ស ដែលត្រូវដូរពីមួយទៅមួយ នោះរាជាណាចក្រព្រះ«នឹងមិនត្រូវបំផ្លាញឡើយ»។—ដានីយ៉ែល ២:៤៤
ប្រជារាស្ត្រ។ អស់អ្នកដែលធ្វើតាមអ្វីដែលព្រះតម្រូវ អាចក្លាយទៅជារាស្ត្រនៃរាជាណាចក្រលោក ដោយគ្មានការគិតអំពីខ្សែស្រឡាយឬកន្លែងកំណើតនោះទេ។—សកម្មភាព ១០:៣៤, ៣៥
ច្បាប់។ ច្បាប់(ឬបញ្ញត្តិ)របស់រាជាណាចក្រព្រះមិនគ្រាន់តែហាមមិនឲ្យធ្វើអាក្រក់ប៉ុណ្ណោះទេ តែក៏លើកស្ទួយខ្នាតតម្រាសីលធម៌សម្រាប់រាស្ត្រនៃរាជាណាចក្រលោកដែរ។ ជាឧទាហរណ៍ គម្ពីរចែងថា៖«‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីជីវិត និងអស់ពីសមត្ថភាពរិះគិត›។ នេះជាបញ្ញត្ដិទី១ ហើយជាបញ្ញត្ដិសំខាន់ជាងគេ។ បញ្ញត្ដិសំខាន់ទី២ក៏ស្រដៀងនឹងនេះដែរ គឺ៖‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›»។ (ម៉ាថាយ ២២:៣៧-៣៩) សេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង ជំរុញចិត្តរាស្ត្រនៃរាជាណាចក្រព្រះឲ្យធ្វើអ្វីដែលផ្ដល់ប្រយោជន៍ច្រើនបំផុតដល់អ្នកឯទៀត។
ការអប់រំ។ រាជាណាចក្រព្រះកំណត់ខ្នាតតម្រាសម្រាប់ប្រជារាស្ត្រ ហើយនៅដំណាលគ្នានោះ ក៏បង្រៀនមនុស្សអំពីរបៀបធ្វើតាមខ្នាតតម្រាទាំងនោះដែរ។—អេសាយ ៤៨:១៧, ១៨
ភារកិច្ចដែលត្រូវបំពេញ។ រាជាណាចក្រព្រះមិនយកប្រាក់ពីរាស្ត្រដើម្បីផ្ដល់ប្រយោជន៍ដល់ពួកអ្នកគ្រប់គ្រងនៃរាជាណាចក្រនេះឡើយ។ ផ្ទុយទៅវិញ រាជាណាចក្រព្រះនឹងសម្រេចបំណងប្រាថ្នារបស់លោក រួមទាំងសេចក្ដីសន្យាដែលថាអស់អ្នកដែលស្រឡាញ់លោកនឹងរស់ជារៀងរហូតនៅផែនដីជាសួនឧទ្យាន។—អេសាយ ៣៥:១, ៥, ៦; ម៉ាថាយ ៦:១០; ការបើកបង្ហាញ ២១:១-៤